ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ីសាអូឌីត​និង​ថៃ ស្តារ​ទំនាក់ទំនង​ការទូត​របស់​ខ្លួន​ឡើងវិញ បន្ទាប់ពី​ការលួច​ត្បូងពេជ្រ​ដ៏​មាន​តម្លៃ​អស់​ជាច្រើន​ទសវត្សរ៍​មក


នៅក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ីសាអូឌីត SPA បង្ហាញ​ពី​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha បាន​និយាយ​ជាមួយ​ព្រះអង្គម្ចាស់ Mohammed bin Abdulrahman bin Abdulaziz អភិបាលរង​ក្រុង Riyadh កាលពី​ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។
នៅក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ីសាអូឌីត SPA បង្ហាញ​ពី​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha បាន​និយាយ​ជាមួយ​ព្រះអង្គម្ចាស់ Mohammed bin Abdulrahman bin Abdulaziz អភិបាលរង​ក្រុង Riyadh កាលពី​ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

ប្រទេស​អារ៉ាប៊ី​សាអូឌីត​និង​ប្រទេស​ថៃ​ បាន​ប្រកាស​ពី​ការ​បន្ត​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ការ​ទូត​របស់​ខ្លួន​ បន្ទាប់​ពីបាន​ផ្អាក​អស់​រយៈ​ពេលជាង​៣​ទសវត្សរ៍​កន្លង​ទៅ​ ដោយ​សារបញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​លួចគ្រឿង​អលង្ការ​ពី​ព្រះបរម​រាជវាំងអារ៉ាប៊ី​សាអូឌីត។ នេះ​ បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

នៅ​ឆ្នាំ១៩៨៩ ជន​ជាតិ​ថៃ​ដែល​ជា​អ្នក​សម្អាត​អាគារ​ម្នាក់​ឈ្មោះ Kriangkrai Techamong បាន​លួច​យកត្បូង​ពេជ្រ​ដែល​មាន​តម្លៃ ២០ លាន​ដុល្លារ​អាមេរិក​ពី​ក្នុងផ្ទះរបស់ព្រះ​អង្គម្ចាស់​អារ៉ាប៊ី​សាអូឌីត​មួយ​ព្រះ​អង្គ​ដែល​បណ្តាល​ឲ្យ​មាន​ការធ្វើ​ឃាតទៅ​លើ​មនុស្ស​ជា​ច្រើន​នាក់នៅ​ក្នុង​ទីក្រុង​បាងកក ​ប្រទេស​ថៃ ​នៅ​ពេល​នោះ​ និងបង្កើត​ឲ្យ​មាន​ជម្លាះរវាង​ប្រទេស​ទាំង​ពីរ​ ដែល​ត្រូវ​បានគេហៅ​ថា «រឿង​អាស្រូវ​ពេជ្រ​ពណ៌​ខៀវ ​ឬ Blue Diamond Affair»។

ប្រទេស​ទាំង​ពីរ បាន​ប្រកាស​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាល​ពី​យប់​ថ្ងៃ​អង្គារ ស្តីពី​ការ​ស្តារឡើង​វិញ​នូវ​ទំនាក់​ទំនង​ការទូត​ដ៏​ពេញលេញ​មួយ​ក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-O-Cha ទៅ​កាន់​រាជធានី​រីយ៉ាដ​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត។

បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ជំនួបរវាង​នាយក​រដ្ឋមន្ត្រី​ថៃ ​និង​ព្រះអង្គ​ម្ចាស់​រាជ្ជទាយាទ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ បាន​បញ្ជាក់​ថា «ជំហាន​នៃប្រវត្តិសាស្រ្ត​នេះ ជា​លទ្ធផល​នៃការ​ប្រឹងប្រែង​ដ៏​យូរលង់​មក​ហើយ នៅគ្រប់​កម្រិត​ទាំង​អស់​ដើម្បី​ស្តារឡើង​វិញ​នូវទំនាក់​ទំនង​ជា​មិត្ត​ភ័ក្ត​ និងជំនឿ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក»។

ប្រទេស​ទាំង​ពីរ​ បាន​ព្រមព្រៀង​គ្នា​ដើម្បី​តែងតាំង​ឯកអគ្គរដ្ឋរាជទូត​សម្រាប់​ប្រទេស​រៀងៗ​ខ្លួន​ នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ទន្ទឹម​នេះ​ដែរ ក្រុមហ៊ុន​អាកាសចរណ៍​របស់​អារ៉ាប៊ី​សាអូឌីត​ បាន​ប្រកាស​បន្តជើង​ហោះ​ហើរ​ឡើង​វិញ​ទៅ​កាន់​ប្រទេស​ថៃ ​ក្នុងខែឧសភា​ខាង​មុខ​នេះ។

រដ្ឋាភិបាល​ថៃ​ បាន​ឲ្យ​ដឹង​ថា អារ៉ាប៊ី​សាអូឌីត បាន​បង្ហាញថា​ ខ្លួនកំពុងស្វែងរកកម្មករដែល​មាន​ជំនាញ​ប្រមាណ​៨​លាន​នាក់​សម្រាប់​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​សណ្ឋាគារ ការថែសុខភាព​ និង​គម្រោង​សាងសង់​ផ្សេងៗ។

អារ៉ាប៊ី​សាអូឌីត បាន​ចោទ​ប្រកាន់​ប៉ូលិស​ថៃ​ជា​យូរ​មកហើយ​ថា​ បានធ្វើឲ្យ​ប៉ះពាល់​ដល់​ការស៊ើប​អង្កេត​របស់​ខ្លូន​ជុំវិញករណី​ចោរកម្ម​លួច​យក​ត្បូង​ពេជ្រដ៏​មាន​តម្លៃរបស់​ខ្លួន ​និង​បាន​ចោទ​ប្រកាន់​ថា ការលួច​យក​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​ដៃ​ពី​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ផង​ដែរ។

ក្រុម​ប៉ូលិស​ថៃ ក្រោយ​មក បាន​ប្រគល់​ជូនគ្រឿង​អលង្ការខ្លះ​ៗ ដែល​បាន​លួច​នោះ​ ទៅ​ឲ្យ​អារ៉ាប់ប៊ី​សាអូឌីត​វិញ ប៉ុន្តែ មន្ត្រី​អារ៉ាប៊ី​សាអូឌីត​ អះ​អាង​ថា គ្រឿង​ពេជ្រ​ដែលប្រគល់​ឲ្យ​ទៅ​ខ្លួន​វិញ​មួយ​ចំនួន​ធំ​ជា​របស់​ក្លែងក្លាយ​ ហើយគេ​នៅ​មិន​ទាន់​ដឹង​ប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​ត្បូង​ពេជ្រ​ពណ៌ខៀវ​ទំហំ៥០ការ៉ាត់ដ៏មាន​តម្លៃមួយ​នោះ នៅ​ទីណា​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។

រាជ​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ បាន​បញ្ជូន​អ្នក​ជំនួញ​ម្នាក់​មក​ធ្វើ​ការស៊ើប​អង្កេតនៅ​ប្រទេសថៃ កាល​ពី​ឆ្នាំ​១៩៩០ ប៉ុន្តែ​អ្នក​ជំនួញ​នោះ​ត្រូវ​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទីក្រុង​បាងកក ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ្នក​ការទូត​អារ៉ាប៊ី​សាអូឌីត៣នាក់​ទៀត ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង​បាងកក​នៅ​ពេល​នោះ៕

XS
SM
MD
LG