ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​១៩​នាក់​​និង​មនុស្ស​ពេញវ័យ​២នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​សាលារៀន​មួយ​កន្លែង​ក្នុង​រដ្ឋ​ Texas ​សហរដ្ឋ​អាមេរិក


ពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​នៅ​ខាង​ក្រៅ​​មជ្ឈមណ្ឌល​សហគមន៍ Ssgt Willie de Leon Civic Center ជា​កន្លែង​ដែល​សិស្ស​ត្រូវ​បាន​គេ​ដឹក​​មក​​ទី​សុវត្ថិភាព ក្រោយ​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​សាលា​បឋមសិក្សា Robb ក្នុង​ទី​ក្រុង Uvalde រដ្ឋ Texas សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២។
ពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​នៅ​ខាង​ក្រៅ​​មជ្ឈមណ្ឌល​សហគមន៍ Ssgt Willie de Leon Civic Center ជា​កន្លែង​ដែល​សិស្ស​ត្រូវ​បាន​គេ​ដឹក​​មក​​ទី​សុវត្ថិភាព ក្រោយ​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​សាលា​បឋមសិក្សា Robb ក្នុង​ទី​ក្រុង Uvalde រដ្ឋ Texas សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២។

ខ្មាន់​កាំភ្លើង​ម្នាក់​បាន​សម្លាប់​យ៉ាង​ហោច​ណាស់​កុមារ​១៩នាក់​និង​មនុស្ស​ពេញ​វ័យ​២នាក់នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅក្នុង​សាលា​បឋមសិក្សា​មួយ​កន្លែងនៅ​ក្នុង​រដ្ឋ Texas (តិចសាស់) ​ភាគ​និរតី​សហរដ្ឋ​អាមេរិក ​ដែល​នេះ​ជា​ការ​បាញ់​សម្លាប់​ដ៏​ប្រល័យ​ធំ​បំផុត​មួយ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​កើត​នៅ​ក្នុង​សាលារៀន​របស់​សហរដ្ឋ​អាមេរិក​នោះ។

ការ​បាញ់​ប្រហារ​នោះ​បាន​កើត​មាន​ឡើង​នៅក្នុង​ទីក្រុង Uvalde រដ្ឋ​ Texas​ ហើយ​អាជ្ញាធរ​និយាយ​ថា ខ្មាន់​កំាភ្លើង​ដែល​មាន​អាយុ១៨ឆ្នាំ​នោះ​មុន ដំបូង​បាន​បាញ់​ទៅ​លើ​ជីដូន​របស់​ខ្លួន​ ហើយ​បន្ទាប់​មក​បាន​បើក​រថយន្ត​ទៅ​បុក​រថយន្ត​មួយ​ទៀត​ហើយ​បាន​ចូលទៅ​ក្នុង​សាលារៀន​ និងធ្វើ​ការ​បាញ់​រះតែ​ម្តង។ ជន​ដៃ​ដល់​រូប​នេះ ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​នៅ​កន្លែង​កើត ហេតុ។

ពលបាល​ត្រី​នៃ​នាយកដ្ឋាន​សុវត្ថិភាព​សាធារណៈ​របស់រដ្ឋ Texas​ លោក Erick Estrada បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ CNN ថា មន្ត្រី​ប៉ូលិស​អាមេរិក​បាន​ឃើញ​ជន​ដៃដល់​រូបនោះ​ពាក់អាវ​ការពារគ្រាប់​ដើរ​ចេញ​ពី​រថយន្ត​ដែល​បុក​របស់​ខ្លួន​នោះ​ ដោយ​មាន​កាន់​កាំភ្លើង​វែង​ក្នុង​ដៃ​ផង​ដែរ។ មន្តី្រ​ប៉ូលិស​បានតាមពី​ក្រោយ​ជន​សង្ស័យ​នោះ ប៉ុន្តែ​ជន​នេះ​នៅ​តែ​មាន​លទ្ធភាព​រត់​ចូលទៅ​ក្នុង​សាលារៀនមួយ​កន្លែង​នោះ។

ក្នុង​ពេល​មាន​ស្ថានភាព​ជ្រួល​ច្របល់​និងបន្ទាប់​ពី​ការ​បាញ់​ប្រហារ​រួច​ភ្លាមៗ​មក គេ​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​បាញ់​សម្លាប់​នោះ​នៅ​ឡើយ ដោយ​ជន​រងគ្រោះ​ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ហើយចំនួនអ្នក​ដែល​ស្លាប់និង​រង​របួស​ក៏មាន​ការ​លំបាក​ក្នុង​ការ​បញ្ជាក់​ផង​ដែរ។

លោក​ស្រី Lydia Martinez Delgado បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា ក្មួយ​ស្រី​របស់លោក ស្រីឈ្មោះ Eva Mireles ជា​គ្រូបង្រៀន​នៅ​ក្នុង​សាលា​នោះ​ ហើយ​ក៏​ស្ថិត​នៅក្នុង​ចំណោម​អ្នក​ស្លាប់​ផង​ដែរ។

លោក​ស្រី​បាន​ថ្លែង​ក្នុង​សារ​បង្ហោះ​នោះ​ថា៖ «ខ្ញុំ​ខឹង​ខ្លាំង​ណាស់​ដែលរឿង​បាញ់​ប្រហារ​នេះ​នៅ​តែ​បន្ត​កើតមាន​ឡើង។ ក្មេងៗ​ទាំង​អស់​នេះ​មិន​ដឹង​អ្វី​នោះ​ឡើយ។ ការ​ប្រើ​កាំភ្លើងមិន​ត្រូវ​ឱ្យ​កើត​មាន​ឡើង​ដោយ​ងាយៗ​សម្រាប់​មនុស្ស​ទាំង​អស់​នោះ​ទេ។ នេះ​ជា​ទីប្រជុំជន​របស់​ខ្ញុំ​ដែល​ជាសហគមន៍​ដ៏​តូច​មួយ​ដែល​មាន​ពលរដ្ឋ​រស់​នៅ​មិន​ដល់​២ម៉ឺន​នាក់​ផង។ ខ្ញុំ​មិន​អាច​គិត​ដល់​ទេ​ថា រឿង​នេះ​វា​បាន​កើត​ឡើង​ទៅ​លើ​អ្នក​ជា​ទីស្រឡាញ់​របស់​ខ្លួន​នោះ»។ ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ថ្លែង​ទៅ កាន់​ប្រជាជាតិនៅ​យប់​ថ្ងៃ​អង្គារ​ដោយ​សម្តែង​នូវ​ការ​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ជន​រងគ្រោះ​ហើយ​បាន​លើក​ជា​សំណួរ​ថា តើ​ហេតុអ្វីបាន​ជារឿង​បាញ់​ប្រហារ​នៅ​តាម​សាលា​រៀន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ តែង​តែ​កើត​ឡើងទូទៅ​និង​ញឹក​ញាប់យ៉ាង​ដូច​នេះ។ លោកក៏​បាន​ជំរុញ​ឱ្យ​សមាជិក​សភា​ គាំទ្រ​នូវ​អ្វី​ដែល​លោក​ហៅ​ថា «ច្បាប់​គ្រប់គ្រង​អាវុធ»​មួយ។

លោក Biden បាន​បន្ថែម​ទៀត​ថា៖ ‍«ខ្ញុំនឿយ​ណាយ​និង​ធុញទ្រាន់​ចំពោះរឿង​នេះ​ណាស់។​ យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព​ទៅ​លើ​បញ្ហា​នេះ»។

លោក Biden បាននិយាយ​ថា លោក​បាន​ដឹង​ពី​ការ​បាញ់​ប្រហារ​នេះ​ ខណៈ​ពេល​លោក​កំពុង​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ទ្វីប​អាស៊ី​វិញ។

អ្នក​នាំពាក្យអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​សម្តែង​នូវ​ការ​រន្ធត់ចិត្ត​និង​សោកស្តាយ​ចំពោះ​ការ​បាញ់​ប្រហារ​ដ៏​ព្រៃផ្សៃ​នេះ ​ហើយ​ដែល​ជា​ពិសេស​នោះ​ គឺ​ជន​រងគ្រោះ​ភាគច្រើន​បំផុត​ជា​កុមារផងនោះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង Reuters។

XS
SM
MD
LG