ការផ្ទុះគ្រាប់បែកកាលពីពេលថ្មីៗនេះនៅសាលទទួលភ្ញៀវក្នុងមន្ទីរពេទ្យបានធ្វើឲ្យមនុស្ស២៥នាក់រងរបួស ដោយអ្នករងរបួសខ្លះមានស្ថានភាពធ្ងន់ធ្ងរដោយសារអំបែងគ្រាប់ និងបំណែកកញ្ចក់។
ការផ្ទុះនេះជាលើកទី៣ចាប់តាំងពីដើមខែមេសាមកហើយរហូតមកទល់ពេលនេះ មិនមានក្រុមណាមួយបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។
លោក Panita Wattanayagorn ជាទីប្រឹក្សាខាងសន្តិសុខរបស់លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីបាននិយាយថា ការស៊ើបអង្កេតរបស់ប៉ូលិស កំពុងមានដំណើរការទៅមុខ ដោយប៉ូលិសមានលទ្ធភាពអាចប្រើប្រាស់វីដេអូសុវត្ថិភាព និងរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់។ លោក Panita បានប្រាប់ VOA ថា៖ «ឧបទ្ទវហេតុនេះ អាចត្រូវបានធ្វើឡើងដោយក្រុមខ្លះដែលមានបទពិសោធន៍ច្រើន ដូច្នេះពួកអាជ្ញាធរឥឡូវនេះកំពុងបង្រួមការកំណត់អត្តសញ្ញាណរបស់ជនសង្ស័យដែលធ្វើការវាយប្រហារបែបនេះ ដោយសន្មត់ថា មានក្រុមចំនួន២ ឬ៣តែប៉ុណ្ណោះនៅក្នុងប្រទេសថៃដែលអាចធ្វើដូចនេះបាន»។
ការបំផ្ទុះគ្រាប់បែកនេះបានត្រូវថ្កោលទោសដោយគណបក្សនយោបាយនានា ហើយនិងក្រុមអង្គការសិទ្ធិមនុស្ស។ លោក Angkhana Neelapaichit ស្នងការសិទ្ធិមនុស្សជាតិថៃបានហៅការវាយប្រហារនេះថា «ជាសកម្មភាពអមនុស្សធម៌»។ អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋានក្នុងទីក្រុងញូវយ៉ក បាននិយាយថាការបំផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យយោធានោះដែលត្រូវបានផ្តល់ការព្យាបាលជនស៊ីវិលដែរនោះ «ជាសកម្មភាពខុសច្បាប់»។ គណបក្សនយោបាយ និងក្រុមប្រឆាំងរដ្ឋាភិបាលយោធាក៏បានធ្វើការថ្កោលទោសភ្លាមៗចំពោះការបំផ្ទុះគ្រាប់បែកនេះដែរ។
ក៏ប៉ុន្តែ លោក Somarn Lertwongrath ដែលជាសមាជិកជាន់ខ្ពស់របស់គណបក្សភឿ ថៃ បានបដិសេធនូវការពាក់ព័ន្ធពីអ្នកនយោបាយនៅក្នុងការបំផ្ទុះគ្រាប់បែកនេះ ក៏ប៉ុន្តែ បាននិយាយថា ការវាយប្រហារនេះធ្វើឲ្យមានការព្រួយបារម្ភកាន់តែកើនឡើងថែមទៀតនៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ។ លោក Somarn បានប្រាប់ VOA ថា៖ «ខ្ញុំគិតថា ពួកយោធាខ្លួនឯងមានបញ្ហានៅពេលឥឡូវនេះ។ ខ្ញុំគិតថា នឹងមានការវាយប្រហារបន្ថែមទៀតនៅពេលឆាប់ៗនេះ»។
សេចក្តីរាយការណ៍នានាកាលពីថ្ងៃអង្គារ ប្រាប់ឲ្យដឹងថា ពួកមន្ត្រីសន្តិសុខបានដាក់ទីក្រុងឈាងរ៉ៃនៅភាគខាងជើងប្រទេសឲ្យស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីការផ្ទុះគ្រាប់បែកក្នុងទីក្រុងបាងកកដោយមានការបង្កើនសន្តិសុខបន្ថែមទៀត។
លោក Panita ទីប្រឹក្សារដ្ឋាភិបាលបាននិយាយថា៖ «វាអាស្រ័យលើសាធារណជនថាតើពួកគេគិតថាមានការគំរាមកំហែងឬទេ ប្រសិនបើពួកគេត្រូវផ្លាស់ប្តូរពីរបៀបរស់នៅរបស់ខ្លួន ប្រសិនបើពួកគេក្លាយជាជនរងគ្រោះនៃសកម្មភាពបែបនេះ»។
ស្ថានភាពនយោបាយរបស់ប្រទេសថៃបានស្ថិតនៅក្រោមការត្រួតត្រាតឹងតែងចាប់តាំងពីខែឧសភា ឆ្នាំ២០១៤មកដោយរដ្ឋាភិបាលបានធ្វើការចាប់ខ្លួនមនុស្សមួយចំនួនដែលបានរិះគន់រដ្ឋាភិបាលឬចោទប្រកាន់ពីច្បាប់ប្រមាថមើលងាយព្រះចេស្តាព្រះមហាក្សត្រ តាមរយៈការរិះគន់ព្រះរាជវង្សានុវង្ស។
គណបក្សប្រជានិយមដែលដឹកនាំដោយលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រី ដែលបានត្រូវបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារនៅឆ្នាំ២០០៦ ហើយលោកស្រី Yingluck Shinawatra ដែលជាប្អូនស្រីរបស់លោក ជារឿយៗបានប្រឈមនឹងបទបញ្ជានយោបាយរបស់ពួកយោធា និងការិយាធិបតេយ្យដែលមានស្រាប់។ការណ៍នេះបានធ្វើឲ្យមានបាតុកម្មនៅតាមផ្លូវនានានៅពេលដែលរដ្ឋាភិបាលគាំទ្រ Thaksin បានប្រឈមការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយ និងការរំលោភអំណាច។
ចាប់តាំងពីឆ្នាំ២០១៤មក ពួកយោធាបានកាន់កាប់អំណាចដ៏តឹងតែងបំផុតដោយបានចាប់ខ្លួនពួកសកម្មជន គំរាមកំហែងគណបក្សនយោបាយហើយមនុស្សមួយចំនួនទៀតបានរងការចោទប្រកាន់នៅក្រោមច្បាប់ដ៏តឹងរ៉ឹងដែលការពារព្រះរាជវង្សានុវង្សហើយពួកយោធាក៏បានត្រួតត្រាដ៏តឹងរ៉ឹងផងដែរលើបណ្តាញព័ត៌មាន និងប្រព័ន្ធគេហទំព័រ។
រដ្ឋធម្មនុញ្ញថ្មីដែលបានទទួលការអនុម័តដោយការបោះឆ្នោតប្រជាមតិកាលពីឆ្នាំទៅនឹងត្រូវបញ្ចប់សព្វគ្រប់ដោយទទួលការអនុម័តតាមរយៈរដ្ឋសភាជាតិមុនពេលការបោះឆ្នោតថ្នាក់ជាតិធ្វើឡើងនៅចុងឆ្នាំ២០១៨ខាងមុខនេះ។
ក៏ប៉ុន្តែ ពួកអ្នករិះគន់រដ្ឋធម្មនុញ្ញនេះនិយាយថា ការរឹតត្បិតដ៏តឹងរ៉ឹងតាមរដ្ឋធម្មនុញ្ញលើតួនាទីរបស់គណបក្សនយោបាយ ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងតំណាងពួកយោធានៅក្នុងព្រឹទ្ធសភាគឺជាការព្រួយបារម្ភ។
ពួកយោធាបានស្វែងរកការគាំទ្រនៅតាមតំបន់ភាគកណ្តាល ជាពិសេសក្នុងទីក្រុងបាងកក បន្ទាប់ពីមានការធ្វើបាតុកម្មនៅតាមដងផ្លូវអស់រយៈពេលជាច្រើនឆ្នាំមក។
ក៏ប៉ុន្តែ ក្នុងតំបន់ខាងជើង និងភាគឦសាន្ត ពលរដ្ឋនៅតែស្មោះត្រង់ជាមួយគណបក្សនយោបាយដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រី Thaksin។ លោក Thitipol Phakdeewanich ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Ubon Ratchathani បាននិយាយថា ជំហរដ៏តឹងរ៉ឹងរបស់ពួកយោធាក្នុងតំបន់ភាគឦសាន្តបានបំផ្លាញបរិយាកាសនយោបាយមុនពេលបោះឆ្នោត។
លោក Thitipol បាននិយាយទៀតថា៖ «យើងត្រូវការបរិយាកាសប្រជាធិបតេយ្យ មិនមែនបរិយាកាសផ្តាច់ការមុនលទ្ធិប្រជាធិបតេយ្យទេ។ ពីព្រោះអ្វីៗស្ថិតនៅក្រោមការ ត្រួតត្រា តើយើងអាចធ្វើយ៉ាងដូចម្តេចដើម្បីឲ្យប្រាកដថា យើងប្រាកដជាមានលទ្ធផលល្អនៅក្នុងការបោះឆ្នោតនោះ»។
ក៏ប៉ុន្តែ លោក Kiat Sittheemorn មេដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យបាននិយាយថា នៅពេលរដ្ឋាភិបាលបង្កើតឡើង ឱកាសដើម្បីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញអាចកើតមាន។
លោក Kiat និយាយបន្តទៀតថា៖ «មនុស្សគ្រប់រូបឥឡូវនេះយល់ពីស្ថានភាពនេះប្រសើរឡើងបន្តិចហើយ ដូច្នេះនរណាក៏ដោយដែលគេជ្រើសរើសឲ្យដឹកនាំរដ្ឋាភិបាលថ្មី ត្រូវតែមានការប្រុងប្រយ័ត្នបំផុត ក៏ប៉ុន្តែ នៅពេលជាមួយគ្នានោះដែរ ពួកគេត្រូវតែធ្វើទៅតាមយុទ្ធសាស្ត្រខ្លះដែលបង្ហាញនៅក្នុងរដ្ឋធម្មនុញ្ញ»។
ទស្សនវិស័យតាមបែបលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃ នឹងនៅតែដឹកនាំដោយពួកយោធា ដែលតួនាទីរបស់ពួកគេនៅក្នុងរដ្ឋសភានឹងបន្តរយៈពេលអន្តរកាល៥ឆ្នាំទៀត។
លោក Gotham Areeya ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Mahidol បាននិយាយថា ឥទ្ធិពលរបស់ពួកយោធានឹងនៅបន្តនៅពេលខាងមុខទៀត។
លោក Gotham បាននិយាយថា៖ «ការណ៍នេះនឹងក្លាយជាលំនាំលទ្ធិប្រជាធិបតេយ្យតាមបែបយោធាមួយរយៈពេល។ ដូច្នេះ អ្វីដែលខ្ញុំហៅថា លទ្ធិប្រជាធិបតេយ្យសេរីត្រូវតែរង់ចាំមួយរយៈសិន។ ដូច្នេះ លំនាំលទ្ធិប្រជាធិបតេយ្យយោធាថៃនេះ ព្យាយាមជ្រាបចូលតាមរយៈរដ្ឋធម្មនុញ្ញថ្មីក៏ដូចជាតាមរយៈការត្រួតត្រាបណ្តាញព័ត៌មានដែរ ហើយពួកគេនឹងពិនិត្យមើលច្បាប់នោះឡើងវិញ។ ដូច្នេះ វាជាស្ថានភាពផ្លូវច្បាប់មួយដែលការប្រើប្រាស់ច្បាប់នោះមិនមែនជានីតិរដ្ឋទេ»។
ប្រែសម្រួលដោយជឹង ប៉ូជីន