ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ប៉ាគីស្ថាន​កាន់​មរណទុក្ខ​​ជន​រងគ្រោះ​ដោយ​គ្រាប់​បែក


ស្រ្តី​ប៉ាគីស្ថាន​កាន់​សាសនា​គ្រិស្ត​យំ​ខណៈ​សាច់​ញាតិ​របស់​ពួក​គេ​បាន​ស្លាប់​ នៅ​ក្នុង​ពិធី​បុណ្យ​សព​នៅ​ព្រះវិហារ​ក្នុង​តំបន់​មួយ ក្នុង​ក្រុង​ Lahore ប្រទេស​ប៉ាគីស្ថាន​ ថ្ងៃ​ទី២៨ ខែ​មិនា​ ឆ្នាំ​២០១៦។​

ប្រទេស​ប៉ាគីស្ថាន​កំពុង​កាន់​ទុក្ខ​ ចំពោះ​ការ​ស្លាប់​មនុស្ស​យ៉ាង​តិច​៧០​នាក់​ នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដោយ​ក្រុម​តាលីបង់​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ទីក្រុង​ Lahore​ ដែល​ជា​ទីប្រជុំជន​នៃ​ខេត្ត​ Punjab ប៉ែក​ខាង​កើត​ប្រទេស។​

ការ​វាយប្រហារ​នេះ​បាន​សំដៅ​ទៅ​រក​អ្នក​កាន់​សាសនា​គ្រិស្ត​ ដែល​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ប៉ាក​ឬ​បុណ្យ ​Easter តាម​សាសនា​របស់​ពួកគេ។​

ក្រុម​មន្ត្រី​ពេទ្យ​និយាយ​ថា​ មាន​ក្មេង​រហូត​ដល់​៣០​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​ ហើយ​មាន​មនុស្ស​ជាង​៣០០​នាក់​បាន​រង​របួស។

ការ​បំផ្ទុះ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​សួន​សាធារណៈ​ ដែល​មាន​មនុស្ស​ម្នា​នៅ​ពាសពេញ។​ ជន​រងគ្រោះ​ជាច្រើន​ មក​ពី​សហគមន៍​អ្នក​កាន់​សាសនា​គ្រិស្ត​ភាគ​តិច​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់យោធា​ប៉ាគីស្ថាន​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ទីភ្នាក់ងារ​សន្តិសុខ​បាន​ធ្វើ​ប្រតិបត្តិការ​ជាច្រើន​ដោយ​ផ្អែក​លើ​ព័ត៌មាន​បឋមៗ​ ហើយ​បាន​ចាប់​ខ្លួន​ «ជនសង្ស័យ​ជា​ភេរវជននិង​អ្នក​សមគំនិត​មួយ​ចំនួន» មក​ពី​តំបន់​នានា​នៅ​ក្នុង​ក្រុង ​Lahore និង​ក្រុង​ពីរ​ផ្សេង​ទៀត​នៃ​ខេត្ត​ Punjab ដែល​ជា​ខេត្ត​មាន​ពលរដ្ឋ​រស់នៅ​ច្រើន​ជាង​គេ​របស់​ប្រទេស​ប៉ាគីស្ថាន។​ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ៕

XS
SM
MD
LG