ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន៖ ការ​បន្ត​ឃុំ​ខ្លួន​កម្មករ​និង​សកម្មជន​២១​នាក់​មិន​ចំណេញ​ដល់​រដ្ឋាភិបាល​ទេ


លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក និង​លោក មឿន តុលា មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។
វ៉ាស៊ីនតោន៖ ក្រុម​សកម្មជន​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ការ​បន្ត​ឃុំខ្លួន​សកម្មជន​និង​កម្មករ​រោងចក្រ​២១នាក់​ជា​រឿង​ខាត​បង់​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​ជំរុញ​ថា អាជ្ញាធរ​ត្រូវ​ដោះលែង​ពួកគេ។

នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​វាគ្មិន​ពីរ​រូប​គឺ​លោក​ មឿន តុលា ​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​និង​លោក ​ចាន់ សុវ៉េត ​មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុក។​ លោក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​ «គុណ​សម្បត្តិ​និង​គុណ​វិបត្តិ នៃ​ការ​ឃុំឃាំង​កម្មករ​និង​មន្ត្រី​សហជីព​ចំនួន​២១នាក់»។

លោក ​មឿន តុលា​ អះអាង​ថា​ បើ​តាម​អង្គហេតុ​អ្នក​ទាំង​២៣នាក់ ​ដែល​២​នាក់​ត្រូវ​បាន​ដោះលែង ​សល់​២១នាក់​ នោះ​មិន​គួរ​ត្រូវ​ចាប់​ខ្លួន ​ហើយ​ក៏​មិន​គួរ​ត្រូវ​បាន​ឃុំ​ខ្លួន​មក​ដល់​ពេលនេះ​ដែរ។

«ការ​ចាប់ខ្លួន​នេះ​យើង​មើល​ឃើញ​ថា​ ​ហាក់​ដូច​មិន​មាន​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​ទេ។​ តែ​ផ្ទុយ​ទៅ​វិញ​បង្ហាញ​នៅ​អំពើ​ខុសឆ្គង​មួយ​ក្នុង​ការ​ដែល​រដ្ឋាភិបាល​ខកខាន​អត់​បាន​កំណត់​ប្រាក់​ឈ្នួល​គោល​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឬ​ក៏​កម្មករ​និយោជិក​ហ្នឹង​រស់​នៅ​ដោយ​សមរម្យ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស។ ខ្លួន​ឯង​អត់​បាន​បំពេញ​កាតព្វកិច្ច​ហ្នឹង​ហើយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ប្រាក់​ឈ្នួល​គោល​មួយ​ដែល​ធានា​ឲ្យ​ពួកគេ​រស់នៅ​បាន​សមរម្យ​បែរ​ជា​ទទួល​រង​ការ​ចាប់ខ្លួន​ ហើយ​ឃុំខ្លួន​មក​ដល់​ពេល​បច្ចុប្បន្ន»។

លោក​ថ្លែង​ថា ​មនុស្ស​បី​នាក់​ដែល​ជា​មន្ត្រី​សហជីព​និង​អ្នក​តស៊ូ​មតិ ​គឺ​លោក​ វន ពៅ​ ថេង សាវឿង ​និង​ លោក ​ច័ន្ទ ពុទ្ធិស័ក្កិ ​ជា​សកម្មជន​ដីធ្លី​និង​សហគមន៍​នោះ​ គ្រាន់​តែ​ទៅ​សម្រប​សម្រួល​បាតុករ​និង​អាជ្ញាធរ​កុំឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា ​តែ​ ប៉ុណ្ណោះ​ទេ។​ លោក​តុលា​បាន​អះអាង​ថា ​នេះ​ជា​ការ​សោកស្តាយ​ដែល​ពួកគេ​រង​ ការ​វាយដុំ​ និង​រងរបួស​ជា​ទម្ងន់​ដោយសារ​ការ​គ្រាន់​តែ​ទៅ​ឃាត់​មិន​ឲ្យ​មាន​អំពើ​ហិង្សា។

«នេះ​ធ្វើ​ឲ្យ​សហគមន៍​ជាតិ​និង​អន្តរជាតិ​មាន​ការ​ភ្ញាក់ផ្អើល​ហើយ​មាន​ការ​ថ្កោល ទោស​យ៉ាង​ខ្លាំង​ ហើយ​ជាក់ស្តែង​អ្នកបញ្ជា​ទិញ​ក៏​នៅ​តែ​ដាក់​សម្ពាធ​មក​ដល់​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិ​អ្នក​២១​នាក់​ដែល​កំពុង​តែជាប់​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​ ហើយ ​បើក​ការ​ជជែក​ចរចា​អំពី​ប្រាក់​ឈ្នួល​គោល​ហ្នឹង​ឡើង​វិញ​ បើ​មិន​អញ្ចឹង​ទេ​គឺ​វា​អាច​ប៉ះពាល់​ទៅ​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ជាមួយ​នឹង​ក្រុមហ៊ុន​ធំ​ទាំង​អស់​នោះ»។

លោក ​ចាន់ សុវ៉េត​ វិញ​បាន​អះអាង​ថា ក្រុម​កម្មករ​គ្មាន​កំហុស​ទេ​ក្នុង​ការ​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ទទួល​បាន​ប្រាក់ខែ​សមរម្យ​ព្រោះ​ លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោល​នយោបាយ​តំឡើង​ប្រាក់ខែ​គោល តាមការ​ចង់បាន​របស់​ពួក​គេ។

«ការ​ចូលរួម​បាតុកម្ម​របស់​កម្មករ​ក្នុង​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​វា​មិនមែន ជារឿង​នយោបាយ​ទេ​ គឺជាការ​គាំទ្រ​គោល​នយោបាយ​ព្រោះ​ គោល​នយោបាយ គណបក្ស​សង្គ្រោះ​ជាតិ​គេគាំទ្រ​កម្មករ​ឲ្យមាន​ការ​តំឡើង​ប្រាក់​ប៊ៀវត្សរ៍»។

យ៉ាងតិច​មាន​មនុស្ស​៥នាក់​ស្លាប់​នឹងចាប់ខ្លួន​២៣នាក់​ក្នុង​បាតុកម្ម​តវ៉ា​សុំឲ្យ​មាន ការ​តំឡើង​ប្រាក់ខែ​ពី៨០​ដល់​១៦០​ដុល្លារ​អាមេរិក​កាល​ពី​ដើម​ខែ​មករា​កន្លង​មក។ មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​មិន​ពាក់​ព័ន្ធ​ត្រូវ​គេ​ដោះ​លែង។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ទាំង​ពីរ​បាន​អះអាង​ថា ​អាជ្ញាធរ​ហាក់​ដូច​ជា​ចាប់​ខ្លួន​ដើម្បី​ ធ្វើ​យ៉ាង​ណា​គំរាម​កំហែង​កុំ​ឲ្យ​មាន​បាតុកម្ម​ទៀត។ ​តែ​លោក​ចាន់ សុវ៉េត​អះ អាង​ថា៖

«កាល​ណា​ទៅ​ទប់​ស្កាត់​ ទៅ​បង្ក្រាប​ឬ​ក៏​ការ​ទៅ​គំរាម​កំហែង​ ការ​ទាមទារ​ហ្នឹង​បាន​ន័យ​ថា ​បុគ្គល​ហ្នឹង​មិន​មែន​ជា​អ្នក​គ្រប់គ្រង​រដ្ឋ​ដ៏​ត្រឹមត្រូវ​ទេ​ តាម​អ្វីដែល​ជា​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ»។

ដោយ​ឡែក​ លោក ​មឿន តុលា​បាន​បញ្ជាក់​បន្ថែម​ថា៖

«ជាក់ស្តែង​ប្រហែល​ជា​មិន​ដូច​រដ្ឋាភិបាល​បាន​គិត​ទេ។​ ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២២​ បន្ទាប់​ពី​ចូល​ឆ្នាំ​នេះ​គេ​នឹង​បន្ត​មិន​មក​ធ្វើការ​ ជា​ការ​បង្ហាញ​នូវ​ការ​មិន​សប្បាយ​ ចិត្ត​ដែល​កំណត់​ប្រាក់​ឈ្នួល​ទាប​ដល់​កម្មករ។​ ហើយ​គេ​នឹង​ធ្វើ​ការ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១​ឧសភា​ទៀត​ ហើយ​ខ្ញុំ​ជឿ​ថា​នឹង​មាន​សកម្មភាព​តៗ​ទៀត»។

លោក​តុលា​បាន​អះអាង​ថា​ ថៃ​និង​វៀតណាម​ គេ​អាច​កំណត់​ប្រាក់​ឈ្នួល១​ ទោះ​បី​ជា​ប្រែ​ប្រួល​ទៅ​តាម​តំបន់​របស់​គេ​ក្តី។ នេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋ​ក្នុង​ការ​កំណត់​ ប្រាក់​ឈ្នួល​អប្បរមា ​កុំឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ៕
XS
SM
MD
LG