ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Rubio​ ទន្ទឹង​រង់​ចាំ​តួនាទី​សំខាន់​នៅ​ក្នុង​សមាជ​បក្ស


រូបឯកសារ៖ លោក​ Marco Rubio កាល​ពី​ពេល​ធ្វើ​យុទ្ធនា​ការ​ស្វែង​រក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានា​ធិបតី​គណបក្ស​សាធារណរដ្ឋ កាល​ពី​ពេល​​កន្លង​មក។
រូបឯកសារ៖ លោក​ Marco Rubio កាល​ពី​ពេល​ធ្វើ​យុទ្ធនា​ការ​ស្វែង​រក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានា​ធិបតី​គណបក្ស​សាធារណរដ្ឋ កាល​ពី​ពេល​​កន្លង​មក។

លោក ​Marco Rubio​ សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ Florida ​បាន​បញ្ឈប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​សម្រាប់​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ នៅ​ពេល​ដែល​លោក​បាន​ចាញ់​យ៉ាង​ខ្លាំង​កាល​ពី​២​សប្តាហ៍​នៅ​ក្នុង​រដ្ឋ​របស់​លោក ទៅ​លើមហាសេដ្ឋី​ចលនទ្រព្យ ​Donald Trump​ ដែល​ជា​អ្នកនាំ​មុខ​គេ​នៅ​ក្នុង​គណបក្ស។ ក៏​ប៉ុន្តែ​ឥឡូវ​នេះ ​លោក ​Rubio​ កំពុង​តែ​ព្យាយាម​យក​ឈ្នះ​លោក ​Trump​ វិញ​ ដោយ​រក្សា​ទុក​នូវ​ប្រតិភូ​ដែល​លោក​ទទួល​បាន​នៅ​ក្នុង​រដ្ឋ​ដទៃ​ទៀតរហូត​ដល់​សមាជ​បក្ស​ថ្នាក់​ជាតិ។

មុន​ពេល​បោះបង់​ចោល​ការប្រជែងយក​បេក្ខភាព​ប្រធានា​ធិបតី​នេះ ​លោក​ Rubio​ បាន​ឈ្នះ​ប្រតិភូ​ចំនួន​១៧១​មុន​នឹង​ឈាន​ដល់សមាជ​បក្ស​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ នៅ​ក្នុង​សមាជបក្ស​ សមាជិក​គណបក្ស​សាធារណរដ្ឋ​នឹង​ជ្រើសតាំង​បេក្ខជន​របស់​ខ្លួន​ម្នាក់​ដើម្បី​ប្រកួត​ប្រជែង​នឹង​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា។ ​

លោក ​Trump ​បាន​ឈ្នះប្រហែល​៦០​ភាគរយ​នៃ​ប្រតិភូ​សរុប​ចំនួន​១២៣៧ ដែលលោក​ត្រូវ​ការដើម្បី​ទទួល​បាន​ការតែងតាំង ប៉ុន្តែ​វា​នៅ​តែ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ថា​តើ​លោក​អាច​ឈ្នះ​បាន​ប្រតិភូ​គ្រប់គ្រាន់​នៅ​ក្នុង​ការបោះឆ្នោត​បឋម​និង​ការបោះឆ្នោត​ caucuses ​នៅ​តាម​រដ្ឋ​នីមួយៗ​ ដើម្បី​ទទួល​បាន​ការគាំទ្រ​ភាគច្រើន​នៅ​មុនពេលការបោះឆ្នោត​ថ្នាក់​ជាតិចាប់​ផ្តើម​ឬ​យ៉ាង​ណា​នោះ​ទេ។

​នៅ​ក្នុង​ការ​បោះឆ្នោត​សមាជបក្ស​លើក​ដំបូង​បង្អស់​ គេ​តម្រូវ​ឲ្យ​ប្រតិភូ​ភាគច្រើន​បោះឆ្នោត​ឲ្យ​បេក្ខជន​ដោយ​អាស្រ័យ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋ​នីមួយៗ។ ប៉ុន្តែ​គេ​នឹង​អនុញ្ញាត​ឲ្យ​ប្រតិភូ​ស្ទើរ​តែ​ទាំងអស់​បោះឆ្នោត​ជា​លើក​ទី​២​ឬ​បន្តបន្ទាប់​បាន ប្រសិន​បើ​គ្មាន​បេក្ខជន​ណា​ម្នាក់​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​នៅ​ក្នុង​ការបោះឆ្នោត​ជុំ​ទី​១ទេ​នោះ៕

XS
SM
MD
LG