ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បក្ស​ប្រជាធិបតេយ្យ ចង់​ឱ្យ​លោក Biden លះបង់​អំណាច​ផ្តាច់មុខ​ក្នុងការ​សម្រេច​វាយ​ប្រហារ​នុយក្លេអ៊ែរ


រូបឯកសារ៖ ​យោធា​​​​ម្នាក់ ដែល​តែងតែ​អម​ដំណើរ​​​​ប្រធានាធិបតី​អាមេរិក​ ​ដែល​កាន់​​កាបូប​​ ​​មាន​​​លេខ​កូដ​​​ដើម្បី​​បញ្ជា​ការ​វាយប្រហារ​នុយក្លេអ៊ែរ។​​
រូបឯកសារ៖ ​យោធា​​​​ម្នាក់ ដែល​តែងតែ​អម​ដំណើរ​​​​ប្រធានាធិបតី​អាមេរិក​ ​ដែល​កាន់​​កាបូប​​ ​​មាន​​​លេខ​កូដ​​​ដើម្បី​​បញ្ជា​ការ​វាយប្រហារ​នុយក្លេអ៊ែរ។​​

ប្រធានាធិបតីសហរដ្ឋ​អាមេរិក ​តែងតែ​ត្រូវ​អម​ដំណើរ​ដោយជំនួយការ​យោធា​ម្នាក់ដែល​កាន់កាបូបធំ​មួយមាន​លេខ​កូដ​ដើម្បីបញ្ជា​ការ​វាយប្រហារ​នុយក្លេអ៊ែរ។ លោក​មាន​អំណាច​ផ្តាច់មុខ​ក្នុង​ការ​បញ្ជា​ឱ្យ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ ​ឬ​ឆ្លើយ​តប​នឹងការ​វាយប្រហារនុយក្លេអ៊ែរ​ដោយសត្រូវ។

នៅពេល​នេះ ក្រុម​សមាជិក​សភា​នៃ​គណបក្ស​ផ្ទាល់​ខ្លួន​របស់ប្រធានាធិបតី​បច្ចុប្បន្ន​បាន​សុំឱ្យ​លោក​ប្រធានាធិបតី​ Joe Biden ​បោះបង់អំណាច​ឯកតោភាគី​នេះ។

បើ​តាម​លិខិត​មួយ​ច្បាប់គាំទ្រ​ដោយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​៣១​នាក់​នៃសភា​តំណាងរាស្ត្រ​អាមេរិកាំង​ថា ការ​ផ្តល់អំណាចបែប​នេះ​ ដល់​មនុស្ស​ម្នាក់​«នាំ​ឱ្យ​មាន​ហានិភ័យ​ពិត​ប្រាកដ»។ ប្រធានាធិបតី​មុនៗ​ ធ្លាប់បានគំរាមកំហែងវាយ​ប្រហារ​ប្រទេស​ឯ​ទៀតៗ​ដោយ​អាវុធនុយក្លេអ៊ែរ​ ឬ​ធ្លាប់​បាន​បង្ហាញអាកប្បកិរិយា​ដែល​បណ្តាល​ឱ្យមន្ត្រីឯ​ទៀតៗ​មាន​កង្វល់អំពី​ការថ្លឹង​ថ្លែង​របស់​ប្រធានាធិបតី»។

លិខិត​នេះនាំ​មុខ​ដោយ​លោក Jimmy Panetta និង​លោក Ted Lieu សមាជិក​សភាតំណាងរាស្ត្រអាមេរិកាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មកពីរដ្ឋ California អំពាវនាវឱ្យ​មន្ត្រី​ឯ​ទៀតៗ ​ដូច​ជា​អនុប្រធានាធិបតី និង​ប្រធាន​រដ្ឋសភាអាមេរិកាំង​យល់​ស្របនឹង​បញ្ជាឱ្យ​ធ្វើ​ការ​វាយ​ប្រហារ​បែប​នុយក្លេអ៊ែរនេះ ​នៅមុន​មាន​ការ​ចេញ​បញ្ជា​នេះ។

លោក Jimmy Panetta បាន​និយាយ​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយប្រាប់​វីអូអេកាលពី​ថ្ងៃព្រហស្បតិ៍​ ទី២៥​ ខែ​កុម្ភៈ​ថា៖ «ក្រុមសហសេវិកខ្ញុំ​និង​ខ្ញុំ​ សុំ​ឱ្យ​មាន​ការ​ពិនិត្យសើរើ​ជា​ថ្មីនូវ​រចនាសម្ព័ន្ធបញ្ជា និងគ្រប់គ្រងអាវុធ​នុយក្លេអ៊ែរ ​ដើម្បីកំណត់​ធ្វើ​បែប​ណាសម្រាប់​ឱ្យ​យើង​មាន​អំណាចបង្ហោះ​អាវុធ​នុយក្លេអ៊ែរដោយ​មាន​សុវត្ថិភាព​ជាងមុន​ គឺ​មិនមែន​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់ទេ​ តែដើម្បី​ពង្រឹង​និង​បង្កើនសន្តិសុខ​ជាតិ​របស់​យើង»។

សេចក្តី​ថ្លែងការណ៍​នេះចែងទៀត​ថា៖ «ផ្អែក​លើ​ប្រវត្តិ​ល្អ​ប្រសើរ​ ​និង​ភាព​ជា​មេដឹកនាំរបស់​ប្រធានាធិបតី​យើងក្នុង​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ ​សម្រាប់​កង​កម្លាំង​នុយក្លេអ៊ែរនៃ​ប្រទេស​យើង​ យើងផ្តល់​អនុសាសន៍​សុំ​ឱ្យ​លោក​បន្តការ​វិភាគ​ដោយ​ល្អិតល្អន់និងមានវិជ្ជាជីវៈ ​អំពីវិធីត្រួត​ពិនិត្យ​ទៅវិញទៅមក​បន្ថែម​ទៀតនៅ​ខាង​ក្នុង​ប្រព័ន្ធបញ្ជា និង​គ្រប់គ្រង​អាវុធនុយក្លេអ៊ែរ»។

លោក Jeffrey Lewis ជាសាស្ត្រចារ្យ​និង​ជា​នាយកនៃ​មជ្ឈមណ្ឌល James Martin ​ខាងការ​សិក្សាអំពី​ការ​បង្ការ​ការ​រីកសាយ​អាវុធនុយក្លេអ៊ែរ​នៅ​ឯវិទ្យាស្ថាន Middlebury ខាង​ការ​សិក្សាអន្តរជាតិនៅ​ Monterey រដ្ឋ California។ លោកបាននិយាយ​ប្រាប់​វីអូអេ​ថា សំបុត្រ​នេះ​ដែល​ត្រូវ​បាន​បញ្ជូនទៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ ទី​២២ ខែ​កុម្ភៈ «ស្នើ​ឱ្យ​មាន​ជម្រើសមួយ​ចំនួន ដែល​ផ្សេង​ពី​ការ​ផ្តល់​ឱ្យប្រធានាធិបតីនូវ​អំណាច​ផ្តាច់មុខ គ្មានការ​ត្រួតពិនិត្យ​ និងអំណាច​ចុងក្រោយបង្អស់​ក្នុង​ការ​ប្រើ​អាវុធនុយក្លេអ៊ែរ។ ជម្រើសផ្សេង​ទាំង​នោះ​ណា​មួយ​ ​ក៏អាច​ល្អ​ប្រសើរ​ជាងរបៀប​ចាត់ចែង​បច្ចុប្បន្ន​នេះ​ដែរ»។

កាល​ពី​ថ្ងៃទី​៨ ខែមករា គឺ​ពីរ​ថ្ងៃ​ក្រោយ​ហ្វូង​មនុស្សមួយ​ក្រុមគាំទ្រ​អតីត​ប្រធានាធិបតី​ Donald Trump បានសម្រុក​វាយប្រហារចូលក្នុង​វិមាន​សភាកាពីតូល​របស់សហរដ្ឋ​អាមេរិក​ អ្នកស្រី Nancy Pelosi បានមាន​ប្រសាសន៍​ប្រាប់ក្រុម​ប្រជាធិបតេយ្យ​ថា ​អ្នកស្រី​ បាននិយាយ​ជាមួយ​លោក​ប្រធានក្រុម​នាយ​អគ្គសេនាធិការចម្រុះ​នៃ​កង​យោធពល​សហរដ្ឋ​អាមេរិក «អំពី​ការបញ្ចៀសកុំ​ឱ្យ​ប្រធានាធិបតី​ម្នាក់ដែល​មាន​សតិ​មិននឹងនរ»​ បញ្ជាឱ្យ​បង្ហោះអាវុធ​នុយក្លេអ៊ែរ។

អ្នកស្រី Nancy Pelosi បានមាន​ប្រសាសន៍​នៅ​ក្នុង​លិខិត​មួយ​ថា៖ «ស្ថានភាព​បង្កដោយ​ប្រធានាធិបតីឡប់សតិរូប​នេះ ឈាន​ដល់​កម្រិត​គ្រោះថ្នាក់​បំផុត ហើយ​យើង​ត្រូវ​ធ្វើ​អ្វីៗ​ទាំង​អស់ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ការពារ​ប្រជាពលរដ្ឋអាមេរិកាំង​ពី​ការ​វាយ​លុក​គ្មាន​តុល្យភាព​របស់​លោកលើប្រទេស​យើង ​និង​លទ្ធិប្រជាធិបតេយ្យរបស់យើង»។

លិខិតរបស់ក្រុម​សមាជិក​សភាគណបក្ស​ប្រជាធិបតេយ្យផ្ញើ​ទៅ​ជូនលោក​ Biden មាន​រួម​បញ្ចូលសមាជិក​ពីរ​រូប​នៃ​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​រដ្ឋសភា​អាមេរិក បាននិយាយយោងដល់​ឈ្មោះលោក Trump តែ​នៅ​ក្នុង​លេខយោង​ព្រមទាំង​បាន​និយាយ​យោង​ដល់កង្វល់​អំពី​អស្ថិរភាពផ្លូវ​ចិត្ត​របស់​ប្រធានាធិបតី Richard Nixon នៅ​មុន​លោក​បាន​លាលែង​ចេញ​ពី​តំណែងកាល​ពីខែ​សីហា​ ឆ្នាំ​១៩៧៤។

លោក Jimmy Panetta បាន​និយាយ​ប្រាប់​វីអូអេ​ថា៖ «ដោយសារ​ប្រព័ន្ធ​សព្វ​ថ្ងៃ​នៅ​មាន​ហានិភ័យ ដែល​ត្រូវ​បញ្ជាក់​ច្បាស់លាស់ដោយ​អតីត​ប្រធានាធិបតី​របស់​យើង​ វា​ជា​ការ​ទទួល​ខុសត្រូវរបស់​យើង​ក្នុង​សភា ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ រដ្ឋបាលធ្វើ​ការ​ពិនិត្យសើរើជាថ្មី​ដើម្បី​ឱ្យ​មាន​អំណាចបាញ់​បង្ហោះ​អាវុធនុយក្លេអ៊ែរដោយ​មានសុវត្ថិភាព​និងសន្តិសុខ​ជាង​មុន»។

លោក Jeffrey Lewis បាន​ថ្លែង​ថា៖ «អំណះអំណាងពី​ពេល​មុន​គឺ​ថា ជា​ការ​មាន​សុវត្ថិភាព​ក្នុង​ការ​ផ្តល់​អំណាចឱ្យប្រធានាធិបតី ពីព្រោះ​ការ​បោះឆ្នោតជា​ការ​ការពារខ្លាំង​បំផុត​ ប៉ុន្តែ​ការ​ជាប់​ឆ្នោត​របស់​លោក​ Trump បង្ហាញ​ថា មនុស្សដែល​មិន​សក្តិសម គ្មានសីលធម៌​ និង​អាច​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ម្នាក់​ ក៏អាច​ឡើង​កាន់​អំណាច​នៅ​ក្នុងសហរដ្ឋ​អាមេរិក​ដែរ»។

នៅ​ក្នុង​ពេល​កំពុងមានជម្លោះ​ជាមួយមេដឹកនាំ​កូរ៉េខាង​ជើង​លោក​ Kim Jong Un លោក​ប្រធានាធិបតី Trump បាន​អួតអាង​ថា ប៊ូតុងនុយក្លេអ៊ែរ​គាត់​ធំ​ជាង​ប៊ូតុងនុយក្លេអ៊ែរ​របស់​លោក​ Kim។

សមាជិក​គណបក្ស​សាធារណរដ្ឋ​សំខាន់ៗ​បី​នាក់​នៃគណៈកម្មាធិការកិច្ចការ​ការពារ​ជាតិ​របស់​រដ្ឋសភា​ បានរិះគន់សំណើធ្វើ​ការ​កែប្រែ​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍របស់​ពួក​គេ អ្នកស្រី​ Liz Cheney លោក​ Mike Rogers និង​លោក Mike Turner និយាយ​អះអាង​ថា៖ «ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ត្រូវ​មានសមត្ថភាព​ផ្តាច់មុខ​ក្នុង​ការ​បញ្ជា​ និងគ្រប់គ្រងសមត្ថភាព​បង្ការ​ខាង​នុយក្លេអ៊ែរ​របស់​យើង។ កិច្ច​ខិតខំ​ប្រឹងប្រែង​នាំ​ឱ្យមាន​គ្រោះថ្នាក់រ​បស់ក្រុមប្រជាធិបតេយ្យស្នើ​ឱ្យ​មាន​ការរៀបចំ​ជា​ថ្មី​ ដំណើរការ​បញ្ជា​ និង​គ្រប់គ្រងអាវុធ​នុយក្លេអ៊ែរ​របស់​យើង នឹង​ធ្វើ​ឱ្យខូចខាត​ដល់សន្តិសុខ​ប្រទេស​អាមេរិក​ និង​សន្តិសុខរបស់សម្ព័ន្ធមិត្តយើងផង​ដែរ»។

បើ​តាម​ក្រុម​សាធារណរដ្ឋទាំងបីរូប​នេះថា អនុសាសន៍របស់ក្រុម​ប្រជាធិបតេយ្យ «ប្រសិន​បើ​ត្រូវ​អនុវត្តអាចនាំ​ឱ្យ​ប្រជាពលរដ្ឋអាមេរិកាំង​ អាចរង​គ្រោះដោយ​ងាយ​បាន ​និង​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ដល់​តុល្យភាពនុយក្លេអ៊ែរ និងនាំ​ឱ្យរង្គោះរង្គើដល់​ទំនុកចិត្តរបស់​ក្រុមសម្ព័ន្ធមិត្តយើង​ចំពោះកិច្ចព្រមព្រៀងការពារ​នុយក្លេអ៊ែរ។ លោក Vladimir Putin និង Xi Jinping នឹងអបអរសាទរ​ ប្រសិន​បើ​សហរដ្ឋ​អាមេរិកអនុម័តការ​រឹតត្បិត​ជា​ឯកតោភាគីមួយ​បែប​នេះ»។

លោក John Maurer ជាអ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន American Enterprise ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។ លោកក៏​ខ្វល់ខ្វាយ​ដែរ​អំពីការកែប្រែ​របៀបដែលប្រធានាធិបតី​អាច​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​បាន។

លោក John Maurer​ ​បាននិយាយ​ប្រាប់​វីអូអេ​ថា៖ «អ្វី​ដែលសំខាន់ជាងល្បឿន​ គឺការ​អាច​ទាយទុក​ជា​មុន។​ ការ​ធ្វើ​ឱ្យ​សត្រូវរារែកមិន​ហ៊ាន​ធ្វើ​សង្គ្រាម គឺ​តម្រូវ​ឱ្យ​សត្រូវ​ដឹង​ថា មីស៊ីល​នុយក្លេអ៊ែរអាមេរិកាំង​ នឹង​ហោះ​ក្នុង​កាលៈទេសៈ​ណា​មួយ។

អ្វី​ដែល​សំខាន់​ជាង​នេះទៀត ​គឺ​ធានា​រ៉ាប់រងជា​ថ្មី​ដល់ក្រុម​សម្ព័ន្ធមិត្តរបស់​សហរដ្ឋ​អាមេរិក​ថា​ មីស៊ីល​នុយក្លេអ៊ែរអាមេរិកាំង ​នឹង​ហោះហើរ​ក្នុងកាលៈទេសៈ​ណា​មួយ​ដើម្បីជួយ​ការពារ​ពួក​គេ»។

លោក Maurer​ ​ក៏​ជា​សាស្ត្រាចារ្យខាង​ការ​សិក្សា​យុទ្ធសាស្ត្រ​ និង​សន្តិសុខ​នៅមហា​វិទ្យាល័យ​ខាង​ការ​សិក្សា​ជាន់​ខ្ពស់​ខាង​អាកាស​និង​អវកាស​នៃ​សាកលវិទ្យាល័យ​កង​ទ័ព​អាកាសក្នុង​មូលដ្ឋាន​កង​ទ័ព​អាកាស​ Maxwell ផងដែរ។​ បើ​តាម​លោក​ Maurer ​ថា ច្បាប់​អាមេរិកាំងមាន​រួច​ហើយ​នូវ​មាត្រាដែល​អាចពិនិត្យ​មើល​អំណាច​ប្រធានាធិបតី​ ក្នុង​ការ​បើក​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ។

លោក John Maurer បានថ្លែង​ថា៖ «អនុប្រធានាធិបតីនិង​គណៈរដ្ឋមន្ត្រី​អាច​ព្យួរអំណាច​ប្រធានាធិបតី​តាម​រយៈវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី​២៥ ប្រសិន​បើក្រុមមន្ត្រី​ទាំងអស់ប្រាកដ​ជាខ្វល់ខ្វាយ​អំពីស្ថានភាព​សតិ​របស់​ប្រធានាធិបតី​ ដែល[ចំណាត់ការ​នេះ]​ ផ្អាក​លទ្ធភាព​របស់​[ប្រធានាធិបតី]​ក្នុង​ការ​បើក​ការ​វាយប្រហារ​នុយក្លេអ៊ែរ។ ក្រុម​មន្ត្រីយោធាអាមេរិកាំង​ ក៏​អាច​ប្រកែក​មិន​ព្រម​ធ្វើ​តាម​បញ្ជា​ខុស​ច្បាប់​ផង​ដែរ។ ការ​ត្រួត​ពិនិត្យ​អំណាចប្រធានាធិបតី​ដោយ​ផ្ទាល់​មិន​ទំនង​ជា​ធ្វើ​អ្វី​បាន​ច្រើន​ជាង​មាត្រាដែល​មាន​រួច​ស្រេច​ហើយ​នោះ​ទេ»។

លោក John Maurer ​បាននិយាយ​បន្ថែម​ថា៖ «វា​ជា​ការ​មិន​ច្បាស់លាស់​ទេ​ដែលថា ការត្រួត​ពិនិត្យ​អំណាច​ខាង​នុយក្លេអ៊ែរ​របស់​ប្រធានាធិបតី​ដោយសភាជា​ការ​ត្រឹមត្រូវ​តាម​រ​ដ្ឋធម្មនុញ្ញ ឬទេ។ ​រ​ដ្ឋធម្មនុញ្ញ​ចែង​ថា ប្រធានាធិបតី ជា​អគ្គមេបញ្ជាការ​នៃ​កង​យោធាសហរដ្ឋ​អាមេរិក ដូច្នេះលទ្ធភាព​របស់​សភាក្នុង​ការ​និយាយ​ប្រាប់​លោក​អំពី​ត្រូវ​ធ្វើ​បែប​ណា​ជាមួយអាវុធនុយក្លេអ៊ែរនៅ​ក្រោម​ការគ្រប់គ្រង​យោធា ប្រហែល​មាន​កម្រិត»។

លោក​ Ankit Panda ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់ខាងគោល​នយោបាយ​នុយក្លេអ៊ែរនៅ​ឯ​វិទ្យាស្ថាន Carnegie Endowment for International Peace។​ លោក​បានលើក​ហេតុផល​ថា​ ទោះ​បីអំណាច​ផ្តាច់មុខ​នេះ សមស្រប​ក្នុងសម័យ​សង្ក្រាម​ត្រជាក់ក្តី ពេល​វេលា និង​កាលៈទេសៈ​បាន​ប្រែប្រួល​ហើយ។

លោក​ Ankit Panda​ បាន​ថ្លែង​ប្រាប់វីអូអេថា៖ «នៅ​ក្នុង​បរិយាកាស​ក្រោយសង្គ្រាម​ត្រជាក់ ជា​ពិសេស​នៅ​ក្រោយ​សម័យ​ប្រធានាធិបតី Trump គេយល់​ឃើញ​ថា ​អំណាច​ផ្តាច់​មុខ​របស់​ប្រធានាធិបតី​ក្នុងករណី​នេះ ជាបន្ទុក​មួយ ​ពីព្រោះ​កង្វល់​អំពីការ​វាយប្រហារ​ឱ្យ​បាន​មុនមិន​សូវ​ខ្លាំង​ក្លា​ទេ។ ការ​បញ្ជា​និង​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរមាន​ភាព​មាំទាំ ហើយ​ទំនើប​ថែម​ទៀត​ផង។ ដូច្នេះ សហរដ្ឋ​អាមេរិក ​អាច​និង​គួរស្វែង​រក​គោលជំហរ​[នុយក្លេអ៊ែរ]ផ្សេង​ដែរ»។

លោក Panda ទទួលស្គាល់​ថា គ្មាន​ជម្រើសណា​ទាក់ទង​នឹង​អំណាច​នៃការបាញ់​បង្ហោះអាវុធនុយក្លេអ៊ែរ​ ដែល​មិន​មាន​ហានិភ័យ​សោះ​នោះ​ទេ ប៉ុន្តែ​ថា «យើង​គួរ​គិតអំពី​គ្រោះថ្នាក់បែបណាដែលយើង​អាច​ប្រឈម​បាន ​នៅ​ពេល​ទាក់ទិន​ជាមួយគោលជំហរនុយក្លេអ៊ែរ​របស់​យើង​ផ្ទាល់»៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG