មនុស្ស៧នាក់ស្លាប់ និងជាង១០នាក់ទៀតរងរបួស ក្រោយរថយន្តមួយគ្រឿងដែលបានដឹកអ្នកដំណើរជាង២០នាក់ធ្លាក់ពីលើភ្នំគូលែន កាលពីថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត៤រសៀល ក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រង់ចំណុចទឹករុន ដោយរថយន្តម៉ាក Toyota Tacoma Pick Up បានបើកបរយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត បណ្តាលឱ្យធ្លាក់ផ្លូវក្នុងអំឡុងពេលត្រឡប់មកពីបុណ្យកឋិនទាន។ នេះបើតាមរបាយការណ៍រដ្ឋបាលស្រុកស្វាយលើ ខេត្តសៀមរាប។
អធិការស្រុកស្វាយលើ លោក យឹប យ៉ុងឈាង ប្រាប់វីអូអេតាមទូរសព្ទនៅថ្ងៃអង្គារថារថយន្តមួយនេះបានបើកបរយ៉ាងលឿន ហើយកម្លាំងសមត្ថកិច្ចដែលយាមការក្នុងតំបន់បានព្យាយាមហៅឱ្យអ្នកបើកបរឈប់ដើម្បីណែនាំ ប៉ុន្តែអ្នកបើកបរបានបន្ថែមល្បឿនរហូតបង្កជាគ្រោះថ្នាក់ចរាចរណ៍នេះ។
លោកថ្លែងថា៖ «ឡានហ្នឹងគឺដោយសារតែ បើយើងពិនិត្យគឺទំហំនៃការដឹកគឺលើសចំណុះ ទៅវាចុះចំណោតទៅជាន់ហ្វ្រាំងអត់ជាប់។ នេះតាមការសន្និដ្ឋានបឋមទេ»។
តាមរបាយការណ៍របស់រដ្ឋបាលស្រុកស្វាយលើបានឱ្យដឹងថាអ្នកបើកបររថយន្តបានបើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចំណោតខ្លាំងហើយបត់កែង។ ក្រោយកើតហេតុ អ្នកបើកបររថយន្តនេះបានរត់គេចខ្លួន ប៉ុន្តែអធិការស្រុកស្វាយលើបានបញ្ជាក់ថាអាជ្ញាធរបានចាប់ខ្លួនអ្នកបើកបរបានហើយ ដោយអ្នកបើកបរកំពុងរងរបួស និងសម្រាកនៅក្នុងមន្ទីរពេទ្យ។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៩ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចំណោតលើភ្នំគូលែនផងដែរ ដែលកាលនោះបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់។ នៅក្នុងឆ្នាំ២០១៩ដដែល ក្រុមការងារជំនាញបច្ចេកទេសជប៉ុនJica និងអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យបច្ចេកទេសការសាងសង់ផ្លូវឡើងភ្នំគូលែន ប៉ែកខាងកើត ដោយមន្ត្រីជំនាញបានលើកឡើងជាអនុសាសន៍មួយចំនួន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះមានការស្នើឱ្យក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវនេះត្រូវដាក់ស្លាកសញ្ញាចរាចរណ៍សម្គាល់នៅត្រង់ចំណុចដូចជាកន្លែងប្រាប់ទិស បត់កែង ចំណោតខ្លាំងជាដើម ហើយទីតាំងចុះឡើង ត្រូវដាក់កុងត្រូល និងមានអ្នកយាមផ្លូវជាប្រចាំ។ នេះបើយោងតាមសារដែលបង្ហោះលើហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ ក្រុមការងារក៏ស្នើឱ្យក្រុមហ៊ុនត្រូវដាក់ប្លង់បង្ហាញជាស្តង់ដារនៃការសាងសង់។ នៅពេលចាក់បេតុង ក្រុមហ៊ុន ត្រូវផ្តល់ព័ត៌មានដល់មន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីចុះត្រួតពិនិត្យ លើបច្ចេកទេស ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាបបាននៅឡើយទេ។
លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប ប្រាប់វីអូអេថាបញ្ហានៃការគ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ដោយផ្លូវឡើង ឬចុះភ្នំគឺមានចំណោត ដូច្នេះអ្នកបើកបរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ លោកបន្តថាផ្លូវឡើងភ្នំគូលែនប៉ែកខាងកើតនេះ គឺមិនទាន់បញ្ចប់ការសាងសង់នៅឡើយទេ ប៉ុន្តែផ្លូវនេះត្រូវបានបើកឱ្យប្រើប្រាស់ម្តងម្កាលអំឡុងពេលបុណ្យទានតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ផ្លូវគឺអត់ទាន់ត្រួតពិនិត្យអីទេ ចង់និយាយលក្ខណៈបចេ្ចកទេសធ្វើមិនទាន់រួចទេមួយគន្លងផ្លូវមួយខ្សែហ្នឹង ប៉ុន្តែមួយកំណាត់នៅខាងកើតបើកឱ្យប្រើប្រាស់មិនផ្លូវការទេ។ ប៉ុន្តែគ្រាន់ថាចរាចរណ៍ហ្នឹងវាបើកបុណ្យទានម្តងម្កាលហ្នឹងយូរហើយ ប៉ុន្តែវាមិនដែលមានបញ្ហាអញ្ចឹង អីដល់ថ្នាក់ធំដុំអញ្ចឹងទេ ដោយសារតែគាត់បើកហ្នឹងវាហួសល្បឿនឡើងចំណោតហ្នឹងគេចវាមិនទាន់»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថាអាជ្ញាធរមានសមត្ថកិច្ចគួរតែបង្កើនការណែនាំបន្ថែមទៅកាន់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការគោរពច្បាប់ចរាចរណ៍ ហើយពង្រឹងលើការត្រួតពិនិត្យថាអ្នកបើកបរមិនបានប្រើប្រាស់គ្រឿងស្រវឹង ដែលជាហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
លោកថ្លែងថា៖ «ជាមួយគ្នានោះ ខ្ញុំឃើញហើយអាជ្ញាធរបានដាក់តាមដងផ្លូវដើម្បីចាប់ល្បឿន ដើម្បីការពារមុនកុំឱ្យបើកហួសល្បឿនអីជាដើម។ រឿងទី២ទៀត អ្វីដែលអាជ្ញាធរត្រូវធ្វើជាចាំបាច់គឺត្រូវធានាថាអ្នកបើកបរទាំងអស់ហ្នឹងគ្មានជាតិអាកុល អ៊ីចឹងប្រសិនបើយើងនៅតែថាឱ្យពិធីបុណ្យផ្សេងៗគឺឱ្យផឹកស៊ីតាមអំពើចិត្ត។ ឧបមាថាផឹកស៊ីហើយទៅបើកបរហ្នឹងគឺគ្រោះថា្នក់កើតឡើងច្រើនណាស់»៕
មនុស្ស៧នាក់ស្លាប់ និង១៧នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍លើភ្នំគូលែន ខេត្តសៀមរាប
ភ្នំពេញ —