ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការបរទេស​នឹង​វាយ​តម្លៃ​លើ​មូលនិធិ​ជំនួយ​ បន្ទាប់​សេតវិមាន​ចុះ​ចាញ់​ការ​ដេញ​ដោល​លើ​ជំនួយ​បរទេស​របស់​អាមេរិក


អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក អ្នកស្រី Morgan Ortagus ថ្លែង​ទៅ​កាន់​សន្និសីទ​កាសែត​មួយ​ នៅ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក អ្នកស្រី Morgan Ortagus ថ្លែង​ទៅ​កាន់​សន្និសីទ​កាសែត​មួយ​ នៅ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

ក្រសួង​ការបរទេសនឹង​វាយ​តម្លៃ​លើ​កម្មវិធី ​និង​ប្តូរ​ទិសដៅ​នៃ​មូលនិធិ​ទាំង​អស់​នៃ​ជំនួយ​បរទេស​ បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បោះបង់​ចោល​ផែនការ​កាត់​បន្ថយ​ចំណាយ​ចំនួន​៤ពាន់​លាន​ដុល្លារ ដោយ​លោក​យល់​ថា វា​ជា​ចំណាយ​មិន​ចាំបាច់ និង​ខ្ជះខ្ជាយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា​ថា៖ «ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា យើង​បាន​ព្រម​ព្រៀង​បន្ត​វាយតម្លៃ​កម្មវិធី​របស់​យើង និង​ប្តូរ​ទិសដៅ​មូលនិធិ​ទាំង​អស់ ដែល​មិន​បាន​ជួយ​គាំទ្រ​ដោយ​ផ្ទាល់​ដល់​គោលដៅ​អាទិភាព​របស់​យើង»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ថា៖ «កិច្ច​ប្រឹង​ប្រែង​នេះ​នឹង​ធានា​ថា កម្មវិធី​ផ្ដល់​ជំនួយ​បរទេស​ទាំង​អស់​ដែល​ផ្តល់​មូលនិធិ​ដោយ​អ្នក​បង់​ពន្ធ​អាមេរិក​ ត្រូវ​តែ​មាន​ប្រសិទ្ធភាព ​និង​គាំទ្រ​គោល​នយោបាយ​ការបរទេស​អាទិភាព​របស់​យើង»។

កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​ស្ថិត​នៅ​ក្រោម​ការ​វាយ​តម្លៃ​ ​គឺ​ជំនួយ​បរទេស​របស់​អាមេរិក​ទៅ​កាន់​ប្រទេស​អែលសាល់វ៉ាឌ័រ ក្វាតេម៉ាឡា ​និង​ហុងឌូរ៉ាស។ ក្រសួង​ការបរទេស​និយាយ​ថា ប្រទេស​ទាំង​នេះ​មិន​បាន​ចាត់​វិធានការ​ម៉ត់ចត់​ដើម្បី​កាត់​បន្ថយ​ចំនួន​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ដែល​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​នោះ​ទេ។

លោក​ប្រធានាធិបតី​ ត្រាំ បាន​ពិចារណា​កាត់​បន្ថយ​ការ​ចំណាយ​នៅ​ក្នុង​ប្រទេស​នានា​ ដោយ​យល់​ថា វា​ជា​ចំណាយ​មិន​ចាំបាច់​ និង​ខ្ជះខ្ជាយ ប៉ុន្តែ​លោកបាន​ដក​ការ​ពិចារណា​នេះ​វិញ​ នៅ​ពេល​តំណាង​រាស្ត្រ​សំខាន់ៗ​មួយ​ចំនួន​បាន​ប្រឆាំង​នឹង​ផែនការ​នេះ។​

មន្ត្រី​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី ​ត្រាំ បាន​ផ្អាក​ការ​ចំណាយ​របស់​ក្រសួង​ការបរទេស​ និង​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID) ដោយ​ពិនិត្យ​ដិត​ដល់​លើសំណើ​ថវិកាដែល​គេ​ហៅ​ថា​ «ការ​ដក​ថវិកា​មក​វិញ» ដើម្បី​កាត់​បន្ថយ​ទឹក​ប្រាក់​ចំនួន ​៤ពាន់​បី​រយ​លានដុល្លារ​ ពី​ខ្ទង់​ចំណាយ​ដែល​អនុម័ត​យល់​ព្រម​រួច​ហើយ​ដោយ​ព្រឹទ្ធសភា ​និង​រដ្ឋសភា​អាមេរិក។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សេតវិមាន​ម្នាក់​បាន​ប្រាប់​ VOA ថា៖ «លោក​ប្រធានាធិបតី​ច្បាស់​ក្នុង​ចិត្ត​ថា ​វា​ជា​ការ​ខ្ជះ​ខ្ជាយ និង​ការ​បំពាន​នៅ​ក្នុង​ជំនួយ​បរទេស​របស់​យើង​ ហើយ​យើង​ត្រូវ​មាន​ភាព​ឆ្លាត​វៃ​ ថា​តើ​ប្រាក់​របស់​យើង​ត្រូវ​បាន​ចំណាយ​លើ​អ្វី​ខ្លះ។ នេះ​ជា​មូលហេតុ​ដែល​លោក​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋបាល​របស់​លោក​សិក្សា​ពី​ជម្រើស​ក្នុង​ការ​កាត់​បន្ថយ»។

ប៉ុន្តែ​បន្ទាប់​ពី​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​បាន​ប្រឆាំង​នឹង​កិច្ច​ប្រឹង​ប្រែង​របស់​សេតវិមាន​ក្នុង​ការ​បង្កក​ជំនួយ​បរទេស​ដែល​បាន​អនុម័ត​ពី​សភា​រួច​ហើយ​នោះ​ រដ្ឋបាល​លោក​ ត្រាំ​ ក៏​បញ្ឈប់​ការ​ជំទាស់​ទៅ​នឹងការ​ទាមទារ​របស់​តំណាងរាស្ត្រ​ទាំង​នោះ។

ជំនួយការ​នៃ​សេតវិមាន​ម្នាក់​បាន​និយាយ​ថា៖ «វា​ច្បាស់​ណាស់​ថា ​មាន​តំណាងរាស្ត្រ​ជាច្រើន​នៅ​ក្នុង​សភា​ដែល​មិន​ចង់​ទប់​ស្កាត់​ការ​ចំណាយ​ខ្ជះខ្ជាយ​នេះ​ទេ»។

ការ​កាត់​បន្ថយ​ថវិកា​ធំៗ​របស់​លោក​ត្រាំ​គឺ​ការ​កាត់​បន្ថយ​ជំនួយ​បរទេស​ឲ្យ​សល់​ត្រឹមតែ​ជំនួយ​ចាំបាច់​នានា​ ដែល​ជា​សញ្ញា​នៃ​វិបត្តិ​ថវិកា បន្ទាប់​លោក​ត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​ចំណាយ​ប្រាក់​២,៧ លាន​លានដុល្លាររយៈពេល​២ឆ្នាំ។

ប៉ុន្តែ​ប្រធាន​រដ្ឋសភា​លោកស្រី ​Nancy Pelosi ​ដែល​ដឹក​នាំ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ​ការ​កាត់​មិន​ផ្ដល់ថវិកា​នោះ​នឹង​បំពាន​ដល់ ​«គោលការណ៍​សុច្ចរិត» ​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សម្រាប់​ជំនួយ​រយៈ​ពេល​វែង។​

សភា​តំណាង​រាស្ត្រ​ពីរ​រូប​ពី​គណបក្ស​សាធារណរដ្ឋ​ គឺ​លោក ​Lindsey Graham​ ដែលសមាជិក​ព្រឹទ្ធសភា​ និង​លោក​តំណាងរាស្ត្រ​ Hal Rogers​ និយាយ​ថា​ ការ​បង្កក​ជំនួយ​បរទេស​នឹង​ប៉ះ​ពាល់​ «យ៉ាង​ខ្លាំង»​ ដល់​សន្តិខុស​ជាតិ​ និង​កិច្ច​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ហើយ​វា​ក៏​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ចរចា​លើ​ចំណាយ​រវាង​សភា​ និង​សេតវិមាន​នៅ​ពេល​អនាគត។

លោក​ ត្រាំ​ បាន​បង្ហាញ​ជំហរ​មិន​ច្បាស់​លាស់​ចំពោះ​បញ្ហា​នេះ។

លោក​ប្រធានាធិបតី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ពាក់​កណ្តាល​ខែ​សីហា​ ថា៖

«យើង​បាន​ផ្តល់​ប្រាក់​រាប់​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​ដែល​មិន​ចូល​ចិត្ត​យើង សូម្បី​តែ​បន្តិច។ ខ្ញុំ​កំពុង​តែ​កាត់បន្ថយ​ចំណាយ​នេះ។ ​យើង​ទើប​តែ​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​៤​ប៊ីលាន​ដុល្លារ។ ក្នុង​ករណី​ខ្លះ ​ខ្ញុំ​យល់​ថា ​វា​មាន​ផ្លូវ​ពីរ។ នៅ​ក្នុង​ករណី​ខ្លះ ប្រទេស​ទាំង​នោះ​មិន​មែន​ជា​ប្រទេស​ដែល​យើង​គួរ​តែ​ផ្តល់​ថវិកា​ឲ្យ​នោះ​ទេ»។

អតីត​មន្ត្រី​ទីភ្នាក់ងារ​ USAID​ បាន​រិះគន់​ផែនការ​របស់​សេតវិមាន​ក្នុង​ការ​កាត់​បន្ថយ​ជំនួយ​បរទេស​របស់​អាមេរិក ដែល​ជា​ឧបករណ៍​មួយ​សម្រាប់​ជា​ប្រយោជន៍​ដល់​អាមេរិក។

នៅ​ក្នុងសារ​តាម​បណ្តាញ​ Twitter​ មួយ​ លោកស្រី ​Gayle Smith ​អតីត​អ្នក​គ្រប់​គ្រង​ទីភ្នាក់ងារ USAID ​បាន​និយាយ​ថា ​ផែនការ «ដក​ប្រាក់​រាប់​សិប​លាន​នៅ​ក្នុង​មូលនិធិ​អភិវឌ្ឍន៍​ គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ​និង​ជា​ការ​មិន​ចេះ​ខ្មាស់​គេ»។

លោក​ស្រី​បាន​បន្ថែម​ថា​ មូលនិធិ​អភិវឌ្ឍន៍​ «មិន​គ្រាន់​តែ​ដើម្បី​សប្បុរសធម៌​នោះ​ទេ» ប៉ុន្តែ​ជា​វិធី​មួយដើម្បី​បង្កើន​គុណ​តម្លៃ​ គោលនយោបាយ​បរទេស សន្តិសុខ​ជាតិ និង​ប្រយោជន៍​សេដ្ឋកិច្ច​របស់​អាមេរិក៕

​ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG