ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពតានតឹង​ភ្នំពេញ-វ៉ាស៊ីនតោន​ឡើង​កម្ដៅ ចំពេល​បេសកទូត​អាមេរិក​មក​ភ្នំពេញ


ជំនួប​រវាង​មន្ត្រី​អ្នកការទូត​អាមេរិក​និង​អ្នកការទូត​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​ការបរទេស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ ក្រសួងការបរទេសកម្ពុជា)
ជំនួប​រវាង​មន្ត្រី​អ្នកការទូត​អាមេរិក​និង​អ្នកការទូត​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​ការបរទេស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ ក្រសួងការបរទេសកម្ពុជា)

ទំនាក់​ទំនង​សហ​រដ្ឋ​អាមេរិក​និង​កម្ពុជា​ ឈាន​ទៅ​ដល់​ភាព​តាន​តឹង​ថ្មី​មួយ​ទៀត​ ចំ​ពេល​មានដំណើរ​ទស្សន​កិច្ច​របស់​ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក​មក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​ ទី​១០​ ខែ​ធ្នូ ​ឆ្នាំ​២០២១។​

នៅ​មុន​ដំណើរ​ទស្សន​កិច្ច​នេះ សហរដ្ឋ​អាមេរិក​ បាន​សម្រេច​ដាក់​បម្រាម​លក់​សព្វាវុធ​ដល់​ប្រទេស​កម្ពុជា​ បណ្ដាល​មក​ពី​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បរិយាយ​ថា​«ការ​រំលោភ​សិទ្ធិ​មនុស្ស​ អំពើ​ពុក​រលួយ​ដោយ​តួ​អង្គ​នានា​ក្នុង​រដ្ឋាភិបាល​កម្ពុជា ​និង​ឥទ្ធិ​ពល​ដែល​កំពុង​កើន​ឡើង​នៃ​យោធា​របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​នៅ​កម្ពុជា»។​

សហ​រដ្ឋ​អាមេរិក​ បាន​គោះ​សញ្ញា​អាសន្ន​ព្រមាន​កម្ពុជា​ជា​បន្ត​បន្ទាប់​ ក្រោយ​ភាគី​កម្ពុជា ​បាន​វាយ​កម្ទេច​ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើ​ឱ្យ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ​ ក្រោម​ហេតុផល​រើ​ទីតាំង​ស្ថាប័ន​នេះ​ និង​ការ​ទទួល​ជំនួយ​ចិន​ក្នុង​ការ​ជួយ​ពង្រីក​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​ទ័ព​នេះ។​

កម្ពុជា​បាន​ប្រកែក​ថា ​ខ្លួន​មិន​មាន​គម្រោង​បំពាន​រដ្ឋធម្មនុញ្ញ​ និង​ឱ្យ​ចិន​មាន​សិទ្ធិ​ផ្ដាច់មុខ​នៅ​ផែ​យោធា​រាម​ឡើយ។​ តែ​ទោះ​បី​ជា​មាន​ការ​ទទួល​ទស្សនកិច្ច​ប្រេសិត​យោធា​អាមេរិក​នៅ​ទីនោះ ​កាលពី​ខែ​កក្កដា ​ឆ្នាំ​២០២១​ក៏​ដោយ​ ភាគី​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក​ នៅ​តែ​មិន​ចុះ​សម្រុង​គ្នា។​

សម្ពាធ​មាន​ឡើង​ជា​បន្ត​បន្ទាប់ពី​ភាគី​អាមេរិក​ ដោយ​បាន​ដាក់​ទណ្ឌកម្ម​លោក​នាយ​ឧត្ដម​សេនីយ៍ ​ចៅ ភិរុណ​ អគ្គនាយក​សម្ភារៈ​បច្ចេក​ទេស​ក្រសួង​ការពារ​ជាតិ ​និង​លោក​នាយ​ឧត្ដម​សេនីយ៍​ ទៀ វិញ ​មេ​បញ្ជា​ការ​កងទ័ព​ជើងទឹក​ ដោយ​បាន​ចោទ​លោក​ទាំង​ពីរ​ថា បាន​ផល​ប្រយោជន៍​ឯក​ជន​ពី​គម្រោង​មូលដ្ឋាន​រាម។​

នៅ​មុន​អាមេរិក​ដាក់​បម្រាម​លក់​អាវុធ​ឱ្យ​នេះ ​លោក​ ហ៊ុន សែន​ ទើប​នឹង​ដាក់​បញ្ជា​លែង​ឱ្យ​មាន​ដំណើរ​ទស្សន​កិច្ច​នៃ​ប្រតិភូ​បរទេស​ដែល​លោក​ទំនង​សំដៅ​មន្ត្រី​អាមេរិក​និង​លោក​ខាង​លិច ​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ត​ទៅ​ទៀត​ ហើយ​ប្រាប់​លោក ​ទៀ បាញ់ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ ឱ្យ​ឈប់​អត្ថាធិប្បាយ​អំពី​គម្រោង​ពង្រីក​ផែ​ទៀត​ផង។​

លោក Derek Chollet ទីប្រឹក្សា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
លោក Derek Chollet ទីប្រឹក្សា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
លោក Derek Chollet ទីប្រឹក្សា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
លោក Derek Chollet ទីប្រឹក្សា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

ក្នុង​ជំនួប​មួយ​ជាមួយ​អ្នក​សារ​ព័ត៌មាន ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ លោក​ Derek Chollet ​ទីប្រឹក្សា​ក្រសួង​ការ​បរទេស​អាមេរិក​ ដែល​ទើប​នឹង​បាន​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​ បន្ត​បង្ហាញ​ក្ដី​បារម្ភ​នៃ​រដ្ឋការ​លោក​ប្រធានាធិបតី​ Joe Biden ​លើ​«លទ្ធភាព​នៃ​វត្តមាន​ទីតាំង​យោធា​សាធារណរដ្ឋ​ប្រជាមានិត​ចិន»​នៅ​កម្ពុជា។​

បេសក​ទូត​រូប​នេះ​បន្ថែម​ថា​ អ្វី​ដែល​អាមេរិក​បង្ហាញ​ជា​ក្ដី​បារម្ភ​នោះ ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សម​ស្រប​ណា​មួយ​ពី​ភាគី​កម្ពុជា​នៅ​ឡើយ។​

«យើង​មិន​ទាន់​ឃើញ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​នៃ​ស្ថាន​ការណ៍​ដូច​ដែល​យើង​ចង់​បាន​នៅ​ឡើយ​ទេ ​ម៉្លោះ​ហើយ​ទើប​សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ចេញ​បួន​ដប់​វិធាន​ការណ៍​ ជា​ការ​ឆ្លើយ​តប​ ដើម្បី​ធ្វើ​ឱ្យ​ច្បាស់​ថា​ ដូច​ដែល​យើង​យល់​អំពី​ការ​គំរាម​កំហែង​មិន​គ្រាន់​តែ​ផល​ប្រយោជន៍​យើង​ខ្ញុំ​នោះ​ទេ តែ​គំរាម​ផល​ប្រយោជន៍​តំបន់​ទាំង​មូល​ និង​ដល់​ផល​ប្រយោជន៍​កម្ពុជា​ផង​ដែរ ​ល្គឹក​ណា​ទំនាក់​ទំនង​យោធា​កម្ពុជា​ចិន​មាន​ចរិត​កាន់​តែ​ស៊ី​ជម្រៅ»។​

ជាមួយ​ទណ្ឌ​កម្ម​ក្នុង​រូបភាព​ជា​បម្រាម​លក់ ​ឬ​ផ្គត់​ផ្គង់​សព្វាវុធ​ និង​សម្ភារៈ​យោធា​ដល់​កម្ពុជា​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​បាន​យក​វេទិកា​ហ្វេសប៊ុក​ឆ្លើយ​តប​ដោយ​ផ្ទាល់​នៅ​តែ​ប៉ុន្មាន​នាទី ​មុន​សន្និសីទ​កាសែត​របស់​លោក ​Chollet​ ចាប់​ផ្ដើម​កាល​ពី​រសៀល​ថ្ងៃ​សុក្រ។​

ថ្លែង​អំពី​បម្រាម​លក់​សព្វាវុធ​នេះ ​ លោក ​ហ៊ុន សែន ​អរគុណ​អាមេរិក​ ដែល​ជួយ​បញ្ជាក់​ថា​ ការ​សម្រេច​របស់​លោក​កាល​ពី​ឆ្នាំ​១៩៩៤ បន្ត​ប្រើ​ប្រព័ន្ធ​អាវុធ​រុស្ស៊ី​មិន​ចាប់​យក​ប្រព័ន្ធ​អាវុធ​អាមេរិក​នោះ​ជា​ប្រការ​ត្រឹម​ត្រូវ។​

លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ក៏​បាន​ចេញ​បញ្ជា​ឱ្យ​គ្រប់​អង្គភាព​ប្រដាប់​អាវុធ​ទាំង​អស់​ប្រមូល​អាវុធ​ និង​សម្ភារៈ​យោធា​ដែល​ផលិត​នៅ​សហ​រដ្ឋ​អាមេរិក​«យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​ ឬ​យក​ទៅ​កម្ទេច​ចោល​ តាម​ការ​ជាក់​ស្តែង»។ ​ លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ជា​ថ្មី​ម្តង​ទៀត​ ខ្ញុំ​សូម​អរគុណ​សហ​រដ្ឋ​អាមេរិក​ដែល​បាន​ជួយ​បញ្ជាក់​ថា​ ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​មិន​យល់​ព្រម​ទិញ​អាវុធ​ពី​អាមេរិក​ពិត​ជា​ត្រឹម​ត្រូវ​សម្រាប់​នយោបាយ​ការពារ​ជាតិ​របស់​កម្ពុជា​ ហើយ​វា​ក៏​ជា​សារ​ព្រមាន​មួយ​ប្រាប់​ទៅ​ខ្មែរ​ដែល​គ្រប់​គ្រង​រាជរដ្ឋា​ភិបាល​ជំនាន់​ក្រោយ​ ឱ្យ​បាន​ជ្រាប​ថា ​បើ​ចង់​មាន​ឯករាជ្យ​ភាព​លើ​វិស័យ​ការពារ​ជាតិ ​សូម​កុំ​ប្រើ​ប្រាស់​អាវុធ​របស់​អាមេរិក»។​

ក្នុង​កំណត់​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នោះ​ ​លោក ​ហ៊ុន សែន ​បាន​បង្ហោះ​អម​នូវ​រូប​ថត​ពីរ​សន្លឹក​ដែល​គេ​ឃើញ​រូប​លោក​ និង​អតីត​ប្រធានាធិបតី​អាមេរិក ​លោក ​ដូណាល់ ត្រាំ ​(Donald Trump)​ ចាប់​ដៃ​ និង​ជជែក​គ្នា​ដែល​ជា​រូប​ថត​ឯកសារ​តាំង​ពី​អំឡុង​រដូវ​កាល​ប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន ​កាល​ពី​ឆ្នាំ​២០១៧។​

នៅ​ពេល​អ្នក​សារ​ព័ត៌មាន​សួរ​អំពី​ប្រតិកម្ម​លោក ​ហ៊ុន សែន ​ទៅ​នឹង​បម្រាម​លក់​អាវុធ​នៃ​រដ្ឋការ​របស់​អាមេរិក​លោក ​Derek Chollet ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។​

កើត​ឡើង​ព្រមៗ​គ្នា​នៅ​ថ្ងៃ​ដដែល ​បណ្ដាញ​ឃោសនា​បំពង​សំឡេង​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ដូច​ជា​សារ​ព័ត៌មាន​ Fresh News​ ជា​ដើម ​បាន​ផ្សព្វ​ផ្សាយ​បទ​យក​ការណ៍​របស់​ខ្លួន​អំពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​ដោយសារ​គ្រាប់​មិន​ទាន់​ផ្ទុះ​ ដែល​សហ​រដ្ឋ​អាមេរិក​បាន​ទម្លាក់​ កាល​ពី​អំឡុង​សង្គ្រាម​វៀតណាម​នៅ​ចុង​ទស​វត្សរ៍​១៩៦០ ​និង​ដើម​ទសវត្សរ៍​ ១៩៧០។​

លោក ​Wang Wenbin ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ បាន​រិះគន់​ចំណាត់​ការ​របស់​សហ​រដ្ឋ​អាមេរិក​ និង​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។​

លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖​ «នា​ពេល​កន្លង​មក​នេះ ​ សហរដ្ឋ​អាមេរិក​ បន្ត​បំប៉ោង​និង​លាប​ពណ៌​ទៅ​លើ​ ការ​ដោះ​ប្ដូរ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​ប្រក្រតី​រវាង​ចិន​និង​កម្ពុជា ​ដោយ​គំរាម​កំហែង ​ដាក់​សម្ពាធ ​និង​ដាក់​ទណ្ឌ​កម្ម​កម្ពុជា។​ ការ​អនុវត្ត​ដែល​មាន​ចរិត​អុងអាត់​ និង​យាយី​ធ្វើ​បាប​ដែល​គេ​ដឹង​មក​ហើយ​នេះ ​បាន​ល្មើស​នឹង​ក្រម​ប្រតិបត្តិ​ជា​មូលដ្ឋាន​នៃ​អភិបាល​កិច្ច​ទំនាក់​ទំនង​អន្តរ​ជាតិ​ផង​ដែរ។​ ភាគី​ចិន ​ប្រឆាំង​ជា​ដាច់​ខាត​ចំពោះ​ទង្វើ​បែប​នេះ»។​

តប​នឹង​សំណួរ​ថា​ ភាព​តាន​តឹង​ជាមួយ​កម្ពុជា​អាច​នឹង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​អាមេរិក​ជាមួយ​អាស៊ាន​ដែល​កម្ពុជា​ជា​ប្រធាន​ប្តូរ​វេន​ចាប់ពី​ដើម​ឆ្នាំ​២០២២​ដែរ​ឬ​ទេ ​លោក ​Chollet ​បាន​ថ្លែង​ថា៖​

«អ្វី​ដែល​យើង​មាន​ការ​ខ្វល់​ខ្វាយ​ចិត្ត​នោះ​ត្រង់​ថា​ បញ្ហា​ដែល​យើង​យល់​ខុសគ្នា​ទាំង​អម្បាល​មាណ​នេះ​ អាច​ឈរ​រាំង​ស្កាត់​ផ្លូវ​មិន​ឱ្យ​រដ្ឋ​យើង​ទាំងពីរ​អាច​ឈាន​ទៅ​ដល់​សក្ដានុពល​ពេញ​លេញ​ដែល​អាច​សម្រេច​បាន​ក្នុង​នាម​ជា​ដៃ​គូ។​ ក្នុង​ស្មារតី​នេះដែរ​ យើង​កំពុង​ប្រាស្រ័យ​ជជែក​ទាក់​ទង​គ្នា​ដូច​ដែល​ខ្ញុំ​ត្រូវ​មក​ទី​នេះ ​គឺ​ដើម្បី​ជជែក​ដោយ​ចំហអំពី​ផ្នែក​ដែល​យើង​មិន​ឯក​ភាព​គ្នា ​ហើយ​កាន់​តែ​សំខាន់​ផង​ដែរ​នោះ ​គឺ​រក្សា​ការ​ផ្ដោត​ទៅ​លើ​អនាគត​ និង​វិស័យ​ផ្សេង​ទៀត​ដែល​យើង​ឯក​ភាព​គ្នា​ ហើយ​ព្យាយាម​ធ្វើ​ការ​ជាមួយ​គ្នា»។​

បេសក​ទូត​រូប​នេះ ​បន្ត​ដោយ​កោត​សរសើរ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បង្ហាញ​ប្រាប់​លោកនូវ​គម្រោង​«ប្រកប​ដោយ​មហិច្ឆិតា»​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២។ ​លោក​បាន​បញ្ជាក់​ថា​ អាមេរិក​ចង់​ឱ្យ​គម្រោង​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ទទួល​ជោគ​ជ័យ។​

«តំណែង​ប្រធាន​អាស៊ាន​មាន​ភ្ជាប់​នូវ​ការ​ទទួល​ខុស​ត្រូវ។ ​នៅ​ពេល​ដែល​អាស៊ាន​កាន់​តែ​ជោគ​ជ័យ ​របារ​ពិដាន​នៃ​ការ​ទទួល​ខុស​ត្រូវ​ទាំង​នោះ​ ក៏​កាន់​តែ​ខ្ពស់​ផង​ដែរ»។

លោក Derek Chollet ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក ក្នុង​អំឡុង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ ក្រសួងការបរទេសកម្ពុជា)
លោក Derek Chollet ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក ក្នុង​អំឡុង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ ក្រសួងការបរទេសកម្ពុជា)

​អំឡុង​ពេល​បំពេញ​ទស្សន​កិច្ច​នៅ​ភ្នំពេញ​ លោក​ Chollet ​បាន​ជួប​លោក ​បា្រក់ សុខុន​ រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ និង​លោក កៅ គឹមហួន ​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​បេក្ខភាព​អគ្គលេខាធិការ​អាស៊ាន​ពី​ចុង​ឆ្នាំ​២០២២​ទៅ​របស់​កម្ពុជា​ផង​ដែរ។​

លោក ​ហ៊ុន សែន ​ទើប​នឹង​បាន​បោះ​ដៃ​ប្រាស្រ័យ​ទាក់ទង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​កាល​ពី​ដើម​ខែកុម្ភៈ​ និង​ទើប​ត្រូវ​បាន​គេ​រាំង​ស្កាត់​មិន​ឱ្យ​ចូល​ប្រជុំ​អន្តរជាតិ​នានា​ក្នុង​ពេល​ថ្មីៗ​នេះ។​

លោក​ Derek Chollet ​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក​មិន​ជំទាស់​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​របប​សឹក​ភូមា​នោះ​ទេ ហើយ​ដើម្បី​ការ​ប្រាស្រ័យ​ទាក់​ទង​នេះ​ហើយ ​ទើប​សហ​រដ្ឋ​អាមេរិក​ នៅ​បន្ត​វត្តមាន​ស្ថានទូត​អាមេរិក​ក្នុង​ប្រទេស​ភូមា​មក​ទល់​បច្ចុប្បន្ន។​

«តែ​ការ​ប្រា​ស្រ័យ​ទាក់​ទង​ត្រូវ​តែ​មាន​វត្ថុ​បំណង​ជាក់​ច្បាស់ ​ដែល​មិន​ធ្វើ​ឡើង​ដោយ​ទទេ​ គ្មាន​បាន​អ្វី​ត្រឡប់​មក​វិញ​នោះ​ទេ ​ ហើយ​យើង​ចង់​ឃើញ​ការ​ចម្រើន​ឡើង​ក្នុង​ស្ថាន​ការណ៍​ជាក់​ស្ដែង ​…ម៉្លោះ​ហើយ​យើង​រំពឹង​ថា​ រាល់​ការ​ប្រាស្រ័យ​ទាក់​ទង​ធ្វើការ​នានា​នៅ​ពេល​ខាង​មុខ​ វា​ត្រូវ​តែ​នាំ​ត្រឡប់​នូវ​លទ្ធ​ផល។ ​ហើយ​រំពឹង​ថា​ វា​មិន​មែន​ជា​អ្វី​ដែល​គ្រាន់​តែ​ធ្វើ​សម្បទាន​ដល់​របប​សឹក​ឡើយ»។​

លោក ​Derek Chollet ​នឹង​បន្ត​ទស្សន​កិច្ច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​បន្ទាប់​ពី​ចាក​ចេញ​ពី​កម្ពុជា។ ​ថ្នាក់​លើ​របស់​លោក​ គឺ​រដ្ឋមន្ត្រី​ការ​បរទេស ​លោក​ Antony Blinken ​ក៏​គ្រោង​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី ​និង​ថៃ​ផង​ដែរ នៅ​សប្ដាហ៍​ក្រោយ​នេះ៕

XS
SM
MD
LG