ខណៈដែលភាពមិនអើពើរបស់ពួកអាជ្ញាធរចំពោះការអំពាវនាវរកយុត្តិធម៌របស់ពួកគេមិនមានអ្វីភ្ញាក់ផ្អើលនោះ ពួកគេមិនបានបន្ទន់ចិត្តនៅក្នុងការសម្តែងនូវការខកចិត្តរបស់ខ្លួនអំពីអ្វីដែលពួកគេបាននិយាយថា ជាល្បិចកលគ្មានមេត្តារបស់ពួកអាជ្ញាធរ។ការណ៍នេះរួមមានអំពើហិង្សា ហើយនិងការប្រើប្រាស់ការឈ្លបមើលដើម្បីរំខានយាយីក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកមេធាវីដែលហ៊ានប្រឈមនឹងអ្វីដែលមនុស្សជាច្រើននិយាយថា ជាការបង្ក្រាបយ៉ាងចាស់ដៃ។
លោកស្រី Yuan Shanshan ភរិយារបស់លោក Xie Yanyi ដែលជាមេធាវីសិទ្ធិមនុស្ស បានប្រាប់ VOA ថា៖ «នៅខាងក្រៅមាត់ទ្វារបស់ខ្ញុំ មានភ្នាក់ងារសម្ងាត់ពី៥ទៅ៧នាក់ជាប្រចាំដែលតាមមើលខ្ញុំ។ ពួកគេតាមខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំទៅ ទៅទិញឥវ៉ាន់ ឬទៅទីកន្លែងណាផ្សេងៗទៀត។ ពួកគេ មិនបានធ្វើអ្វីទេ ក៏ប៉ុន្តែ តាមមើលខ្ញុំ»។
លោកស្រី Yuan និយាយបន្ថែមទៀតថា៖ «សកម្មភាពរំលោភច្បាប់បែបនេះ មិនត្រឹមតែមានផលប៉ះពាល់អវិជ្ជមានខាងផ្លូវចិត្តចំពោះយើង និងមនុស្សនៅក្នុងសង្កាត់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើ ឲ្យប៉ះពាល់ដល់កិត្យានុភាពជាតិរបស់ប្រទេសផង។ហើយការណ៍នេះ ក៏បានបណ្តាលឲ្យមានចលាចលនៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋដែរ»។
លោក Xie ជាមេធាវីសិទ្ធិមនុស្សម្នាក់ក្នុងចំណោមមេធាវីសិទ្ធិមនុស្ស១៦នាក់ដែលស្ថិតនៅក្នុងការឃុំឃាំងបន្ទាប់ពីចាប់ផ្តើមការបង្ក្រាបដ៏ធំមួយកាលពីខែ កក្កដាឆ្នាំទៅ។ ក្រុមអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនជាង៣០០នាក់ បានត្រូវចាប់ខ្លួន វាយដំ រំខានយាយី ឬស្ថិតនៅក្រោមការឃ្លាំមើល។
យោងទៅតាមលោកស្រី Yuan ភរិយារបស់មេធាវីដែលត្រូវគេឃុំខ្លួន បានត្រូវគេដកសិទ្ធិដ៏សំខាន់ដើម្បីជួបជាមួយស្វាមី ឬជួលមេធាវីសម្រាប់ពួកគេ ដោយមិននិយាយពីការទាមទារដ៏សំខាន់របស់ពួកគេសម្រាប់ការកាត់ទោសបើកចំហរ និងត្រឹមត្រូវ។
លោកស្រី និយាយបន្ថែមទៀតថា ការអំពាវនាវដែលលោកស្រី និងលោកស្រី Wang Qiaoling ភរិយារបស់លោក Li Heping បានធ្វើដើម្បីច្រានចោលមេធាវីដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលនៅក្នុងរឿងក្តីរបស់ស្វាមីលោកស្រី បានត្រូវគេមិនអើពើឬច្រានចោល។
បញ្ហាទាំងអស់នេះ កើតមានឡើងថ្វីបើប្រធានាធិបតី ស៊ី បានសន្យាអនុវត្តនីតិរដ្ឋនៅចុងឆ្នាំ២០១៤ ក្នុងអំឡុងពេលនៃសម័យប្រជុំពេញអង្គលើកទី៤របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តលើកទី១៨ក៏ដោយ។
ក្នុងអំឡុងពេលនៃសម័យប្រជុំ មេដឹកនាំកំពូលរូបនោះរបស់ចិន បានសន្យាធ្វើកំណែទម្រង់ស៊ីជម្រៅខាងប្រព័ន្ធយុត្តិធម៌ខណៈដែលសាទរការប្រកាន់យកតួនាទីរបស់រដ្ឋធម្មនុញ្ញនៅក្នុងប្រព័ន្ធច្បាប់របស់ប្រទេស។ អ្នករិះគន់និយាយថា ការសន្យាដ៏ខ្លាំងទាំងនោះមិនបានក្លាយជាការពិតទេ។
នៅក្នុងលិខិតចំហរមួយច្បាប់របស់ពួកគេ ក្រុមគ្រួសារទាំងនោះពណ៌នាការបង្កា្របលើមេធាវីថា ជាយុទ្ធនាការចាប់ខ្លួន បង្ខូចកេរ្តិ៍ឈ្មោះ និងការធ្វើទារុណកម្មដោយការប្រើអំណាចហួសក្នុងទ្រង់ទ្រាយធំ ក៏ប៉ុន្តែទទួលបានការកាត់ទោសត្រឹមត្រូវតិចតួច។
ក្រុមគ្រួសារទាំងនោះ ក៏បានអំពាវនាវដល់ប្រធានាធិបតី ស៊ី ឲ្យត្រួតពិនិត្យពួកមន្រ្តីអនុវត្តច្បាប់គ្រប់កម្រិតទាំងអស់នៅក្នុងប្រទេសដែលក្រុមគ្រួសារទាំងនោះបាននិយាយឲ្យហេតុផលថា បានស៊ុមគ្រលំគ្នា ហើយប្រើអំណាចរបស់ខ្លួនហួស។ ក្រុមគ្រួសារមេធាវីទាំងនោះ ក៏បានជំរុញឲ្យប្រធានាធិបតី ស៊ី ចាត់វិធានាការដើម្បីធ្វើឲ្យប្រាកដថា ក្រុមអ្នកការពារក្តីមានបរិយាកាសប្រសើរឡើងដើម្បីប្រតិបត្តិច្បាប់។
ភរិយារបស់មេធាវីដែលត្រូវគេឃុំខ្លួនទាំងនោះក៏បាននិយាយដែរថា ពួកគេមានទំនុកចិត្តថា ប្រសិនបើ ស្វាមីរបស់ពួកគាត់ បានត្រូវគេផ្តល់ឲ្យនូវការកាត់ទោសត្រឹមត្រូវ ពួកគេ នឹងត្រូវគេបង្ហាញពីភាពគ្មានទោសពៃរ៍ ហើយនិងត្រូវបានគេដោះលែង។
ថ្វីបើ យុទ្ធវិធីរបស់រដ្ឋាភិបាលចិនធ្វើឲ្យការងាររបស់ពួកមេធាវីមានការលំបាកកាន់តែខ្លាំងឡើងក៏ដោយ ពួកអាជ្ញាធរ កំពុងដាក់ចេញវិធានការតឹងតែងជាបន្តបន្ទាប់ដោយពង្រីកការព្រមានរបស់ខ្លួនដល់ក្រុមហ៊ុនច្បាប់ចំនួន២ម៉ឺន២ពាន់នៅទូទាំងប្រទេសដែលនៅពេលឆាប់ៗនេះ នឹងតម្រូវឲ្យពួកមេធាវីគោរពវិន័យ បើពុំដូច្នេះទេ នឹងប្រឈមពិន័យ។
បទបញ្ញត្តិបែបនេះ នឹងត្រូវរួមបញ្ចូលទាំងវិធានការរដ្ឋបាលទើបតែធ្វើវិសោធនកម្មថ្មីរបស់ក្រសួងយុត្តិធម៌សម្រាប់ក្រុមហ៊ុនច្បាប់ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា។
ពួកអ្នកវិភាគនិយាយថា ច្បាប់ថ្មីរបស់ក្រសួងយុត្តិធម៌ខុសនឹងរដ្ឋធម្មនុញ្ញហើយនិងទប់ស្កាត់ឯករាជ្យភាពរបស់មេធាវី ធ្វើឲ្យប៉ះពាល់ដល់កិច្ចខំប្រឹងប្រែងរបស់ពួកគេដល់ការធ្វើជាតំណាងប្រកបដោយការទទួលខុសត្រូវចំពោះកូនក្តីរបស់ខ្លួន ហើយនិងការពិភាក្សាយុទ្ធសាស្រ្តសំខាន់ៗ ហើយនិងបង្កើនហានិភ័យចំពោះការដាក់ពាក់ប្តឹងមន្រ្តីប្រតិបត្តិច្បាប់ដែលបានរំលោភច្បាប់។ ពួកគេនិយាយថា ច្បាប់ថ្មី អាចធ្វើឲ្យមានភាពងាយស្រួលកាន់តែខ្លាំងឡើងសម្រាប់ការចាត់វិធានការនានាដែលអាចនាំឲ្យមានការបណ្តេញមេធាវីចេញពីក្រុមហ៊ុនច្បាប់របស់ខ្លួន។ ឧទាហរណ៍ នៅក្នុងមាត្រា៥០ ក្រុមហ៊ុនច្បាប់ ឥឡូវនេះ នឹងត្រូវគេសុំឲ្យបណ្តេញមេធាវីចំពោះអ្វីដែលត្រូវបានគេកំណត់ថាជាការប្រព្រឹត្តមិនត្រឹមត្រូវដូចជាការធ្វើអត្ថាធិប្បាយជាសាធារណៈពីរឿងក្តីរបស់ខ្លួនហើយនិងការការពារពិរុទ្ធជន។ បើមិនដូច្នេះទេ ក្រុមហ៊ុនច្បាប់ អាចប្រឈមការបាត់បង់អាជ្ញាប័ណ្ណរបស់ខ្លួន។ មាត្រានោះក៏រួមបញ្ចូលទាំងបទបញ្ញត្តិដែលមានឃ្លាស្រពិចស្រពិលដែលដាក់ពិន័យដល់មេធាវីចំពោះអាកប្បកិរិយាផ្សេងៗដូចជាការបង្ហាញនូវការគាំទ្រដល់ចុងចោទរបស់ខ្លួននៅក្នុងរឿងក្តីនយោបាយ។
តាមលោក Liang Xiaojun នាយកក្រុមហ៊ុនច្បាប់ Daoheng ក្រុងប៉េកាំងនិយាយថា តាមការពិត ច្បាប់ទាំងអស់នោះមិនមានអ្វីថ្មីទេហើយមានជាយូរណាស់មកហើយ ហើយត្រូវបានគេរក្សាទុកសម្រាប់ប្រើប្រាស់នៅពេលគេត្រូវការ។
លោក Liang និយាយបន្តទៀតថា៖
«ក៏ប៉ុន្តែ ឥឡូវនេះ ការចែងនៅក្នុងច្បាប់ទាំងនោះតាមការពិតជាចំណាត់ការនៃការគាបសង្កត់យ៉ាងច្បាស់ក្រឡែត»។
លោក Liang បានស្ថិតនៅក្នុងចំណោមមេធាវី១៦៨នាក់ដែលកាលពីពេលមុនបានផ្តល់នូវការគាំទ្រដល់ញត្តិមួយផ្ញើជូនទៅក្រុមប្រឹក្សារដ្ឋដើម្បីលុបចោលនូវការត្រួតត្រាថ្មីរបស់ក្រសួងយុត្តិធម៌។ ក៏ប៉ុន្តែ ពួកគេនិយាយថា ពួកគេក៏បានទទួលនូវការមិនយកចិត្តទុកដាក់ត្រឡប់មកវិញដែរ។
លោក Laing និយាយបន្ថែមទៀតថា៖ «ខ្ញុំសរសើរមេធាវីទាំងអស់នោះដែលមាន ឆន្ទៈបំពានច្បាប់ដែលមានគុណវិបត្តិនោះ។ ពួកគេបានបង្ហាញនូវជំហររបស់ខ្លួនដើម្បីបដិសេធមិនទទួលស្គាល់ និងប្រតិបត្តិច្បាប់នោះ។ យើងត្រូវការមេធាវីកាន់តែច្រើនឡើងដើម្បីចូលរួមប្រយុទ្ធ»។
ច្បាប់ថ្មីទាំងនេះ បង្កើនការទទួលខុសត្រូវរបស់មេធាវីដើម្បីពិចារណាពីការចូលរួមក្នុងការប្រយុទ្ធ។ ក្រុមសិទ្ធិមនុស្សជាច្រើនបានសន្និដ្ឋានថា សកម្មភាពរបស់ រដ្ឋាភិបាលនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់មេធាវីដែលធ្វើការងារលើរឿងក្តីនយោបាយដ៏រសើប៕
ប្រែសម្រួលដោយជឹង ប៉ូជីន