ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​ប្រកាស​ករណី​ទី​១​នៃ​វីរុស​កូរ៉ូណា​ដែល​រក​ឃើញ​លើ​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ


ពលរដ្ឋចិនដើរដោយមានពាក់ម៉ាស នៅទីក្រុងអ៊ូហាន នៃប្រទេសចិន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
ពលរដ្ឋចិនដើរដោយមានពាក់ម៉ាស នៅទីក្រុងអ៊ូហាន នៃប្រទេសចិន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ករណី​ដំបូង​នៃ​ការ​ឆ្លង វីរុសកូរ៉ូណា​ថ្មី រក​ឃើញ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​ ២៧​ខែមករា​ នេះ​បើ​យោង​តាម​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល​ ថ្លែង​ក្នុង​សន្និសីទ​កាសែតនៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។

ជំងឺ​រលាកសួត​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណាវីរុស​ (coronavirus) ប្រភេទ​ថ្មី ​រក​ឃើញ​លើ​អ្នក​ជំងឺ​ម្នាក់​ ជា​ជនជាតិ​ចិន​ ធ្វើ​ដំណើរ​ដោយ​ត្រង់​ពី​ទី​ក្រុង​អ៊ូហាន​ (Wuhan) នៃ​ប្រទេស​ចិន​ មក​កម្ពុជា​តាម​ជើង​ហោះហើរ​ ពី​ទី​ក្រុង​អ៊ូហាន​ មក​អាកាសយានដ្ឋាន​អន្តរជាតិខេត្ត​ព្រះសីហនុ។ នេះ​បើ​តាម​ប្រសាសន៍ លោក​ ម៉ម​ ប៊ុនហេង។

អ្នក​ជំងឺជា​ជនជាតិ​ចិន​នោះ គឺ​ឈ្មោះ ចា ជិនហួរ (Jia Jianhua)​ ​ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ បានធ្វើ​ដំណើរ​ជាមួយគ្រួសារ​ មាន​សមាជិក​៤នាក់។​ ក្រុម​គ្រួសារ​នោះ​ ចេញ​ដំណើរ​ពី​ក្រុង​អ៊ូហាន​ មក​ក្រុង​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី​ ២៣​ ខែ​មករា​ ហើយ​បាន​ចេញ​រោគសញ្ញា​ គ្រុនក្តៅ​ ហៀរសំបោរ នៅ​ថ្ងៃ​ទី​២៥។​ បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​របស់ក្រុម​គ្រួសារ​គឺ​ផ្តាសាយ​ធម្មតា។

អជ្ញាធរ​បាន​យក​វត្ថុវិភាគ​ ទៅវិភាគ​នៅវិទ្យាស្ថានប៉ាស្ទ័រ​ នៅ​ថ្ងៃទី២៦ ហើយ​ថ្ងៃទី ២៧​ ខែ​មករា​ នេះ​ រកឃើញ​ថា​វិជ្ជមាន​ នៅ​ម៉ោង​ ៣រសៀល។

លោក​ ម៉ម​ ប៊ុនហេង​ និយាយ​ថា៖ «នៅ​រសៀល​ម៉ោង​៣​ថ្ងៃ​ ២៧ មករា ឆ្នាំ២០២០​ លទ្ធផល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​បញ្ជាក់​ថា​ សំណាក់​វិភាគ​សំណាក់​វិភាគ​មន្ទីរ​ពិសោធន៍​របស់​លោក​ [...] មាន​វិជ្ជមាន​ មាន​វីរុស​កូរ៉ូណា​ថ្មី ២០១៩ncov។ លោក​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ​តាម​ការ​អង្កេត​របស់​ក្រុម​គ្រូពេទ្យ​ស្ថានភាព​ជំងឺ​មាន​សភាព​ហ្នឹងនរ​មាន​តែ​រោគសញ្ញា​ផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ»។

បច្ចុប្បន្ន​ អាជ្ញាធរ​បាន​ដាក់​បុរស​ម្នាក់​នោះ​ នៅក្នុង​បន្ទប់​ដោយឡែក​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ព្រះសីហនុ ហើយ​ដាក់អ្នក​ប៉ះពាល់ ៣នាក់​ផ្សេង​ទៀតក្រោមការ​តាមដាន​សុខភាព​ ដោយ​បាញ់​សម្លាប់​មេរោគ​កន្លែង​ដែល​ពួកគេ​ស្នាក់នៅ។

បច្ចុប្បន្ន​ អាជ្ញាធរ​បន្ត​ស្វែង​រក​អ្នកប៉ះពាល់​ទាំង​អស់​ក្នុង​កំឡុង​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​អប់រំពី​ការ​ថែរក្សា​សុខភាព។

ត្រឹម​ម៉ោង ៨ ព្រឹកនេះ​ មាន​មនុស្ស​ ២.៧៤៤ នាក់​មានឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ទូទាំង ពិភពលោក​ ហើយ​មាន​ ៤៦១ នាក់ ធ្ងន់ធ្ងរ​និងអ្នកសង្ស័យ៥.៧០០នាក់ និង​ស្លាប់៨០​នាក់​នៅ​ប្រទេស​ចិន​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ៕

XS
SM
MD
LG