មនុស្ស៥នាក់បានស្លាប់និងអ្នកដទៃបានរងរបួសក្រោយមានការបាញ់បោះមួយនៅថ្ងៃចន្ទ នៅឯសាលារៀនឯកជនគ្រិស្តសាសនាមួយក្នុងរដ្ឋ Wisconsin រួមបញ្ជូនទាំងអនិតិជនម្នាក់ដែលបានបង្កការវាយប្រហារនេះផងដែរ។ នេះបើយោងតាមក្រុមអាជ្ញាធរ។
ស្នងការប៉ូលិសក្រុង Madison លោក Shon Barnes បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅពេលដែលចំនួននៃអ្នកស្លាប់បានកើនពី៣ដល់៥នាក់។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីជនរងគ្រោះនោះទេ ប៉ុន្តែបានថ្លែងថាអ្នកដទៃទៀតបានរងរបួសនៅក្នុងការបាញ់បោះនៅឯសាលា Abundant Life Christian School នេះ។
លោក Barnes ថ្លែងថា មន្ត្រីប៉ូលិសដែលបានទៅដល់កន្លែងកើតហេតុនោះមិនបានប្រើអាវុធពួកគេទេ។ ប៉ូលិសបានបិទផ្លូវនៅជុំវិញសាលានោះនៅរសៀលថ្ងៃចន្ទនេះ។
ភ្នាក់ងារពីការិយាល័យសហព័ន្ធខាងគ្រឿងស្រវឹង ថ្នាំជក់ កាំភ្លើងនិងគ្រឿងផ្ទុះបានទៅកាន់កន្លែងកើតហេតុដើម្បីជួយដល់ប៉ូលិសមូលដ្ឋាន។
អភិបាលរដ្ឋ Wisconsin លោក Tony Evers បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា «យើងបន់ស្រន់ដល់កុមារ ក្រុមគ្រូបង្រៀន និងសហគមន៍សាលា Abundant Life School ទាំងអស់ ខណៈយើងរង់ចាំព័ត៌មានបន្ថែម ហើយយើងដឹងគុណដល់ក្រុមប៉ូលិសដែលធ្វើការយ៉ាងឆាប់រហ័ស»។
សាលា Abundant Life Christian School គឺជាសាលារៀនគ្រិស្តមិនប្រកាន់និកាយហើយមានសិស្សប្រមាណ ៣៩០នាក់ តាំងពីថ្នាក់មតេយ្យដល់វិទ្យាល័យ។ នេះបើយោងតាមគេហទំព័រសាលារៀននេះ៕