ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាល​ក្រម​ប្រវត្តិ​សាស្ត្រ​សម្រាប់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ខែ្មរ​សញ្ជាតិ​បារាំង​៣​រូប


តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម បាន​កាត់ទោស​​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា​ និង​ខៀវ សំផន ​​ឲ្យ​ជាប់គុក​អស់មួយ​ជីវិត​នៅ​ថ្ងៃព្រហស្បតិ៍​ ទី០៧ ខែសីហា ឆ្នាំ២០១៤​នេះ។
តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម បាន​កាត់ទោស​​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា​ និង​ខៀវ សំផន ​​ឲ្យ​ជាប់គុក​អស់មួយ​ជីវិត​នៅ​ថ្ងៃព្រហស្បតិ៍​ ទី០៧ ខែសីហា ឆ្នាំ២០១៤​នេះ។

កាលពី​ថ្ងៃទី១៦ ​ខែ​តុលា ​ឆ្នាំ២០១៤​នេះ ​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស​ (FIDH) ​ដែល​មាន​ទី​ស្នាក់​ការ​នៅ​ទីក្រុង​ប៉ារីស​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​អំពី​ខ្សែ​ភាពយន្ត​ឯកសារ​រយៈពេល​៣០នាទី​អំពី​ស្ត្រី​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​៣រូប​ដែល​បាន​ទៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ចូលរួម​ស្តាប់​សាលក្រម​របស់​សាលាក្តី​ខ្មែរក្រហម​លើ​ជន​ជាប់​ចោទ ខៀវ សំផន ​និង​ នួន ជា។

ចាប់​តាំង​ពី​ឆ្នាំ២០០៨​មក​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស​បាន​ជួយ​ជន​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​ចំនួន​១០នាក់ ​ដែល​រស់​នៅ​ប្រទេស​បារាំង ​ឲ្យ​ក្លាយ​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ក្នុង​សំណុំ​រឿង​០០២​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ មាន​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ចំនួន​៣.៨៦៩​នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ក្នុង​សំណុំ​រឿង​០០២​នេះ។

នៅ​ថ្ងៃទី១៦ ខែ​តុលា​នេះ ​ខ្សែ​ភាពយន្ត​ឯកសារ​របស់ ​(FIDH) ​ដែល​មាន​ចំណង​ជើង​ថា ​ប្រវត្តិសាស្ត្រ​នៃ​សាលក្រម​អំពី​សំណុំ​រឿង​០០២ ​បាន​បង្ហាញ​ពី​ប្រវត្តិ​ជីវិត​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម ​និង​ប្រតិកម្ម​របស់​ស្រ្តី​ខ្មែរ​សញ្ជាតិ​បារាំង​ចំនួន៣​រូប ​ចំពោះ​សាលក្រម​របស់​សាលាក្តី​ខ្មែរក្រហម​កាត់​ទោស​ជន​ជាប់​ចោទ ខៀវ សំផន ​និង​ នួន ជា ​សម្រាប់​វគ្គទី១​នៃ​សំណុំ​រឿង​០០២ ​សម្រាប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

នៅ​ថ្ងៃ​ទី៧ ខែ​សីហា ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ខ្មែរ​សញ្ជាតិ​បារាំង​៣នាក់​នេះ​បាន​ចូលរួម​សា្តប់​សាលក្រម​របស់​សាលាក្តី​ខ្មែរក្រហម​កាត់​ទោស​ជន​ជាប់​ចោទ ខៀវ សំផន ​និង​ នួន ជា ​ឲ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត។

ដើម​បណ្តឹង​រដ្ឋប្ប​វេណី ​រស់ ជួនស៊ីអ៊ី ​បាន​និយាយ​ថា​ ប្តី​របស់​គាត់​ត្រូវបាន​ខ្មែរ​ក្រហម​ចាប់​ខ្លួន ​និង​យក​ទៅ​សម្លាប់​នៅ​គុក​ទួលស្លែង។ នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា ​គាត់​បាន​ទៅ​សារមន្ទីរ​ទួលស្លែង ដើម្បី​ទៅ​មើល​រូបថត​ប្តី​គាត់។

«ខ្ញុំ​បន់​ឲ្យ​គាត់​ហើយ ​អត់​អី​ទេ។ គាត់​ទៅ​ដោយ​សុខ​សប្បាយ។ គាត់​ទៅ​កាន់​សុគតិភព ​ហើយ​គាត់​ទៅ​ចាប់​ជាតិ ​ព្រោះ​គាត់​ជា​មនុស្ស​ល្អ ​ជា​មនុស្ស​សុច្ចរិត»។

ដើម​បណ្តឹង​រដ្ឋប្ប​វេណី ​អ៊ូ នាងមួង សុខុន ​យល់​ថា ​ថ្វីបើ​យុត្តិធម៌​ទទួល​បាន​ពី​សាលាក្តី​ខ្មែរ​ក្រហម​មិន​អាច​ផ្សះផ្សា​បញ្ហា​ផ្លូវ​ចិត្ត​របស់​គាត់​បាន​ក៏​ដោយ ​ក៏​គាត់​ពិតជា​ត្រេកអរ​ចំពោះ​សាល​ក្រម​នេះ។

«ខ្ញុំ​មាន​អារម្មណ៍​ហាក់​បី​ជា ​ខ្ញុំ​មាន​ជំងឺ​មហារីក ​ហើយ​បាន​ជា​សះ​ស្បើយ​ដោយ​ថ្នាំ​ដូលីប្រាំង​ពីរ​បី​គ្រាប់​អញ្ចឹង»។

ចំណែក​ដើម​បណ្តឹង​រដ្ឋប្ប​វេណី ​តូច ផាន់ដារ៉ាសរ ​បាន​ផ្តល់​កសិណ​សាក្សី​ចំពោះ​មុខ​ជន​ជាប់​ចោទ​នៅ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។ នៅ​ថ្ងៃ​ចេញ​ប្រកាស​សាល​ក្រម ​គាត់​បាន​ព្រួយ​បារម្ភ​ពី​ទម្ងន់​ទោស ដែល​ចៅក្រម​សាលាក្តី​ខ្មែរក្រហម​នឹង​សម្រេច។ ប៉ុន្តែ​គាត់​រីករាយ​ស្វាគមន៍​យ៉ាង​ខ្លាំង​ចំពោះ​សាលក្រម​កាត់​ទោស ខៀវ សំផន ​និង​ នួន ជា ​ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត។

«ពេល​នេះ ​ខ្ញុំ​បាន​ស្ងប់​ចិត្ត​ហើយ​ និង​សប្បាយ​ចិត្ត​ ពី​ព្រោះ​ខ្ញុំ​បាន​ឧទ្ទិស​ដល់​ឪពុក​ម្តាយ​ខ្ញុំ​ដែល​ជា​ជន​រងគ្រោះ​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​ធ្វើអ្វី​មួយ​សម្រាប់​គាត់»។

ក្នុង​ចំណោម​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ចំនួន​៣.៨៦៩នាក់​ក្នុង​សំណុំ​រឿង​០០២​នេះ ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ដែល​រស់នៅ​បរទេស​មាន​ចំនួន​តិច​តួច​ណាស់។ យ៉ាង​ណា​មិញ ​ខ្សែ​ភាពយន្ត​ឯកសារ​ស្តី​អំពី​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ខ្មែរ​សញ្ជាតិ​បារាំង​ទាំង​បី​រូប​នេះ ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​ការ​ចូល​រួម​ក្នុង​ដំណើរការ​កាត់​ទោស​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បាន​ជួយ​សម្រួល​ដល់​ដំណើរការ​យុត្តិធម៌ ​និង​ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត​របស់​ជន​រងគ្រោះ​មួយ​កម្រិត​ដែរ៕

XS
SM
MD
LG