ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ការ​រីករាយ​និង​ភាព​អន្ទះសារ​កំពុង​កើនឡើង​នៅ​មុន​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ថ្ងៃអង្គារ​នេះ


មនុស្សម្នា​ធ្វើ​ការ​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ទី៦ ខែវិច្ឆិកា នៅ​ឧទ្យាន Jim Miller កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ក្នុង​ក្រុង Marietta រដ្ឋ Georgia។

លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃអង្គារ​នេះ​នឹង​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​បំពេញ​ការងារ​ដែល​មាន​ចែង​នៅក្នុង​របៀបវារៈ​របស់​លោក​ប្រធានាធិបតី Donald Trump សម្រាប់​រយៈពេល​២ឆ្នាំ​ចុងក្រោយ​របស់​លោក។

ពួក​អ្នក​បោះឆ្នោត​កំពុង​តែ​រីករាយ​ និង​អន្ទះសារ​ក្នុង​ចិត្ត​យ៉ាងខ្លាំង​នៅមុន​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃអង្គារ​នេះ​ដែល​នឹង​សម្រេច​ថាតើ​គណបក្ស​នយោបាយ​ណា​ដែល​នឹង​ឈាន​ទៅគ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់ ​ព្រម​ទាំង​តំណែង​អភិបាលរដ្ឋ​ និង​អ្នកតាក់តែង​ច្បាប់​នៅ​ទូទាំង​ប្រទេស​ផងដែរ។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃអង្គារ​នេះ​នឹង​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​បំពេញ​ការងារ​ដែល​មាន​ចែង​នៅក្នុង​របៀបវារៈ​របស់​លោក​ប្រធានាធិបតី Donald Trump សម្រាប់​រយៈពេល​២ឆ្នាំ​ចុងក្រោយ​របស់​លោក។

ពលរដ្ឋ​អាមេរិកាំង​អាច​បោះឆ្នោត​គាំទ្រ​លោកប្រធានាធិបតី​ Donald Trump ឬ​អាច​ពិនិត្យ​មើល​អំណាច​របស់​លោក​តាមរយៈ​សន្លឹកឆ្នោត​នៅក្នុង​ប្រអប់។ នៅ​តាម​បណ្តា​រដ្ឋ​ជាច្រើន ​ពួកអ្នក​បោះឆ្នោត​ដែល​មាន​អាយុ​ក្រោម៣០ឆ្នាំ​បាន​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត​រួច​ជា​ស្រេច​ទៅហើយ។ MATT DEITSCH ជា​សិស្ស​នៅ​វិទ្យាល័យ FLORIDA បាន​និយាយ​ថា «យើង​សប្បាយរីករាយ​ចំពោះ​ការបោះឆ្នោត​នៅ​ថ្ងៃទី៦​ខែវិច្ឆិកា​នេះ»។

បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​បាន​ចេញ​ធ្វើយុទ្ធនាការ​ឃោសនារកសំឡេង​ឆ្នោត​យ៉ាងខ្លាំង​នៅ​ថ្ងៃ​ចុងក្រោយ​នេះ។ លោកស្រី Kyrsten Sinema​ បេក្ខនារី​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Arizona ខាង​គណបក្សប្រជាធិបតេយ្យ​បង្ហាញ​វត្តមាន​របស់​លោកស្រី​នៅក្នុង​ការ​បោះ​កាក់​ចាប់ផ្តើម​ការ​ប្រកួត​កីឡា​បាល់​ឱប​ប្រចាំ​មហាវិទ្យាល័យ​ ខណៈ​គូប្រជែង​របស់​លោកស្រី​ខាង​គណបក្សសាធារណរដ្ឋ​គឺ​លោកស្រី Martha McSallyជា​អ្នក​ច្រៀង​ចម្រៀង​គោរព​ទង់ជាតិ។
ការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​បាន​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស។

លោកស្រី MCCASKILLបេក្ខនារី​សមាជិកព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Missouri ​បាន​និយាយ​ថា
«ខ្ញុំ​គិត​ពី​ការងារ​ខ្លួន​ឯង​ថាតើ​រាល់​ថ្ងៃ​នេះ​ខ្ញុំ​អាច​ធ្វើអ្វី​បាន​សម្រាប់​ពលរដ្ឋ​រស់នៅ​ក្នុងរដ្ឋ Missouri?»។

លោក JOSH HAWLEY ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ទៀត​ប្រចាំ​រដ្ឋ Missouri​ បាន​និយាយ​ថា «អ្នក​រាល់​គ្នា​សមនឹង​ទទួល​បាន​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ដែល​អាច​ដឹកនាំ​ដោះស្រាយ​បញ្ហា​នានា​បាន ​មិនមែន​គ្រាន់​តែ​ព្យាយាម​ចង់​បង្ហាញ​វត្តមាន​នៅ​ការិយាល័យ​នោះ​ទេ»។

លោក​ប្រធានាធិបតី Donald Trump បាន​ចេញ​ឃោសនា​រក​សំឡេងឆ្នោត​រៀងរាល់​ថ្ងៃ​សម្រាប់​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​តាមរយៈ​ការជំរុញ​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ ខណៈ​ព្រមាន​អំពី​ការ​គំរាមកំហែង​នានា​ ពិសេស​គឺ​ពួកជន​ចំណាក​ស្រុក​ខុសច្បាប់​ដែល​កំពុង​ព្យាយាម​ឆ្លង​មក​សហរដ្ឋអាមេរិក។

លោកប្រធានាធិបតី DONALD TRUMP បាន​ថ្លែង​ថា «ពួកគណបក្សប្រជាធិបតី​ចង់​ឲ្យ​ពួក​ជន​ចំណាកស្រុក​ទាំងនោះ​ចូល​មក​កាន់​តែច្រើន។ ហើយ​ឥឡូវ​នេះ​អ្នកឃើញ​ហើយ​ថា​មាន​ពួក​ជន​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ឡើងៗ។ ខ្ញុំ​ពិត​ជា​ឆ្ងល់ណាស់​ថាតើ​វា​អាច​កើតឡើង​តាម​របៀប​ណា»។

ពួក​គណបក្សប្រជាធិបតេយ្យ​កំពុង​វាយបក​ត្រឡប់​ទៅ​វិញ។ អតីតអនុប្រធានាធិបតី​លោក JOE BIDEN​ បាន​ថ្លែង​ថា «ពួកគណបក្សប្រជាធិបតេយ្យ​របស់យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួកយើង​ជា​នរណា។ យើង​ជ្រើសរើស​ក្តីសង្ឃឹម​ជាជាង​ក្តីបារម្ភ។ យើង​ជ្រើសរើស​ការបង្រួបបង្រួម​ជាជាង​ការ​បែងបាក់។ យើង​ជ្រើសរើស​សម្ព័ន្ធមិត្ត​ជាជាង​សត្រូវ»។ លោក JOHN LEWIS​ តំរាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា

«យើង​កំពុង​ដើរ​ឆ្ពោះ​ទៅ​មុខ យើង​មិន​ឈរ​ទ្រឹង​នោះ​ទេ​ យើង​កំពុង​រួបរួម​ព្រលឹង​របស់​រដ្ឋ​នេះ​និង​ព្រលឹង​របស់​ជាតិ​ទាំងមូល»។​

ពួក​អ្នក​បោះឆ្នោត​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​តំណាងរាស្ត្រ​ទាំងអស់ ដែល​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ច្រើន​ជាង​អស់​រយៈពេល៨ឆ្នាំ​មក​ហើយ។ ប្រសិន​បើ​លទ្ធផល​បោះឆ្នោត​ជា​ការពិតនោះ​មាន​ន័យ​ថា ពួកគណបក្ស​ប្រជាធិបតេយ្យ​មាន​ប្រៀប​ជាង​ក្នុង​ការ​ទទួល​បាន​ការគ្រប់គ្រង​សភា។ ក៏ប៉ុន្តែ​ទិន្នន័យ​ការបោះឆ្នោត​ក៏​បាន​បង្ហាញ​ថា​ពួកគណបក្សសាធារណរដ្ឋ​ទំនង​ជា​នៅ​តែ​មាន​សំឡេង​ភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា​ ដែល​ពួកគណបក្ស​ប្រជាធិបតេយ្យ​កំពុង​ធ្វើ​ការ​ដណ្តើម​យក​ការគ្រប់គ្រប់​យ៉ាងខ្លាំង​ពី​គណបក្សសាធារណរដ្ឋ។

លោក CHRIS VAN HOLLEN សមាជិក​ព្រឹទ្ធសភា​ខាងគណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែងថា «ពួកសមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ពិត​ជា​ប្រឈម​នឹងការ​ប្រកួត​ប្រជែង​យ៉ាងខ្លាំង​ក្នុង​រយៈពេល៦០ឆ្នាំ​មក​នេះ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវ​មាន​ជំហរឹ​ងមាំ​ដូច​សព្វ​ថ្ងៃ​នេះ»។

លោកប្រធានាធិបតី Donald Trump បានថ្លែងថា «យើង​នឹង​ឃើញ​លទ្ធផល។ ខ្ញុំ​គិតថា​យើង​ធ្វើ​បាន​ល្អ។ យើង​ធ្វើ​បាន​យ៉ាងល្អ​នៅក្នុង​ព្រឹទ្ធសភា។ ហើយ​ខ្ញុំ​គិតថា​យើង​ក៏​នឹង​ធ្វើ​បាន​ល្អ​ដូចគ្នា​នៅក្នុង​សភា​ដែរ។ យើង​នឹង​រង់​ចាំមើល»។

ជាទូទៅ​គណបក្ស​ប្រឆាំង​តែងតែ​ទទួល​បាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។ ការបែងចែក​ការគ្រប់គ្រង​នៅក្នុង​សភា​ទាំងពីរ​ទំនង​ជា​នឹង​បង្ក​ឲ្យ​មាន​ភាពទាល់ច្រក​នៃ​គណបក្សនយោបាយ​ទាំងពីរ​នៅ​រដ្ឋសភា​សហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG