ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរាប់​សន្លឹក​ឆ្នោត​ប្រធានាធិបតី​នៅ​រដ្ឋ Georgia ជិត​ផុត​ថ្ងៃ​កំណត់


មន្រ្តី​ការិយាល័យ​បោះឆ្នោត​នៅ​សង្កាត់ Cobb កាន់​សន្លឹក​ឆ្នោត​ក្នុង​អំឡុងពេល​ធ្វើ​សវនកម្ម​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទីក្រុង Marietta រដ្ឋ Georgia។
មន្រ្តី​ការិយាល័យ​បោះឆ្នោត​នៅ​សង្កាត់ Cobb កាន់​សន្លឹក​ឆ្នោត​ក្នុង​អំឡុងពេល​ធ្វើ​សវនកម្ម​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទីក្រុង Marietta រដ្ឋ Georgia។

មន្រ្តី​បោះឆ្នោត​នៅ​ទូទាំង​រដ្ឋ​ Georgia ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក កំពុង​ប្រឹងប្រែង​មុន​ថ្ងៃ​ផុត​កំណត់​នៅ​ថ្ងៃ​ពុធ ​ដើម្បី​បញ្ចប់​ការ​រាប់​សន្លឹកឆ្នោតសរុប​ដោយ​ដៃ​នៅ​ក្នុង​រដ្ឋ​នេះ។ ​ការ​រាប់​សន្លឹក​ឆ្នោត​ជិត​៥​លាន​សន្លឹក​ឡើង​វិញ​ដោយ​ដៃ ផ្តើមចេញ​ពី​ការ​ធ្វើ​សវនកម្មមួយ ​ដែល​តម្រូវ​ដោយ​ច្បាប់​រដ្ឋ​ថ្មី​ ហើយ​មិន​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​សង្ស័យ​ទាក់ទង​នឹង​លទ្ធផល​ក្នុង​រដ្ឋ​ ឬ​សំណូមពរ​រាប់​ឡើង​វិញ​ជា​ផ្លូវការ​ទេ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន ​AP។​

ពេលផុត​កំណត់​សម្រាប់​សង្កាត់​នានា​បញ្ចប់​ការ​ធ្វើ​សវនកម្ម​គឺ​ ម៉ោង​១១:៥៩​នាទី​យប់​ ថ្ងៃ​ពុធ​ គឺ​មុន​ថ្ងៃ​ផុត​កំណត់​ថ្ងៃ​សុក្រ​សម្រាប់​ការ​បញ្ជាក់​តួលេខរបស់​រដ្ឋ​នេះ។​ មន្ត្រីបោះឆ្នោត​នៅ​រដ្ឋ​នេះ​ បាន​និយាយ​ម្តង​ហើយម្តង​ទៀត​ថា​ ការ​រាប់​សន្លឹកឆ្នោត​ដោយ​មនុស្ស​ គឺ​ដើម្បី​ធានា​ថា​ ម៉ាស៊ីន​បោះឆ្នោត​ថ្មី​របស់​រដ្ឋ​នេះ ​គណនា​សន្លឹក​ឆ្នោត​បាន​ត្រឹមត្រូវ​ ហើយ​មិន​រំពឹង​ថា​ នឹង​ផ្លាស់ប្តូរ​លទ្ធផល​ទាំង​មូល​ទេ។​

ការ​រាប់​លើក​មុន​បង្ហាញ​ថា លោក​ ចូ បៃដិន ​(Joe Biden)​ បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ បាន​នាំមុខ​លោក​ប្រធានាធិបតី​ដូណាល់ត្រាំ​ (Donald Trump)​ បេក្ខជន​គណបក្ស​សាធារណរដ្ឋ ដោយសំឡេង​ឈ្នះ​ប្រមាណ​ ១៤.០០០ ​សំឡេង។​ ក្រោយ​លទ្ធផល​ត្រូវ​បាន​បញ្ជាក់រួច ហើយ​ប្រសិន​បើ​គម្លាត​រវាង​បេក្ខជន​នៅ​តែ​ស្ថិត​រវាង ​០,៥% នោះ​ភាគីចាញ់​ អាច​ស្នើ​សុំ​រាប់​ឡើង​វិញ។

ក្នុងរយៈ​ពេលពីរ​សប្តាហ៍​ ចាប់​តាំង​ថ្ងៃ​បោះឆ្នោត​មក ​លោក ​Brad Raffensperger លេខាធិការ​នៃរដ្ឋ​ Georgia បាន​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​សមាជិក​រួម​ពី​គណបក្ស​សាធារណ​រដ្ឋ និង​ពីលោក​ប្រធានាធិបតី។

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ពីរ​រូប​នៅរដ្ឋ​ Georgia ​ដែល​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​ប្រកិត​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​ក្នុង​ការ​បោះឆ្នោត​ផ្ដាច់​ព្រ័ត្រ ​នៅ​ថ្ងៃ​ទី​៥​ខែ​មករា​នោះ​ បាន​អំពាវនាវ​ឲ្យ​លោក ​Raffensperger ​លាលែង​ពី​តំណែង។​

ទីភ្នាក់ងារ​ព័ត៌មាន ​AP ​មិន​ទាន់បាន​ប្រកាស​អ្នក​ឈ្នះនៅ​ឡើយទេ ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​រដ្ឋ Georgia ​ទីដែល​លោក​ បៃដិន​ បាន​នាំមុខ​លោក​ត្រាំចំនួន​ ០,៣%​នោះ៕

XS
SM
MD
LG