ឆ្នាំនេះមានការថយចុះយ៉ាងខ្លាំងនូវចំនួនអ្នកស្នើសុំសិទ្ធិជ្រកកោននិងជនអន្តោប្រវេសន៍ ដែលអាចមកដល់ឆ្នេរសមុទ្រអឺរ៉ុបតាមរយៈសមុទ្រមេឌីទែរ៉ាណេ។ ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិរាយការណ៍ថា អត្រាអ្នកដែលមកដល់អឺរ៉ុបបានធ្លាក់ចុះ៤១ភាគរយ បើធៀបនឹងឆ្នាំមុន។
លោក Charlie Yaxley អ្នកនាំពាក្យអង្គការ UNHCR បានប្រាប់ VOA ថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស៤២នាក់បានស្លាប់ឬបាត់ខ្លួនកាលពីឆ្នាំមុន ខណៈដែលពួកគេឆ្លងសមុទ្រមេឌីទែរ៉ាណេ។ តួលេខឆ្នាំនេះកើនឡើងយ៉ាងខ្លាំងបើធៀបទៅនឹងឆ្នាំមុន ព្រោះនៅក្នុងរយៈពេល៨ខែដំបូងនៅក្នុងឆ្នាំនេះ មនុស្សម្នាក់ក្នុងចំណោម១៨នាក់បានស្លាប់ឬបាត់ខ្លួន។
លោកនិយាយថា ក្នុងអំឡុងពេលនៃរដូវកាលដែលជនអន្តោប្រវេសន៍មកដល់អឺរ៉ុបខ្ពស់បំផុតក្នុងខែ មិថុនា អត្រាអ្នកស្លាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ មានរហូតដល់ទៅម្នាក់ក្នុងចំណោម៧នាក់។
លោក Yaxley បានថ្លែងថា៖
«ឥឡូវនេះ នេះគឺជាទិដ្ឋភាពដ៏អាប់អួរណាស់ ដោយសារតែក្នុងចំណោមបុរស ស្ត្រី និងកុមារ៧នាក់ ដែលចាកចេញពីស្ថានភាពដ៏គួរឲ្យភ័យខ្លាចនៅក្នុងប្រទេស លីប៊ី ម្នាក់ក្នុងចំណោមនោះមិនអាចមកដល់ឆ្នេរសមុទ្រអឺរ៉ុបបានទេ»។
ទោះជាតួលេខជនភៀសខ្លួននិងជនអន្តោប្រវេសន៍ដែលបានទៅដល់គោលដៅបានថយចុះយ៉ាងខ្លាំងក៏ដោយ ក៏ការស្អប់ខ្ពើមជនអន្តោប្រវេសន៍នៅក្នុងអឺរ៉ុបកំពុងតែកើនឡើង។ ការណ៍នេះបានធ្វើឲ្យទូកដឹកជនអន្តោប្រវេសន៍ជាច្រើនត្រូវជាប់នៅកណ្តាលសមុទ្រជាច្រើនថ្ងៃ ខណៈដែលប្រទេសដទៃទៀតឈ្លោះប្រកែកគ្នាទៅលើថាតើប្រទេសមួយណាត្រូវទទួលយកពួកគេនោះ។
នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អង្គការ UNHCRនិងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM បានអំពាវនាវឲ្យមានការប្រើប្រាស់វិធីសាស្ត្រថ្នាក់តំបន់មួយដែលអាចទស្សន៍ទាយទុកជាមុនបាន ដើម្បីជួយសង្គ្រោះនិងជួយដល់ជនអន្តោប្រវេសន៍ដែលរងទុក្ខវេទនានិងកំពុងជាប់នៅលើទូកក្នុងសមុទ្រមេឌីទែរ៉ាណេអាចចុះចតនៅច្រាំងសមុទ្រអឺរ៉ុបបាន។
អង្គការ UNHCR បានឲ្យដឹងថា ត្រូវតែស្វែងរកជម្រើសផ្សេងទៀតដើម្បីដោះស្រាយវិបត្តិដ៏ប្រល័យនេះ។ អង្គការនេះបានផ្តល់អនុសាសន៍ឲ្យប្រើប្រាស់វិធីសាស្ត្រដែលមានសុវត្ថិភាពនិងស្របច្បាប់ដើម្បីជួយដល់ជនភៀសខ្លួនដែលធ្វើដំណើរមកអឺរ៉ុប។ វិធីសាស្ត្រទាំងនេះអាចរួមមានទាំងការបង្កើនកន្លែងតាំងទីលំនៅថ្មីនិងការដកឧបសគ្គនានាចេញ ដើម្បីឲ្យក្រុមគ្រួសារអាចជួបជុំគ្នាបាន៕
ប្រែសម្រួលដោយ ហុង ចិន្តា