ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មួយ​ទសវត្សរ៍​ក្រោយ​ការ​សង្ស័យ​ករណី​ចាប់​ពង្រត់​សកម្មជន​ឡាវ​នៅ​ប៉ុស្តិ៍​ប៉ូលិស ​នៅតែ​គ្មាន​ចម្លើយ


ឯកសារផ្សព្វផ្សាយស្តីអំពីករណីបាត់ខ្លួនរបស់លោក Sombath Somphone ត្រូវបានដាក់បង្ហាញនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃរំឭកខួប១០ឆ្នាំនៃការបាត់ខ្លួនរបស់លោកនៅក្នុងប្រទេសឡាវ។
ឯកសារផ្សព្វផ្សាយស្តីអំពីករណីបាត់ខ្លួនរបស់លោក Sombath Somphone ត្រូវបានដាក់បង្ហាញនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃរំឭកខួប១០ឆ្នាំនៃការបាត់ខ្លួនរបស់លោកនៅក្នុងប្រទេសឡាវ។

នៅក្នុង​ពន្លឺ​រាត្រី​នៃ​ថ្ងៃទី ១៥ ​ខែធ្នូ ​ឆ្នាំ​ ២០១២ ​នៅលើ​ផ្លូវ​ដ៏​មមាញឹក​មួយ​ក្នុង​រដ្ឋធានី​វៀងច័ន្ទន៍​ ប្រទេស​ឡាវ ​លោក Sombath Somphone ​ដែល​ជា​អ្នកតស៊ូមតិ​មិន​ចេះ​នឿយហត់​ និង​ល្បីល្បាញ​សម្រាប់​កសិករ​ក្រីក្រ​របស់​ប្រទេស​លោក​បាន​បាត់ខ្លួន​ដោយ​គ្មានដាន។

នៅក្នុង​វីដេអូកាមេរ៉ា​សន្តិសុខ​ ដែល​ថត​បាន​ដោយ​កាមេរ៉ា​តាម​ដងផ្លូវ​ លោក Sombath ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ត្រូវ​បាន​ទាញ​ចេញ​ពី​រថយន្ត​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​របស់​ប៉ូលិស​ ដោយ​លោក​បាន​ចុះពី​លើ​រថយន្ត Jeep ​របស់​លោក​ ហើយ​ចូល​ទៅក្នុង​រថយន្ត​ pickup​ ដែល​បើក​ដឹក​លោក​ចេញ​ទៅ។

ភរិយា​របស់​លោក ​គឺ​អ្នកស្រី Shui Meng Ng ​ដែល​កំពុង​បើក​បរ​ ទៅ​ផ្ទះ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​លោក Sombath ​នៅ​ពី​មុខ​គាត់​ក្នុង​រថយន្ត​ផ្សេង​ មិន​បាន​ឃើញ​ឬ​ឮ​ដំណឹង​ពី​លោកតាំង​ពី​ពេល​នោះ​មក។

ដប់​ឆ្នាំ​មក​នេះ ​អ្នកស្រី​នៅតែ​ទាមទារ​រក​ចម្លើយ​អំពី​ការសង្ស័យ​ពី​ការចាប់​ពង្រត់​ពី​អាជ្ញាធរ​ឡាវ ​ដែល​បដិសេធ​ថា​មិន​ដឹង​ពី​ជោគវាសនា​របស់​លោក​ទេ។ ករណី​នេះ​បាន​ទាក់ទាញ​ការយក​ចិត្ត​ទុកដាក់​ចំពោះ​ករណី​រាប់រយ​ផ្សេង​ទៀត​នៃ​ការបាត់ខ្លួន​ដោយ​បង្ខំ​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍។

អ្នកស្រី Shui Meng Ng ភរិយារបស់លោក Sombath Somphone ថ្លែងនៅក្នុងពិធីមួយក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីរំឭកខួប១០ឆ្នាំនៃការបាត់ខ្លួនទាំងបង្ខំរបស់លោក Sombath នៅក្នុងប្រទេសឡាវ។
អ្នកស្រី Shui Meng Ng ភរិយារបស់លោក Sombath Somphone ថ្លែងនៅក្នុងពិធីមួយក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីរំឭកខួប១០ឆ្នាំនៃការបាត់ខ្លួនទាំងបង្ខំរបស់លោក Sombath នៅក្នុងប្រទេសឡាវ។

អង្គការ​សហ​ប្រជាជាតិ​កំណត់​ការបាត់ខ្លួន​ដោយ​បង្ខំ​ថា​ជា​ការចាប់ខ្លួន​ ការឃុំខ្លួន​ ឬ​ការចាប់​ពង្រត់​ដោយ​ភ្នាក់ងារ​រដ្ឋ ​ឬ​តំណាង​របស់​ពួកគេ​ និង​ការបដិសេធ​របស់​រដ្ឋ​ក្នុង​ការទទួល​ស្គាល់​ព្រឹត្តិការណ៍​នេះ ​ឬ​បង្ហាញ​ពី​ជោគវាសនា​របស់​ជនរងគ្រោះ។ ក្រុម​ការងារ​ស្តីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​កត់ត្រា​ករណី​មិន​បាន​ដោះស្រាយ​ចំនួន ១.៣០៣​ នៅ​ទូទាំង​តំបន់ ​គិត​ត្រឹម​ខែ​ឧសភា​ឆ្នាំ​នេះ។

នៅ​ប្រទេស​ឡាវ ​អ្នកស្រី​ Ng ​និយាយ​ថា ​អាជ្ញាធរ​មិន​បាន​ផ្តល់​ព័ត៌មាន​ថ្មីៗ​អំពី​ករណី​របស់​ លោក ​Sombath ​ដល់​អ្នកស្រី​ឡើយ ​ហើយ​ថែម​ទាំង​បាន​បដិសេធ​មិន​ជួប​ជាមួយ​អ្នកស្រី​តាំងពី​ឆ្នាំ ២០១៧ ​មក។ ប្រសិន​បើ​អាច​ប្រឈមមុខ​នឹង​ពួកគេ​ម្តង​ទៀត​ អ្នកស្រី​និយាយ​ថា​គាត់​នឹង​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​អ្នកស្រី​បាន​និយាយ​អស់​រយៈពេល ​១០ ​ឆ្នាំ​មក​នេះ។

អ្នកស្រី​បាន​និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ VOA ​ថា៖ «ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក Sombath ​ប្រាប់​ខ្ញុំ​ពី​ការណ៍​ពិត ​ប្រាប់​ខ្ញុំ​ពី​កន្លែង​ដែល​គាត់​នៅ​ នៅ​ពេល​នេះ។ បើ​គាត់​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​មួយ ​សូម​ចោទ​ប្រកាន់​គាត់​ទៅ​តាម​ច្បាប់។ នោះ​ជា​ការ​អំពាវនាវ​របស់​ខ្ញុំ។ សូម​ផ្តល់​ការ​ពិត​មក​ខ្ញុំ គ្រាន់​តែ​ប្រាប់​ខ្ញុំ​ថា ​លោក​សម្បត្តិ​នៅ​ឯ​ណា ​ហើយ​គាត់​បាន​ធ្វើ​អ្វី»។

អ្នកស្រី​ Ng ​បន្ថែម​ថា ​ការរស់នៅ​ដោយ​មិន​ដឹង​ពីជោគវាសនា​របស់​លោក Sombath ​គឺ​ជា​ការ «គួរ​ឱ្យ​ភ័យខ្លាច» ។

អ្នកស្រី​បន្ថែម​ថា៖ «អ្នក​រស់នៅ​ជាមួយ​ស្ថានភាព​មិន​ដឹង​អ្វី​សោះ។ ជញ្ជាំង​ទទេ​នេះ​ដែល​អ្នក​កំពុង​សម្លឹង​មើល ​ហើយ​ដោយ​គ្មាន​ព័ត៌មាន ​ដោយ​មិន​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់​ ដោយ​មិន​ដឹង​ថា​ តើ​គាត់​នៅ​មាន​ជីវិត​ទេ ​ហើយ​ប្រសិនបើ​គាត់​នៅ​រស់ ​តើ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​បែបណា។ ​រឿង​នេះ​ដក់​ធ្ងន់ក្នុង​ចិត្ត​របស់​ខ្ញុំ​អស់​រយៈពេល​ ១០ ឆ្នាំ​មក​ហើយ»។

ដោយ​បាន​ទទួល​ការអប់រំ​នៅ​ប្រទេស​ឡាវ ​និង​សហរដ្ឋ​អាមេរិក​ លោក Sombath​ បាន​ឧទ្ទិសវិជ្ជាជីវៈ​របស់​លោក​ ក្នុង​ការបង្រៀន​កសិករ​ឡាវ​នូវ​បច្ចេកទេស​ថ្មីៗ​ និង​របៀប​បញ្ចេញ​មតិក្នុង​ការអភិវឌ្ឍ​សហគមន៍​របស់​ពួកគេ។ លោក​បាន​ឈ្នះ​ពានរង្វាន់​អភិវឌ្ឍន៍​ធនធាន​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ ២០០១​ និង​ពានរង្វាន់​ Ramon Magsaysay ​ដ៏​ល្បីល្បាញ​របស់​អាស៊ី​សម្រាប់​ភាព​ជាអ្នកដឹកនាំ​សហគមន៍​ នៅ​បួន​ឆ្នាំ​ក្រោយ​មក។

រូបឯកសារ៖ លោក Sombath Somphone លើកដៃកាន់សៀវភៅ ក្នុងពិធីទទួលពានរង្វាន់ Ramon Magsaysay Award នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០០៥។
រូបឯកសារ៖ លោក Sombath Somphone លើកដៃកាន់សៀវភៅ ក្នុងពិធីទទួលពានរង្វាន់ Ramon Magsaysay Award នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០០៥។

មុនពេល​បាត់ខ្លួន ​លោក Sombath ក៏​ធ្លាប់​បាន​សាកសួរ​ពី​កិច្ចព្រមព្រៀង​ដីធ្លី​មួយ​ចំនួន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ ​ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ច្រើន​គ្រួសារ​គ្មាន​ផ្ទះ​សម្បែង​ ដោយ​ទទួល​បាន​សំណង​តិចតួច ​ឬ​គ្មាន​សោះ។

នៅក្នុង​រដ្ឋ​តូច​មួយ​ដែល​តាម​ដាន​ពលរដ្ឋ​ជា​ប្រចាំ​ ហើយមាន​បក្សកុម្មុយនីស្ត​ ដូចជា​ប្រទេស​ឡាវ អ្នកស្រី Ng ​បាន​និយាយ​ថា ​អ្នកស្រីមិនជឿ​ថា​អាជ្ញាធរ​មិន​អាច​តាមដាន​លោក Sombath​ ឬ​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​គាត់​នោះ​ទេ ​ប្រសិនបើ​ពួកគេ​ចង់​ ហើយ​ហៅ​ការស៊ើប​អង្កេត​របស់​ពួកគេ​ថា​ «ជា​ការបោកប្រាស់»។

អ្នកស្រី​ Angkhana Neelapaijit ​អ្នក​តស៊ូ​មតិ​សិទ្ធិមនុស្ស​ថៃ​ និង​ជា​សមាជិក​នៃ​ក្រុម​ការងារ​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​និយាយ​ថា ​ខ្សែ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​ បាន​ផ្តល់​តម្រុយ​ដ៏​ខ្លាំង​មិន​ធម្មតា​មួយ​សម្រាប់​ករណី​បាត់ខ្លួន​ដោយ​បង្ខំ។

អ្នកស្រីបាន​និយាយ​ថា៖ «តាម​បទពិសោធន៍​របស់​ខ្ញុំ ស្ទើរតែ​គ្រប់​ករណី​ទាំងអស់​មិន​មាន​ភ័ស្តុតាង​ទេ… ពួកគេ​គ្មាន​រូបភាព ពួកគេ​គ្មាន​ឃ្លីប​វីដេអូ។ ​ប៉ុន្តែ​សម្រាប់​លោក សម្បត្តិ ខ្ញុំ​គិត​ថា​វា​ច្បាស់​ណាស់។ យើង​មាន​ភ៍ស្តុតាង​ដែល​គាត់​ត្រូវ​បាន​គេ​ឃាត់​ឱ្យ​ឈប់​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​... ហើយ​បន្ទាប់​មក​គាត់​បាន​បាត់​ខ្លួន»។

អ្នកស្រីបាន​និយាយ​ថា​ ការ​អះអាង​របស់​អាជ្ញាធរ​ថា​មិន​បាន​ដឹង​អ្វី​សោះ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​នោះ​ បង្ហាញ​ពី​ការ​ខ្វះ​ភាព​ស្មោះត្រង់ ​និង​តម្លាភាព។

អាវយឺតដែលមានរូបលោក Sombath Somphone ត្រូវបានដាក់តាំងក្នុងកម្មវិធីមួយនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីរំឭកខួប១០ឆ្នាំនៃការបាត់ខ្លួនទាំងបង្ខំរបស់លោកនៅប្រទេសឡាវ។
អាវយឺតដែលមានរូបលោក Sombath Somphone ត្រូវបានដាក់តាំងក្នុងកម្មវិធីមួយនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីរំឭកខួប១០ឆ្នាំនៃការបាត់ខ្លួនទាំងបង្ខំរបស់លោកនៅប្រទេសឡាវ។

VOA ​មិន​អាច​ទាក់ទង​ប៉ូលិស​ឡាវ​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ។ ការហៅ​ទូរស័ព្ទ​ជាច្រើន​ដង​ទៅកាន់​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​គ្មាន​ការឆ្លើយតប។

ក្នុង​ចំណោម​ករណី​បាត់ខ្លួន​ដោយ​បង្ខំ​ចំនួន​ ១.៣០៣ ករណី​ដែល​មិន​បាន​ដោះស្រាយ​ត្រូវ​បាន​ចងក្រង​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​អាស៊ីអាគ្នេយ៍ ​គឺ​មាន​ប្រទេស​តែ​ពីរ​ប៉ុណ្ណោះ​ គឺ​ហ្វីលីពីន​ និង​ទីម័រ​ខាងកើត​បច្ចុប្បន្ន​ ដែល​ពីមុន​ជា​ផ្នែក​មួយ​របស់​ឥណ្ឌូណេស៊ី​ មាន​ករណីចំនួន​បី​ភាគ​បួន។ ករណី​ភាគ​ច្រើន​មាន​អាយុកាល​រាប់​ទសវត្សរ៍។

ប៉ុន្តែ ​អ្នកស្រី ​Angkhana ​ដែល​ប្តី​របស់​អ្នកស្រី​ ឈ្មោះ Somchai Neelapaijit​ បាន​បាត់ខ្លួន​ក្រោម​កាលៈទេសៈ​គួរ​ឱ្យ​សង្ស័យ​នៅក្នុង​ប្រទេសថៃ​ក្នុង​ឆ្នាំ ២០០៤​ បាន​និយាយ​ថា​ការបាត់ខ្លួន​ដោយ​បង្ខំ​នៅតែ​កើតឡើង​នៅ​ទូទាំង​តំបន់។ ក្នុង​ចំណោម​ប្រទេស​ទាំង១១​ នៃ​អាស៊ី​អាគ្នេយ៍​ មានតែ​ព្រុយណេ ​និង​សិង្ហបុរី​ប៉ុណ្ណោះ​ដែល​មិនមាន​ករណី​លេចធ្លោ​ ហើយ​ប្រទេស​ខ្លះ​មាន​ករណី​ថ្មីៗ​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

អ្នកស្រី​ Angkhana ​បន្ថែម​ថា ​តួលេខ​ផ្លូវការ​ ទំនងជា​គ្រាន់តែ​ជា​ «ករណី​ដែល​គេ​បាន​ដឹង» ប៉ុណ្ណោះ ​ព្រោះ​ជារឿយៗ ​ក្រុម​គ្រួសារ​មាន​ការភ័យ​ខ្លាច​អាជ្ញាធរ​ខ្លាំង​ពេក​ ហើយ​មិន​ហ៊ាន​រាយការណ៍​ពី​ករណី​ដែល​សង្ស័យ​ថា​មាន​ការចាប់​ពង្រត់​ទេ ដោយ​ខ្លាច​ក្លាយ​ជា​ជនរងគ្រោះ​បន្ទាប់​ ដោយ​អាជ្ញាធរ​ដដែល​នេះ។

អ្នកស្រី​ Katia Chirizzi​ តំណាង​រង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ការិយាល័យ​ឧត្តម​ស្នងការសហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ ការបង្កើត​ការភ័យខ្លាច​នោះ​គឺជា​ហេតុផល​មួយ​ដែល​រដ្ឋាភិបាល​នៅតែ​អនុវត្ត។

អ្នកស្រី​បាន​និយាយ​នៅក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​បាងកក​កាលពី​ពេល​ថ្មីៗ​នេះដែល​ប្រារព្ធខួប​នៃ​ការចាប់​ពង្រត់​លោក Sombath ​ថា «ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ការអនុវត្ត​ត្រូវ​បាន​រដ្ឋ​ប្រើប្រាស់​ជា​ប្រពៃណី​ជា​មធ្យោបាយ​នៃ​ការបំបិទ​មាត់​គូប្រជែង​នយោបាយ ​ឬ​សំឡេង​រិះគន់»។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ជា​ការពិត​ ការបាត់ខ្លួន​ដោយ​បង្ខំ​ត្រូវ​បាន​ប្រើប្រាស់​ជាញឹកញាប់​ដើម្បី​ជំរុញ​ការភ័យខ្លាច​ និង​ផ្ញើ​សារ​ខ្លាំងៗ​ទៅ​កាន់​បុគ្គល​ផ្សេង​ទៀត​ដែល​បញ្ចេញ​សំឡេង​របស់​ពួកគេ​ដោយ​ក្លាហាន​លើ​បញ្ហា​សំខាន់ៗ​ និង​ការព្រួយ​បារម្ភ​ជា​សាធារណៈ»។ អ្នកស្រី​បន្ថែម​ថា​ដោយ​មាន​ជន​រងគ្រោះ​ ចាប់​ពី​អ្នកការពារ​សិទ្ធិមនុស្ស​ រហូត​ដល់​ «អ្នកការពារ​បរិស្ថាន​ សង្គម​ និង​ សកម្មជន​នយោបាយ ​អ្នករិះគន់​រដ្ឋាភិបាល​ មេធាវី ​និង​អ្នកកាសែត»។

អ្នកស្រី​ Siriphorn Chaiphet ​អ្នករៀបចំ​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​ថៃ​ដែល​ជួយ​គ្រប់គ្រង​គម្រោង​ Sombath Somphone and Beyond ​ដែល​តស៊ូមតិ​ដើម្បី​យុត្តិធម៌​សម្រាប់​លោក​ Sombath ​និង​ជនរងគ្រោះ​ផ្សេង​ទៀត​នៃ​ការបាត់ខ្លួន​ដោយ​បង្ខំ​បាន​និយាយ​ថា​ «ពួកគេ​ព្យាយាម​បំភ័យ​សកម្មជន​ផ្សេង​ទៀត» ។

អ្នក​ស្រី​បាន​ប្រាប់ VOA ថា៖ «ប្រសិន​បើ​មនុស្ស​ម្នាក់​បាត់​ខ្លួន ​ប្រាកដ​ណាស់​អ្នក​ផ្សេង​ទៀត​នឹង​គិត​ថា​ពួកគេ​នឹង​មក​រក​យើង​ក្នុង​ពេល​ឆាប់ៗ​នេះ»។

អ្នកស្រី ​Ng នៅ​តែ​មិន​មាន​ការ​រាថយ។

អ្នកស្រី​បន្ត​រស់នៅ ​និង​ធ្វើការ​នៅ​ប្រទេស​ឡាវ ​ហើយ​មក​ទីក្រុង​បាងកក​ក្នុង​សប្តាហ៍​មុន​នេះ​ ដើម្បី​បន្ត​លើក​កម្ពស់​ការយល់ដឹង​អំពី​ការបាត់ខ្លួន​ដោយ​បង្ខំ​របស់​ស្វាមី​ និង​អ្នកដទៃ​ និង​ទាមទារ​ចម្លើយ។

អ្នកស្រី​បាន​ជួប​ជាមួយ​អ្នកការទូត​បរទេស​កាលពី​ពេល​ថ្មីៗ​នេះ​ ​ហើយ​បាន​ចូលរួម​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់​ដែល​ប្រារព្ធ​ដល់ការងារ​របស់​ លោក​ Sombath ​នៅពេល​រសៀល។

អ្នកស្រី​បាន​និយាយ​ថា​មនុស្ស​ជាច្រើន​បាន​ជំរុញ​ឱ្យ​អ្នកស្រី​បោះបង់​ចោល។

អ្នកស្រី​ថ្លែង​ថា៖ «តែ​ខ្ញុំ​ធ្វើ​មិនបាន​ទេ​… វា​មិន​ត្រឹមត្រូវ​ទេ។ ខ្ញុំ​មិន​អាច​ធ្វើ​អ៊ីចឹង​ដាក់​ខ្លួនឯង​បាន​ទេ។ ខ្ញុំ​មិន​អាច​ធ្វើ​ដូច្នេះ​ចំពោះ​លោក Sombath ទេ។ ខ្ញុំ​ត្រូវ​តែបន្ត​សួរ​ និង​ព្យាយាម​ស្វែង​រក​ការណ៍​ពិត»។ អ្នកស្រី​នៅ​តែរក្សា​ក្តី​សង្ឃឹម​ថា​នឹង​បាន​ជួប​ស្វាមីម្ដង​ទៀត។

អ្នកស្រីបាន​និយាយ​ថា៖ «ដូច​ជា​ជនរងគ្រោះ​ទាំងអស់ ​គ្រួសារ​នៃ​អ្នក​បាត់​ខ្លួន ​យើង​អធិស្ឋាន ​យើង​សង្ឃឹម។ វា​គឺ​ជា​ក្តី​សង្ឃឹម​ថា​ ខ្ញុំ​នឹង​រក​ឃើញ​គាត់ ហើយ​គាត់​នឹង​ត្រឡប់​មក​វិញ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បន្ត​ការ​ភ្ញាក់​ពី​ដំណេក​ជា​រៀង​រាល់​ព្រឹក​និង​ព្យាយាម​បន្ត​រស់​នៅ​ បន្ត​ជីវិត​របស់​ខ្ញុំ»៕

ប្រែសម្រួល​ដោយ​លោក ម៉ែន គឹមសេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG