ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ ត្រាំ​ ថា​លោក ​បៃដិន​ ទំនងជា​ឈ្នះ​ការ​បោះឆ្នោត

រូបឯកសារ៖ អ្នកគាំទ្រលោក ចូ បៃដិន (Joe Biden) និងអ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris) កាន់បដាគាំទ្របេក្ខជនរបស់ខ្លួន នៅពេលមានការព្យាករណ៍ថាលោក បៃដិន បានឈ្នះការបោះឆ្នោត នៅទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកគាំទ្រលោក ចូ បៃដិន (Joe Biden) និងអ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris) កាន់បដាគាំទ្របេក្ខជនរបស់ខ្លួន នៅពេលមានការព្យាករណ៍ថាលោក បៃដិន បានឈ្នះការបោះឆ្នោត នៅទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ហាក់ដូចជា​បាន​ទទួលស្គាល់​កាល​ពីថ្ងៃ​ចន្ទ​ថា មាន​ឱកាស​តិចតួច​តែ​ប៉ុណ្ណោះ​ដែល​លោក ត្រាំ អាច​ឈ្នះ​ការ​បោះឆ្នោត ទោះបីជា​លោក​និង​ជំនួយការ​សំខាន់ៗ​ផ្សេង​ទៀត​របស់​លោក ត្រាំ នៅតែ​សង្ឃឹម​ថា [លោក ត្រាំ] អាច​កាន់​តំណែង​បន្ត​នៅ​អាណត្តិ​ទី ២ ទៀត​ក៏​ដោយ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេតវិមាន លោក Robert O'Brien បាន​ថ្លែង​នៅ​ក្នុង​វេទិកា​សន្ដិសុខ​សាកល​តាម​អនឡាញ​ថា៖ «ប្រសិនបើ​លោក ចូ បៃដិន ( Joe Biden) និង​អ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris) ត្រូវ​បាន​កំណត់​ថា​ជា​អ្នក​ឈ្នះ ដែល​វា​ហាក់​ដូចជា​ពិត​ប្រាកដ​អញ្ចឹង​មែន​ នៅ​ពេល​ឥឡូវ​នេះ យើង​នឹង​មាន​ការ​ផ្ទេរ​អំណាច​ប្រកប​ដោយ​វិជ្ជាជីវ:​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ។ គ្មានអ្វី​ក្រៅ​ពី​នេះ​ឡើយ»។

លោក O'Brien បាន​បន្ថែម​ថា៖ «រឿង​ដែល​ល្អ​នោះ​គឺ នៅ​ក្នុង​សហរដ្ឋ​អាមេរិក យើង​ផ្ទេរ​អំណាច ហើយ​ផ្ទេរ​ដោយ​សន្តិវិធី និង​ដោយ​ជោគជ័យ ទោះបីជា​នៅ​ក្នុង​កាល:ទេស:​ចម្រូង​ចម្រាសបំផុត​ក៏ដោយ»។

លោក O'Brien ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​លោក ត្រាំ នៅ​បន្ត​ជម្នះ​ដោយ​បង្ហោះ​សារ​លើ Twitter ថា ការ​បោះ​ឆ្នោត​មាន​ការ​លួច​បន្លំ និង​ថា គេ​គួរតែ​ប្រកាស​ថា​ លោក​ជា​អ្នក​ឈ្នះ​លើ​លោក បៃដិន។ លោក បៃដិន ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។

លោក ត្រាំ បាន​បង្ហាះ​សារ​នៅ​លើ Twitter មុន​ពេល​លោក O'Brien បញ្ចេញ​មតិ​ថា៖ «ក្រុម​អ្នក​ប្រជាធិបតេយ្យ​ឆ្វេង​និយម​ជ្រុល ដែល​ធ្វើការ​ជាមួយ​ដៃគូ​របស់​ពួកគេ គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នោះ កំពុង​ព្យាយាម​លួច​យក​ការ​បោះឆ្នោត​នេះ។ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​បែប​នេះ​ឡើយ»។

លោក ត្រាំ បាន​បន្ថែម​សារ​លើ Twitter មួយ​ទៀត​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​បាន​ឈ្នះ​ការ​បោះឆ្នោត»៕

This item is part of
XS
SM
MD
LG