ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ៊ុន សែន បន្ទោស​សហរដ្ឋអាមេរិក​ចំពោះ​បដិវត្ត​ពណ៌​នៅ​មជ្ឈិមបូព៌ា


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)r)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)r)

លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​ ចលនា​បដិវត្តន៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ប្រទេស​ បាន​បង្ក​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ ហើយ​ប្រទេស​មួយ​ចំនួន​ទៀត​សោត​ កំពុង​ជាប់​ផុង​ក្នុង​សង្គ្រាម។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក​ ហ៊ុន​ សែន បាន​ព្រមាន​អំពី​ការ​កើត​ឡើង​នូវ​វិនាសកម្ម​សង្គ្រាម​ ដោយ​សារ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​លោក​យល់ថា​ជា​ការ​ផ្ដួចផ្ដើម​ចេញ​ពី​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ គាំទ្រ​ដោយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​មហាសន្និបាត​ សភា​តំបន់​អាស៊ី​ ដែល​បាន​រៀប​ចំ​ឡើង​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ។

លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​ ចលនា​បដិវត្តន៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ប្រទេស​ បាន​បង្ក​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ ហើយ​ប្រទេស​មួយ​ចំនួន​ទៀត​សោត​ កំពុង​ជាប់​ផុង​ក្នុង​សង្គ្រាម។

លោក​បញ្ជាក់​ថា​ ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយ​ចំនួន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ ដោយ​សារ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​គាំ​ទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

«ខ្ញុំ​បាន​ឮសូរ​ប៉ុន្មាន​ថ្ងៃ​នេះ​ ថា​[ប្រទេស]តួកគី​មាន​បំណង​នឹង​បើក​ព្រំដែន​ ដើម្បី​ឲ្យ​ជន​ភៀស​ខ្លួន​ចូល​ទៅកាន់​អឺរ៉ុប។​ ប្រសិនបើ​យ៉ាង​ដូច្នោះ​មែន​ ខ្ញុំ​គិត​ថា​ វា​ជា​ការ​ល្អ​ ព្រោះ​វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​ពួក​អឺរ៉ុប​ ដែល​គាំទ្រ​នយោបាយ​អាមេរិក​នៅ​ក្នុង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​មជ្ឈិម​បូព៌ា។​ គួរតែ​ផ្ដល់​កន្លែង​ជ្រក​កោន​ឲ្យ​ពួកគេ​ ត្រូវ​ផ្ដល់​ការងារ​ឲ្យ​ពួក​គេ​ ទើប​វា​ជា​ការ​សមរម្យ។​ មិន​អាច​យក​គេ​ទៅ​ស្លាប់​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ ឬ​ក៏​នៅ​ក្នុង​ជំរំ​ ដូច​ជា​រូង​កណ្ដុរ​នោះ​ទេ»។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន​បាន​រង​ការ​បង្ក្រាប​ និងចាប់​ខ្លួន​ឃុំ​ខ្លួន​សួរ​ចម្លើយ ​នៅ​ក្នុង​ពេល​ពួក​គេ​ដឹកនាំ​ និង​ចូល​រួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ដែល​មាន​គោល​បំណង​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឲ្យ​ជាប់​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។

មន្ត្រី​រដ្ឋាភិបាល​យល់​ថា​ យុទ្ធនាការ​នេះ​ជា​ការ​ផ្ដួចផ្ដើម​ចលនា​បដិវត្តន៍​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ទប់​ស្កាត់​ជា​បន្ទាន់។

​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​ចាត់​ទុក​ការ​ធ្វើ​បដិវត្តន៍​ផ្ដួល​រំលំ​បុគ្គល​ម្នាក់​ ឬ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​កម្លាំង​នយោបាយ​ពី​ក្រៅ​ប្រទេស​ថា​ ជា​ការ​បំផ្លាញ​សន្តិភាព​ ការ​អភិវឌ្ឍន៍​ និង​ការ​សម្លាប់មនុស្ស ហើយ​ក៏​ជា​អ្វី​ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា។

«ស្អប់​ខ្ពើម​មនុស្ស​ម្នាក់​ ឬ​រដ្ឋាភិបាល​មួយ​ តែ​បាន​នាំមក​នូវ​ការ​ជំនួស​ ដោយ​ការ​ស្លាប់​មនុស្ស​រាប់​ម៉ឺន​ រាប់​សែន​ រាប់​លាន​នាក់​ ដូច​ជា​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង​ ស្អប់​សម្ដេច​ព្រះ​នរោត្តម​សីហនុ​ បែរ​ជា​បង្កើត​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម​សីហនុ​ បង្កើត​ឡើង​នូវ​សង្គ្រាម​វិនាសកម្ម​ស្លាប់​មនុស្ស»។

​លោក​ហ៊ុន​ សែន​ បាន​ស្នើ​កាលពី​ពេល​កន្លង​មក​ផង​ដែរ​ថា​ កុំ​ឲ្យ​ប្រទេស​នានា​ ដូច​ជា​សហរដ្ឋ​អាមេរិក​ជាដើម​ជ្រៀត​ជ្រែក​ក្នុង​រឿង​នយោបាយ​ និង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​តូចៗ។

លោក​អះអាង​ថា​ ការ​ជ្រៀត​ជ្រែក​ពី​សហរដ្ឋ​អាមេរិក​កន្លង​មក មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​មាន​ស្ថាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ។

ការ​ស្នើ​យ៉ាង​ដូច្នេះ​កើត​ឡើង​មាន​ឡើង​ នៅ​គ្រា​ដែល​ទំនាក់​ទំនង​របស់​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​ជឿ​ថា​ បាន​ជួប​ភាព​រកាំរកូស​ ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា ខកខាន​មិន​បាន​គោរព​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ។

អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​ មិន​អាច​ប៉ាន់​ស្មាន​អំពី​លទ្ធភាព​នៃ​ការ​ធ្វើ​បដិវត្តន៍​នៅ​ប្រទេស​កម្ពុជា​សារ​ជា​ថ្មី​ទៀត​នោះ​ទេ​ ក៏​ប៉ុន្តែ​ពួក​គេ​យល់​ថា​ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ជា​យុទ្ធសាស្ត្រ​នយោបាយ​មួយ​ដើម្បី​ទប់​ស្កាត់​ចលនា​មហាជន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​អាច​នឹង​កើត​ឡើង ដោយ​សារ​វិបត្តិ​នានា​ក្នុង​សង្គម។

លោក​ ហេង​ ស្រ៊ាង​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​សង្គម​ និង​នយោបាយ​ ប្រាប់​ VOA ថា​ ប្រទេស​កម្ពុជា​រមែង​តែង​បាន​ឆ្លង​កាត់​ការ​តវ៉ា​របស់​មហាជន​ ដែល​រួមមាន​ទាំង​ការ​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ​ ហើយ​ថា​ ការ​តវ៉ា​ទាំង​នោះ​មិន​មែន​ជា​ចលនា​បដិវត្តន៍​ដែល​មាន​ការ​គាំទ្រ​ពី​បរទេស​នោះ​ទេ។

លោក​យល់​ថា​ រដ្ឋាភិបាល​កំពុង​រិះរក​មធ្យោបាយ​បង្ក្រាប​ចលនា​តវ៉ា​ ដោយ​យក​លេស​ថា​ ការ​តវ៉ា​ទាំង​អស់នោះ​ មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បរទេស​ដែល​នេះ​ជា​ហានិភ័យ​ខ្ពស់​មួយ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ចង់​ងើប​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ ហើយ​ក៏​ជា​ហានិភ័យ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ ដែល​ចង់​ធ្វើ​ការ​តវ៉ា​តស៊ូ​មតិ​ដើម្បី​បុព្វហេតុ​កិច្ចការ​មនុស្ស​ធម៌​របស់​ពួកគេ​ដែរ។

«ទៅ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ បើ​សិន​ជា​ អ្នក​ដឹកនាំ​ស្រុកខ្មែរ​ប្រកាន់​យក​ឥរិយាបថ​បែបនេះ​ នោះ​គេ​នឹង​គិត​ថា​ ចលនា​សិស្ស​និស្សិត​ប្រជា​ពល​រដ្ឋ​ ដែល​បើ​អាច​ជា​កើត​មាន​ទៅ​ថ្ងៃ​អនាគត​ គេ​គិត​ថា​ ជា​អ្នក​ដែល​បម្រើ​បរទេស​ ឬ​ក៏​បម្រើ​សហរដ្ឋ​អាមេរិក​ដូច​អ្វី​ដែល​អ្នក​ដឹកនាំ​ស្រុក​ខ្មែរ​តែង​តែ​លើក​ឡើង​អញ្ចឹង​បាទ។ អា​នេះ​វា​ជា​មធ្យោបាយ​មួយ​សម្រាប់​វាយប្រហារ វាយបក​នៅ​ពេល​ខាងមុខ»។

លោក​បន្ថែម​ថា ការ​ពឹង​ផ្អែក​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ជំនួយ​ប្រទេស​ដែល​មិន​ផ្ដោត​លើ​ការ​គោរព​ច្បាប់​ គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ​ បាន​ញាំង​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​បែរ​មក​វាយ​ប្រហារ​លើ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​មួយ​ចំនួន​ទៀត។

«អ្នក​ដឹកនាំ​ខ្មែរ​យើង​ពេល​បច្ចុប្បន្ន​ហាក់​ដូច​ជា​មាន​ បើ​ស្ដាប់​មួយ​ភ្លែត​ទៅ​ អត់មាន​ឯករាជ្យ​ភាព​សំខាន់​ ផ្នែក​ហិរញ្ញវត្ថុ។ ដូច្នេះ​ប្រហែល​ជា​ គិត​ថា​ បើ​គ្មាន​ជំនួញ​ពួក​អាមេរិក​ ដែល​នាំ​ធ្វើ​ឲ្យ​មាន​សភាព​ មិន​ស្ថិរភាព​ ផ្នែក​ខាង​ដូច​ថា​គ្រប់​គ្រង​ប្រទេស​ ស្រេច​តែ​ចិត្ត​ ធ្វើ​អី​ក៏​បាន​ស្រេច​តែ​ចិត្ត។ អញ្ចឹង​មិន​កើត​ទេ​គឺ​ គិត​ថា​ បើ​មាន​ជំនួយ​អី​ផ្សេង​អាច​ប្រើ​ប្រាស់​បាន​ ដូច្នេះ​ អាមេរិក​ក៏​អត់​សំខាន់​សហគមន៍​អឺរ៉ុប​ ក៏​មិន​សំខាន់​ អង្គការ​សហប្រជាជាតិ​ក៏​អត់​សំខាន់។ ដូច្នេះ​ ចេះ​តែ​គិត​តែ​ថា​ យក​អាណា​ដែល​ស្រួល​ជាង​ អញ្ចឹង​ការ​ប្រើ​ភាសា​ គឺ​កាន់​តែ​ទ្រគោះបោះបោក​ទៅ​លើ​ប្រទេស​មួយ​ចំនួន​នោះ​បាទ»។

ប្រទេស​ចិន​ត្រូវ​គេ​ដឹង​ថា​ ជា​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ជាងគេ​ដល់​ប្រទេស​កម្ពុជា​ ទាំង​ក្នុង​វិស័យ​សេដ្ឋ​កិច្ច និង​យោធា។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីងពីន ដែល​ធ្វើឡើង​កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ​ មាន​កិច្ចព្រមព្រៀង​ទ្វេភាគី​ចំនួន​៣១​ត្រូវ​ចុះ​ហត្ថលេខា។

​លោក ស៊ី បាន​សន្យា​ថា ​នឹង​បង្កើន​វិនិយោគ​ទុន​ពី​ប្រទេស​ចិន​មក​កម្ពុជា​ពី​ចំនួន​ជាង​៣ពាន់​លាន​ឲ្យ​ដល់​៥ពាន់​លាន​ក្នុង​១ឆ្នាំ។ ការ​វិនិយោគ​ចិន​មាន​លើ​ផ្នែក​ថាមពល​ រ៉ែ​ ដី​សម្បទាន​ វាយនភណ្ឌ​ជាដើម ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ចន្ទ​ដដែល​នោះ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម។ លោក​បាន​រំលឹក​ថា លោក​ធ្លាប់​បាន​លើក​ជា​សំណួរ​អំពី​ការ​ធ្វើ​សន្និសីទ​អន្តរ​ជាតិ​ស្ដីពី​ការ​ប្រយុទ្ធប្រឆាំងភេរវកម្ម​ដដែល​នេះ​ នៅ​សហរដ្ឋ​អាមេរិក​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​កាលពី​ខែ​កុម្ភៈ​ ក៏ប៉ុន្តែ​ពុំ​មាន​មេ​ដឹក​នាំ​ប្រទេស​ណា​មួយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​លោក។

​ដោយ​ឡែក លោក​ Jay​ Raman​ មន្ត្រី​អ្នក​នាំ​ពាក្យ​ ​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ថ្លែង​តាមរយៈ​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​ថា​ ស្ថាន​ទូត​បាន​ទទួល​ដំណឹង​អំពី​របាយការណ៍​នានា​នៃ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ប៉ុន្តែ​ស្ថាន​ទូត​ពុំ​មាន​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ណា​មួយ​នោះ​ទេ៕

XS
SM
MD
LG