ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​សម្ងាត់​អាមេរិក​ដែល​បញ្ចេញ​ជា​ផ្លូវការ​ផ្ដល់​ចម្លើយ​មួយ​ចំនួន​តូច​អំពី​ប្រភព​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ម្ជុល​វ៉ាក់សាំង​ត្រូវបានរៀបច​នៅ​មន្ទីរសុខភាពមជ្ឈមណ្ឌល​ធនធាន​សហគមន៍​របស់​ផែន​ការ​សុខាភិបាល​រដ្ឋ​ California កាលពីថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ ម្ជុល​វ៉ាក់សាំង​ត្រូវបានរៀបច​នៅ​មន្ទីរសុខភាពមជ្ឈមណ្ឌល​ធនធាន​សហគមន៍​របស់​ផែន​ការ​សុខាភិបាល​រដ្ឋ​ California កាលពីថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០២២។

ព័ត៌មាន​សម្ងាត់​ថ្មី​ដែល​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវការ​ពាក់ព័ន្ធ​នឹង​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ១៩ ហាក់​ដូច​ជា បង្ក​ឱ្យ​មាន​មន្ទិល​សង្ស័យ​លើ​គំនិត​ដែល​ថា ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក បាន​ចាប់ផ្តើម​នៅ​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន។

របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នានា​របស់​សហរដ្ឋ​អាមេរិក​និង​បាន​ចែក​រំលែក​ជាមួយ​សមាជិក​សភា​អាមេរិក បាន​លើកឡើង​ថា បើ​ទោះបីជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​វិធានការ​ផ្នែក​សុវត្ថិភាព​ជីវៈ​នៅ​វិទ្យាសា្ថន​វីរុស​សាស្ត្រ​ទីក្រុង Wuhan (Wuhan Institute of Virology) និង​បើ​ទោះបីជា​វិទ្យាស្ថាន​នេះ​មាន​ប្រវត្តិ​សិក្សា​ស្រាវជ្រាវ​លើ​វីរុស​កូរ៉ូណា​ក៏ដោយ ក៏​មិនមាន​ព័ត៌មាន​សម្ងាត់​ណា​មួយ​បង្ហាញ​ថា​ជំងឺ​កូវីដ១៩ មាន​វត្តមាន​នៅ​មន្ទីរ​ពិសោធន៍​នេះ​មុន​ពេល​មាន​ការ​រាតត្បាត​នោះ​ឡើយ។

របាយការណ៍​របស់​ការិយាល័យ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ (ODNI) របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​រៀបរាប់​ថា៖ «យើង​បន្ត​រក​ឃើញ​ថា គ្មាន​ភ័ស្តុតាង​ណា​មួយ​បង្ហាញ​ថា សំណាក​ស្រាវជា្រវ​នៅ​វិទ្យាស្ថាន​វីរុស​សាស្ត្រ​ទីក្រុង Wuhan មុន​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ មាន​វីរុស​ប្រភេទ SARS-CoV-2 ឬ​វីរុស​ប្រភេទ​ស្រដៀង​គ្នា​នេះ​នោះ​ទេ ឬ​ក៏​គ្មាន​ភ័ស្តុតាង​ផ្ទាល់​ណា​មួយ​បង្ហាញ​ថា​មាន​ឧប្បត្តិហេតុ​ពាក់ព័ន្ធ​នឹង​ការ​ស្រាវជ្រាវ​ណា​មួយ​បាន​កើត​ឡើង​ដែល​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​បុគ្គលិក​នៅ​វិទ្យាស្ថាន​វីរុស​សាស្រ្ត​ទីក្រុង Wuhan មុន​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ នោះ​ឡើយ»។

របាយការណ៍​ខាង​លើ​បាន​បញ្ជាក់​បន្ថែម​ថា ភ័ស្តុតាង​ដែល​មាន​បាន​បង្ហាញ​ថា មន្ទីរ​ពិសោធន៍​នេះ​មិន​ទទួល​បាន​សំណាក​វីរុស​កូវីដ១៩ រហូត​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៩ «នៅ​ពេល​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វីរុស​សាស្ត្រ​ទីក្រុង Wuhan បាន​បំបែក​ចេញ​និង​កំណត់​ឃើញ​វីរុស​នេះ​ពី​សំណាក​របស់​អ្នក​ជំងឺ​ដែល​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​ជំងឺ​រលាក​សួត​ពី​កត្តា​បង្ក​ដែល​គេ​មិន​ស្គាល់»។

ព័ត៌មាន​សម្ងាត់​ដែល​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវការ​នេះ​ក៏​ហាក់​ដូចជា​ច្រានចោល​នូវ​ក្ដី​បារម្ភ​ដែល​ថា អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ចំណោម​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​តូច​នៅ​មន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន​វីរុស​សាស្ត្រ​ទីក្រុង Wuhan នេះ ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ អាច​ជា​អ្នក​ជំងឺ​កូវីដ១៩ ដំបូង​គេ​បង្អស់​នោះ។

របាយការណ៍​របស់​ការិយាល័យ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិក​នេះ​បាន​លើកឡើង​ថា៖ «ព័ត៌មាន​នេះ​មិន​បាន​គាំទ្រ​ឬ​ច្រានចោល​សម្មតិកម្ម​អំពី​ប្រភព​ដើម​របស់​ជំងឺ​កូវីដ១៩ នោះ​ទេ។ រោគសញ្ញា​របស់​អ្នក​ស្រាវជ្រាវ​នោះ​ប្រហែល​ជា​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជំងឺ​មួយ​ចំនួន ហើយ​រោគសញ្ញា​ខ្លះ​ក៏​មិន​ដូច​ទៅ​នឹង​រោគសញ្ញា​របស់​ជំងឺ​កូវីដ១៩ ដែរ»។

ប៉ុន្តែ​បើ​ទោះបីជា​មិន​មាន​ភ័ស្តុតាង​ដើម្បី​គាំទ្រ​គំនិត​ដែល​ថា​ជំងឺ​កូវីដ១៩ កើត​ចេញ​ពី​មន្ទីរ​ពិសោធន៍​នៅ​ទីក្រុង Wuhan នេះ​ក៏ដោយ ក៏​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​មាន​ការ​យល់​ឃើញ​ណា​មួយ​ក្នុង​ចំណោម​ការ​យល់​ឃើញ​ដែល​ថា​វីរុស​កូវីដ១៩ អាច​ឆ្លង​តាម​បែប​ធម្មជាតិ​ពី​សត្វ​និង​ការ​យល់​ឃើញ​ដែល​ថា​វីរុស​នេះ​បាន​កើតឡើង​ដោយសារ​ឧប្បត្តិហេតុ​នៅ​មន្ទីរ​ពិសោធន៍ អាច​ត្រូវ​បាន​ចាត់ទុក​ថា​ត្រឹមត្រូវ​នោះ​ទេ។

របាយការណ៍​នេះ​បាន​បន្ត​ថា៖ «គ្រប់​ទីភ្នាក់ងារ [ស៊ើបការណ៍​សម្ងាត់​អាមេរិក] ទាំង​អស់​បន្ត​វាយតម្លៃ​ថា ការ​អះអាង​អំពី​ប្រភព​ដើម​នៃ​វីរុស​កូវីដ១៩ ទាំង​ថា​មាន​ប្រភព​ចេញ​ពី​សត្វ ឬ​ពាក់ព័ន្ធ​នឹង​មន្ទីរ​ពិសោធន៍ គឺ​នៅតែ​មាន​លក្ខណៈ​ទំនង​ដើម្បី​ពន្យល់​អំពី​ការ​ឆ្លង​ទៅ​កាន់​មនុស្ស​ដំបូង»។

របាយការណ៍​នេះ​បាន​បន្ថែម​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស្ទើរតែ​ទាំង​អស់​បាន​វាយតម្លៃ​ថា វីរុស​នេះ «មិន​មែន​ត្រូវ​បាន​បង្កើត​ឡើង​ពី​ហ្សែន​នោះ​ទេ» ខណៈ​កត់សម្គាល់​ថា បើ​ទោះបីជា «ទីភ្នាក់ងារ​ភាគ​ច្រើន​វាយតម្លៃ​ថា វីរុស SAR-CoV-2 មិន​មែន​កែច្នៃ​មកពី​មន្ទីរ​ពិសោធន៍​ក៏ដោយ ក៏​ទីភ្នាក់ងារ​ខ្លះ​នៅតែ​មិន​អាច​ធ្វើ​ការ​កំណត់​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ដដែល»។

ទាក់ទិន​នឹង​ថា​តើ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នេះ​ចាប់ផ្ដើម​យ៉ាង​ដូចម្ដេច​នោះ គេ​ឃើញ​ថា​មិន​សូវ​មាន​ការ​យល់​ស្រប​គ្នា​ប៉ុន្មាន​នោះ​ទេ។

ក្រុមប្រឹក្សា​ស៊ើបការណ៍​សម្ងាត់​ជាតិ​និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចំនួន ៤ ផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិក​បាន​បន្ត​វាយតម្លៃ​ថា អ្នក​ជំងឺ​ដំបូង​គេ​បង្អស់​ដែល​បាន​ឆ្លង​វីរុស SAR-CoV-2 គឺ​ដោយសារ​តែ​បាន​ប៉ះពាល់​នឹង​សត្វ​ដែល​មាន​វីរុស​នេះ។


ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ថា ការ​វិភាគ​របស់​ខ្លួន​បាន​វាយតម្លៃ​ដោយ​មាន «ជំនឿ​ទុក​ចិត្ត​មធ្យម» ថា ជំងឺ​កូវីដ១៩ បាន​កើត​ចេញ​ពី​មន្ទីរ​ពិសោធន៍​នៅ​ទីក្រុង Wuhan ប្រទេស​ចិន។

អ្នក​វិភាគ​ផ្នែក​ព័ត៌មាន​សម្ងាត់​ប្រចាំ​ក្រសួង​ថាមពល​អាមេរិក​បាន​សន្និដ្ឋាន​ថា បើ​ទោះបីជា​មាន​ «ជំនឿ​ជឿជាក់​ទាប» ក៏ដោយ ក៏​ខ្លួន​គិត​ថា​វីរុស​នេះ​បាន​រីក​រាតត្បាត​ដោយសារតែ​ការ​ថ្លោះធ្លោយ​នៅ​មន្ទីរ​ពិសោធន៍​នៅ​វិទ្យាស្ថាន​វីរុស​សាស្រ្ត​ទីក្រុង Wuhan។


ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចំនួន ២ ទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ (CIA) ផង​ដែរ មិន​អាច​កំណត់​ឱ្យ​បាន​ជាក់​ច្បាស់​អំពី​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ១៩ នេះ​ទេ។

ការ​បញ្ចេញ​ជា​ផ្លូវការ​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​នូវ​ព័ត៌មាន​សម្ងាត់​ពាក់ព័ន្ធ​នឹង​ប្រភព​វីរុស​កូវីដ១៩ នេះ​បាន​ធ្វើ​ឡើង ៣ ខែ​ក្រោយ​មក បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​ដែល​បញ្ជា​ឱ្យ​ទីភ្នាក់ងារ​នានា​បញ្ចេញ​ជា​ផ្លូវការ​នូវ​ព័ត៌មាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​អំពី​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ១៩។

ប៉ុន្តែ នៅ​ក្នុង​បែបផែន​ខ្លះ ព័ត៌មាន​សម្ងាត់​ដែល​ទើប​នឹង​បញ្ចេញ​ជា​ផ្លូវការ​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ការ​ប្រែប្រួល​តិចតួច​ពី​ការ​វាយតម្លៃ​លើ​ព័ត៌មាន​សម្ងាត់​កាលពី​លើក​ដំបូង​ដែល​ត្រូវ​បាន​ចែក​រំលែក​កាលពី​ឆ្នាំ ២០២០ នៅ​ពេល​ដែល​ទីភ្នាក់ងារ​អាមេរិក​នានា​បាន​បញ្ជាក់​ថា ព័ត៌មាន​របស់​ពួកគេ​គាំទ្រ «ការ​យល់ស្រប​លក្ខណៈ​វិទ្យាសាស្រ្ត​ដ៏​ទូលំទូលាយ​ដែល​ថា វីរុស​កូវីដ១៩ មិន​មែន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស ឬ​កែច្នៃ​ពី​ហ្សែន​នោះ​ទេ» ប៉ុន្តែ​ថា កិច្ចការ​បន្ថែម​ទៀត​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​កំណត់​អំពី​របៀប​ដែល​ការ​ឆ្លង​ដំបូង​នៃ​វីរុស​នេះ​បាន​កើតឡើង។

ចាប់​តាំងពី​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​អំពី​ស្ថានភាព​អាសន្ន​ផ្នែក​សុខភាព​នៅ​លើ​ពិភពលោក​កាលពី​ខែ​មករា ឆ្នាំ ២០២០ មក ជំងឺ​កូវីដ១៩ បាន​សម្លាប់​មនុស្ស​ជិត ៧ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ដោយ​មន្រ្តី​ខ្លះ​លើកឡើង​ថា ចំនួន​មនុស្ស​ស្លាប់​ពិត​ប្រាកដ​អាច​មាន​ច្រើន​រហូត​ដល់ ២០ លាន​នាក់។

មន្រ្តី​សុខាភិបាល​ចិន​បាន​អះអាង​ការពារ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ដោះស្រាយ​របស់​ពួកគេ​លើ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដោយ​បាន​រិះគន់​ការ​លើកឡើង​ណា​មួយ​ដែល​ថា​ពួកគេ​គួរតែ​ចែក​រំលែក​ព័ត៌មាន​បន្ថែម​អំពី​រឿង​នេះ​ឱ្យ​បាន​លឿន​ជាង​នេះ​ថា​មាន​លក្ខណៈ «បំពាន​និង​មិន​មាន​ការ​គោរព»។

កាលពី​ខែ​មីនា មន្រ្តី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​នាំ​មុខ​មួយ​ចំនួន​បាន​កត់​សម្គាល់​ថា ការ​ប្រមូល​ព័ត៌មាន​បន្ថែម​អំពី​វីរុស​កូវីដ១៩ មាន​ការ​លំបាក ដោយសារតែ​មួយ​ផ្នែក​បណ្ដាល​មក​ពី​ការ​បដិសេធ​របស់​ចិន​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​រឿង​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា លោក Mike Turner ប្រធាន​គណៈកម្មាធិការ​ពិសេស​កិច្ចការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​អាមេរិក និង​លោក Brad Wenstrup ប្រធាន​អនុ​គណៈកម្មាធិការ​ពិសេស​កិច្ចការ​វិបត្តិ​ជំងឺ​កូវីដ១៩ នៃ​រដ្ឋសភា​អាមេរិក បាន​កោត​សរសើរ​របាយការណ៍​ព័ត៌មាន​សម្ងាត់​ដែល​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវការ​នេះ ដោយ​បាន​និយាយ​ថា៖ «គណបក្ស​កុម្មុយនីស្ត​ចិន​និង​យោធា​ចិន​ត្រូវ​ផ្តល់​ការ​ពន្យល់​លើ​បញ្ហា​នេះ»។

លោក Turner និង​លោក Wenstrup ដែល​មកពី​គណបក្ស​សាធារណរដ្ឋ​នេះ បាន​ថ្លែង​ដូច្នេះ​ថា៖ «មនុស្ស​គ្រប់​គ្នា​ត្រូវតែ​ដឹង​អំពី​ការ​ពិត ហើយ​ការ​បញ្ចេញ​ជា​ផ្លូវការ​នូវ​ព័ត៌មាន​សម្ងាត់​ក្នុង​របាយការណ៍​នេះ​គឺ​ជា​ជំហាន​ប្រកប​ដោយ​ក្ដី​សង្ឃឹម​មួយ​ឆ្ពោះ​ទៅរក​តម្លាភាព​ពេញលេញ»៕


ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG