ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ពង្រឹង​សាធារណ​មតិ​ ខណៈ​សង្គម​ស៊ីវិល​បារម្ភពី​ការ​រឹត​ត្បិត​សេរីភាព​មូលដ្ឋាន


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចូលរួមពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដែរ នៅជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចូលរួមពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដែរ នៅជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។

រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​គណៈ​កម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ចការ​ព័ត៌មាន ​និង​សាធារណ​មតិ (គ.ស.ព.ស) ​ ដើម្បីគ្រប់​គ្រង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អវិជ្ជមាន​ និង​ក្លែង​ក្លាយ​អំពី​រដ្ឋា​ភិបាល​ ខណៈ​អ្នក​ឃ្លាំ​មើល​សង្គម​បារម្ភ​ពី​ការ​រឹត​បន្តឹង​សេរី​ភាព​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​បន្ថែម​ទៀត។​

សេចក្តី​សម្រេច​បង្កើត​គ.ស.ព.ស ​ចេញ​នៅ​ថ្ងៃ​ទី​១២ ​ខែ​តុលា​ ឆ្នាំ​២០២៣​ និង​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហេ្វកប៊ុក​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ពុធ​ បង្ហាញ​ថា ​គណៈកម្មាធិការ​នេះ​មាន​សមាស​ភាព​ចំនួន​១១​រូប​ ដោយ​មាន​លោក ​ស្វាយ ស៊ីថា ​ទេស​រដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ជា​ប្រធាន ​និង​មាន​អនុ​ប្រធាន​៤រូប​ ព្រម​ទាំង​សមាជិក​៦​រូប។​

ក្នុង​អនុក្រឹត្យ​ស្តីពី​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈ​កម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ចការ​ព័ត៌មាន​ និង​សាធារណ​មតិ​ (គ.ស.ព.ស) ​ចេញ​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ បញ្ជាក់​ថា​ គណៈ​កម្មាធិការ​នេះ​មាន​តួនាទី​ពង្រឹង​សាធារណ​មតិ​តាម​រយៈ​ការ​តាម​ដាន​ក្ដាប់​គ្រប់​ស្ថាន​ការណ៍​ ឃោសនា​ពន្យល់​ និង​ការពារ​រូបភាព​វិជ្ជមាន​របស់​កម្ពុជា។​ គណៈ​កម្មាធិការ​នេះ​ក៏​មាន​ភារ​កិច្ច​ការពារ​អធិប​តេយ្យ​ជាតិ ផ្សព្វ​ផ្សាយ​សមិទ្ធ​ផល​របស់​រាជ​រដ្ឋាភិបាល ​និង​កសាង​រូបភាព​វិជ្ជមាន​ និង​លើក​កម្ពស់​កិត្យានុភាព​កម្ពុជា​ទាំង​ក្នុង​ស្រុក​ និង​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។​

អនុក្រឹត្យ​ដដែល​បន្ថែម​ថា ​គណៈ​កម្មាធិការ​នឹង​ដើរ​តួនាទី​ជំរុញ​ប្រសិទ្ធ​ភាព​ការងារ​ឆ្លើយ​តប​ព័ត៌មាន​ក្លែង​ក្លាយ ​តាម​រយៈ​ការ​រៀបចំ​យន្តការ​ឆ្លើយ​តប​ឱ្យ​ទាន់​ពេល​វេលា​ជា​ប្រព័ន្ធ​តួ​អង្គ​តែ​មួយ ​និង ​បង្កើន​សមត្ថភាព​យុទ្ធ​សាស្ត្រ​បែប​ឌីជីថល។ ​គណៈ​កម្មាធិការ​ក៏​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​លើ​ការ​ផលិត​ខ្លឹម​សារ​គ្រប់​ប្រភេទ​សម្រាប់​ពង្រឹង​សាធារណ​មតិ​ និង​សហការ​ផ្សព្វ​ផ្សាយ​មាតិកា​ទាំង​នោះ​ជាមួយ​បណ្តាញ​ផ្សព្វ​ផ្សាយ​នានា ​និង​ត្រូវ​ធ្វើ​របាយ​ការណ៍​ពី​សកម្ម​ភាព​ការងារ​ខ្លួន​ទៅ​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​និង​អនុវត្ត​ ភារ​កិច្ច​ផ្សេងៗ​ទៀត​តាម​ការ​ប្រគល់​ពី​នាយក​រដ្ឋមន្ត្រី។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នកស្រី​ ចក់ សុភាព ​យល់​ថា ​មុន​ពេល​មាន​ការ​បង្កើត​គណៈ​កម្មាធិការ​នេះ​ឡើង ​រដ្ឋា​ភិបាល​តែង​តែ​ឃ្លាំ​មើល​ការ​បញ្ចេញ​មតិ​ និង​ការ​បង្ហោះ​សារ​ផ្សេងៗ​លើ​បណ្តាញ​សង្គម ​ជា​ពិសេស​ការ​បញ្ចេញ​មតិ​រិះ​គន់​ណា​មួយ​ពី​សំណាក់​ប្រជា​ពលរដ្ឋ ​ដោយ​មាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​មួយ​ចំនួន​ផង​ដែរ។ ​អ្នកស្រី​ថា​ បើ​ទោះ​បី​ក្នុង​គោល​ការណ៍​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មាន​ការ​កំណត់​ទៅ​សេរី​ភាព​បញ្ចេញ​មតិ​មួយ​ចំនួន​ក្តី ​ប៉ុន្តែ​ការ​អនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​មាន​លក្ខណៈ​តឹង​តែង​ខ្លាំង ​និង​តែង​បំពាន​លើ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សម្តែង​មតិ​រិះ​គន់។​

អ្នកស្រី​ថ្លែង​ថា៖​ «អ៊ីចឹង​ត្រឡប់​មក​វិញ​ យើង​ត្រូវ​មើល​អំពី​ចេតនា​ ឬ​ក៏​គោល​បំណង​នៃ​ការ​បង្កើត​គណៈ​កម្មាធិការ​ហ្នឹង​ តើ​ធ្វើ​ឡើង​ក្នុង​ការ​ស្រង់​នូវ​មតិ​របស់​ពលរដ្ឋ​ហើយ​យក​មក​ដោះ​ស្រាយ ​ឬ​ក៏​ដើម្បី​គ្រាន់​តែ​ក្នុង​ការ​ដៅ​មុខ​សញ្ញា​ចំពោះ​មតិ​រិះ​គន់​ ហើយ​ធ្វើ​ការ​បំបិទ​នូវ​សំឡេង​ទាំង​អស់​ហ្នឹង។​ អ៊ីចឹង​ចេតនា​ហ្នឹង​គឺ​សំខាន់​ ហើយ​ការ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ទាំង​អស់​ហ្នឹង​ តើ​ថា​ការ​ប្រមូល​ព័ត៌មាន​ទាំង​អស់​ហ្នឹង​ក្នុង​គោល​ដៅ​យ៉ាង​ណា​ ហើយ​ធ្វើ​ឡើង​ដើម្បី​យ៉ាង​ម៉េច»។​

បើ​តាម​អ្នក​ស្រី​ ចក់​ សុភាព​ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​បើក​ឱកាស​យក​ចិត្ត​ទុក​ដាក់ ​លើក​កម្ពស់​ការ​ចូល​រួម ​និង​ស្តាប់​នូវ​មតិ​របស់​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ច្រើន​ ជាជាង​តាម​ដាន​ការ​បញ្ចេញ​មតិ​ និង​ដាក់​កំហិត​លើ​សិទ្ធិ​របស់​ពួក​គេ​ ដែល​ខុស​ពី​គោល​ការណ៍​អភិបាល​កិច្ច​ល្អ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

អ្នកស្រី​ថ្លែង​ថា៖​ «នៅ​ពេល​ដែល​ពលរដ្ឋ​គាត់​ឃើញ​រដ្ឋាភិបាល​ឆ្លើយ​តប​ជា​វិជ្ជមាន​ច្រើន​ទៅៗ ​អ៊ីចឹង​វា​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ចូល​រួម​កាន់​តែ​ច្រើន​ ហើយ​ការ​ចូល​រួម​ហ្នឹង​មិន​មែន​ការ​ចូល​រួម​រិះ​គន់​ប៉ាតណា​ប៉ាតណី​ទេ​ ព្រោះ​នៅ​ពេល​ដែល​ការ​រិះ​គន់​មួយ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ ហើយ​រដ្ឋាភិបាល​ឆ្លើយ​តប​សម​ស្រប​ ឬ​បំពេញ​ទៅ​តាម​ចំណុច​ខ្វះ​ខាត​ អ៊ីចឹង​វា​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​គាត់​ចូល​រួម។​ ហ្នឹង​ជា​គោល​ការណ៍​អភិបាល​កិច្ច»។​

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ ស៊ឹង សែនករុណា ​លើក​ឡើង​ដែរ​ថា​ ការ​បង្កើត​គណៈ​កម្មាធិការ​នេះ​ឡើង ​អាច​បង្ក​ជា​ការ​ព្រួយ​បារម្ភ​មួយ​ទៅ​លើ​សេរី​ភាព​សារ​ព័ត៌មាន។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​អ្វី​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ​នៃ​ការ​បង្កើត​ហ្នឹង​វា​អាច​ក្លាយ​ជា​ការ​រឹត​ត្បិត​សេរីភាព​សារ​ព័ត៌មាន​ទៅ​វិញ។​ អា​ហ្នឹង​ជា​បញ្ហា។ ​ អ៊ីចឹង​យើង​មិន​ទាន់​ដឹង​ថា​ តើ​គណៈ​កម្មាការ​ហ្នឹង​ធ្វើ​ឡើង​ដោយ​អនុវត្ត​ដោយ​មាន​ការ​ភា្ជប់​នូវ​ការ​គោរព​ទៅ​ដល់​សិទ្ធិ​អ្នក​សារ​ព័ត៌មាន​ ឬ​ស្ថាប័ន​ព័ត៌មាន​ដែល​គេ​ធ្វើ​ឡើង​ដោយ​វិជ្ជា​ជីវៈ​ត្រង់​កម្រិត​ណា ​ហើយ​លើក​ទឹក​ចិត្ត​និង​ការពារ​ផល​ប្រយោជន៍​ពួក​គេ​ក្នុង​កម្រិត​ណា»។​

លោក​បន្ថែម​ថា ​គណៈ​កម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ច​ការ​ព័ត៌មាន​ និង​សាធារណ​មតិ​នេះ​ ក៏​គួរ​ចាត់​វិធាន​ការ​ទៅ​លើ​ព័ត៌មាន​ក្លែង​ក្លាយ​ណា​ដែល​បាន​ជះ​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ទៅ​ដល់​សង្គម​ជាតិ ​និង​ប្រជា​ពលរដ្ឋ​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន ​និង​អំណះ​អំណាង​ពី​រដ្ឋា​ភិបាល។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​ Freedom House​ ក្នុង​ឆ្នាំ​២០២៣​នេះ​ សិទ្ធិ​សេរីភាព​លើ​អ៊ីនធឺណិត​នៅ​កម្ពុជា​នៅ​តែ​បន្ត​រង​ការ​រឹត​ត្បិត​ជា​ពិសេស​មុន ​និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ។​ អង្គការ​ Freedom House ​រៀបរាប់​ថា​ ការ​បោះ​ឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ឆ្នាំ​ ២០១៨ ​និង​ ២០២៣​ នេះ ​គឺ​មាន​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​យ៉ាង​ខ្លាំង ​ហើយ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​សម្ពាធ​លើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ពី​បទ​ធ្វើ​សកម្ម​ភាព​ញុះញង់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ បណ្តាញ​សារ​ព័ត៌មាន​ឯករាជ្យ ​និង​បាតុករ​ ដោយ​ការ​បំភិត​បំភ័យ ​ព្រម​ទាំង​ការ​កាត់​ទោស​ក្រោម​ហេតុ​ផល​នយោបាយ​ និង​អំពើ​ហិង្សា​ជា​ដើម។​ ​

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា​ខេមបូចា​ លោក​ ណុប វី​ ប្រាប់​វីអូអេ​ថា ​ការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​ដែល​សម្រប​សម្រួល​ព័ត៌មាន​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ការ​ចែក​ចាយ​ព័ត៌មាន​ទៅ​សាធារណ​ជន​កាន់​តែ​ច្រើន​ និង​សម្បូរ​បែប​ជា​រឿង​ដែល​ល្អ ​ប៉ុន្តែ​លោក​ថា​ បើសិន​បង្កើត​គណៈ​កម្មាធិការ​នេះ​ធ្វើ​ឡើង​ក្នុង​ន័យ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទៅ​វិញ​ នោះ​វា​មិន​មែន​ជា​ភាព​ចាំ​បាច់​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​បើ​យើង​សម្រប​សម្រួល​ដើម្បី​ធ្វើ​ឱ្យ​លំហូរ​នៃ​លំហ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​វា​កាន់​តែ​រួម​តូច​នោះ ​ខ្ញុំ​យល់​ឃើញ​ថា ​ការ​បង្កើត​គណៈ​កម្មាធិការ​ហ្នឹង​គឺ​ជា​រឿង​ដែល​ពុំ​ចាំបាច់​ទេ។​ នេះ​ជា​អ្វី​មួយ​ដែល​វា​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​លំហ​សេរី​ភាព​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​ទៅ​វិញ»។​

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល ​និង​ជា​អនុ​ប្រធាន​អចិន្ដ្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ច​ការ​ព័ត៌មាន​ និង​សាធារណ​មតិ​លោក​ ប៉ែន បូណា​ប្រាប់​វីអូអេ​ថា ​ការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​នេះ​ឡើង​គឺ​ក្នុង​គោល​បំណង​ដើរ​ឱ្យ​ទាន់​សម័យ​កាល​ និង​និន្នាការ​ព័ត៌មាន​ និង​ការ​បញ្ចេញ​មតិ​ ​ក្នុង​ន័យ​ការពារ​ និង​ឆ្លើយ​តប​ទៅ​កាន់​ព័ត៌មាន​ណា​មួយ​ដែល​បាន​បំភ្លៃ​អំពី​រដ្ឋាភិបាល។ ​លោក​បន្ត​ថា​ ក្នុង​ករណី​ដែល​គណៈ​កម្មាធិការ​រក​ឃើញ​ព័ត៌មាន​ក្លែង​ក្លាយ​ ឬ​មាន​ការ​ភាន់​ច្រឡំ​ទៅ​លើ​រដ្ឋាភិបាល​ នោះ​គណៈ​កម្មាធិការ​នឹង​ធ្វើ​ការ​បក​ស្រាយ​ និង​ពន្យល់​បន្ថែម​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ដើម្បី​កុំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ជាដើម។​

លោក​ថ្លែង​ថា៖​ «វិធាន​ការ​ទី​១​គឺ​យើង​បក​ស្រាយ។ ​យើង​បដិសេដ​ចោល​ព័ត៌មាន​ហ្នឹង ​ហើយ​យើង​ពន្យល់​ប្រាប់​ប្រជា​ពលរដ្ឋ​ឱ្យ​លោក​បាន​យល់​ថា​ ​ព័ត៌មាន​ទាំង​នោះ​ជា​ព័ត៌មាន​បំភ្លើស​បំភ្លៃ​ ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ​ហើយ​យើង​នឹង​ពន្យល់​ប្រាប់​បង​ប្អូន​ប្រជា​ពលរដ្ឋ​អំពី​ព័ត៌មាន​ពិត​ ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ ហើយ​ប្រសិន​ជា​មាន​ព័ត៌មាន​ដែល​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​ សិទ្ធិ​បុគ្គល ​ឬ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ​អី​ជា​ដើម​ ពេល​នោះ​យើង​មាន​ច្បាប់​ជា​ធរមាន។​ យើង​អនុវត្ត​តាម​នីតិ​វិធី​ដែល​មាន»។​

លោក​ ប៉ែន បូណា ​បន្ថែម​ថា​ ការ​បង្កើត​គណៈ​កម្មាធិការ​នេះ​ឡើង​ ក៏​ស្ថិត​នៅ​ក្នុង​ការ​បង្កើន​លំហូរ​ព័ត៌មាន​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ពី​គោល​នយោបាយ​នានា​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ ​និង​ប្រជា​ជន​ទាំង​មូល។​

នៅ​ពេល​សួរ​ទាក់​ទង​នឹង​សិទ្ធិ​សេរីភាព ​និង​ការ​រិះ​គន់​វិញ ​ដែល​ជា​រឿយៗ​តែង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​គំរាម​កំហែង​ និង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ​លោក​ ប៉ែន ប៉ូណា ​អះអាង​ថា​ សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ការ​បើក​ទូលំ​ទូលាយ ​ដោយ​ប្រជា​ពលរដ្ឋ​អាច​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​ណា​មួយ ​ដែល​មិន​រំលោភ​បំពាន​អ្នក​ដទៃ​ និង​ស្ថិត​ក្រោម​ច្បាប់​ដែល​រដ្ឋ​ធម្មនុញ្ញ​បាន​ចែង។​

លោក​បញ្ជាក់​ថា៖​ «ក៏​ប៉ុន្តែ​រដ្ឋ​ធម្មនុញ្ញ​យើង​បាន​ចែង​ច្បាស់​ថា​ បុគ្គល​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ រំលោភ​បំពាន​ទៅ​ដល់​សិទ្ធិ​អ្នក​ដទៃ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទំនៀម​ទម្លាប់​ល្អ​របស់​ជាតិ ​ប៉ះ​ពាល់​ទៅ​ដល់​សន្តិសុខ​ជាតិ​ សណ្តាប់​ធ្នាប់​សាធារណៈ ។​សុទ្ធ​តែ​មាន​ចែង​ច្បាស់​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ ​អ៊ីចឹង​ហើយ​យើង​អនុវត្ត​ទៅ​តាម​ហ្នឹង»។​

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Border) ​បាន​ចាត់​ថ្នាក់​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​១៤៧​ ក្នុង​ចំណោម ​១៨០ ​ប្រទេស ​នៅ​ឆ្នាំ ​២០២៣​ ដែល​មាន​ន័យ​ថា ​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់​ ​ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

XS
SM
MD
LG