ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ


ជនរង​គ្រោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ប្រមាណ​ជាង​២០០​នាក់ រួមទាំងអ្នកស្រី យ៉ោម បុប្ផា (ស្តាំ) ផងដែរ ​​ បាន​ស្រែក​យំ​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ។
ជនរង​គ្រោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ប្រមាណ​ជាង​២០០​នាក់ រួមទាំងអ្នកស្រី យ៉ោម បុប្ផា (ស្តាំ) ផងដែរ ​​ បាន​ស្រែក​យំ​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ។
សម្រែក​ទ្រហ៊ោយំ​បាន​ឮ​ខ្ទរខ្ទារ​ក្នុង​បវិវេណ​សាលា​ឧទ្ធរណ៍​ក្បែរ​ព្រះបរម​រាជវាំង បន្ទាប់​ពី​ការប្រកាស​សេចក្តី​សម្រេច​របស់​តុលាការដែល​បដិសេធ​មិន​ព្រម​ឱ្យ​សកម្មជន​ការពារ​សិទ្ធិមនុស្សនិង​កម្មករ​ចំនួន​២១​នាក់ ​បាន​នៅ​ក្រៅឃុំ​តាម​ការស្នើសុំ។

ក្រុម​អ្នក​គាំទ្រ​ដល់​សកម្មជន​ទាំង​នោះ​ស្រែក​ថា៖

«លោក​ចៅ​ក្រម​ចេញ​មក​សង​យុត្តិធម៌​ឱ្យ​ពួក​យើង​វិញ​មក។ ​ហេតុ​អ្វី​បាន​ជាអស់​លោក​ប្រើប្រាស់នូវ​ប្រព័ន្ធ​តុលាការ​របៀប​នេះ? ​ពួកខ្ញុំ​១៣​នាក់រង​នូវ​ភាព​អយុត្តិធម៌​ម្តង​ហើយ ​ហេតុអ្វី​ផ្តល់​នូវភាព​អយុត្តិធម៌​មក​ដល់​ពួក​គាត់​ទៀត?»។

លោក​ ឃុន លាង​ ម៉េង​ ប្រធាន​ចៅ​ក្រម​ជំនុំជម្រះ​របស់​សាលាឧទ្ធរណ៍ ​បាន​សម្រេច​ដម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដោយ​បន្តឃុំ​ខ្លួន​តំណាង​សហជីព​និង​ក្រុម​កម្មករនៅ​ក្នុង​ពន្ធនាគារ​ ម៣ ​ត្រពាំង​ផ្លុង​ដដែល។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​ក្តី​ជន​រងគ្រោះ។

សវនាការ​របស់​សភា​ព្រហ្មទណ្ឌ​ស៊ើប​សួរ​នៃ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ធ្វើ​ឡើង​ដោយកំបាំង​មុខលើ​សំណុំ​រឿង​ស្នើសុំ​ឱ្យ​នៅ​ក្រៅ​ឃុំជនជាប់​ចោទ​២១​នាក់​ ហើយ​បាន​ចំណាយ​ពេល​អស់​ជាង​បី​ម៉ោង។ ​សវនាការ​នេះ​បាន​ធ្វើ​ឡើង​ជា​អសាធារណៈ។ ក្រុម​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ សមាជិក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ និង​អ្នក​កាសែត​មិន​អនុញ្ញាត​ឱ្យ​ចូល​ស្តាប់​ក្នុង​អង្គ​សវនាការ​ឡើយ ​លើក​លែង​តែ​មេធាវី​ការពារ​ក្តី​ចំនួន​១០​រូប​តែ​ប៉ុណ្ណោះ។

លោក​ ឃុន លាង​ម៉េង​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​ត្រូវ​បាន​មេធាវី​ការពារ​ក្តី​ស្រង់​សំដី​មក​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ មូលហេតុ​ដែល​តុលាការ​មិន​សម្រេច​ដោះ​លែង​ជនជាប់​ចោទ​ឱ្យ​នៅ​ក្រៅ​ឃុំ​ពីព្រោះ​ថា វាអាច​បង្ក​ឱ្យ​មាន​ភាព​ចលាចល​សន្តិសុខ​សាធារណៈ​និង​បើ​ឱ្យ​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ​ គឺ​មិន​អាច​រក្សា​ជូន​ជន​ជាប់​ចោទ​តាម​នីតិវិធី​របស់​តុលាការ។

អ្នក​ស្រី​ ប្រាក់ សុវណ្ណរី​ អាយុ​៣០​ឆ្នាំ​ ភរិយា​លោក ​វន់ ពៅ​ និង​កូន​ប្រុស​អ្នក​ស្រី​បាន​ទ្រហ៊ោយំ​នៅ​ពេល​ដែល​អ្នក​ស្រី​បាន​ឮ​ការ​បដិសេធស្នើ​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំ។

អ្នក​ស្រី​បាន​និយាយ​ថា​ អ្នក​ស្រី​នឹង​ប្តឹង​ទាស់​ទៅ​កាន់​តុលាការ​កំពូល​ទៀត​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍។

លោក​ស្រី​និយាយ​ថា៖

«ក្នុង​នាម​ខ្ញុំជា​ភរិយា​លោក​ វន់ ពៅ​ ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​ហើយ​នឹង​តុលាការ​សាលា​ឧទ្ធរណ៍​មិន​សម​ថា​ មិន​ដោះ​លែង​គាត់ឱ្យ​នៅ​ក្រៅ​ឃុំទេ។ នៅ​ពេល​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​មាន​ន័យ​ថា ​រដ្ឋាភិបាល​យង់​ឃ្នង​មែន​ទែន​ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឯង»។

លោក​ សំ សុខគង់​ មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់​ចោទ​បាន​ស្តី​បន្ទោស​តុលាការ​ថា ​មាន​ភាព​មិន​ត្រឹម​ត្រូវ​ ហើយ​លោក​មិន​ប្តឹង​ទាស់​ចំពោះ​សេចក្តី​សម្រេច​នេះ។

លោក​និយាយ​ថា៖​ «​ក្រុម​មេធាវី​របស់​ពួក​ខ្ញុំ​ទាំង​អស់​គ្នា​និង​មាន​បំណង​ប្តឹង​ទៅ​តុលាការ​កំពូល​ចំពោះ​សេចក្តី​សម្រេច​នេះ​ ​ដោយ​សារ​សេចក្តី​សម្រេច​នេះ​ពុំ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​នៅ​ឡើយ»។

នៅ​ខាង​ក្រៅ​អគារ​តុលាការក្រុម​សហជីព​និង​អ្នក​រង​គ្រោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ប្រមាណ​ជាង​២០០​នាក់​ បាន​ឈរ​ស្រែក​ទាម​ទារ​ឱ្យ​តុលាការ​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ ​ហើយ​ក្រោយមក​បាន​នាំ​គ្នា​ទៅ​បួង​សួង​នៅ​ពីមុខ​ព្រះអង្គដង​កើ​វិញ ​ក៏ប៉ុន្តែ​ មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​ការ​បួង​សួង​នេះ​ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​វាយ​បំបែក។

សកម្មជន​ទាំង​នោះ​បាន​ស្រែក​ថា៖

«ពួក​យើង​ទាមទារ​នូវ​សេរីភាព​ទាមទារ​នូវ​ប្រាក់​ឈ្នួល។ យើង​មិន​បាន​ទាមទារ​ឱ្យ​អស់​លោក​ណា​ចុះ​ចេញ​ឬ​មិន​ចុះ​ចេញ​យើង​អត់​ខ្វល់ទេ។ ​យើង​ខ្វល់​តែ​ប្រជាពលរដ្ឋ​យើង​មាន​ប្រាក់​ឈ្នួល​សមរម្យ»។​

លោក​ នី ចរិយា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​ការ​សម្រេច​មិន​ដោះ​លែង​កម្មករ​ទាំង​២១​នាក់​អាច​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។

លោក​និយាយ​ថា៖​ «​អ្នក​ទាំង​២៣​នាក់​នេះ​គឺ​សុទ្ធតែ​ជាអ្នក​បាន​បង្ហាញ​មុខ​ក្នុង​ការ​គាំទ្រ​ទៅ​លើ​គណបក្ស​សង្គ្រោះជាតិ ហើយ​ខ្ញុំ​យល់​ថា​ការ​សម្រេច​សេចក្តី​ដែល​មាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ​ជាអំពើ​ល្មើស​ច្បាប់​ទាំង​សាលា​ឧទ្ធរណ៍​ទាំង​សាលា​ដំបូង»។

ជនជាប់​ចោទ​ដែល​នៅ​សេស​សល់​ក្នុង​ពន្ធនាគារ​ចំនួន​២១​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ចំនួន​៤​បទ​ល្មើស​ដូចៗគ្នា​ពី​បទពាក់ព័ន្ធ​នឹង​ហិង្សា​ដោយ​ចេតនា ​ដោយ​មានស្ថាន​ទម្ងន់​ទោស​ ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ប្រមាថ​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​ចរាចរណ៍​សាធារណៈ​ ពាក់​ព័ន្ធ​នឹង​ការ​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅសួន​ឧស្សាហកម្ម​កាណាឌីយ៉ា និង​រោង​ចក្រ​យ៉ាក ជីង ពី​ដើម​ខែមករា៕
XS
SM
MD
LG