ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​ Michelle​ Obama​ នឹង​សង្កត់​ផែនការ​អប់រំ​នារី​នៅ​ក្នុង​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អាស៊ី


លោក​ស្រី​ Michelle​ Obama ភរិយា​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ស្តាំ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​មន្រ្តី​ជប៉ុន​នៅ​ពេល​អញ្ជើញ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ Hanedaនៅ​ក្នុង​ទីក្រុង​តូក្យូ​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០១៥។
លោក​ស្រី​ Michelle​ Obama ភរិយា​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ស្តាំ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​មន្រ្តី​ជប៉ុន​នៅ​ពេល​អញ្ជើញ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ Hanedaនៅ​ក្នុង​ទីក្រុង​តូក្យូ​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០១៥។

លោក​ស្រី​ Michelle​ Obama ភរិយា​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ជប៉ុន​ហើយ​នៅ​ក្នុង​ទស្សនកិច្ច​៣​ថ្ងៃ​ ដែល​មាន​គោល​ដៅ​សង្កត់​ការ​ចាប់​ផ្តើម​កម្មវិធី​ដំបូង​របស់​រដ្ឋបាល​លោក​អូបាម៉ា​ ហៅ​ថា​ «Let​ Girls​ Learn‍»​ ដើម្បី​ដំឡើង​ការ​អប់រំ​ដល់​នារី​ជា​ច្រើន​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។​

លោក​ស្រី​ អូបាម៉ា​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​តូក្យូ​ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។​ នៅ​ថ្ងៃ​ព្រហស្បត៍​ លោក​ស្រី​ត្រូវ​ជួប​ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​មួយ​លោក​នាយក​រដ្ឋមន្រ្តី​ Shinzo Abe​ និង​លោក​ស្រី​ភរិយា​ Akie។​ លោក​ស្រី​ក៏​មាន​ផែនការ​ចូល​គាល់​ព្រះ​ចៅ​អធិរាជ​ និង​ព្រះ​អគ្គមហេសី​ផង​ដែរ​ មុន​អញ្ជើញ​ទៅ​កន្លែង​សំខាន់​ទេសចរណ៍​ Kyoto​ នៅ​ថ្ងៃ​សុក្រ។​

សេចក្តី​ថ្លែង​មួយ​របស់​សេតវិមាន​និយាយ​ថា​ លោក​ស្រី​ Michelle​ Obama​ នឹង​ប្រកាស​ភាព​ជា​ដៃគូ​មួយ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​លើ​ការ​ផ្តួច​ផ្តើម​គំនិត​ «Let​ Girls​ Learn‍»​ ដែល​មាន​គោលដៅ​ជួយ​អប់រំ​នារី​ ៦២​ លាន​នាក់​ក្នុង​ពិភពលោក​ដែល​មិន​បាន​ទៅ​សាលារៀន។​

អង្គការ​ Peace Corps​ របស់​អាមេរិក​ និង​សមភាគី​ជប៉ុន​ ហៅ​ Overseas​ Cooperation​ Volunteers​ នឹង​ធ្វើការ​ជា​មួយ​គ្នា​នៅ​ក្នុង​យុទ្ធនាការ​នេះ។​

នៅ​ថ្ងៃ​សុក្រ​ លោក​ស្រី​នឹង​អញ្ជើញ​ចេញ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​ដៃគូ​មួយ​ក្នុង​ចំណោម​ប្រទេស​១១​ នៅ​ក្នុង​យុទ្ធនាការ​ "Let​ Girls​ Learn"។​ ប្រទេស​ឯ​ទៀត​មាន​ Albanie,​ Benin,​ Burkina Faso,​ Georgie,​ Ghana,​ Moldova,​ Mongolie,​ Mozambique,​ Togo​ និង​ Uganda។​

លោកស្រី​ Michelle​ Obama គឺ​ជា​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កំពុង​កាន់​តំណែង​ទី​មួយ​របស់​អាមេរិក ដែល​នឹង​អញ្ជើញ​ទី​ទស្សនា​ប្រទេស​កម្ពុជា។​

នៅ​ទី​នោះ​លោក​ស្រី​នឹង​ជួប​ជា​មួយ​សមភាគី​កម្ពុជា​របស់​លោក​ស្រី​គឺ​ លោក​ស្រី​ ប៊ុន​ រ៉ានីហើយ​និង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​អង្គការ​ Peace Corps​ អាមេរិក​ ដែល​មាន​មុខ​នាទី​សំខាន់​នៅ​ក្នុង​ការ​ជួយ​ពង្រីក​កម្មវិធី​អប់រំ​ឲ្យ​នារី​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG