ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ជជែក​ដេញដោល​គ្នា​ចុង​ក្រោយ មុន​នឹង​ការ​បោះឆ្នោត​បឋម​នៅ​តាម​រដ្ឋ​ចាប់​ផ្ដើម


រូប​ឯកសារ៖ បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឈរ​នៅ​លើ​ឆាក​មុន​ពេល​ចាប់ផ្តើម​ការ​ជជែក​ដេញដោល នៅ​សាកលវិទ្យាល័យ Loyola Marymount ក្នុង​ក្រុង Los Angeles សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០១៩។

បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​៦​នាក់​កំពុង​តែ​ត្រៀម​ខ្លួន​សម្រាប់​ការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ស្វិតស្វាន​នៅ​យប់​ថ្ងៃ​អង្គារ​នេះ។ ពួកគេ​ហៅ​ការ​ជជែក​ដេញ​ដោល​គ្នា​លើក​នេះ​ថា​ជា​ការ​ប្រជែង​គ្នា​ដោយ​ផ្ទាល់ មុន​នឹង​អ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Iowa ចាប់​ផ្ដើម​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​ម្នាក់​ដែល​នឹង​ទៅ​ប្រកួត​ជាមួយនឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ដោយ​គណបក្ស​ប្រជាធិបតេយ្យ​សម្រិតសម្រាំង​យក​បេក្ខជន​ដែល​មាន​គុណសម្បត្តិ​ល្អ​បំផុត​នៅ​ក្នុង​ការ​ជជែក​ដេញដោល​នីមួយៗ ព្រឹត្តិការណ៍​ជជែក​ដេញដោល​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​នឹង​មាន​បេក្ខជន​តិច​ជាង​គេ​បំផុត ចាប់​តាំង​ពី​ដំណើរការ​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​មិថុនា​មក។

បេក្ខជន​ដែល​នឹង​ជជែក​ដេញដោល​គ្នា​នៅ​យប់​នេះ​មាន​ដូចជា​លោក Joe Biden ដែល​ជា​អតីត​អនុប្រធានាធិបតី លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា លោកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា លោក Pete Buttigieg អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana លោកស្រី Amy Klobuchar សមាជិក​ព្រឹទ្ធសភា និង​លោក Tom Steyer មហាសេដ្ឋី​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

នេះ​គឺ​ជា​ការ​ជជែក​ដេញដោល​គ្នា​លើក​ទី​បី​ហើយ​សម្រាប់​លោក Biden ក្នុង​ការ​ប្រកួត​ប្រជែង​យក​ការ​តែងតាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ។ លោក Biden បាន​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ស្ទង់មតិ​ជាតិ​ក្នុង​ចំណោម​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ​លោក​អាច​នឹង​ចាញ់​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ Iowa និង​រដ្ឋ​មួយ​ចំនួនទៀត៕

XS
SM
MD
LG