ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Michelle Obama នឹង​លើក​ស្ទួយ​ការ​អប់រំ​ដល់​ស្ត្រី​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​អាស៊ី


ក្មេង​ស្រី​ម្នាក់​កាន់​រូប​ប្រធានាធិបតី​អាមេរិក​និង​គ្រួសារ​លោក ក្នុង​ពេល​ការជួប​ប្រមូល​ផ្តុំ​ដ៏​កម្រ​មួយ​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥។
ក្មេង​ស្រី​ម្នាក់​កាន់​រូប​ប្រធានាធិបតី​អាមេរិក​និង​គ្រួសារ​លោក ក្នុង​ពេល​ការជួប​ប្រមូល​ផ្តុំ​ដ៏​កម្រ​មួយ​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥។

លោក​ស្រី​ Michelle​ Obama ភរិយា​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់​ អូបាម៉ា​ អញ្ជើញ​ចេញ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៥​ថ្ងៃ​ នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​ចាប់​ផ្តើម​កម្មវិធី «Let​ Girls​ Learn‍»​ ឬ ‍«គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា‍» ​របស់​រដ្ឋបាល​លោក​ អូបាម៉ា​ ក្នុង​គោល​បំណង​លើក​តម្កើង​ការ​អប់រំ​ដល់​នារី​ជា​ច្រើន​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។

នៅ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កន្លែង​ឈប់​សំចត​របស់​លោក​ស្រី​នៅ​ប្រទេស​ ជប៉ុន​ និង​កម្ពុជា​ លោក​ស្រី​ Michelle​ និង​ស្វាមី​ គឺ​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​ថា​ ការណ៍​ដែល​ក្មេង​ស្រី​ប្រមាណ​ ៦២​ លាន​នាក់​មិន​មាន​លទ្ធភាព​ទៅ​សាលារៀន​នៅ​ជុំ​វិញ​ពិភពលោក​ គួរ​ជា​អាទិភាព​មួយ​នៃ​គោល​នយោបាយ​បរទេស។​

លោក​ស្រី​ Michelle​ បាន​សរសេរ​នៅ​ក្នុង​កាសែត​ The​ Wall​ Street​ Journal​ របស់​អាមេរិក​ថា​ ការណ៍​ដែល​មាន​នារី​រាប់​សិប​លាន​នាក់​មិន​បាន​ទទួល​ការ​អប់រំ​ឲ្យ​បាន​គ្រប់​គ្រាន់​គឺ​មិន​ត្រឹម​តែ​ជា​«ការ​ខ្ជះ​ខ្ជាយ​សក្តានុពល​របស់​មនុស្ស​ដ៏​គួរ​ឲ្យ​សោកស្តាយ​ជា​ទី​បំផុត‍​ប៉ុណ្ណោះ​ទេ។​ វា​ក៏​ជា​ការ​ប្រឈម​ដ៏​ធ្ងន់​ធ្ងរ​មួយ​របស់​វិស័យ​សុខាភិបាល​សាធារណៈ​ ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ ព្រម​ទាំង​វិបុលភាព​ពិភពលោក​ ធ្លាក់​ចុះ​ និង​ជា​ការ​គំរាម​ទៅ​លើ​សន្តិសុខ​នៃ​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក‍»។

ផែនទី​បង្ហាញ​អំពី​ដំណើរ​របស់​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ទ្វីប​អាស៊ី​ក្នុង​ខែមីនា ឆ្នាំ២០១៥។
ផែនទី​បង្ហាញ​អំពី​ដំណើរ​របស់​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ទ្វីប​អាស៊ី​ក្នុង​ខែមីនា ឆ្នាំ២០១៥។

លោក​ស្រី​ អូបាម៉ា​ មាន​ប្រសាសន៍​ថា​ មក​ដល់​ត្រឹម​ឆ្នាំ​២០១២​ តំបន់​កំពុង​អភិវឌ្ឍន៍ទាំង​អស់​ បាន​សម្រេច​ឬ​ជិត​បាន​សម្រេច​សមភាព​យេនឌ័រ​ នៅ​ក្នុង​វិស័យ​អប់រំ​កម្រិត​បឋមសិក្សា។​ ក៏​ប៉ុន្តែ​ លោក​ស្រី​បន្ថែម​ថា​ គម្លាត​យេនឌ័រ​ក្នុង​វិស័យ​អប់រំ​ថ្នាក់​មធ្យមសិក្សា​នៅ​តែ​មាន​ ដែល​ក្នុង​នោះ​នារី​ត្រូវ​រង​ការ​រិតត្បិត​ដោយ​«តម្លៃ​និង​ទម្លាប់​វប្បធម៌​ ដែល​ផ្តល់​អត្ថន័យ​និង​កម្រិត​អនាគត​របស់​ស្រ្តី​នៅ​ក្នុង​សង្គម​របស់​ពួក​គេ»។

«គម្រោង​ផ្តល់ឱកាសឲ្យ​សិស្សស្រី​បានសិក្សា» ឬ 'Let Girls Learn'

នៅ​ក្នុង​ការ​ចាប់​ផ្តើម​យុទ្ធនាការ​ "Let​ Girls ​Learn”​ នៅ​ដើម​ខែ​នេះ​ លោក​ស្រី​ភរិយា​លោក​ប្រធានាធិបតី​អាមេរិក មាន​ប្រសាសន៍​ថា​ អង្គការ​ Peace​ Corps​ ដែល​ជា​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​ស្ម័គ្រចិត្ត​និង​បាន​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​សរអា​ នឹង​មាន​មុខ​នាទី​ដ៏​សំខាន់​មួយ។​

លោក​ស្រី Michelle​ Obama ​ថ្លែង​ថា៖

«កិច្ច​ប្រឹង​ប្រែង​នេះ​នឹង​ត្រូវការ​ទេពកោសល្យ​និង​កម្លាំង​របស់​អ្នក​ស្ម័គ្រ​ចិត្ត​របស់​ Peace​ Corps​ ជិត​ ៧.០០០​នាក់​ ដែល​ចេញ​ទៅ​បម្រើ​នៅ​ក្នុង​ប្រទេស​ ជាង​ ៦០។​ តាម​រយៈ​កិច្ច​ប្រឹង​ប្រែង​នេះ​ អង្គការ​ Peace​ Corps​ នឹង​គាំទ្រ​គម្រោង​ថ្មីៗ​ជា​ច្រើន​រយ​ នៅ​ក្នុង​សហគមន៍​ ដើម្បី​ជួយ​នារី​ឲ្យ​អាច​ទៅ​សាលារៀន​និង​នៅ​បន្ត​រៀន​ឲ្យ​បាន​យូរ‍»។​

លោក​ស្រី Obama​ ថ្លែង​ជា​អាទិ​ទៀត​ថា៖

«ខ្ញុំ​ចង់​បញ្ជាក់​ថា​ កម្មវិធី​ទាំង​នេះ​នឹង​លេច​ចេញ​មក​ពី​សហគមន៍​និង​ត្រូវ​ដឹក​នាំ​ដោយ​សហគមន៍​ផ្ទាល់។​ គម្រោង​ទាំង​នេះ​នឹង​ពឹង​ផ្អែក​ទៅ​លើ​ដំណោះស្រាយ​ដែល​មេ​ដឹកនាំ​សហគមន៍​ គ្រួសារ​ និង​នារី​ខ្លួន​ឯង​ផ្ទាល់​ជា​អ្នក​តាក់​តែង​ធ្វើ​ដោយ​ខ្លួន​ឯង»។​

នៅ​ក្នុង​ព្រឹត្តិការណ៍​ដដែល​នេះ​ លោក​ប្រធានាធីបតី​ អូបាម៉ា​ ថ្លែង​ថា​ រដ្ឋបាល​របស់​លោក​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ប្រទេស​ជា​ដៃគូ​ថា​ នេះ​ជា​អាទិភាព​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​សរអា។​ លោក​ប្រធានាធិបតី​ថ្លែង​ជា​អាទិ​ថា៖​

«យើង​ដឹង​ថា​នៅ​ពេល​ណា​ដែល​នារី​បាន​ទទួល​ការ​អប់រំ​ នាង​ប្រហែល​ជា​នឹង​ពន្យារ​ពេល​អាពាហ៍ពិពាហ៍។​ ជា​លទ្ធផល​ កូន​របស់​នាង​ទៅ​អនាគត​នឹង​មាន​សុខភាព​ល្អ​ជាង​មុន​និង​មាន​អាហាររូបត្ថម្ភ​ល្អ​ជាង​ធម្មតា។​ បៀវត្សរ៍​ទៅ​អនាគត​របស់​នាង​នឹង​កើន​ឡើង​ ដែល​នឹង​ជួយ​ពង្រឹង​ដល់​សន្តិសុខ​របស់​គ្រួសារ​នាង​ ហើយ​សេដ្ឋកិច្ច​ជាតិ​ក៏​នឹង​មាន​ការ​លូត​លាស់​ជា​មួយ​គ្នា​នោះ​ដែរ‍»។​

លោក​ប្រធានាធិបតី​បាន​បន្ថែម​ថា​ «បើ​មើល​តាម​ទស្សនៈ​នយោបាយ​និង​សន្តិសុខ​ នៅ​កន្លែង​ដែល​ស្រ្តី​និង​នារី​បាន​ទទួល​ការ​គោរព​ជា​ពលរដ្ឋ​ពេញ​លក្ខណៈ​និង​ស្មើ​ភាព​គ្នា​ កន្លែង​នោះ​តែង​មាន​ស្ថិរភាព​និង​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ជាង​កន្លែង​ដទៃ​ទៀត។​ ដូច្នេះ​ នេះ​មិន​មែន​ជា​បញ្ហា​មនុស្សធម៌​មួយ​ទេ​ វា​ជា​បញ្ហា​សេដ្ឋកិច្ច​និង​ជា​បញ្ហា​សន្តិសុខ​មួយ​ដែរ។​ អាស្រ័យ​ហេតុ​នេះ​បាន​ជា​ វា​ជា​អាទិភាព​មួយ​នៃ​គោល​នយោបាយ​ការបរទេស‍»។​

ជប៉ុន

កន្លែង​ឈប់​ទី​មួយ​របស់​លោក​ស្រី​អូបាម៉ា​ គឺ​ប្រទេស​ជប៉ុន​ ដែល​លោក​ស្រី​ត្រូវ​ជួប​ជា​មួយ​លោក​នាយករដ្ឋមន្រ្តី​ Shinzo​ Abe​ និង​លោក​ស្រី​ភរិយា​ Akie។​ អង្គការ​ Peace Corps​ របស់​ប្រទេស​អាមេរិក​ និង​សមភាគី​ជប៉ុន​ ហៅ​អង្គការ Overseas​ Cooperation​ Volunteers​ នឹង​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​យុទ្ធនាការ​នេះ។

លោក​ Michael​ Cucek​ អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​កិច្ច​ការ​អាស៊ី​បច្ចុប្បន្ន​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​តូក្យូ នៃ​សាកលវិទ្យាល័យ​ Temple​ University​ បាន​ថ្លែង​ថា​ ទស្សនកិច្ច​របស់​លោក​ស្រី​ភរិយា​លោក​ប្រធានាធិបតី​សរអា​ បាន​ទទួល​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​យ៉ាង​ទូលំទូលាយ។​ លោក​ថ្លែង​ថា​ ទស្សនកិច្ច​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​ការ​ជួយ​ពង្រឹង​ទំនាក់​ទំនង​ពិសេស​រវាង​សរអា​និង​ប្រទេស​ជប៉ុន​ ហើយ​លោក​ថ្លែង​ទៀត​ថា​ វិស័យ​អប់រំ​ក៏​ជា​អាទិភាព​ផ្ទាល់​ខ្លួន​មួយ​របស់​លោក​និង​លោកស្រី​ Abe​ ជា​យូរ​មក​ហើយ​ដែរ។​

លោក​ Cucek​ និយាយ​ថា៖​ «លោក​ Abe​ មាន​សកម្មភាព​ជា​យូរ​មក​ហើយ​នៅ​ក្នុង​គោល​នយោបាយ​អប់រំ​ តែ​លើស​ពី​នេះ​ លោក​និង​ភរិយា​លោក​ បាន​ដឹកនាំ​អង្គការ​សប្បុរសធម៌​មួយ​ ដែល​សង់​សាលារៀន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​លោក​ទាំង​ពីរ​បាន​ធ្វើ​កិច្ចការ​នេះ​តាំង​ពី​យូរ​យារ​មក​ហើយ។​ ដូច្នេះ​នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​លោក​ស្រី​ Akie-sama​ Abe​ បាន​ចេញ​មុខ​មក​ជួប​ជា​សាធារណៈ​នៅ​ពេល​នេះ​ជា​មួយ​លោក​ស្រី​ Michelle​ Obama​ អំពី​បញ្ហា​នេះ​ ពីព្រោះ​ខ្លួន​លោក​ស្រី​ផ្ទាល់​ក៏​មាន​ការ​ជំពាក់​ទាក់​ទិន​នៅ​ក្នុង​រឿង​នេះ​ដែរ‍»។​

លោកស្រី​ភរិយា​របស់​លោក​ប្រធានាធិបតី ​នឹង​ជួយ​ជាមួយ​និស្សិត​សាកល​វិទ្យាល័យជប៉ុន។ មុនពេល​ចាក​ចេញ​ពី​ប្រទេស​ជប៉ុន ​លោកស្រី​អូបាម៉ា ​ក៏​នឹង​ឈប់នៅ​ក្នុង​ទីក្រុង​ Kyoto ​ដើម្បី​ទស្សនា​ព្រះវិហារ​ព្រះពុទ្ធ​សាសនា​និង​កន្លែង​សក្ការៈ Shinto។

កម្ពុជា

នៅ​ក្នុង​ប្រទេស​កម្ពុជា លោក Evan Medeiros ​នាយក​ជាន់​ខ្ពស់​នៃ​កិច្ច​ការ​អាស៊ី​របស់​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋ​អាមេរិកថ្លែង​ថា ​លោកស្រី អូបាម៉ា ​នឹង​សង្កត់​អំពី​ការ​ចាំ​បាច់​ឲ្យ​មាន​ប្រព័ន្ធ​នយោបាយ​បើក​ចំហរ​និង​រួម​បញ្ចូល​មួយ​និង​ការ​អនុញ្ញាតិ​ឲ្យ​សង្គម​ស៊ីវិល​មាន​មុខ​នាទី​មួយ​នៅ​ក្នុង​អភិបាល​កិច្ច​ល្អ។ ​លោក Phil Robertson ​នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ប្រចាំ​អាស៊ី​ថ្លែង​ថា ​នៅ​ក្នុង​ការ​អប់រំ​សម្រាប់​ស្ត្រី​នៅប្រទេស​កម្ពុជា​នៅ​មាន​កិច្ច​ការ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។

​លោក Robertson ​ថ្លែងថា៖ «អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ​ទើប​នឹង​ចេញ​របាយការណ៍​មួយ​កាល​ពី​សប្តាហ៍​មុន​អំពី​ស្រ្តី​និង​នារី​នៅ​ក្នុង​រោងចក្រ​សម្លៀកបំពាក់​ដែល​ជា​ឧស្សាហកម្មនាំ​ចេញ​ធំ​ជាង​គេ​របស់​កម្ពុជា ​ហើយ​មាន​៩២​ភាគរយនៃ​កម្លាំង​ពលកម្ម​ជា​ស្រ្តី​និងនារី។

លោក Robertson មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖ «យើង​បាន​ រក​ឃើញ​មានការ​រំលោភ​ជាប្រព័ន្ធ​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​រោង​ចក្រ​សម្លៀក​បំពាក់ក្នុង​ប្រទេស​កម្ពុជា​ដែល​បញ្ជូន​ផលិតផលទៅ​ឲ្យ​ក្រុមហ៊ុន​នៅ​ឯ​បរទេស​ដូច​ជា Gap និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នៅ​បរទេស​ ​ហើយ​បញ្ហា​ដែល​យើង​បាន​រក​ឃើញ​គឺ​នារី​កំពុង​នាំ​គ្នា​ចូល​ធ្វើ​ការក្នុង​រោង​ចក្រ​ទាំង​នោះ ដែល​នេះ​គឺ​ជា​ទីបញ្ចប់​នៃ​ការ​អប់រំ​របស់​ពួកគេ‍»។​

​លោក Robertson ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា នារីជា​ច្រើន​បាន​ទៅ​ធ្វើ​ការ​នៅ​រោងចក្រពី​ព្រោះ​តែ​មាន​អសន្តិសុខ​ស្បៀងនៅ​ផ្ទះ​របស់​ខ្លួន។ ​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ស្រ្តី​ជាច្រើន​ត្រូវ​ប្រ​ឈមការ​រើសអើងពេល​មានផ្ទៃ​ពោះ ​និង​ការ​យាយី​រំខាន​នៅ​កន្លែង​ធ្វើ​ការ។ លោក ​និយាយ​ទៀត​ថា ​បញ្ហា​នេះ ​គួរ​តែ​ស្ថិត​ក្នុង​របៀប​វារៈ​របស់​លោកស្រី​អូបាម៉ា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១១​ដែល​ជាដៃ​គូ​ក្នុង​យុទ្ធនាការ​«ការ​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា‍» ​ឬ «Let Girls Learn« ​រួម​ជាមួយ​ប្រទេស​អាល់បានី បេនីន ប៊ូគីណាហ្វាសូ ហ្សកហ្ស៊ី ហ្គាណា ម៉ុលដាវី​ ម៉ុងហ្គោលី ម៉ូហ្សាំប៊ិក តូហ្គោនិង​ប្រទេស​អ៊ុយហ្គង់ដា។

​លោកស្រី អូបាម៉ា ​ដែល​ជា​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកកំពុង​កាន់​តំណែង​ដំបូង​គេដែល​បាន​អញ្ជើញ​ទស្សនា​ប្រទេស​កម្ពុជា​នោះ​ ​មាន​ផែន​ការ​នឹង​អញ្ជើញ​ទៅ​កាន់ទី​ក្រុង​សៀមរាបដែល​នៅ​ទី​នោះលោកស្រី ​នឹង​ជួប​ជាមួយ​សមភាគី​ខ្មែរ​ គឺ​លោកស្រី​ ប៊ុន ​រ៉ានី​ ភរិយា​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ​និយាយ​ជាមួយ​សិស្ស​និង​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ហើយ​មើល​កម្មវិធី​ក្នុង​សហគមន៍​ខ្លះ ​ដែល​គេ​និយាយ​ថា ​បាន​ពង្រីក​ឱកាសខាង​អប់រំ​ដល់​នារី។ ​មុន​អញ្ជើញ​ត្រឡប់​មក​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ ​លោកស្រី​អូបាម៉ា ​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត៕​

​ប្រែសម្រួល​សម្រួល​ដោយ កែរ យ៉ាន

XS
SM
MD
LG