តួលេខអ្នកស្លាប់នៅក្នុងរដ្ឋ Kerala ដែលស្ថិតនៅប៉ែកខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់៣៥០នាក់ហើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់បន្តស្វែងរកអ្នកនៅរស់រានមានជីវិតនៅតាមតំបន់នានាដែលត្រូវជន់លិចកាលពីថ្ងៃអាទិត្យ។
ចាប់តាំងពីរដូវវស្សាចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែ ឧសភា មក មនុស្សជាង៣៥០នាក់នៅក្នុងរដ្ឋ Kerala ត្រូវបានរកឃើញថាបានស្លាប់បាត់បង់ជីវិត ដែលក្នុងនោះមនុស្ស៤៦នាក់ទើបតែបានរកឃើញថាស្លាប់ក្នុងរយៈពេល២៤ម៉ោងនេះប៉ុណ្ណោះ។ នេះបើយោងតាមបណ្តាញសារព័ត៌មានបារាំង AFP។
ទិដ្ឋភាពនេះគឺសោកសៅពិបាកពណ៌នាណាស់នៅក្នុងរដ្ឋដែលស្ថិតនៅតាមឆ្នេរសមុទ្រនិងមានសោភណ្ឌភាពស្រស់បំព្រងមួយ ដែលជាគោលដៅសម្រាប់ភ្ញៀវទេសចរនេះ។ ទន្លេ ទំនប់ទឹក និងអាងស្តុកទឹកនានាបានពេញហៀរហូរក្រោយពីមានភ្លៀងធ្លាក់ដែលមិនធ្លាប់មានពីមុនមក ដែលបានធ្វើឲ្យលិចលង់ផ្លូវថ្នល់និងផ្ទះសម្បែងនានា។ មនុស្សជាង៧សែននាក់ត្រូវផ្លាស់ប្ដូរទីលំនៅទៅកាន់ជម្រកបណ្តោះអាសន្ននៅទូទាំងរដ្ឋនេះ។
ប្រតិបត្តិការជួយសង្គ្រោះទ្រង់ទ្រាយធំនិងកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយមនុស្សធម៌ត្រូវបានធ្វើឡើង ខណៈដែលគ្រោះមហន្តរាយនេះកាន់តែធំឡើង ហើយសារដង្ហើយសុំការជួយសង្គ្រោះពីប្រជាពលរដ្ឋដែលជាប់នៅលើដំបូលផ្ទះនិងនៅតាមភូមិដាច់ស្រយាលបន្តកើនឡើង។
ក្រុមអ្នកជួយសង្គ្រោះភ័យខ្លាចថា តួលេខអ្នកស្លាប់នឹងបន្តកើនឡើង ខណៈដែលពួកគេទៅដល់ភូមិនានាដែលលិចលង់ទាំងស្រុង ហើយក្រុមអ្នកឧត្តុនិយមទស្សន៍ទាយថា ភ្លៀងនឹងបន្តធ្លាក់បន្ថែមទៀត៕