ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញសុវត្ថិភាពឌីជីថលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្វែងរកជនឆបោកលើបណ្តាញតេឡេក្រាម


រូបថតឯកសារ៖ រូបសញ្ញាកម្មវិធី Telegram ត្រូវបានគេមើលឃើញនៅលើស្មាតហ្វូនក្នុងរូបភាពដែលថតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
រូបថតឯកសារ៖ រូបសញ្ញាកម្មវិធី Telegram ត្រូវបានគេមើលឃើញនៅលើស្មាតហ្វូនក្នុងរូបភាពដែលថតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​លើប្រព័ន្ធ​ឌីជីថល​ជំរុញ​ឱ្យរដ្ឋាភិបាល​ចាត់​វិធានការ​ស្វែងរក​ជន​ឆបោក​តាមបណ្ដាញ​សង្គម​តេឡេក្រាម​ (Telegram)​ ជា​ជាង​គ្រាន់​តែជូន​ដំណឹងឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ ខណៈ​សកម្មភាពឆបោក​តាម​អនឡាញ​កំពុង​ក្លាយជា​ក្តីបារម្ភ​ខ្លាំង​របស់​សាធារណជន។​

កាលពី​ថ្ងៃទី ១៥​ ខែវិច្ឆិកា​ ឆ្នាំ ២០២៤ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បង្ហោះសារ​លើទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ដោយជូនដំណឹង​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ចំពោះ​ការបោក​បញ្ឆោត​លួច​គណនី​តេឡេក្រាម​តាមរយៈ​ការបន្លំ​ជូនដំណឹង​ទៅម្ចាស់​គណនី​តេឡេក្រាម​ ក្រោម​ទម្រង់​ជា «សារព្រមាន» ឬ​ «តំណភ្ជាប់» ដែល​តម្រូវ​ឱ្យបញ្ចូល​ព័ត៌មាន​សំខាន់ៗ​ដូចជា​ ឈ្មោះ​ ពាក្យ​សម្ងាត់​គណនី ដែលអាចឱ្យ​ចោរព័ត៌មានវិទ្យា (Hackers) លួចយកគណនីតេឡេក្រាម។ ក្រសួង​ប្រៃសណីយ៍បាន​ណែនាំ​ឱ្យអ្នកប្រើប្រាស់តេឡេក្រាមចៀសវាង​ចុចលើ​តំណភ្ជាប់ណាមួយ​ និង​ត្រូវ​លុប​សារ​នោះចោល។​

ជារឿយៗ គេឃើញក្រសួងប្រៃសនីយ៍​តែងជូនដំណឹងពី​ករណីមិនប្រក្រតីផ្សេងៗ ដែល​អាច​ជា​ការឆបោ​កលើបណ្តាញ​សង្គមនានា ជា​ពិសេសបណ្តាញ​តេឡេក្រាម និង​តែង​ប្រាប់​ឱ្យ​អ្នកប្រើប្រាស់​ប្រុង​ប្រយ័ត្ន​ចំពោះក​រណីទាំងនោះ។

អ្នក​ស្រី ​ឈិត​ កណិកា​ ទីប្រឹក្សា​និងជា​អ្នក​បណ្ដុះ​បណ្ដាល​ផ្នែក​សុវត្ថិ​ភាព​លើ​ប្រព័ន្ធ​ឌីជីថល​ ប្រាប់​វីអូអេនៅ​ថ្ងៃអង្គារ​ថា​ ការ​ជូន​ដំណឹង​របស់​ក្រសួង​ជា​ផ្នែក​មួយ​ក្នុង​ការ​ដាស់​តឿន​អ្នក​ប្រើ​ប្រា​ស់​ ប៉ុន្តែ​អ្នក​ស្រី​ថា​ ការ​សហការ​រវាង​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែង​រក​ប្រភព​នៃ​ជន​ឆបោក​ គឺជា​ផ្នែក​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ ឬ​បញ្ឈប់​បញ្ហា​ទាំង​នោះ​។

អ្នក​ស្រីថ្លែង​ថា៖ «នៅ​ពេល​ដែល​ក្រសួង​គាត់​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ​វា​កាត់​បន្ថយ​ហានិ​ភ័យ​ដល់​អ្នក​ប្រើ​ប្រាស់​បាន​មួយ​ភាគ​ដែរ​។ ប៉ុន្តែបន្ថែម​ពីលើនេះ ខ្ញុំគិតថា ការ​សហ​ការ​រវាង​ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ការ​ស្វែង​រក​ប្រភព​នៃ​ជន​ឆបោក​រឹត​តែ​សំខាន់​ ដើម្បី​កាត់​បន្ថយ​ ឬក៏​បញ្ឈប់​នូវ​ការ​ឆបោក​នេះក្នុង​ករណី​ដែល​ប្រភព​នៃ​ជន​ឆបោក​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​នៃ​អាជ្ញាធរ​ប្រទេស​កម្ពុជា»​។

អ្នកស្រីបន្ថែម​ថា ​ក្រ​សួង ឬ​ស្ថាប័នពាក់ព័ន្ធគួរ​ស្នើ​សុំកា​រ​សហការ​ទៅ​កាន់​ក្រុម​ហ៊ុន​តេ​ឡេក្រាមឱ្យ​លុប ឬដកគណនីដែល​ចែក​ចាយ​សារ​ឆបោកនោះឱ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បីការពារ​អ្នក​ប្រើ​ប្រាស់បានឆាប់​រហ័ស​។​

អ្នក​ស្រី ​ឈិត​ កណិកា​ លើកឡើង​ទៀត​ថា អ្នក​ប្រើ​ប្រាស់​ត្រូវ​តែ​ពិចារ​ណា​មុ​ន​នឹង​ចុច​លើ​សារ​ ឬ​តំណ​ភ្ជាប់​ដែល​ទទួល​បាន​ និ​ង​ឈ្វេង​យល់​បន្ថែម​អំ​ពី​សកម្មភាពឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ អ្នក​ប្រើ​ប្រាស់ក៏ត្រូវចេះរក្សា​ទុក​ព័ត៌​មាន​ឯក​ជន​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ និង​ប្រើ​ពាក្យ​សម្ងាត់​រឹង​មាំ ប្រើ​ប្រាស់​ការ​ផ្ទៀង​ផ្ទាត់​ពីរ​កត្តា​ ឬ​ការ​ចាក់​សោរ​ពីរ​ជាន់។ ទន្ទឹម​នឹង​នេះ​ អ្នក​ប្រើ​ប្រាស់​ត្រូវ​ចែក​រំលែក​សារ​ដែល​ជន​ឆបោក​ផ្ញើ​មក​ ទៅ​អ្នកផ្សេង​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ឬ​ថត​អេ​ក្រង់នៃ​សារ​នោះ​ទុក​ជា​ភ​ស្ដុ​តាង​ប្ដឹង​ទៅ​មន្ដ្រី​មាន​សមត្ថ​កិច្ច​ជា​ដើម​។

បច្ចុប្បន្ននេះ ការ​ក្លែង​បន្លំ ឬការឆបោកលើ​បណ្តាញសង្គម​មាន​ច្រើន​រូបភាព​ដូចជា ការ​បន្លំ​អត្តសញ្ញាណ​របស់​អ្នក​មាន​មុខ​មាត់ក្នុង​សង្គម​ដើម្បី​បោកបញ្ឆោត​អ្នកប្រើបណ្តាញ​សង្គម​ផ្សេងទៀត​ឱ្យបណ្តាក់ទុន​ជាមួយ​ និងការ​លួចចូលគណនី​របស់​អ្នកប្រើប្រាស់យកទៅបោកបញ្ឆោតអ្នកដទៃ​ជាដើម។

លោក​ ង៉ែត​ ​ម៉ូសេ អ្នក​ប្រឹក្សាផ្នែកសន្តិ​សុខឌី​ជី​ថល​ ប្រាប់​វី​អូ​អេ​ដែរថា​ ក្រសួង​ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​គួរ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នកប្រើប្រាស់រាយ​ការណ៍​ និងដាក់​ពាក្យ​បណ្តឹងរបស់​ប្រជា​ពល​រដ្ឋ​។

លោក​ថា​៖ «សម្រាប់​ក្រសួង​នានា​ និង​ស្ថា​ប័ន​ពាក់ព័ន្ធ​ គួរ​សម្រប​សម្រួល​ឱ្យ​ការ​រាយ​ការណ៍អំ​ពី​ការ​ឆបោក​ និង​ការ​ដាក់​ពាក្យ​បណ្តឹង​ ​មាន​ការ​ងាយ​ស្រួល​សម្រាប់​ប្រជា​ពល​រដ្ឋ​។ ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ និ​ង​មាន​ប្រ​សិទ្ធភាព​ពី​យន្ត​ការ​នៃ​ការ​រាយ​ការណ៍​ និង​ការ​ដាក់​ពាក្យ​បណ្តឹង​។ ម្យ៉ាង​វិញ​ទៀ​ត ការ​ផ្សព្វ​ផ្សាយ​ពី​ស្ថិតិនៃ​ក​រណី​នៃ​ការ​ឆបោក​ ប្រភេទ​នៃ​ការ​ឆបោក​ និង​ករណី​ដែល​បាន​ដោះ​ស្រាយ​ជោគ​ជ័យ​ជា​សាធារណៈ​ និង​ទៀង​ទាត់​»។

វីអូអេ​បានព្យាយាមសុំការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ លោក​ ជា​ វ៉ាន់ដេត​ រដ្ឋលេខាធិការ​ លោក​ សូ​ វិសុទ្ធី​ និងអ្នកនាំ​ពាក្យ​លោក​ លីវ​ សុផាណារិទ្ធ អំពីការ​ទប់​ស្កាត់​ និងបង្រ្កាប​ការបោក​បញ្ឆោត​លើបណ្តាញ​សង្គម​តេឡេក្រាម​ ​តែមិនមានការ​ឆ្លើយតប។

កាលពី​ដើម​ឆ្នាំ ​២០២៣ នាយកដ្ឋានព័ត៌មាន​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ បាន​ផ្សព្វផ្សាយ​អំពី​បទល្មើស​បច្ចេកវិទ្យា​ធំៗ​ចំនួន​ ៥។ ក្នុង​នោះ​មាន​ដូចជា ការ​ដាក់​ធ្នាក់​លួច​យក​នូវ​ព័ត៌មាន ការ​ហៅ​ទូរសព្ទ​បញ្ឆោត​លួច​ព័ត៌មាន ការ​វាយ​ប្រហារ​ផ្អាក​ដំណើរការ​ប្រព័ន្ធ ការ​លួច​អត្តសញ្ញាណ និង​មេរោគ​ជំរិតទារ​ប្រាក់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG