ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត Washington Post ថា មន្ត្រី​អាមេរិកាំង​បាន​ពិភាក្សា​គ្នា​អំពី​ការ​សាកល្បង​នុយក្លេអ៊ែរ


ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ នៅ​សេតវិមាន ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០។
ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ នៅ​សេតវិមាន ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ពិភាក្សា​គ្នា​កាល​ពី​សប្ដាហ៍​មុន​ថា​តើ​គួរ​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ ១៩៩២ មក ឬ​ក៏​អត់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត the Washington Post កាល​ពី​ថ្ងៃ​សុក្រ ដោយ​ស្រង់​សម្ដី​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប និង​អតីត​មន្ត្រី​ពីរ​រូប​ដែល​ដឹង​អំពី​រឿង​នេះ។

រឿង​នេះ​បាន​លេច​ឡើង​នៅ​ឯ​ការ​ប្រជុំ​មួយ​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន ដែល​តំណាង​ឲ្យ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ជាន់​ខ្ពស់​នានា បន្ទាប់ពី​រដ្ឋបាល​របស់​លោក Trump បាន​ចោទ​ប្រកាន់​ថា ប្រទេស​រុស្ស៊ី និង​ចិន​កំពុង​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​កម្រិត​ទាប។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត the Washington Post ដដែល​នោះ។

ប៉ុន្តែ​ការ​ប្រជុំ​នេះ​មិន​បាន​បញ្ចប់​ទៅ​ដោយ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ណា​មួយ​នោះ​ទេ។

សេចក្ដី​រាយការណ៍​របស់​កាសែត the Washington Post នេះ​បាន​បន្ថែម​ថា នៅ​ទីបំផុត សេចក្ដី​សម្រេច​ចិត្ត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ចាត់​វិធានការ​ផ្សេង​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​គំរាមកំហែង​ដែល​បង្ក​ដោយ​ប្រទេស​រុស្ស៊ី និង​ចិន និង​ដើម្បី​ជៀសវាង​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​នេះ​ឡើង​វិញ។

គេ​មិន​អាច​ទាក់ទង​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ភ្លាមៗ​ដើម្បី​សុំ​បញ្ចេញ​មតិ​លើ​បញ្ហា​នេះ​បាន​ទេ៕

XS
SM
MD
LG