ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​នាក់​នឹង​ត្រូវគេ​កាត់ទោស​លើ​បទ​ឧក្រិដ្ឋ​បន្ត​ទៀត​នៅ​សប្តាហ៍​នេះ


នួន ជា (ស្តាំ) ​ខៀវ សំផន (ឆ្វេង) ជាជន​ជាប់ចោទ​ដ៏មាន​សារៈសំខាន់​​នៅក្នុង​សំណុំរឿង​​ ០០២​។
នួន ជា (ស្តាំ) ​ខៀវ សំផន (ឆ្វេង) ជាជន​ជាប់ចោទ​ដ៏មាន​សារៈសំខាន់​​នៅក្នុង​សំណុំរឿង​​ ០០២​។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​នឹង​ចាប់ផ្តើម​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​នាក់​ក្នុង​សំណុំ​រឿង​០០២ ​វគ្គទី​២​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៧​ ខែតុលា​ខាង​មុខ​ ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​កម្ម​សំខាន់ៗ​ក្នុង​ទស​វត្សរ៍​១៩៧០​ ដែល​មាន​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧​សែន​នាក់​ស្លាប់។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​នៅ​ថ្ងៃនេះ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​បើក​សវនាការ​ដំបូង ​ជនជាប់​ចោទ​ដែល​មាន​វ័យ​ជាង​៨០​ឆ្នាំ​ពីរនាក់​គឺ​នួន ជា​ បងធំ​ ទី​២ ​និង​ខៀវ សំផន ​ប្រមុខ​រដ្ឋ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​សក្ខី​កម្ម​ជា​សង្ខេប​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជ​អាជ្ញា។

សាក្សី​ទី១​នឹង​ត្រូវ​គេ​អនុញ្ញាតឲ្យ​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​ទី​២០ ខែតុលា ​ឆ្នាំ​២០១៤​ ហើយ​អង្គហេតុ​ក្នុង​សវនាការ​សំណុំ​រឿង​នេះ​គឺ​ទាក់ទង​នឹង​សហករណ៍​ត្រាំកក់ ​ការ​សម្លាប់​ ការ​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​ពុទ្ធ​សាសនិក​ជន​ ហើយ​នឹង​ការ​សម្លាប់​ក្នុង​មន្ទីរ​សន្តិសុខ ​«ក្រាំងតាចាន់» ​ផង​ដែរ។​

សំណុំ​រឿង​០០២ ​វគ្គទី​២ គឺ​មាន​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម​ និង​វៀតណាម ​មាន​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ផង​ដែរ​ ដែល​អំពើ​ទាំង​នេះ​ត្រូវ​ក្រុម​ខ្មែរក្រហម​ប្រព្រឹត្ត​នៅ​ក្នុង​ទីតាំង​នៃ​តំបន់​និង​ខេត្ត​មួយ​ចំនួន​ ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

ការ​ចាប់​ផ្តើម​កាត់​ទោស​នេះ​នឹង​ត្រូវ​គេ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​ Live Stream ​លើ​គេហ​ទំព័រ​របស់​សាលាក្តី​ផង​ដែរ៕

XS
SM
MD
LG