ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

១៥ឆ្នាំ​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ប្រជាធិបតេយ្យ​ចាក់ឫស ​ប៉ុន្តែ​សេវាកម្ម​នៅ​ខ្សោយ


រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។
រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជា​លើក​ដំបូង​ក្នុង​ខែ​កុម្ភៈ ​ឆ្នាំ​២០០២ ដែល​ជា​ការ​ផ្លាស់ប្តូរ​របៀប​តែងតាំង​មេដឹកនាំ​ឃុំ​សង្កាត់​ ដោយ​រដ្ឋាភិបាល​មក​ជា​ការ​ជ្រើសរើស​ដោយ​ពលរដ្ឋ​វិញ។

លទ្ធិប្រជាធិបតេយ្យ​បាន​ចាក់ឫស​ដល់​ថ្នាក់​មូលដ្ឋាន​ខ្លះៗ ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ឃុំ​-សង្កាត់​ជាលើក​ទីមួយ​កាលពី​១៥ឆ្នាំ​មុន​ ប៉ុន្តែ​លទ្ធផល​ការងារ​របស់​មន្ត្រី​ដែល​ពលរដ្ឋ​បាន​បោះឆ្នោត​ជ្រើស​រើស​នៅ​មាន​កម្រិត​នៅឡើយ។ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អ្នក​វិភាគ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ កាលពី​ថ្ងៃ​ច័ន្ទ​ថា​ ការ​អនុវត្ត​ការងារ​នៅ​ថ្នាក់​មូលដ្ឋាន​មាន​តម្លាភាព​ច្រើន​ជាង​មុន​ ពលរដ្ឋ​ទទួល​បាន​លិខិត​បទដ្ឋាន​នានា​បាន​ប្រសើរ​ជាងមុន​ និង​ហ៊ាន​តវ៉ា​សម្តែង​ការ​មិន​ពេញចិត្ត​នឹង​សេវា​មិនល្អ ដែល​ពួក​គាត់​ទទួល។ ប៉ុន្តែ​ការ​ផ្តល់​ថវិកា​ជូន​ថ្នាក់​មូលដ្ឋាន​នៅ​មាន​កម្រិត​ទាប​ធ្វើ​ឱ្យ​សេវា​ចាំបាច់​មួយ​ចំនួន ​ដូចជា​សាលារៀន និង​មន្ទីរពេទ្យ​ នៅមិន​ទាន់​បម្រើ​បាន​តាម​តម្រូវ​ការ​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ។

លោក​បាន​បន្ថែម​ថា៖

«ការ​អភិវឌ្ឍ​ដល់​យើង​ខ្វះ​ថវិកា​អីចឹង​ទៅ​ ហើយ​ថវិកា​នោះ​ច្រើន​តែ​យក​ទៅ​ចាយ​នៅក្នុង​ប្រាក់​បៀវត្សរ៍​របស់​អ្នក​ដែល​ធ្វើ​ការ​ទៅ​ទៀត​ ដូច្នេះ​ហើយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ថវិកា​ហ្នឹង​ដោយ​សារ​វា​អត់​មាន​អ្វីច្រើន ​គឺ​ធ្វើតែ​ផ្លូវ​ ផ្លូវ​លំ​ភ្លៀង​មក​ខូច ធ្វើ​តែ​ផ្លូវ។ ដូច្នេះ​បញ្ហា​សាលារៀន​ក៏​ពិបាក​បញ្ហា​មណ្ឌល​សុខភាព​ក៏ពិបាក​ បញ្ហា​រឿង​កសិកម្ម​រឿង​ជួយ​ពួកគាត់​ក៏​ពិបាក ​បញ្ហា​ទីផ្សារ​ក៏​ពិបាក​ ហើយ​លិខិត​បទដ្ឋាន​នានា​ខាងប៉ុស្តិ៍​ប៉ូលិស​ក៏​មិន​ជា​ស្តាប់​ខាង​មេឃុំ​ទៅ​ទៀត។ គាត់​ធ្វើ​អ្វី តែ​ឯង​ទៅ​ដូច្នេះ​មាន​ការ​ឆកល្វែង​មាន​បញ្ហា​អសកម្ម​មួយ​ចំនួន ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​លោក​ហ៊ាន​ចូលរួម​ជាង​មុន ​ប៉ុន្តែ​លោក​នៅតែ​មិន​ទាន់​សប្បាយ​ចិត្ត​ ដូច​អ្វី​ដែល​លោក​ចង់​បាន​ដូច​ការ​គ្រោងទុក​នោះ​ទេ‍»។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជា​លើក​ដំបូង​ក្នុង​ខែ​កុម្ភៈ ​ឆ្នាំ​២០០២ ដែល​ជា​ការ​ផ្លាស់ប្តូរ​របៀប​តែងតាំង​មេដឹកនាំ​ឃុំ​សង្កាត់​ ដោយ​រដ្ឋាភិបាល​មក​ជា​ការ​ជ្រើសរើស​ដោយ​ពលរដ្ឋ​វិញ។

លោកឱក សេរីសោភក្តិ៍ សង្កេត​ឃើញ​ថា​ សមត្ថភាព​របស់​ក្រុមប្រឹក្សា​ឃុំ​ខ្លះ​ក្នុង​ការ​យល់​ដឹង​ពីច្បាប់ ​និង​បែបបទ​រដ្ឋបាល​ គឺ​នៅមាន​កម្រិត ដូច្នេះ​ហើយ​បាន​ជា​ក្រសួង​មហាផ្ទៃ​ដាក់​ឱ្យ​មាន​ស្មៀន​ឃុំ ដែល​ជា​អ្នក​យល់​ដឹង​ពី​កិច្ចការ​ទាំងអស់​នេះ។ ប៉ុន្តែ​ក្នុង​ការ​បំពេញ​ការងារ​វិញ ​គឺ​នៅមាន​ភាព​ចម្រូងចម្រាស​គ្នា​ខ្លះ​រវាង​ស្មៀនឃុំ និង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ​ដែល​ជាអ្នក​ជាប់ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ជ្រើសរើស។ នៅ​កន្លែង​ខ្លះ​ស្មៀនឃុំ​នៅតែ​ជា​អ្នក​មាន​អំណាច ​ដោយ​សារ​មាន​ចំណេះដឹង​ច្រើន ​និង​ជា​អ្នក​កាន់ត្រា។ កន្លែង​ខ្លះ​ក៏​ធ្វើការ​ចុះ​សម្រុង​គ្នា​ដែរ។​

លោក​ឱក សេរីសោភក្តិ៍ ​បាន​បន្ថែម​ថា៖

«ជាការពិត​បើសិន​ជា​គណបក្ស​ប្រឆាំង​មាន​តួនាទី​ជា​មេឃុំ ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ប៉ុន្តែ​អ្នក​កាន់ត្រា​គាត់​មាន​លំអៀង​ទៅ​ខាង​គណបក្ស​កាន់​អំណាច ​គឺ​ការ​ធ្វើការ​កាន់តែ​លំបាក​ខ្លាំង​មែនទែន​តែម្តង ​ព្រោះ​ត្រា​នៅលើ​ដៃ​ម្នាក់​ទៀត មិន​នៅលើ​ដៃ​អ្នក​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ ​ដល់​អីចឹង​លិខិត​បទដ្ឋាន​នានា គឺ​ប្រទាំង​ប្រទើស។ ក្នុង​ករណី​ហ្នឹង​ពិតជា​មានបញ្ហា​មែន​ ហើយ​យើង​មិន​អាច​បណ្តោយ​ឱ្យ​ធ្វើ​អីចឹង​តទៅទៀត​បានទេ​ ត្រូវតែ​មាន​កំណែទម្រង់‍»។​

ពលរដ្ឋ​ចង់​ឃើញ​មេឃុំ​របស់​ខ្លួន​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ពួកគេ ​ដែល​ជា​ម្ចាស់​ឆ្នោត​ ប៉ុន្តែ​ការណ៍​ដែល​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ក្នុងការ​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​នៅតែ​ជា​ឧបសគ្គ​មួយ​ផងដែរ ​ដែល​ធ្វើ​ឱ្យ​មេឃុំ​ និង​ក្រុមប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​នៅតែ​ទទួល​ឥទ្ធិពល​ពី​គណបក្ស​ដដែល។ នេះ​បើ​តាម​ការ​សង្កេត​របស់​លោក​សេរីសោភក្តិ៍។

លោក​ឱក សេរីសោភក្តិ៍ យល់​ថា​ វិធី​ដ៏ល្អ​គឺ​អនុញ្ញាត​ឱ្យ​បុគ្គល​ឯករាជ្យ​អាច​ឈរ​ឈ្មោះ​បាន​ដោយ​មិន​ចេញពី​បញ្ជី​ឈ្មោះ​គណបក្ស។

លោក​បាន​បន្ថែម​ថា៖ «បើសិនជា​យើង​ធ្វើ​អីចឹង​បាន​មែន​ ខ្ញុំ​គិត​ថា​គណនីយភាព​នៃ​មេឃុំ​ ឬ​ចៅហ្វាយ​ក្រុង​ឬស្អីៗហ្នឹង ​មាន​ទៅលើ​ប្រជាពលរដ្ឋ​ជាង​មាន​ទៅលើ​បក្ស។ ប៉ុន្តែ ​នេះ​ជា​កំណែ​ទម្រង់​នយោបាយ​មួយ​ធំណាស់​ ហើយ​ខ្ញុំ​ក៏​មិន​ហ៊ាន​មាន​ជំនឿ​ថា​ វា​អាច​នឹង​កើត​មាន​ឡើង​ឆាប់ៗ​នៅក្នុង​ពេល​នេះ​ដែរ ​ប៉ុន្តែ​អ្វី​ដែល​បើសិន​ជា​ធ្វើ​ទៅ​តាម​ផ្លូវ​ហ្នឹង ​ខ្ញុំ​ថា​នេះ​ជា​គន្លឹះ​មួយ​ដែល​អាច​នឹង​មាន​ការ​កែប្រែ​ជាវិជ្ជមាន ហើយ​ជា​មូលដ្ឋាន​ធំណាស់‍»។

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​បន្ទាប់​គ្រោង​នឹង​ធ្វើ​នៅថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ៕

XS
SM
MD
LG