ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី Hillary Clinton ទទួល​យក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ


លោកស្រី Hillary Clinton លើក​មេ​ដៃ​ នៅ​ពេល​លោកស្រី​ស្ថិត​នៅ​លើ​ឆាក​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​សន្និបាត​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​ក្រុង Philadelphia កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។

លោកស្រី Hillary Clinton បាន​យល់ព្រម​ទទួល​យក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ដោយ​បាន​ថ្លែង​សង្កត់​ធ្ងន់​ពី​តម្រូវការ​ចាំបាច់​ដើម្បី​បង្រួបបង្រួម​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ ដើម្បី​តតាំង​ជាមួយ​នឹង​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​សហរដ្ឋ​អាមេរិក​ជួប​ប្រទះ។

លោកស្រី​បាន​ថ្លែង​នៅឯ​យប់​បញ្ចប់​នៃ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង Philadelphia យ៉ាង​ដូច្នេះ​ថា៖ «វា​អាស្រ័យ​លើ​យើង​ទាំងអស់​គ្នា។ យើង​ត្រូវ​សម្រេច​ចិត្ត​ថាតើ​យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា ឬ​យ៉ាង​ណា ដូច្នេះ​យើង​អាច​រីកចម្រើន​ទាំងអស់​គ្នា»។

លោកស្រី Clinton វ័យ ៦៨ ឆ្នាំ រូប​នេះ ជា​ស្ត្រី​ដំបូង​គេ​បង្អស់ ដែល​ត្រូវ​បាន​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដោយ​គណបក្ស​នយោបាយ​ចម្បង​មួយ។ លោកស្រី​បាន​ឈ្នះ​ការ​តែងតាំង​នេះ បន្ទាប់ពី​លោកស្រី​បាន​យក​ឈ្នះ​ដៃគូ​ប្រជែង​ចម្បង​របស់​លោកស្រី គឺ​លោក​សមាជិក​ព្រឹទ្ធសភា Bernie Sanders នៅ​ក្នុង​ការ​បោះ​ឆ្នោត​បឋម​នៅក្នុង​រដ្ឋ​នីមួយៗ និង​ការ​បោះ​ឆ្នោត​ក្នុង​រង្វង់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ។

ទោះ​បី​ជា​លោក Sanders បាន​ប្រកាស​គាំទ្រ​លោកស្រី​ជា​សាធារណៈ​នៅក្នុង​សុន្ទរកថា​ផ្ទាល់​របស់​លោក នៅ​ឯ​សន្និបាត​គណបក្ស​ក្នុង​ក្រុង Philadelphia នា​សប្តាហ៍​នេះ​ក៏ដោយ ក៏​គេ​សង្កេត​ឃើញ​ថា ការ​ប្រឈម​ចម្បង​មួយ​របស់​លោកស្រី Clinton នៅ​មុន​ការ​បោះ​ឆ្នោត​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​គាំទ្រ​របស់​លោក Sanders ដែល​បាន​បាន​អះអាង​ថា​ពួកគេ​នឹង​មិន​បោះ​ឆ្នោត​ឲ្យ​លោកស្រី​នោះ ងាក​មក​គាំទ្រ​លោកស្រី​វិញ។

លោកស្រី​បាន​សរសើរ​លោក Sanders កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ចំពោះ​យុទ្ធនាការ​របស់​លោក ដែល​ផ្តោត​លើ​ពលរដ្ឋ​អាមេរិកាំង​វ័យ​ក្មេង និង​កិច្ច​ប្រឹងប្រែង​ដើម្បី​គាំទ្រ​យុត្តិធម៌​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម។

លោកស្រី Clinton សច្ចា​ថា​នឹង​ប្រឹងប្រែង​ដើម្បី​បង្កើត​ការងារ​ដែល​ផ្តល់​ប្រាក់​ខែ​ខ្ពស់​បន្ថែម​ទៀត ដោយ​បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​នឹង​ទទួល​បាន​ជោគជ័យ នៅ​ពេល​ដែល​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ជីវិភាព​មធ្យម​ទទួល​បាន​ជោគជ័យ។ លោកស្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា លោកស្រី​គ្មាន​គោល​បំណង​ដើម្បី​ដក​ហូត​កាំភ្លើង​ពី​ពលរដ្ឋ​អាមេរិកាំង​ទេ ប៉ុន្តែ​លោកស្រី​មាន​គោលបំណង​ចង់​ធ្វើ​កំណែ​ទម្រង់​យ៉ាង​ណា​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​អ្នក​ដែល​មិនគួរ​មាន​សិទ្ធិ​កាន់​កាំភ្លើង៕

XS
SM
MD
LG