ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ថ្កោល​ទោស​សមត្ថកិច្ច​ក្រុងប៉ោយប៉ែត​ដែល​ប្រើ​អំពើ​ហិង្សា​លើ​កម្មក​រអូស​រទេះ


នៅ​ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០១៥ មាន​ការប៉ះ​ទង្គិច​ហិង្សា​រវាង​សមត្ថកិច្ច​និង​កម្មករ​អូស​រទេះ​ឆ្លង​ព្រំដែន​នៅក្រុង​ប៉ោយប៉ែត នៅ​ពេល​កម្មករ​អូស​រទេះ​តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​ទីស្នាក់ការ​គយ​ក្រុង​ប៉ោយប៉ែត ដើម្បី​សុំ​បន្ថយ​ការយក​ពន្ធ​លើ​ទំនិញ​ឆ្លង​ព្រំដែន។ (រូបថត​ផ្តល់​ឲ្យ​ដោយ ព្រាប ឥន្ទវឌ្ឍនៈ)
នៅ​ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០១៥ មាន​ការប៉ះ​ទង្គិច​ហិង្សា​រវាង​សមត្ថកិច្ច​និង​កម្មករ​អូស​រទេះ​ឆ្លង​ព្រំដែន​នៅក្រុង​ប៉ោយប៉ែត នៅ​ពេល​កម្មករ​អូស​រទេះ​តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​ទីស្នាក់ការ​គយ​ក្រុង​ប៉ោយប៉ែត ដើម្បី​សុំ​បន្ថយ​ការយក​ពន្ធ​លើ​ទំនិញ​ឆ្លង​ព្រំដែន។ (រូបថត​ផ្តល់​ឲ្យ​ដោយ ព្រាប ឥន្ទវឌ្ឍនៈ)

នៅថ្ងៃពុធ​នេះ​ អង្គការ​សង្គម​ស៊ីវិល​បាន​ប្រកាស​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ​ស៊ី​ឈ្នួល​អូស​រទេះ​ឆ្លង​កាត់​ច្រក​ព្រំដែន​ប៉ោយប៉ែត​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើមសប្តាហ៍​នេះ​ ខណៈ​ពេល​ដែល​អាជ្ញាធរ​ក្រុង​នេះ​ចោទ​ថា​បាតុកម្ម​ហិង្សា​នោះ​គឺ​មាន​ជន​ញុះញ៉ង់ពី​ក្រោយ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ មាន​កម្មករ​អូស​រទេះ​ដឹក​ទំនិញ​ឆ្លង​ព្រំដែន​ប្រហែល​ ២០០​នាក់​បាន​ធ្វើ​បាតុ​កម្ម​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្ធដារ​បន្ធូរ​បន្ថយ​ការ​យក​ពន្ធ​លើ​ទំនិញ​ក្នុង​រទេះ​របស់ពួក​គាត់​ ​ដែល​ដឹក​ពី​ប្រទេស​ថៃ​ជា​រៀងរាល់​ថ្ងៃ​នោះ។​ ហើយ​ក៏​ស្នើ​ឲ្យ​ពួក​គាត់​ដឹក​ទំនិញ​បាន​ច្រើន​ជាង​មុន​រហូត​ដល់​៣០​កេសក្នុង​១​លើកៗ​ ​និង​សុំ​ឲ្យ​បញ្ឈប់​ការ​យក​លុយ​សម្រាប់ការធ្វើដំណើរឆ្លង​កាត់​របស់​ពួក​គេ​ចំនួន​៧០​បាត​ក្នុង​មួយ​ម្តងៗ។​

បាតុកម្ម​អហិង្សា​នេះ​បាន​ប្រែ​ជា​អំពើ​ហិង្សា​ ក្រោយ​ពេល​អាជ្ញាធរ​ព្យាយាម​រើរទេះ​របស់​បាតុករ​ទាំង​នេះ​ចេញ​ពី​ផ្លូវ​នៃ​ច្រក​ព្រំដែន​ ដែល​ពួកគេ​ដាក់​បង្ខាំង​ដើម្បី​ធ្វើ​បាតុកម្ម​នោះ។​ ​ យ៉ាង​ហោច​ណាស់​មាន​កម្មករ​ចំនួន៤​នាក់​បាន​រង​របួស ​ក្នុង​នោះ​កម្មករ​ម្នាក់​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ​ ក្រោយ​ពេល​ដែលអំពើហិង្សាផ្ទុះឡើង​ចំនួនពីរ​លើក​នៅ​ពេល​ព្រឹក​និង​ពេល​រសៀល​ថ្ងៃនោះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍របស់​ខ្លួន​ ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​ធ្វើ​ការស៊ើប​អង្កេត​លើ​បញ្ហា​នេះ​ បាន​បញ្ជាក់ថា ​អាជ្ញាធរ​ក្រុង​បាន​ពង្រាយកម្លាំងស្លៀកពាក់ឯក​សណ្ឋានសរុប​ប្រហែល​ជា​៩០​នាក់​ធ្វើការបង្ក្រាប​លើបាតុករ​ដែល​មាន​គ្នា​ប្រហែល​២០០​នាក់​ ក្នុង​នោះ​ ​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រើ​អំពើ​ហិង្សា​វាយ​លើកម្មករ​អូស​រទេះ​ដែល​ធ្វើ​បាតុកម្ម​នោះ​យ៉ាង​សាហាវ​ឃោរឃៅ«រហូត​ដល់​សន្លប់ ​មុន​នឹង​ចាប់​ដាក់​ខ្នោះ​ដៃ»។​

លោក​នី​ ចរិយា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ បាន​បញ្ជាក់ថា ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​សមត្ថ​កិច្ច​មកលើ​កម្មករ​ដែល​គ្មានអាវុធ​ក្នុង​ដៃ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ។​

«សមត្ថ​កិច្ច​ដែល​មាន​ប្រដាប់​អាវុធ​នៅ​ដៃ​ ហើយ​ទៅ​ប្រើប្រាស់​អំពើ​ហិង្សា ដូច​យើង​បាន​ឃើញ​នៅ​ក្នុង​រូប​ថត​អញ្ចឹង​គឺ​ថា​ ទៅ​ជាន់​សង្កត់​សង្កិន​គ្នា​ ដែល​គ្មាន​អ្វី​សោះ​ក្នុង​ដៃ​ ហើយ​យើង​ចោទ​ថា ​កម្មករ​ប្រើ​អំពើ​ហិង្សា​ទៅវិញ​ ហើយ​ដូច​យើង​ឃើញ​យក​គ្នា​ទៅ​ដាក់​ខ្នោះ ហើយវ៉ៃ​គ្នាដល់​សន្លប់​អញ្ចឹង​ អា​ហ្នឹង​គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ហើយ»។​ ​

ក៏​ប៉ុន្តែ​លោក​ជា ដា​ មេ​បញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​បាន​ច្រាន​ចោល​ការ​ចោទ​នេះ​ដោយ​ថ្លែងថា ​កង​កម្លាំង​របស់​លោក​មិន​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បាតុករនោះ​ទេ ​ដោយ​ពួក​គេ​គ្រាន់​តែ​ «ចូល​ទៅ​រើ​រទេះ​ចេញ​ពី​ផ្លូវ​ដើម្បី​សម្រួល​ចរាចរណ៍​ឡើង​វិញ​នោះ​ទេ»។​

លោក​បាន​បន្ត​ថា​ នៅ​ក្នុង​ពេល​ផ្ទុះ​អំពើ​ហិង្សា​លើក​ទី​ពីរ​ ពេល​ដែល​ក្រុម​បាតុករ​បាន​គប់ដុំថ្ម​ទៅ​លើ​អគារ​ការិយាល័យ​គយ​ និងរដ្ឋាករ​ ហើយ​ព្យាយាម​សម្រុក​ចូល​ការិយាល័យ​គយ​ និងរដ្ឋករ​នោះ​ ក្រុម​អាជ្ញាធរ​បាន​បាញ់​គំរាម​ឡើង​លើ​ចំនួន​៤​គ្រាប់ ​និង​បញ្ឈប់​ពួក​គេ​ទាំង​នោះ។​ ​

«រឿង​ហ្នឹង​មានបាញ់​ប្រហែល​៤​គ្រាប់​ ក៏ប៉ុន្តែ​បាញ់​ហ្នឹង​គឺ​ដើម្បី​ការពារ​ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ចូល​ទៅ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ ​អគារ​របស់​គយ​ហ្នឹង​ណា។​ បើ​សិន​គាត់​ចូល​ទៅ​កន្លែង​ហ្នឹង​ប្រហែល​ពីរ​ថ្ងៃ​នេះ​គឺ​មិន​ទាន់​ចប់​ផង​ ហើយ​អាច​មាន​ជីវិត​មនុស្ស​ស្លាប់​ផង​ ពេល​ដែល​គាត់​បុកចូល​ទៅ​ហ្នឹង។​ បងឯង​មើល​ក្នុង​ហ្វេសប៊ុក​ទៅ​ឃើញ​ហើយ​ មាន​ការ​ខូចខាត​អី​ខ្លះ?​ គ្រាន់​តែ​រថយន្ត​៩​ ម៉ូតូ៣​ទៀត​ ហើយ​អគារ​របស់​គយ​គឺ​ខ្ទេចខ្ទី​អស់​ហើយ»។​

លោក​ជា ដា ​និង​លោក​ឈួន ហៃ​ ប្រធាន​ការិយាល័យ​គយ ​និង​រដ្ឋាករបាន​ប្រាប់​វីអូអេ​ខេមរភាសា​ថា​ ការ​ផ្ទុះ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ​គឺ​ដោយ​មាន​អ្នកញុះញ៉ង់​ពី​ក្រោយ​ ហើយអាជ្ញាធរ​កំពុង​តាម​ស៊ើប​រក​អ្នក​នៅ​ពី​ក្រោយ​ដែល​ធ្វើ​ការ​ញុះញ៉ង់​ឲ្យ​មាន​បាតុកម្ម​ហិង្សានេះ។​

របាយ​ការណ៍​របស់​អាជ្ញាធរ​កន្លង​មក​បាន​ចោទ​ថា ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពីក្រោយ​អំពើ​ហិង្សា​នោះ​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នេះ​បាន​បដិសេធ​ហើយ​ទាមទារឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ និង​ស្នើ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជូន​ដល់​បាតុករ​ទាំង​នោះ។​

មក​ដល់​ពេល​នេះ ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែតដំណើរ​ការ​ជា​ធម្មតា​ឡើង​វិញ​ ហើយគ្មាន​របាយ​ការណ៍អំពី​ការ​ស្លាប់​ក្នុង​ពេល​បាតុកម្ម​នោះ​ទេ។​ ​ ដោយ​ឡែក​ កម្មករ​ម្នាក់​ដែល​រង​របួស​ធ្ងន់​ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នា​ក្រុង​ប៉ោយប៉ែត៕

XS
SM
MD
LG