យោធារបស់អេហ្ស៊ីបបានថ្លែងថា ខ្លួនបានរកឃើញបំណែកយន្តហោះអេហ្ស៊ីបដែលបានបាត់ខ្លួន នៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីទីក្រុង Alexandria នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
លោកឧត្ដមសេនីយ៍ត្រី Mohammed Samir អ្នកនាំពាក្យរបស់យោធាអេហ្ស៊ីប បានសរសេរនៅក្នុងសារមួយបង្ហោះលើគេហទំព័រហ្វេសប៊ុកថា «ឥវ៉ាន់របស់អ្នកដំណើរទាំងនោះ និងបំណែកយន្តហោះត្រូវបានគេឃើញអណ្តែតទឹក»។
ក្រុមអ្នកស្វែងរកកំពុងតែចុះរុករកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដើម្បីស្វែងរកគ្រោងឆ្អឹងយន្តហោះអេហ្ស៊ីប ដែលបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលយន្តហោះនេះកំពុងហោះហើរទៅជិតដល់ទីក្រុងគែរក្នុងដំណើរពីទីក្រុងប៉ារីសមក។ នៅព្រឹកថ្ងៃសុក្រនេះ អ្នកស៊ើបអង្កេតបារាំង៣នាក់និងអ្នកជំនាញការបច្ចេកទេសម្នាក់បានមកដល់ទីក្រុងគែរ ដើម្បីជួយដល់បេសកកម្មស៊ើបអង្កេតនេះ។
ប្រទេសអេហ្ស៊ីប និងក្រិកបានជញ្ជូនយន្តហោះ និងនាវាជើងទឹកមួយចំនួន ដើម្បីស្វែងរកយន្តហោះដែលបានបាត់ខ្លួននោះ ហើយគេរំពឹងថា ក្រុមការងាររបស់បារាំងនឹងចូលរួមនៅក្នុងប្រតិបត្តិការស្វែងរកនេះ។ សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះឈ្លបយកការណ៍មួយគ្រឿងដើម្បីជួយដល់បេសកកម្មស្វែងរកនេះដែរ។
យន្តហោះខ្នាតតូចដែលដឹកអ្នកដំណើរចំនួន៦៦នាក់ បានបាត់ខ្លួនពីលើផ្កាយរណបកាលពីថ្ងៃព្រហស្បតិ៍ រយៈពេលមួយសន្ទុះបន្ទាប់ពីយន្តហោះនោះបានហោះចូលក្នុងដែនអាកាសរបស់អេហ្ស៊ីបក្នុងជើងហោះហើររយៈពេល៤ម៉ោងពីប្រទេសបារាំងមក៕