រដ្ឋាភិបាលកម្ពុជានៅតែព្រួយបារម្ភអំពីការអាចផ្ទុះឡើងនូវបដិវត្តន៍ បើទោះជាក្រុមអ្នកវិភាគនិយាយថា ការធ្វើបដិវត្តន៍នឹងមិនអាចកើតឡើងបាននោះឡើយ។ ក្នុងពិធីទទួលជំនួយសម្ភារៈយោធាពីសាធារណរដ្ឋកូរ៉េ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងថា លោកនឹងប្រើប្រាស់ជំនួយយោធានោះដើម្បីបង្ក្រាបចលនាបដិវត្តន៍។ ក្រុមអ្នកវិភាគនិយាយថា ការណ៍នេះបញ្ជាក់ថារដ្ឋាភិបាលកំពុងបង្ហាញការភ័យខ្លាចចំពោះការបាត់បង់អំណាចរបស់ខ្លួន។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា កងទ័ពកម្ពុជានឹងប្រើសម្ភារៈយោធាដែលជាជំនួយរបស់បរទេសដើម្បីបង្ក្រាបចលនាបដិវត្តន៍ ឬចលនានានាដែលបង្កឲ្យមានគ្រោះអាសន្នដល់ប្រទេសជាតិ។
លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះ នៅពេលផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកយកព័ត៌មានក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពិធីប្រគល់រថយន្តនិងគ្រឿងចក្រវិស្វកម្មចំនួន២២២គ្រឿង ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ។
ពិធីប្រគល់សម្ភារៈយោធានិងស៊ីវិលដែលមានការចូលរួមពីលោក កាង ឃ្យុង ហ៊្សូ (Kang byung Joo) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកទេសយោធា តេជោ ហ៊ុន សែន ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧។
លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ ថ្លែងថា ជំនួយយោធារបស់សាធារណរដ្ឋកូរ៉េនេះ នឹងក្លាយជាផ្នែកមួយនៃកិច្ចប្រតិបត្តិការវាយប្រហារចលនាបដិវត្តន៍។
«ខ្ញុំគិតថា មិនថាតែបដិវត្តន៍ពណ៌ឬក៏បដិវត្តន៍ស្អីទេ ឲ្យតែវាអ្វីដែលវានាំមកភាពអន្តរាយដល់ប្រទេសជាតិ ឬនាំឲ្យប្រទេសជាតិកើតនូវហៅថាគ្រោះអាសន្នគឺថា ច្បាស់ណាស់សម្ភារៈទាំងនេះ គឺវានឹងចូលរួមចំណែកហើយដល់ ដែលយើងត្រូវបំពាក់ទៅតាមបណ្តាអង្គភាព។ វានឹងរួមចំណែកក្នុងការទប់ស្កាត់ រហូតដល់ការហៅថា ថែរក្សាសមិទ្ធផលទាំងឡាយរបស់យើងហ្នឹងគឺ ឲ្យវាកាន់តែរឹងមាំឋិតថេរទៀត»។
ក្រុមអ្នកវិភាគនិយាយថា រដ្ឋាភិបាលនៅបន្តភ័យខ្លាចចំពោះចលនាប្រឆាំងនឹងការដឹកនាំរបស់ខ្លួន បន្ទាប់ពីមានការធ្លាក់ប្រជាប្រិយរបស់ខ្លួនយ៉ាងគំហុក នៅក្នុងការបោះឆ្នោតកាលពីជិតបួនឆ្នាំកន្លងទៅ។ ក្រុមអ្នកវិភាគបន្តថា ប្រជាពលរដ្ឋខ្មែរទៅវិញទេ ដែលកំពុងបារម្ភថា រដ្ឋាភិបាលប្តូរពីការដឹកនាំបែបសេរី ទៅរកការដឹកនាំតាមលទ្ធិកុម្មុយនិស្តវិញ ដោយសារប្រជាពលរដ្ឋបានសង្កេតឃើញថា រដ្ឋាភិបាលកំពុងរំកិលខ្លួនបន្តិចម្តងៗទៅរកប្រទេសចិន។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថា៖
«យើងមើលទៅដូចជាមិនមានឃើញសញ្ញាអី ដែលប្រុងកើតបដិវត្តន៍ពណ៌ទេ ព្រោះឥឡូវនេះ គាត់និយាយកាន់តែច្រើនឡើងៗ គាត់ព្រួយបារម្ភពីរដ្ឋាភិបាលវិញទេ។ គាត់ខ្លាចរដ្ឋាភិបាលប្តូរពណ៌វិញទេ។ ប្តូរពណ៌ហ្នឹងបានន័យថា ពីពណ៌ខៀវមកពណ៌ក្រហម ដោយសារតែគាត់សង្កេតឃើញថាពលរដ្ឋហ្នឹងឃើញរដ្ឋាភិបាល ហាក់ដូចជាងាកទៅរកចិនកាន់តែខ្លាំងឡើងៗ។ ហើយកាលណាងាកទៅរកចិនកាន់តែធ្ងន់ គាត់ព្រួយបារម្ភថា ខ្លាចរបបកុម្មុយនិស្ត វាវិលមកស្រុកយើងវិញ។ នេះជាការមើលឃើញរបស់ពលរដ្ឋ»។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថា គ្មានហេតុផលណាមួយដែលញ៉ាំងឲ្យរដ្ឋាភិបាលងាកទៅរកការដឹកនាំតាមលំនាំកុម្មុយនិស្តទេ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានចែងយ៉ាងច្បាស់ថា កម្ពុជាប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា៖
«ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលកើតឡើងតាមស្មារតីនៃកិច្ចព្រមព្រៀង[ទីក្រុង]ប៉ារីសគេបានកំណត់ហើយ គឺថា រាល់បញ្ហាណាដែលប្តូររបបឬប្រព័ន្ធនយោបាយក្នុងការគ្រប់គ្រងដឹកនាំប្រទេសហ្នឹងមិនអាច ធ្វើវិសោធនកម្មបានជាដាច់ខាត។ ហ្នឹងគេហាមរួចហើយទោះបីមានសំឡេងគ្រប់គ្រាន់ ២/៣ក៏ដោយ ក៏មិនអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញហើយផ្លាស់ប្ដូររបបដឹកនាំគ្រប់គ្រងប្រទេសជាតិបានដែរ»។
ក្នុងពិធីប្រគល់សម្ភារៈយោធាដែលធ្វើឡើងនៅខេត្តកំពង់ស្ពឺដដែលនោះ លោកនាយឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ បានថ្លែងថា រថយន្តដែលមានអាយុជាង១០ឆ្នាំនិងទូកល្បាតមួយគ្រឿងនឹងត្រូវប្រគល់ជូនបន្ថែមទៀតនៅក្នុងខែកក្កដា។
យោងតាមគេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជា សាធារណរដ្ឋកូរ៉េបានប្រគល់ជំនួយសម្ភារៈរថយន្តនិងគ្រឿងចក្រវិស្វកម្មដល់កម្ពុជាចំនួនបីលើករួចមកហើយគិតត្រឹមឆ្នាំ២០១៧នេះ។ ការប្រគល់ជំនួយលើកទីមួយ ត្រូវបានធ្វើឡើងនៅឆ្នាំ២០១០ ដែលមានរថយន្តគ្រប់ប្រភេទចំនួន ១៨៨គ្រឿង គ្រឿងចក្រគ្រប់ប្រភេទចំនួន៦៦គ្រឿង នាវាល្បាតប្រភេទ វ៉ាយ យូ ប៊ី (Y U B) ចំនួន៣គ្រឿង និងសម្ភារៈការិយាល័យមួយចំនួនទៀត។ ការប្រគល់លើកទី២ត្រូវបានធ្វើឡើងនៅឆ្នាំ២០១២ ដែលសាធារណរដ្ឋកូរ៉េបានផ្តល់រថយន្តគ្រប់ប្រភេទចំនួន ២១២ គ្រឿង គ្រឿងចក្រវិស្វកម្ម២៩គ្រឿង និងសម្ភារៈបម្រើឲ្យការងារការិយាល័យមួយចំនួនទៀត។
នៅក្នុងឆ្នាំ២០១៤ GlobalPost ដែលជាសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត បានរាយការណ៍ថា ស្ថានទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជាធ្លាប់មានឥទ្ធិពលលើកងទ័ពប្រទេសកម្ពុជា។ GlobalPost រាយការណ៍ថា ដើម្បីរក្សាការធ្វើអាជីវកម្មក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា ស្ថានទូតសាធារណរដ្ឋកូរ៉េ កាលពីបីឆ្នាំមុន បានដាក់សម្ពាធដល់មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ឲ្យបញ្ជាការវាយបង្ក្រាបដ៏ឃោរឃៅទៅលើក្រុមកម្មករដែលតវ៉ានៅរាជធានីភ្នំពេញ ដែលបានធ្វើឲ្យអ្នកតវ៉ាប្រាំនាក់ស្លាប់។ ទោះជាយ៉ាងណាក៏ដោយ ស្ថានទូតសាធារណរដ្ឋកូរ៉េបានច្រានចោលការជាប់ពាក់ព័ន្ធនឹងការវាយបង្ក្រាបនេះ។
បដិវត្តន៍ពណ៌បានផ្ទុះឡើងនៅក្នុងប្រទេសអារ៉ាប់មួយចំនួនដែលស្ថិតក្នុងតំបន់មជ្ឈិមបូព៌ានិងតំបន់អាហ្វ្រិក ហើយរាលដាលមកដល់តំបន់អឺរ៉ុប។ ចលនាបដិវត្តន៍បានផ្ទុះឡើងនៅក្នុងប្រទេសទាំងនោះ ក្រោយការកើតឡើងនូវរោគសញ្ញានៃវិបត្តិសង្គមនិងវិបត្តិនយោបាយធំៗ រួមនឹងជម្លោះសាសនា។ វិបត្តិទាំងនោះរួមមាន ការរីករាលដាលនៃភាពក្រីក្រ អំពើពុករលួយ គម្លាតទ្រព្យសម្បត្តិ ការប្រមូលផ្តុំអំណាច ការធ្លាក់ចុះដុនដាបសេដ្ឋកិច្ច ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការក្រាញអំណាចយូរហួសហេតុរបស់មេដឹកនាំប្រទេសជាដើម៕