ការស្ទង់មតិខាងនយោបាយក្នុងស.រ.អា.បង្ហាញថា បេក្ខជននាំមុខគេពីរនាក់នៅក្នុងការប្រកួតប្រជែងដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អា.គឺលោក Donald Trump ខាងគណបក្សសាធារណរដ្ឋនិងលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យជិតទទួលជ័យជំនះនៅថ្ងៃអង្គារ ដើម្បីត្រូវតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សរបស់អស់លោកនៅពេលដែលក្រុមអ្នកបោះឆ្នោតទៅកាន់ស្ថានីយបោះឆ្នោត ដើម្បីបោះឆ្នោតនៅក្នុងការប្រកួតប្រជែងតែងតាំងបេក្ខជនក្នុងរដ្ឋ៥ទៀត។
កាលពីថ្ងៃច័ន្ទ ការស្ទង់មតិពីរបានបង្ហាញថា លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យមានប្រាក់រាប់ពាន់លានដុល្លារ ដែលមិនដែលកាន់តំណែងតាមរយៈការជាប់ឆ្នោតសោះ បាននាំមុខគេនៅក្នុងការប្រកួតប្រជែងក្នុងរដ្ឋ Florida នាប៉ែកអាគ្នេយ៍ស.រ.អា.។
លោកឈ្នះយ៉ាងងាយលើអ្នកប្រជែងកៀកបំផុតរបស់លោក គឺលោក Marco Rubio សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Florida ហើយលោកនាំមុខច្រើនលើសលោក Ted Cruz សមាជិកព្រឹទ្ធសភាស.រ.អស.ប្រចាំរដ្ឋ Texas និងលោកអភិបាលរដ្ឋ Ohio Jogn Kasich។
ការស្ទង់មតិមួយដោយសាកលវិទ្យាល័យ Quinnipiac បានបង្ហាញថាក្រុមអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋគាំទ្រលោក Trump ៤៦ភាគរយហើយគាំទ្រលោក Rubio ២២ភាគរយ។
ចំណែកឯការស្ទង់មតិដោយសាកលវិទ្យាល័យ Monmouth បង្ហាញថាលោក Trump មានការគាំទ្រ៤៤ភាគរយហើយលោក Rubio មានការគាំទ្រ២៧ភាគរយ។
ការបោះឆ្នោតបឋមនៅក្នុងរដ្ឋ Florida ដែលអ្នកឈ្នះយកទាំងអស់ជារង្វាន់ធំបំផុតនៅក្នុងការបោះឆ្នោតនៅថ្ងៃអង្គារនេះនៃគណបក្សសាធារណរដ្ឋដោយអ្នកដែលមានជ័យជំនះប្រមូលយកប្រតិភូ៩៩នាក់ទៅកាន់មហាសន្និបាតជាតិរបស់គណបក្សនេះ ដើម្បីតែងតាំងបេក្ខជនរបស់គណបក្សនៅក្នុងខែកក្កដា។
ការស្ទង់មតិបង្ហាញថាលោក Trump នាំមុខបន្តិចនៅក្នុងរដ្ឋ North Carolina, Missouri និងរដ្ឋ Illinois ដោយមានលោក Cruz ជាអ្នកប្រជែងកៀកបំផុតរបស់លោកនៅក្នុងរដ្ឋទាំងនេះ ដែលនៅទីនោះក្រុមប្រតិភូទៅកាន់មហាសន្និបាតជាតិនឹងត្រូវបែងចែកតាមចំនួនសន្លឹកឆ្នោតដែលត្រូវរាប់។
លោក Trump មានការប្រកួតប្រជែងប្រកិតៗមួយទៀតនៅក្នុងការប្រជែងមួយទៀត ដែលអ្នកឈ្នះយកទាំងអស់ជាមួយលោក John Kasich ក្នុងរដ្ឋ Ohio ដែលជារដ្ឋមួយក្នុងតំបន់ពាក់កណ្តាលខាងលិចនៃប្រទេសអាមេរិកដែលលោកជាអភិបាលរដ្ឋ។
លោកស្រី Hillary Clinton ដែលជារដ្ឋមន្ត្រីការបរទេសស.រ.អា.ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣បានធ្វើការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Illinois នាប៉ែកកណ្តាលខាងលិចស.រ.អា.។ លោកស្រីបានមានប្រសាសន៍ប្រាប់ក្រុមអ្នកបោះឆ្នោតដែលអបអរសាទរទទួលលោកស្រីនៅក្នុងក្រុង Chicago ថា «ខ្ញុំនឹងប្រយុទ្ធដើម្បីប្រជារាស្ត្រជាអ្នកធ្វើការងារ។ ខ្ញុំនឹងប្រយុទ្ធដើម្បីការងារល្អៗ»។
លោកស្រី Clinton នាំមុខដាច់ណាត់នៅក្នុងការប្រកួតប្រជែងដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យដោយលោកស្រីនឹងមានជ័យជំនះលើលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Vermont ដែលជាគូប្រជែងតែម្នាក់គត់របស់លោកស្រី។
លោក Sanders ដែលជាអ្នកសង្គមនិយមប្រជាធិបតេយ្យផ្តោតការយកចិត្តទុកដាក់នៅក្នុងការឃោសនាបោះឆ្នោតរបស់លោកលើកំណើនភាពមិនស្មើគ្នានៃប្រាក់ចំណូលនិងឥទ្ធិពលរបស់ក្រុមអ្នកមានអំណាចនៅ Wall Street៕