ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​ឃោសនា​ដណ្តើម​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​កាន់​តែ​ខ្លាំង​នៅ​មុន​ថ្ងៃ​បោះឆ្នោត Super Tuesday ក្នុង​ថ្ងៃ​នេះ


លោក Elliott Zaagman ពាក់​ម៉ាស់​ធ្វើ​ការ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត Super Tuesday នៅ​ក្លឹប​អ្នក​ឆ្លើយឆ្លង​បរទេស​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី៣​ ខែមីនា ឆ្នាំ២០២០។

ការ​ប្រកួត​ប្រជែង​ដើម្បី​ដណ្តើម​យក​បេក្ខភាព​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​នឹង​កាន់​តែ​មាន​ភាព​ស្វិតស្វាញ​ថែម​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​មាន​រដ្ឋ​ចំនួន​១៤​នឹង​ធ្វើ​ការ​បោះឆ្នោត​បឋម​ព្រមៗ​គ្នា​ក្នុង​ថ្ងៃនេះ ដែល​ហៅ​ថា​ថ្ងៃ Super Tuesday ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​បេក្ខជន​មួយ​រូប​ដែល​នឹង​ត្រូវ​តទល់​នឹង​លោក​ប្រធានាធិបតី​ Donald Trump ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​វិច្ឆិកា។

​ការ​ប្រកួត​ប្រជែងនៅ១៤​រដ្ឋ​នេះ​ ជា​ការ​ប្រកួត​ដណ្តើម​ចំនួនប្រតិភូ​ដ៏​ច្រើន គឺប្រមាណ​១ភាគ​៣​នៃ​ប្រតិភូ​សរុប​ទាំង​អស់ ដើម្បី​ឲ្យ​បាន​គ្រប់​ចំនួន​ប្រតិភូ​ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​បាន។ គ្រាន់​តែ​រដ្ឋ​កាលីហ្វ័រញ៉ា ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​ ដែល​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ ដែរ មាន​ប្រតិភូ​សរុប​៤១៥ ដែល​បេក្ខជន​ព្យាយាម​ដណ្តើម​យក។

ក្រោយ​ពី​ការ​ឆ្នោត​មួយ​រដ្ឋ​ម្តងៗ​ នៅ​រដ្ឋ Iowa​ New Hampshire Nevada និង South Carolina ការ​បោះឆ្នោត​ព្រមៗ​គ្នា​នៅ​១៤​រដ្ឋ​ក្នុង​ថ្ងៃ​អង្គារ​នេះ ដែល​គេ​ឲ្យ​ឈ្មោះ​ថា Super Tuesday នាំ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​បឋម​មាន​បរិយាកាស​ជា​ការ​បោះឆ្នោត​ជាតិ​ដោយ​មាន​ការ​បោះឆ្នោត​បឋម​ធ្វើ​ឡើង​នៅ​ស្ទើរ​គ្រប់​ភូមិភាគ​នៃ​សហរដ្ឋ​អាមេរិក។

នៅ​ពេល​នេះ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont នាំ​មុខ​ការ​ប្រកួត​ដោយ​បាន​ទទួល​ប្រតិភូ​សរុប៥៨​មក​ហើយ ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពីអ្នក​បោះឆ្នោតនៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ដែល​មាន​៤១៥​ប្រតិភូ និង​តិកសាស់ដែល​មាន​២២៨​ប្រតិភូ​នៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ។

រដ្ឋ​មាន​ប្រតិភូ​ច្រើន​ទី៣​គឺ​រដ្ឋ North Carolina ដែល​ការ​ស្ទង់​មតិ​នៅ​ទី​នោះ​បង្ហាញ​ថា​លោក Sanders ប្រកិតប្រកៀក​គ្នា​ជាមួយ​លោក​អតីតអនុ​ប្រធានាធិបតី​ Joe Biden។ លោក Biden កំពុង​ទទួល​បាន​សន្ទុះ​ខ្លះ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​បឋម​ Super Tuesday នេះ ដោយ​លោក​ទើប​ឈ្នះ​ការ​បោះឆ្នោត​នៅ​រដ្ឋ South Carolina កាល​ពី ថ្ងៃ​សៅរ៍ ដោយ​ទទួល​ប្រតិភូ​៥០។ ម៉្យាង​ទៀត​លោក​ក៏​ទើប​បាន​ទទួល​ការ​គាំទ្រ​ភ្លាមៗ​ពី​អតីត​គូប្រកួត ​គឺ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota អ្នកស្រី Amy Klobuchar ដែល​បាន​បញ្ឈប់​យុទ្ធនាការ​ឃោសនា​របស់​អ្នក​ស្រី​កាល​ពី​ថ្ងៃ​ច័ន្ទ និង​លោក Pete Buttigie ​អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana ដែល​បាន​បញ្ឈប់​យុទ្ធនាការ​ឃោសនា​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក Michael Bloomberg មហាសេដ្ឋី​និង​ជា​អតីត​អភិបាល​ក្រុង​ញូវយ៉ក នឹង​មាន​ឈ្មោះ​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​បោះឆ្នោត Super Tuesday នៅ​ថ្ងៃ​អង្គារ​នេះ។​

ក្រៅ​ពីរដ្ឋ​ទាំង​៣​ខាង​លើ​ក៏​មាន​ការ​បោះឆ្នោត​នៅ​រដ្ឋ Alabama, Arkansas, Colorado, Maine, Oklahoma, Tennessee, Utah, Vermont និង Virginia៕

XS
SM
MD
LG