ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទបានមានប្រសាសន៍ថា ការបំបែកកូនៗចេញពីឪពុកម្តាយរបស់ពួកគេដែលព្យាយាមចូលមកកាន់សហរដ្ឋអាមេរិកដោយខុសច្បាប់គឺជារឿងអកុសល ប៉ុន្តែលោកមិនបង្ហាញសញ្ញាផ្លាស់ប្ដូរគោលនយោបាយរបស់លោកនោះទេ។
លោក ត្រាំ បាននិយាយថា «ប្រទេសមួយដែលគ្មានព្រំដែនមិនមែនជាប្រទេសនោះទេ។ យើងចង់ឲ្យមានសុវត្ថិភាពនិងសន្តិសុខសម្រាប់ប្រទេសរបស់យើង ហើយយើងត្រូវចាប់ផ្តើមពីព្រំដែន»។
មេដឹកនាំកំពូលរបស់អាមេរិករូបនេះបាននិយាយថា អាមេរិកមិនចង់ឲ្យមានជំរំជនភៀសខ្លួនឬទីតាំងសម្រាប់ដាក់ជនភៀសខ្លួននោះទេ។លោកបានប្រកាសថា នឹងមិនមានជំរំភៀសខ្លួនក្នុងអាណត្តិរបស់លោកជាប្រធានាធិបតីនោះទេ។
លោកត្រាំ បានបន្ទោសសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យចំពោះភាពជាប់គាំងទៅលើគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក បើទោះបីជាគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ទៅវិញទេដែលជាអ្នកត្រួតត្រាលើសភាទាំងពីរជាន់ថ្នាក់ ហើយគោលនយោបាយបំបែកក្រុមគ្រួសារនៅព្រំដែនត្រូវបានកំណត់ដោយរដ្ឋបាលរបស់លោកផ្ទាល់។
លោក ត្រាំ បានថ្លែងដូច្នេះនៅឯសេតវិមាន ខណៈដែលសមាជិកសភាខាងគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យនិយាយវាយប្រហារលោកនិងរដ្ឋបាលរបស់លោក ចំពោះការអនុវត្តច្បាប់តឹងរ៉ឹងនៅព្រំដែន ដែលបានបណ្តាលឲ្យក្រុមគ្រួសារបែកបាក់គ្នា ហើយកុមារជិត២០០០នាក់កំពុងត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលឃុំឃាំងធំៗឬកន្លែងមើលថែរក្សាកុមារចាប់ពីពាក់កណ្តាលខែមេសា រហូតដល់ចុងខែឧសភា។
ភរិយាលោក ត្រាំ គឺលោកស្រី Melania Trump បានធ្វើសេចក្តីថ្លែងការណ៍សាធារណៈដ៏កម្រមួយតាមរយៈអ្នកនាំពាក្យរបស់លោកស្រីកាលពីថ្ងៃអាទិត្យថា លោកស្រី «ស្អប់មិនចង់ឃើញកុមារត្រូវបានបំបែកបំបាក់ពីក្រុមគ្រួសាររបស់ពួកគេទេ ហើយលោកស្រីសង្ឃឹមថា ភាគីនយោបាយទាំងសងខាងអាចឯកភាពគ្នាទៅលើកំណែទម្រង់អន្តោប្រវេសន៍ដ៏ជោគជ័យមួយ។ លោកស្រីជឿថា យើងត្រូវការប្រទេសមួយដែលអនុវត្តទៅតាមច្បាប់ ប៉ុន្តែយើងក៏ត្រូវការប្រទេសមួយដែលដឹកនាំដោយទឹកចិត្តល្អផងដែរ»៕