បន្ទាប់ពីរបាយការណ៍កែសម្រួលហើយរបស់រដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិកលោកRobert Mueller ស្ដីអំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីសប្ដាហ៍មុនមក សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន ដែលក្នុងនោះមានសមាជិកពីរបីនាក់ដែលឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយផងដែរ បានបង្កើនការអំពាវនាវឲ្យមានការចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ទោះបីជាយ៉ាងណាក៏ដោយ ជាទូទៅ សមាជិកខាងគណបក្សប្រជាធិបតេយ្យទំនងជាមានការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងបញ្ហាថាតើគួរបន្តការព្យាយាមដែលចំណាយពេលយូរ និងមានការខ្វែងគំនិតគ្នាផ្នែកនយោបាយនៅក្នុងការចោទប្រកាន់ទម្លាក់លោក Trumpនេះឬក៏យ៉ាងណានោះ។
នៅពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ New Hampshire និងរដ្ឋ Massachusettsអ្នកស្រី Elizabeth Warren ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋMassachusetts និងជាបេក្ខជនឈរឈ្មោះជាប្រធានាធិបតី កំពុងដឹកនាំការជំរុញឲ្យមានការចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
អ្នកស្រី Elizabeth Warren និយាយដូច្នេះថា៖ «សហរដ្ឋអាមេរិកមិនមែនជាប្រទេសដែលចាត់ទុកថាជារឿងត្រឹមត្រូវសម្រាប់ករណីដែលប្រធានាធិបតីព្យាយាមរារាំងការស៊ើបអង្កេតអំពីការវាយប្រហាររបស់បរទេសលើប្រទេសជាតិ ឬក៏ករណីដែលប្រធានាធិបតីព្យាយាមរារាំងការស៊ើបអង្កេតលើទង្វើខុសឆ្គងផ្ទាល់ខ្លួននោះ»។
លោក Pete Buttigieg អភិបាលក្រុង South Bend រដ្ឋ Indiana ដែលជាបេក្ខជនប្រធានាធិបតីម្នាក់ទៀត មិនបានបញ្ជាក់ពីការប្ដេជ្ញានៅក្នុងការចោទប្រកាន់ទម្លាក់លោក Trumpនោះទេ។
លោក Buttigiegនិយាយថា៖ «ខ្ញុំគិតថា សភាត្រូវតែធ្វើការសម្រេចចិត្តលើរឿងនេះ ហើយលោក Trump សមនឹងត្រូវសភាចោទប្រកាន់ទម្លាក់។ ប៉ុន្តែ សម្រាប់ខ្ញុំ ដោយសារតែខ្ញុំមិនមែនជាសមាជិកសភា និងដោយសារខ្ញុំជាបេក្ខជនប្រធានាធិបតី ដូច្នេះការផ្ដោតរបស់ខ្ញុំគឺត្រូវទម្លាក់លោក Trump នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ខាងមុខនេះ»។
នៅពេលបច្ចុប្បន្ននេះ ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បានប្រឆាំងនឹងការចោទប្រកាន់ទម្លាក់លោកTrump ពីតំណែងនេះ ប៉ុន្តែអ្នកស្រីចង់ឲ្យលោក Trump និងរដ្ឋបាលរបស់លោក មានការទទួលខុសត្រូវចំពោះមុខច្បាប់តាមរយៈសវនាការរបស់គណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការត្រួតពិនិត្យរដ្ឋាភិបាល។
អ្នកស្រី Julie Pace ដែលជាអ្នកវិភាគរបស់កាសែត Associated Press បាននិយាយថា៖ «អ្នកស្រី Pelosi គិតថា ដើម្បីឲ្យការចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង អាចដំណើរការទៅមុខបាន យើងមិនត្រឹមតែត្រូវមានភស្តុតាងរឹងមាំប៉ុណ្ណោះទេទាក់ទិននឹងការចោទប្រកាន់ទម្លាក់ពីតំណែងនេះ ប៉ុន្តែថែមទាំងត្រូវមានលទ្ធភាពកៀរគរការគាំទ្រពីសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យផង និងពីសមាជិកសភាខាងគណបក្សសាធារណរដ្ឋផង»។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យភាគច្រើននៅមានការខ្វែងគំនិតគ្នា។ នេះបើតាមការបញ្ជាក់របស់លោក Adam Schiff សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋCalifornia។
លោក Adam Schiff និយាយថា៖ «តើវាជាការប្រសើរទេសម្រាប់សហរដ្ឋអាមេរិកនៅក្នុងការចាប់ផ្ដើមដំណើរការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែង ពីព្រោះបើមិនធ្វើដូច្នេះទេ យើងនឹងបញ្ជូនសារមួយថា ការធ្វើដូច្នេះនឹងស្របតាមអំណាចរបស់ប្រធានាធិបតីនោះ? ឬក៏តើវាផ្ដល់ប្រយោជន៍ដល់សហរដ្ឋអាមេរិកបានប្រសើរប៉ុណ្ណា នៅពេលដែលមិនចាប់ផ្ដើមដំណើរការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះ ដោយសារយើងដឹងរួចទៅហើយថា ព្រឹទ្ធសភានឹងមិនគាំទ្រដំណើរការនេះ ដោយសារតែព្រឹទ្ធសភាដឹកនាំដោយគណបក្សសាធារណរដ្ឋនោះ?»។
សូម្បីតែសមាជិកគណបក្សប្រជាធិបតេយ្យដែលគាំទ្រដំណើរការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះក៏ទទួលស្គាល់ផងដែរថា វាជាដំណើរការមួយដែលចំណាយពេលវេលាយូរ និងមានហានិភ័យនយោបាយ។ នេះបើតាមការបញ្ជាក់របស់លោក Matt Dallek អ្នកវិភាគនៃសាកលវិទ្យាល័យ George Washington។
លោក Matt Dallek បញ្ជាក់ដូច្នេះថា៖ «នៅពេលដែលនីតិវិធីនៃដំណើរការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះមានសន្ទុះខ្លាំងទៅមុខនៅប្រហែលជាចុងឆ្នាំ ២០១៩ នេះ ឬក៏ដើមឆ្នាំ ២០២០ ខាងមុខ នោះវានឹងធ្វើឲ្យដំណើរការនេះកាន់តែស្មុគស្មាញ ដោយសារតែមានមធ្យោបាយមួយទៀតនៅក្នុងការទម្លាក់ប្រធានាធិបតីពីតំណែង ដែលនោះគឺការបោះឆ្នោត»។
លោក Trump បានព្រលះនៅលើ Twitter ដាក់គណបក្សប្រជាធិបតេយ្យ និងបានប្រាប់អ្នកកាសែតថា លោកគ្មានការបារម្ភអ្វីបន្តិចសោះអំពីការចោទប្រកាន់ទម្លាក់លោកពីតំណែងនេះ។
លោក John Fortier អ្នកជំនាញនៃមជ្ឈមណ្ឌលគោលនយោបាយនៃគណបក្សទាំងពីរ និយាយថា ទាំងអស់នេះគឺជាផ្នែកនៃសមរភូមិនយោបាយដែលនឹងកើតឡើង។
លោក John Fortier បញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា រឿងនេះមិនទាន់បញ្ចប់ទេ ហើយយើងនឹងនៅតែនិយាយអំពីរឿងនេះ។ ប៉ុន្តែ ខ្ញុំគិតថា ចំណុចសំខាន់បំផុតគឺអ្វីដែលលោកប្រធានាធិបតីចង់ឮកន្លងមក ដែលនោះគឺការណ៍គ្មានការឃុបឃិតណាមួយរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកTrump និងលោក Trumpផ្ទាល់ ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី»។
ទោះបីជាគណបក្សប្រជាធិបតេយ្យមិនបន្តការចោទប្រកាន់ទម្លាក់លោកTrump ពីតំណែងក៏ដោយ ក៏របាយការណ៍ស៊ើបអង្កេតរបស់លោក Mueller ទំនងជាមានការចាប់អារម្មណ៍ច្រើនពីបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតឆ្នាំ ២០២០ ខាងមុខ៕
ប្រែសម្រួលដោយ ភី សុភាដា