ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Michelle Obama នឹង​លើក​ពី​សារៈសំខាន់​នៃ​អង្គការ​សង្គម​ស៊ីវិល


លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង)​ចាប់​រលាក់​ដៃ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា Narendra Modi (កណ្តាល) គ្រាដែល​លោកស្រី Michelle Obama ឈរ ​ក្បែរ​ពួក​អស់លោក នៅ​ពេល​ដែល​អស់​លោក​ទៅ​ដល់​ស្ថានីយ៍​កងទ័ព​អាកាស​Palam ក្នុង​ទីក្រុង​ New Delhi នៃ​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង)​ចាប់​រលាក់​ដៃ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា Narendra Modi (កណ្តាល) គ្រាដែល​លោកស្រី Michelle Obama ឈរ ​ក្បែរ​ពួក​អស់លោក នៅ​ពេល​ដែល​អស់​លោក​ទៅ​ដល់​ស្ថានីយ៍​កងទ័ព​អាកាស​Palam ក្នុង​ទីក្រុង​ New Delhi នៃ​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០១៥។

លោក​ស្រី ​Michelle Obama ​នឹង​ជំរុញ​ឲ្យសង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តួនាទីសំខាន់​នៅ​ក្នុ​ង​ការ​ងារ​អភិបាល​កិច្ច​ល្អ។​ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​សេត​វិមាន។

​លោក Evan​ ​Medeiros ​នាយក​ជាន់​ខ្ពស់​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​សម្រាប់​កិច្ចការ​អាស៊ីបាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​កាល​ពីថ្ងៃ​ច័ន្ទ​ដែល​ត្រូវផ្សាយ​បន្ត​ដោយ​ស្ថាន​ទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃអង្គារ​នេះ​ថា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ពីថ្ងៃ​ទី​២១​ដល់​២២​ខែ​មិនា​នៅ​កម្ពុជា​លោកស្រី​ Michelle Obama​ភរិយា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នឹង​ត្រូវជួប​ជាមួយ​ ក្រុម​មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល​សំខាន់ៗ​នៅ​ក្នុង​ប្រទេសកម្ពុជា​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គោល​នយោ​បាយ​បើក​ទូលាយ​ដែល​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​នៅ​ក្នុ​ង​អភិបាល​កិច្ច​ល្អក្នុង​ប្រទេស។

ឆ្លើយ​នឹង​សំណួរ​របស់​ក្រុមអ្ន​កយក​ព័ត៌​មាន​នាពេលនោះ​លោក​ Medeiros​ បាន​និយាយ​ថា​៖

«លោក​ស្រី​នឹង​មាន​ឱកាស​ជួបជាមួយ​អង្គការ​សង្គមស៊ីវិល​ដើម្បី​ជំរុញ​ទស្សនៈ​សំខាន់ៗ​របស់​យើង​ដើម្បី​ឲ្យមាន​នយោបាយ​បើក​ចំហរ​ និង​ បញ្ចូល​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុ​ង​អភិបាល​កិច្ច​ល្អ»។​

ផែនទី​បង្ហាញ​អំពី​ដំណើរ​របស់​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ទ្វីប​អាស៊ី​ក្នុង​ខែមីនា ឆ្នាំ២០១៥។
ផែនទី​បង្ហាញ​អំពី​ដំណើរ​របស់​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ទ្វីប​អាស៊ី​ក្នុង​ខែមីនា ឆ្នាំ២០១៥។

​លោកស្រី​Michelle Obama នឹង​មក​ដល់​ខេត្ត​សៀមរាប​នៅ​យប់​ថ្ងៃ​សុក្រ​ទី​២០ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍​ទី​២១​ហើយ​ចាក​ចេញ​វិញ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២២​ខែ​មិនា។ ​

លោក​ ធន សារ៉ាយ​ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និងអភិវឌ្ឍន៍​នៅ​កម្ពុជា​ADHOC​បាន​ស្វាគមន៍​ការ​លើក​ឡើង​នេះ​ដោយសារតែ​សង្គម​ស៊ីវិល​ដើ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ដោយ​តម្លា​ភាព​និង​និរន្តរភាព។

«នេះ​គឺជា​ការណ៍​មួយ​ល្អ​ណាស់​ព្រោះ​ថា​សង្គម​ស៊ីវិល​គឺ​ជា​ភ្នែក​ច្រមុះ​មួយ​ដែល​ធ្វើ​ការងារ​ជាមួយ​ប្រជាជន​ដោយ​ផ្ទាល់​ៗ​ ​ហើយ​លោក​ដឹង​ពីសុខទុក្ខ​ទាំងឡាយ ​បំណង​ប្រាថ្នា​ទាំងឡាយ​ បញ្ហា​ទាំង​ឡាយ​ដែល​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​អញ្ចឹង​រដ្ឋាភិបាល​គួរ​តែ​យក​មតិ​សង្គមស៊ីវិល​ទៅ​ស្តាប់​ផង​ កុំឲ្យ​យល់​ថា​មតិ​ដែល​សង្គមស៊ីវិល​លើក​តែងតែ​ចោទ​ថាជា​ការវាយប្រហារ។ នេះ​គឺ​ជា​ការណ៍​មួយ​ខុស​ហើយ»។

លោក​បាន​បន្ថែម​ថា​មន្ត្រី​រដ្ឋាភិបាល​គួរ​តែផ្លាស់​ប្តួ​ការ​គិត​របស់​ខ្លួន​ដែល​យល់​ថាការ​តិះទៀន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គឺជា​ការប្រឆាំង​នឹង​រដ្ឋាភិបាល​ផ្ទុយ​ទៅ​វិញ​វា​ជា​មតិរិះ​គន់​ស្ថាបនា​ដែល​គេ​តែងតែ​អនុវត្ត​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​នានា​នៅ​សកលលោក។

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់មកកាន់​កម្ពុជាលោកស្រី​ Michelle Obama ​ភរិយា​លោក​ប្រធានា​ធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា ​គឺ​ក្នុង​គោល​បំណង​សំខាន់​មកផ្សព្វផ្សាយ​គម្រោង​ផ្តល់​ឱកាស​ឱ្យ​ស្ត្រី​បាន​សិក្សា‍​“Let Girls Learn​” ​ដែល​លោក​ស្រី​បាន​ប្រកាស​កាល​ពី​ពីរ​សប្តាហ៍​មុននោះ។​ គម្រោង​នេះ​ទៀត​សោត​នឹង​ធ្វើការ​អនុវត្ត​ដោយ​ក្រុមស្ម័គ្រ​ចិត្ត​ Peace Corps​ អាមេរិក​ផង​ដែរ។​

នៅ​សន្និសីទ​កាសែត​ដដែល​នោះ​មន្ត្រី​ផ្លូវការ​អាមេរិក​បាន​បន្ថែម​ថា​Peace Corps ​អាមេរិកាំង​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការជំរុញ​គម្រោង​ថ្មី​នេះ​នៅ​កម្ពុជា​ដើម្បី​ឲ្យ​កុមារី​មាន​ឱកាស​ចូល​សាលា​ឲ្យ​បាន​ច្រើន។​

ក្រុមស្ម័គ្រ​ចិត្ត​អាមេរិកPeace Corps​ មាន​វត្តមាន​នៅ​កម្ពុជា​ចាប់ទាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ​ ហើយ​បាន​ចូលរួម​ធ្វើ​ ការងារ​ផ្នែក​មនុស្សធម៌​ ការអប់រំ​ នៅតាម​សហគមន៍​ជា​ដើម។

លោក Medeiros​ ក៏​បាន​បញ្ចាក់​ផង​ដែរ​ថា​លោកស្រី​ Michelle​ នឹងធ្វើ​ការ​ជួប​ជា​មួយ​ក្រុម​ស្ម័គ្រ​ចិត្ត​ Peace Corps​ ​នៅ​ក្រុង​សៀមរាប​និង​ទស្សនា​ប្រាសាទ​អង្គរវត្ត​ផង​ដែរ​មុន​ពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា។

បើ​តាម​គម្រោង​លោកស្រី​Michelle Obama​នឹង​ត្រូវ​ទទួល​ស្វាគមន៍ដោយ​លោក​ស្រី​ប៊ុន រ៉ានី​ ហ៊ុន សែន ​ហើយ​ស្ត្រី​ទី១​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​ជួប​សន្ទនា​គ្នា​ផងដែរ។

​ក្រៅ​ពី​នោះ​លោកស្រី​Michelle​ នឹង​ជួប​ជាមួយ​ក្រុម​សិស្សានុ​សិស្ស​វិទ្យាល័យ​នៅ​ខេត្ត​សៀមរាប​។

នៅ​ក្នុង​ខ្ទង់ទស្សនៈ​របស់​កាសែត​ The Wall Street Journal ​ដែល​ចុះផ្សាយ​ កាល​ពីថ្ងៃអាទិត្យ​កន្លង​មក​នេះ​ លោកស្រី​ទី​មួយ​បាន​មាន​ប្រសាសន៍​ថា​ វា​ជា​ការ​ខាតបង់​ដ៏​ធំធេង​មួយ​ដែល​កុមារី​ជាង​ ​៦២​លាន​នាក់​នៅ​លើ​ពិភពលោក​មិន​បាន​ចូល​សាលា​រៀន៕

XS
SM
MD
LG