ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​ថា គម្រោង​ផ្ទេរ​ជន​ចំណាក​ស្រុក​របស់​លោក Trump គឺ «ខុស​ច្បាប់»


សមាជិក​សភា​លោក Jerrold Nadler ថ្លែង​ជាមួយ​នឹង​អ្នកសារព័ត៌មាន នៅ​ពេល​លោក​ចាកចេញ​ពី សន្និសីទ​កាសែត​មួយ​ កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។

សមាជិក​សភា​សំខាន់ៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ចោទ​ប្រកាន់​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថា​បាន​ប៉ុនប៉ង «យ៉ាង​អាក្រក់ និង​ខុស​ច្បាប់» ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​នយោបាយ នៅ​ពេល​ដែល​សេតវិមាន​គ្រោង​នឹង​បញ្ជូន​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​ដែល​ជាប់​ឃុំ​នៅ​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក ទៅ​កាន់​ស្រុក​ណា​ដែល​មាន​អ្នក​តំណាង​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

សមាជិក​សភា​លោក Jerrold Nadler លោក Elijah Cummings និង​លោក Bennie Thompson ដែល​លោក​ទាំង ៣ ជា​ប្រធាន​គណៈកម្មាធិការ​រដ្ឋសភា​ទទួល​បន្ទុក​ការ​ស៊ើប​អង្កេត​លើ​រដ្ឋបាល​របស់​លោក Trump បាន​ទាមទារ​ឲ្យ​សេតវិមាន​បង្ហាញ​ឯកសារ និង​ការ​ទំនាក់ទំនង​ផ្សេងៗ​អំពី​គម្រោង​បញ្ជូន​ជន​ចំណាក​ស្រុក​ពី​ព្រំដែន​ទៅ​កាន់​ទីក្រុង​រាប់​រយ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នេះ។

មន្ត្រី​មូលដ្ឋាន​នៅ​តាម​តំបន់​នៅ​ទូទាំង​ប្រទេស​បាន​ប្រកាស​អំពី​ដែន​សមត្ថកិច្ច​របស់​ពួកគេ​ថា​ជា​ទីក្រុង​សុខសាន្ត​សម្រាប់​ជន​ចំណាក​ស្រុក ដោយ​ទីក្រុង​ទាំង​នោះ​មាន​គោល​នយោបាយ​ដាក់​កំហិត​ចំពោះ​លទ្ធភាព​ដែល​ពួកគេ​អាច​សហការ​ជាមួយ​នឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល​សហព័ន្ធ ហើយ​ក្នុង​ករណី​ខ្លះ ទីក្រុង​ទាំង​នោះ​បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​អាច​ប្រើប្រាស់​សេវា​របស់​ទីក្រុង និង​ទទួល​បាន​អត្តសញ្ញាណ​សម្គាល់​ខ្លួន​ផង​ដែរ។

ច្បាប់​សហព័ន្ធ​មិន​តម្រូវ​ឲ្យ​ប៉ូលិស​មូលដ្ឋាន​ឃុំឃាំង​នរណា​ម្នាក់​ផ្អែក​លើ​ឋានៈ​អន្តោប្រវេសន៍​របស់​ពួកគេ​នោះ​ទេ ហើយ​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​នៅ​តាម​ទីក្រុង​ទាំង​នេះ​បាន​បញ្ជាក់​ថា ពួកគេ​មិន​ចង់​ឲ្យ​សហគមន៍​អន្តោប្រវេសន៍​ទាំង​នោះ​មាន​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​ប៉ូលិស​នោះ​ទេ៕

XS
SM
MD
LG