ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាបនិក​កម្មវិធី​ទំនាក់​ទំនង CoolApp ថា កម្មវិធី​ខ្លួន​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើ​ប្រាស់


យុវតីម្នាក់កំពុងបើកកម្មវិធីទំនាក់ទំនងថ្មី CoolApp នៅក្នុងទូរស័ព្ទដៃរបស់ខ្លួន រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (សើ ដាវី/វីអូអេ)
យុវតីម្នាក់កំពុងបើកកម្មវិធីទំនាក់ទំនងថ្មី CoolApp នៅក្នុងទូរស័ព្ទដៃរបស់ខ្លួន រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (សើ ដាវី/វីអូអេ)

ស្ថាបនិក​កម្មវិធី​ទំនាក់​ទំនង​ថ្មី CoolApp លោក លឹម ជាវុត្ថា​ ​បាន​ចេញ​មុខ​ការពារ​កម្មវិធី​ទំនាក់​ទំនង​របស់​ខ្លួន​ក្រោយ​មាន​ការ​រិះគន់​ពី​អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ពាក់ព័ន្ធនឹងការ​គ្រប់​គ្រង​ទិន្នន័យ​ឯកជន​ភាព និង​ថា​ជា​កម្មវិធី​ដែលនឹងចូល​ប្រមូល​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ឱ្យ​រដ្ឋាភិបាល។

បើតាម​សារ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អតីត​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃទី​៣០ ខែ​មិថុនា លោក លឹម ជាវុត្ថា អគ្គនាយក​ CoolApp និង​ជាអគ្គនាយក​អង្គភាព​សារព័ត៌មាន ​Fresh News បាន​ឆ្លើយ​តប​អំពី​ការ​រិះគន់​លើ​កម្មវិធី​ទំនាក់​ទំនង​ CoolApp ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី និង​គ្នីគ្នា​របស់​លោក​ថា មិន​បាន​សិក្សា​ស្វែង​យល់​ពី​កម្មវិធី​ CoolApp ហើយ​ថា​កម្មវិធី​នេះ​មិន​ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រសួងប្រៃ​សណីយ៍ និង​ទូរគមនាគមន៍​នោះទេ។

សំណេរ​ដដែល​របស់​លោក លឹម ជាវុត្ថា​ បន្ត​ថា កម្មវិធី​ទំនាក់​ទំនង​ CoolApp បាន​ប្រើប្រាស់​ប្រព័ន្ធ​រក្សា​ការ​សម្ងាត់​ជាកូដ (Encryption) ដូច WhatsApp និង Telegram ដែល​មិន​អាច​មាន​ជន​ណា​ម្នាក់​ចូល​មើល​បាន​ឡើយ សូម្បី​តែ​ម្ចាស់​ក្រុមហ៊ុន។ CoolApp មិន​រក្សា​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​នោះ​ទេ គឺ​ទិន្នន័យ​រក្សា​នៅ​លើ​ទូរសព្ទ​ និង​កុំព្យូរទ័រ​រៀងៗ​ខ្លួន​របស់​អ្នកប្រើ។

លោកបាន​ផ្តល់សេចក្តីពន្យល់​ថា​ ​ការ​មិន​រក្សា​ទិន្នន័យ​គឺ​មាន​ហេតុផល​ច្បាស់​លាស់​២យ៉ាង​ទី១​ បង្ហាញ​ពី​ទំនុក​ចិត្ត​កាន់​តែ​ច្បាស់​ដល់​អ្នក​ប្រើ និង​ទី២​គឺ​មិន​ចាំបាច់​ចំណាយ​លុយ​រាប់​សិប​លាន​ដុល្លារ ដើម្បី​សង់ Data Center [កន្លែង​ផ្ទុក​ទិន្នន័យ​] ដើម្បី​ស្តុក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​រាប់លាន​នាក់​នោះ​ទេ។

លោក លឹម ជាវុត្ថា​បញ្ជាក់​នៅ​ក្នុង​សំណេរ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ហ៊ុន សែន​ ថា៖ «CoolApp មិន​មែន​បង្កើត​ឡើង​ដើម្បី​ប្រមូល​ទិន្នន័យ​ឱ្យ​រដ្ឋាភិបាល​នោះទេ​ ហើយ​ក៏​គ្មាន​ទិន្នន័យ​ឱ្យ​នោះ​ដែរ ព្រោះ​នៅលើ​អ្នក​ប្រើ​ទាំង​អស់។ អ្នក​ទាំង ​៣ គួរ​ពិចារណា​លើក​ទឹក​ចិត្ត​ដល់​អ្នក​បង្កើត ដើម្បី​បង្ហាញ​ស្នាដៃ​ខ្មែរ​ដល់​អន្តរជាតិ ដែល​ប្រទេស​គេមាន​កម្មវិធី​បែប​នេះ​ច្រើន​ប្រទេស​លើ​ពិភពលោក។

មួយម៉ាត់​ណា​ក៏​អ្នក​ទាំង ​៣ ​អួត​ពី​ប្រទេស​គេ ខ្ញុំ​សូម​សួរ​ត្រឡប់​ទៅ​វិញ​ថា ចុះ​ប្រសិន​បើ WhatsApp Telegram របស់​បរទេស​ទាំង​នោះ​បិទ ឬ​ក៏​គាំង តើ​ប្រជាជន​ខ្មែរ​មាន​អ្វី​ប្រើ វា​នឹង​បង្ក​ចលាចល​ពេញ​ប្រទេស ចំណែក​អ្នក​ទាំង​ ៣ ប្រាកដ​ណាស់​មិនខ្វល់​ទេ ព្រោះ​កំពុង​រស់​នៅ​ប្រទេស​គេស្រាប់»។

កាល​ពី​ថ្ងៃទី ​២៩ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ក្នុង​កម្មវិធី​វេទិកា​សំឡេង​សង្គ្រោះ​ជាតិ អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​លោក សម រង្ស៊ី លើក​ឡើង​ថា អតីត​នាយក​រដ្ឋ​មន្រ្តី​លោក ហ៊ុន សែន បង្កើត​កម្មវិធី​ទំនាក់​ទំនង​ CoolApp នេះ​ឡើង​គឺ​ដូចទៅ​នឹង​ប្រទេស​ចិន​ដែល​មាន​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​របស់​ខ្លួន​ឈ្មោះ​ថា WeChat ដែល​តម្រូវ​ឱ្យ​ប្រជាជន​ចិន​ទាំង​អស់​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​មួយ​នេះ។ លោក សម រង្ស៊ី​ថា ការ​អំពាវ​នាវ​ពី​លោក ហ៊ុន សែន ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​កម្មវិធី​ទំនាក់​ទំនង ​CoolApp នេះ ​គឺ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ងាយ​ស្រួល​ចូល​ស្តាប់ និង​មើល​សារ​ដែល​អ្នក​ប្រើប្រាស់​បាន​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក សម រង្ស៊ី ​ថ្លែង​ថា៖ «អ៊ីចឹង​ហើយ​បាន​ហ៊ុន សែន គាត់​មាន​គំនិត​អាក្រក់​មួយ​គាត់​ថា​ត្រូវ​ធ្វើ​ដូច​ចិន​កុម្មុយនិស្ត ត្រូវ​រៀប​ចំ​កម្មវិធី​មួយ​ដែល​គាត់​ហៅ​ថា​ CoolApp ធ្វើ​ដូច​ចិន​កុម្មុយនិស្ត​អ៊ីចឹង​ ដែល​គាត់​អាច​លួច​ចូល​មើល លួច​ស្តាប់​ប្រជា​ពលរដ្ឋ​ដែល​ឆ្លើយ​ឆ្លង​គ្នា​ដោយ​ប្រើ​កម្មវិធី​ហ្នឹង។ អ៊ីចឹង​បាន​ខ្ញុំ​សូម​អំពាវ​នាវ​ឱ្យ​បងប្អូន​ជន​រួមជាតិ​កុំ​ជឿ​ការ​ភូតភរ​របស់​ហ៊ុន សែន កុំ​ជឿ​ការ​បោក​របស់​ហ៊ុន សែន ហើយ​គាត់​ចង់​បង្ខំ​ឱ្យ​ពលរដ្ឋ​គាត់​ចាប់​ផ្តើម​ពី​មន្រ្តីរាជការ​ដែល​ក្រោម​ឱវាទ​របស់​គាត់​គឺ​គេ​បង្ខំ​ថា​កុំ​ប្រើ WhatsApp ទៀត​ព្រោះ​អី WhatsApp ហ្នឹង​របស់​អាមេរិកាំង​ គាត់​លួច​ចូល​មើល​ចូលស្តាប់​អត់​បាន»។

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក លឹម ជាវុត្ថា អគ្គនាយក​ CoolApp និង​ជាអគ្គនាយក​អង្គភាព​សារព័ត៌មាន ​Fresh News បាន​ទេ ដោយ​ទូរសព្ទ​រោទិ៍​ ប៉ុន្តែ​មិនមាន​អ្នក​ទទួល។

ទិន្នន័យ​លើ​គេហទំព័រ ​Datareportal ក្នុង​ឆ្នាំ ២០២៣ ​បង្ហាញ​ថា ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ប្រមាណ​ជា​ ៦៥% ​នៃ​ប្រជាជន​សរុប​ ហើយ​ហ្វេស​ប៊ុក​ជា​បណ្តាញ​សង្គម​មួយ ​ដែល​ប្រជា​ជន​កម្ពុជា​ប្រើ​ប្រាស់​ច្រើន​ជាង​គេ ដោយ​មាន​ជាង​ ៩០% ​នៃ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ទាំង​អស់។

យ៉ាង​ណាមិញ អ្នក​ជំនាញ​លើ​សុវត្ថិភាព​ឌីជីថល​ជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​មាន​ការ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​ប្រើប្រាស់​នូវ​កម្មវិធី​ទំនាក់​ទំនង​ណាមួយ​ ដើម្បី​ចៀស​វាង​ការ​បាត់​បង់​ទិន្នន័យ និង​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ណាមួយ​នៅ​ក្នុង​ប្រព័ន្ធ​អនឡាញ។

លោក ជី សុផាត អ្នក​ស្រាវ​ជ្រាវ​លើ​វិស័យ​បច្ចេកវិទ្យា និង​ជា​អ្នកបង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម ប្រាប់​វីអូអេ​ថា អ្នក​ប្រើប្រាស់​តែងតែ​រំពឹង​ទៅ​លើ​អ្នក​បង្កើត​កម្មវិធី​ទំនាក់​ទំនង​ថា​តើ​អាច​គ្រប់គ្រង និង​អាច​រក្សា​សុវត្ថិភាព​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់​បាន​ក្នុង​កម្រិត​ណា។ លោក​បន្ត​ថា ជាទូទៅ​ក្រុមហ៊ុន​កម្មវិធី​ទំនាក់​ទំនង​តែង​តែ​មាន​កន្លែង​រក្សា​ទុក​ទិន្នន័យ​អ្នក​ប្រើប្រាស់ ឬ Data Center ដែល​អាច​ធានា​ថា​ទិន្នន័យ​ទាំង​អស់​ត្រូវបាន​រក្សា​ការ​សម្ងត់។

លោក​ថ្លែង​ថា៖ «ជា​ទូទៅការ ​hack [វាយ​ប្រហារ​] នៅ​ក្នុង system [ប្រព័ន្ធ] ឬ​ក៏​វាយ​ប្រហារ​នៅ​ក្នុង ​system វា​កម្រ​ឃើញ​មាន​រូប​ភាព​នេះ​កើត​ឡើង​ណាស់​អាច​ថា​ជា​ចន្លោះ​ប្រហោង​របស់​កម្មវិធី​ទាំង​អស់​ហ្នឹង ហើយ​វា​ស៊ី​សង​ទៅ​លើ​អ្នក​អភិ​វឌ្ឍ​កម្ម​វិធីទាំង​អស់​ហ្នឹង»។

លោក ឡាំ សុជាតិ នាយក​ប្រតិ​បត្តិ​នៃ​វិទ្យា​ស្ថាន​តស៊ូ​មតិនិង​គោល​នយោ​បាយ​ ​លើក​ឡើង​ថា អ្នក​ប្រើ​ប្រាស់​គួរ​សិក្សា​អំពី​ក្រុម​ហ៊ុន​ដែល​បង្កើត​កម្ម​វិធី​ទាំង​នោះ​ និង​គួរ​យល់​ដឹង​ពី​កម្រិត​ឯក​រាជ្យ​ភាពរបស់​ស្ថាប័ន។ ប្រសិន​បើ​ក្រុមហ៊ុនឬ​ស្ថាប័ន​ដែល​ផលិត​បណ្តាញ​សង្គម​នោះ​ជា​របស់​រដ្ឋា​ភិ​បាល ដូច្នេះ​វា​អាច​ជា​ឧបករណ៍​មួយ​ដែល​រដ្ឋា​ភិ​បាល​អាច​ដឹងព័ត៌មាន​ពី​អ្នក​ប្រើ​ប្រាស់​ដោយ​ងាយ​ស្រួល។

ទោះជាយ៉ាងណា លោក​ថា ​ការ​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ទំនាក់​ទំនង​ថ្មី​ដែល​ជា​របស់​ខ្មែរ​ជា​រឿង​ល្អ ប៉ុន្តែ​អ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ ថា​តើ​កម្មវិធី​ទំនាក់​ទំនង ​CoolApp​ នេះ​អាច​ការពារ​ទិន្ន​ន័យ និង​ឯក​ជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់​បាន​កម្រិត​ណា។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា​ នៅ​ក្នុង​កាលៈ​ទេសៈ​នេះ យើង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​របស់​ប្រទេស ប៉ុន្តែ​យើង​ចៀស​មិន​ផុត​ពី​ការ​ព្រួយ​បារម្ភ​រឿង​សុវត្ថិ​ភាព ឯក​សារ​ផ្ទាល់​ខ្លួន ទិន្ន​ន័យ​ផ្ទាល់​ខ្លួន​ ឬ​ក៏​ការ​យក​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ទៅ​ប្រើ​ក្នុង​មុខ​ងារ​ផ្សេង អ៊ីចឹង​វា​អាច​ដល់​ពេល​មាន​បញ្ហា​យើង​អត់​ដឹង​មាន​ច្បាប់​អី​ច្បាស់​លាស់​លម្អិត​ក្នុង​ការ​ការពារ​សិទ្ធិ និង​ការ​ទទួល​បាន​ព័ត៌មាន​ ឬការ​គ្រប់​គ្រង​បាន​ល្អ​វា​អាច​ថា​នៅ​មាន​ភាព​ក្មេង​ខ្ចី​នៅ​ឡើយ​»។

លោក​យល់​ថា ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ការពារ​ទិន្ន​ន័យ សុវត្ថិ​ភាព​ឌីជីថល ច្បាប់​ទាក់​ទង​ឧក្រិដ្ឋ​កម្ម​អ៊ីន​ធឺ​ណិត ​(cyber crime) និង​ច្បាប់​ទទួល​បាន​ព័ត៌​មាន​នៅ​ឡើយ។ លោក​ក៏​សង្ឃឹម​ថា ​រដ្ឋា​ភិ​បាល​នឹង​បង្កើត​ឱ្យ​មាន​ច្បាប់​ការ​ពារ​ទិន្ន​ន័យ​អ្នក​ប្រើ​ប្រាស់​ឱ្យ​បាន​ពេញ​លេញ ដូច​ជាការ​បង្កើត​ឱ្យ​មាន​ច្បាប់​ដែល​មាន​ស្តង់​ដារ​ជា​អន្តរ​ជាតិក្នុង​ការការពារ​សុវត្ថិ​ភាព​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត និង​ការ​ការពារ​ទិន្ន​ន័យរបស់​អ្នក​ប្រើ​ប្រាស់។

ស្របពេល​ជាមួយ​គ្នា​នេះ រដ្ឋ​សភា​កម្ពុជា​កាល​ពី​ថ្ងៃទី​ ២៦ ខែ​មិថុនា ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​គំាទ្រ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើប្រាស់​កម្មវិធី​ទំនាក់​ទំនង​ CoolApp។ រដ្ឋសភា​កម្ពុជា​បញ្ជាក់​ថា CoolApp ប្រើ​បច្ចេកវិទ្យា​ទំនើប និង​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់ មាន​ប្រយោជន៍​សម្រាប់​ទំនាក់ ទំនង​ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រី​រាជការ និង​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​របស់​ប្រជាពលរដ្ឋ​ទូទៅ​ប្រកប​ដោយ​ភាព​ងាយស្រួល រហ័ស​ទាន់ចិត្ត និង​សុវត្ថិភាព។

បច្ចេកវិទ្យា​ជា​អាទិភាព​គន្លឹះ​មួយ​របស់​រដ្ឋសភា​ ជាពិសេស​របស់​រដ្ឋាភិបាល​នីតិកាល​ទី៧ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់​កាល​ទី១ ដែល​បាន​ផ្តោត​លើ «មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា» ក្នុងនោះ​ការ​កសាង​រដ្ឋាភិបាល​ឌីជីថល និង​ពលរដ្ឋ​ឌីជីថល​គឺជា​ការងារ​ស្នូល។

កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ ​២០២៤ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏​កំពុង​ពន្លឿន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សន្តិសុខ​សាយប័រ ​(Cybersecurity Law) ដែល​ច្បាប់​នេះ​កំណត់​អំពី​វិធាន និង​យន្តការ​គ្រប់គ្រង​ហានិភ័យ​សន្តិសុខ​សាយប័រ ដើម្បី​ការពារ​លំហ​សាយប័រ​នៅ​កម្ពុជា ក្នុង​គោល​បំណង​កសាង​ទំនុក​ចិត្ត​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល។ ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​អង្គភាព​ហេដ្ឋារចនា​សម្ព័ន្ធ​ព័ត៌មាន​សំខាន់​និង​បុគ្គល​ពាក់ព័ន្ធ ដែល​មាន​ទាំង​វិស័យ​សាធារណៈ​និង​ឯកជន។ ប៉ុន្តែ​អ្នកជំនាញ​ធ្លាប់​បាន​វិភាគ​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​ប៉ះពាល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សិទ្ធិ​ឯកជនភាព និង​បារម្ភ​អំពី​ការ​ចែង​មិន​ច្បាស់​មួយ​ចំនួន​ដែល​នឹង​ប៉ះពាល់​ដល់​អង្គការ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ក្រៅ​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សន្តិសុខ​សាយប័រ រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​តែ​ពន្លឿន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​បទល្មើស​តាម​បច្ចេកវិទ្យា​ព័ត៌មាន និង​ការការពារ​ទិន្នន័យ​ឯកជន។ អ្នក​ជំនាញ​បាន​រិះគន់​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ថា​មិន​ទាន់​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ ​២០២០ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អនុម័ត​អនុក្រឹត្យ​ស្តីពី​«ការ​បង្កើត​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ» ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្តល់​សិទ្ធិ​អំណាច​ទូលំទូលាយ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត។ ប្រសិន​បើ​ដំណើរ​ការ​ពេញ​លេញ ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ថ្មី​របស់​កម្ពុជា​នឹង​បញ្ជូន​ចរាចរណ៍​អ៊ីនធឺណិត​ទាំង​អស់​តាម​ច្រក​តែ​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។

ប៉ុន្តែ​រដ្ឋាភិបាល​បាន​ពន្យារ​ពេល​អនុវត្ត ដោយ​មិន​កំណត់ ខណៈ​មាន​ការ​លើក​ឡើង​ថា​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ច្រើន​សម្រាប់​ការ​បង្កើត​ច្រក​ទ្វារ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG