ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​​​​ឧស្សាហកម្ម​​ពេជ្រ​អបអរសាទរ​​កិច្ច​ព្រមព្រៀង​​រវាង​​បុតស្វាណា​​និង​ក្រុមហ៊ុន De Beers


អ្នកផលិតត្បូងពេជ្រ​បង្ហាញ រ៉ែរបស់ខ្លួន​ពីទីក្រុង​រករ៉ែ Mirny កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០០០។
អ្នកផលិតត្បូងពេជ្រ​បង្ហាញ រ៉ែរបស់ខ្លួន​ពីទីក្រុង​រករ៉ែ Mirny កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០០០។

កិច្ចព្រមព្រៀ​ង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​នាទីចុងក្រោយ​បង្អស់​នៅ​ក្រោយ​មាន​ការចរចា​គ្នា​យ៉ាង​តឹងតែង​ខ្លាំង​អស់​រយៈពេល​១១​ម៉ោងដើម្បី​បានទទួល​ពេជ្រ​មិនទាន់ច្នៃ​ច្រើន​ជាងមុនពី​ដៃគូ​ចំនួន​៥៤​ឆ្នាំ។

ក្រុមអ្នក​ជំនាញ​ខាង​ឧស្សាហកម្ម​ពេជ្រស្វាគមន៍​ការចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​ថ្មី​មួយកាលពី​ថ្ងៃសៅរ៍​ទី១ ​ខែ​កក្កដា។

លោក Edward Asscher​ អតីត​ប្រធាន​ក្រុម​ប្រឹក្សា​ពេជ្រ​ពិភពលោក​និយាយប្រាប់​វីអូអេ​ថាការព្រមព្រៀង​នេះ​នឹងបន្ធូរ​ការថប់អារម្មណ៍ក្នុង​ឧស្សាហកម្មពេជ្រ៖​ «ដំបូងឡើយ ការណ៍នេះ​ជា​ការធានា​រ៉ាប់រង​មួយ​អំពី​ការផ្គត់ផ្គង់​ពេជ្រ​មិនទាន់ច្នៃ​ហើយ​យើង​ទាំងអស់គ្នា​បាន​រង់ចាំ​ការណ៍​នេះ​យូរ​មក​ហើយ។ ​ចូរកុំ​ភ្លេច​ថា​ក្រុមហ៊ុន De Beers ​ជា​មេដឹកនាំក្នុង​ឧស្សាហកម្ម​ពេជ្រ​មិន​ទាន់​ច្នៃ ​តែវា​ក៏​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ក្នុង​ទីផ្សារហើយវា​ជា​ក្រុម​ហ៊ុន​តែ​មួយ​គត់ក្នុង​ឧស្សាហកម្ម​ពេជ្រ​ដែល​បណ្តាក់ទុន​ក្នុង​ការលូតលាស់​និង​ការជួញ​ដូរ​ពេជ្រច្នៃ​រួច»។

លោក Hans Merket ​អ្នកស្រាវជ្រាវខាងការជីក​រក​រ៉ែពេជ្រ​មាន​មូលដ្ឋាន​នៅ​ប្រទេស​បែលហ្ស៊ិក​និយាយ​ថាកិច្ចព្រមព្រៀងនេះ​ផ្តល់​ឱ្យ​ប្រទេស​បុតស្វាណា​នូវ​ឱកាស​ធំ​ជាងមុន​ក្នុងការបាន​ប្រយោជន៍​ពី​ប្រាក់​ចំណូលនៃការ​ធ្វើ​អាជីវកម្ម​ពេជ្រ។

លោក​បាន​បាន​បន្ថែម​ថា៖
«កិច្ចព្រមព្រៀងបច្ចុប្បន្នមាន​បន្ត​ពីសមិទ្ធផលកាលពីពេលមុន ​ហើយ​នៅ​ពេល​នេះ​ប្រទេសបុតស្វាណា​អាច​បានកម្រៃពី​ការ​ទាញ​យកធនធាន​ធម្មជាតិរបស់​ខ្លួន។ ​ប្រទេសនេះ​មាន​សក្តានុពល​ស្រេច​ហើយ តែ​គេគួរ​រង់ចាំ​មើល​ថា​បានផល​បែបណា​ខ្លះ»។

តែយ៉ាងណា​ក៏​ដោយ ​ក៏លោក Hans Merket ​និយាយថាមានសេចក្តីត្រូវ​ការឱ្យមានតម្លាភាព​ពី​ភាគី​ទាំងពីរ​នៃ​កិច្ចព្រមព្រៀង​នេះ ​ដែល​ជា​កង្វល់​មួយលើកឡើងដោយ​ស​មាជិក​ខ្លះ​នៃ​រដ្ឋសភា​បុតស្វាណា។

«អ្វីដែលត្រូវបាន​ផ្សាយ​ឱ្យដឹងអំពី​កិច្ចព្រមព្រៀង​នេះ​រហូតមក​ដល់​ពេល​នេះ គឺ​នៅ​មិនដឹងជា​ច្រើន​និង​អំពី​លក្ខខណ្ឌ។ កាលពីពីរបី​ឆ្នាំ​មុន​នេះមានការជជែក​ដេញដោល​គ្នាជា​សាធារណៈផ្តល់​ព័ត៌មាន​មិនត្រឹមត្រូវអាច​នាំ​ឱ្យមាន​ការមិន​ទុកចិត្តគ្នា​រវាងភាគី​ទាំង​ពីរ​ឬ​រវាង​ក្រុមហ៊ុន​នេះ​និង​សាធារណជន។ ​

ដូច្នេះ ​ជា​ការ​មាន​សារៈសំខាន់​ក្នុង​ការវិនិយោគដោយតម្លាភាព​និង​បង្កើនការ​ដឹង​ឮ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការមិន​ទុក​ចិត្តគ្នា។ វិធី​ល្អ​មួយ​សម្រាប់​ឱ្យ​សម្រេច​ការណ៍​នេះ​គឺ​ចូលរួម​ក្នុងអង្គការគំនិត​ផ្តួចផ្តើម​តម្លាភាព​ខាង​ឧស្សាហកម្មនិស្សារណកម្ម (Extractive Industry Transparency Initiative)»។

អង្គការគំនិត​ផ្តួចផ្តើមតម្លាភាព​ខាង​ឧស្សាហកម្មនិស្សារណកម្ម​ជា​ស្តង់ដារ​សាកល​មាន​គោលដៅធ្វើឱ្យ​ប្រាកដ​ប្រជាថា​ធនធាន​ប្រេង​និង​រ៉ែមានតម្លាភាព​ល្អ។

រូបឯកសារ៖ ពេជ្រចម្រុះ​ពណ៌​ត្រូវបានតាំង​បង្ហាញ​នៅ​វិទ្យាស្ថានស្រាវជ្រាវពេជ្រ​អន្តរជាតិ De Beers​ កាលពីថ្ងៃទី​១៥ សីហា ឆ្នាំ២០១៦។
រូបឯកសារ៖ ពេជ្រចម្រុះ​ពណ៌​ត្រូវបានតាំង​បង្ហាញ​នៅ​វិទ្យាស្ថានស្រាវជ្រាវពេជ្រ​អន្តរជាតិ De Beers​ កាលពីថ្ងៃទី​១៥ សីហា ឆ្នាំ២០១៦។

នៅពេល​ជាមួយ​គ្នា​នេះ នៅ​ពេលថ្លែងពេលចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​នេះ​ក្នុង​ទីក្រុងហ្គា​បូរ៉ូនកាលពី​ថ្ងៃសៅរ៍​ទី១ ​ខែកក្កដា​ លោក Al Cook ​ប្រធាន​ប្រតិបត្តិនៃ​ក្រុមហ៊ុន ​De Beers ​បាន​និយាយ​ថាក្រុមហ៊ុន​លោករីករាយបន្តដៃគូរបស់​ខ្លួន​ជាមួយ​បុតស្វាណា។

«យើងនៅក្រុម​ហ៊ុន De Beers ​នឹងមិនភ្លេចជា​ដាច់ខាត​ថានេះ​ជាបុព្វសិទ្ធិមួយជា​ដៃគូ​ជាមួយ​ប្រទេស​ដ៏​ឆ្នើម​នេះ។​ វា​ជា​បុព្វសិទ្ធិ​មួយ​ វា​មិនមែន​ជា​សិទ្ធិ​ទេ។ ​យើង​នឹង​នឹក​ឃើញ​ជានិច្ច​ថា​វា​ជា​បុព្វសិទ្ធិ​មួយ»។

កាល​ពី​ប៉ុន្មានឆ្នាំ​ថ្មីៗ​នេះ ​បុតស្វាណាបាន​ទទួល​ប្រាក់​ប្រមាណ​៥​០០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំពី​ក្រុម​ហ៊ុន​ De Beers។

នៅ​ក្នុង​ការចរចា ​ប្រធានាធិបតី​ប្រទេស​បុតស្វាណា ​លោក Mokgweetsi Masisi ​បាន​និយាយ​ច្រើន​ដង​ថាប្រទេស​លោកប្រុងប្រៀបដើរ​ចេញពី​កិច្ចចរចានោះប្រសិន​បើ​គ្មានការសម្រេចកិច្ចព្រមព្រៀង​ល្អ​ជាងមុន​ទេ​នោះ។​

រដ្ឋមន្ត្រី​ក្រសួងរ៉ែ​លោក Lefhoko Moagi ​ថ្លែង​ថា​កិច្ចព្រមព្រៀង​ថ្មីនេះ​តំណាង​ឲ្យការប៉ងប្រាថ្នា​របស់​ប្រជារាស្ត្រ​បុតស្វាណា។

«ខ្ញុំសប្បាយ​រីករាយ​ណាស់នៅ​ថ្ងៃនេះ​ដែល​យើង​សម្រេច​កិច្ចព្រម​ព្រៀង​នេះ​ហើយ​ទាំងនេះ​ទាក់ទិន​នឹង​ប្រជារាស្ត្រ។ អ្វីៗ​ឯទៀតៗ​នឹង​មាន​បន្ទាប់។ កិច្ចព្រមព្រៀង​នេះគឺសម្រាប់ប្រជារាស្ត្រ​យើង​ ហើយ​វា​នឹង​បន្ត​ជា​អ្វី​ដើម្បី​ប្រជារាស្ត្រ​យើង។​ យើង​នឹង​បន្ត​ធ្វើការ​នេះ​សម្រាប់​ភាព​ល្អប្រសើរ​ជាងមុន​នៃ​ប្រជារាស្ត្រ​បុតស្វាណានិង​ដៃគូ​ទាំងអស់​របស់​យើង»។

បុតស្វាណា​លក់ពេជ្រ​មិនទាន់ច្នៃដែល​ជា​ចំណែក​របស់ខ្លួនពី​ក្រុម​ហ៊ុន De Beers ​តាម​រយៈ​អង្គភាព​រដ្ឋ​គឺ​ក្រុម​ហ៊ុន​ពេជ្រ​ Okavango។

ភាគី​ទាំង​ពីរ​ក៏បាន​យល់ស្រប​បន្ត​អាជ្ញាបណ្ណ​រករ៉ែត្បូងចំនួន​២៥ឆ្នាំទៀត។ អាជ្ញាបណ្ណ​ទាំង​នេះ​នឹងមានរយៈពេល​រហូត​ដល់​ឆ្នាំ២០៥៤៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG