ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo ព្យាករណ៍​ថា លោក​ប្រធានាធិបតី Trump នឹង​កាន់​តំណែង​នៅ​អាណត្តិ​ទី​២​ជា​បន្ត


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​​ព័ត៌មាន​មួយ​​​នៅ​ក្រសួង​ការបរទេស​​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​មិន​បាន​ត្រៀម​ខ្លួន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​របស់​ក្រសួង​ការបរទេស​ដល់​ក្រុម​កិច្ចការ​ផ្ទេរ​អំណាច​របស់​លោក Biden ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នោះ​ទេ ដោយ​លោក​បាន​បន្ថែម​ថា ការ​តតាំង​ខាង​ផ្លូវ​ច្បាប់​របស់​លោក​ប្រធានាធិបតី Donald Trump ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត ត្រូវតែ​ផ្តល់​ពេល​វេលា​ឲ្យ​ដើម្បី​ដោះស្រាយ ហើយ​សន្លឹក​ឆ្នោត​ត្រឹមត្រូវ​តាម​ច្បាប់​ទាំងអស់​ត្រូវ​តែ​រាប់។

នៅ​ពេល​ដែល​អ្នក​កាសែត​ម្នាក់​បាន​សួរ​ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​កាសែត​នៅ​ក្រសួង​ការបរទេស ថា​តើ​លោក​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​កិច្ចការ​ផ្ទេរ​អំណាច​របស់​លោក Biden ដែរ​ឬ​ទេ លោក Pompeo បាន​និយាយ​ថា៖ «យើង​នឹង​មាន​ដំណើរការ​អន្តរកាល​ប្រកប​ដោយ​ជោគជ័យ​មួយ​ឆ្ពោះ​ទៅ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump នៅ​អាណត្តិ​ទី ២»។

លោក​រដ្ឋមន្ត្រី​ការបរទេស​បាន​បន្ថែម​ទៀត​ថា៖ «ពិភពលោក​កំពុង​សម្លឹង​មើល​អ្វី​ដែល​កំពុង​កើត​ឡើង។ យើង​នឹង​រាប់​សន្លឹក​ឆ្នោត​ទាំង​អស់។ នៅ​ពេល​ដែល​ដំណើរការ​នេះ​បញ្ចប់ នឹង​មាន​ការ​ជ្រើសរើស​អង្គ​បោះឆ្នោត។ នេះ​គឺ​ជា​ដំណើរការ។ រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​រឿង​នេះ»។

នៅ​ពេល​ដែល​សួរ​ថា​តើ​ការ​មិន​សុខចិត្ត​របស់​លោក​ប្រធានាធិបតី Trump នៅ​ក្នុង​ការ​ចុះចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ណែនាំ​របស់​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​នានា​ឲ្យ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ និង​សម្រាប់​អ្នក​ចាញ់​ឲ្យ​សុខចិត្ត​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ លោក Pompeo បាន​ហៅ​សំណួរ​នោះ​ថា «ជា​ការ​គួរ​ឲ្យ​អស់​សំណើច»។

លោក Pompeo បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ថា ការ​បោះឆ្នោត​នៅ​ជុំវិញ​ពិភពលោក​មាន​ភាព​សេរី យុត្តិធម៌ និង​សុវត្ថិភាព។ លោក​បាន​បន្ថែម​ថា «មន្ត្រី​របស់​ខ្ញុំ​បាន​ប្តូរ​ជីវិត» ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា រឿង​នេះ​កើត​ឡើង។

លោក Elliot Engel ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​រិះគន់​លើ​ការ​លើកឡើង​ទាំង​នេះ​របស់​លោក Pompeo ដោយ​បាន​និយាយ​ថា៖ «លោក​រដ្ឋមន្ត្រី Pompeo មិន​គួរ​យល់ស្រប​តាម​ការ​វាយ​ប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​និង​មាន​គ្រោះថ្នាក់​លើ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​កាល​ពី​សប្ដាហ៍​មុន​ទេ»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG