ក្រុមប៉ូលិសដាណឺម៉ាកបាននិយាយថា បុរសម្នាក់ដែលខ្លួនបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យនេះ ទំនងជាឋិតនៅពីក្រោយការវាយប្រហារដោយកាំភ្លើងពីរលើកកាលពីថ្ងៃសៅរ៍នៅក្នុងក្រុងកូប៉ិនហាក (Copenhagen) ដែលបានបណ្តាលឲ្យជនស៊ីវិលពីរនាក់ស្លាប់និងធ្វើឲ្យប៉ូលីស៥នាក់ត្រូវរបួស។
ក្រុមមន្ត្រីនិយាយថា គ្មានភស្តុតាងបញ្ជាក់ថាមានជនប្រដាប់អាវុធឯទៀត ដែលមានជាប់ទាក់ទិននឹងការបាញ់ប្រហារទាំងនោះទេ ដែលការវាយប្រហារមួយបានកើតមានទ្បើងនៅក្នុងពិធីមួយស្តីពីសេរីភាពខាងការនិយាយស្តីបញ្ចេញមតិនៅក្នុងហាងកាហ្វេមួយ ហើយការវាយប្រហារមួយទៀតបានកើតមានទ្បើងនៅខាងក្រៅព្រះវិហារ synagogue ធំជាងគេនៃក្រុង Copenhagen។
លោកស្រីនាយករដ្ឋមន្ត្រី Helle Thorning-Schmidt នៃប្រទេសដាណឺម៉ាកបានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា មនុស្សស្លូតត្រង់គ្មានទោសពៃរ៍ពីរនាក់បានបាត់បង់ជីវិតដោយសារ «សកម្មភាពភេរវកម្មដោយគ្មានមេត្តាប្រឆាំងនឹងប្រទេសដាណឺម៉ាក»។ លោកស្រីបាននិយាយថា គ្មាននរណាម្នាក់អាចរត់គេចខ្លួនរូចពីការវាយប្រហារលើ «សង្គមដាណឺម៉ាកដ៏ចំហ សេរីនិងប្រជាធិបតេយ្យនោះទេ»។
ពិធីស្តីពីការនិយាយស្តីបញ្ចេញមតិដោយសេរីមានការចូលរួមពីសំណាក់លោក Lars Vilks អ្នកគូររូបត្លុកកំប្លែងជាតិស៊ុយអែត ដែលគេបានស្គាល់លោកដោយសាររូបគំនូរចំអកទ្បកទ្បឺយរបស់លោកដោយមានរួមបញ្ចូលទាំងរូបគំនូរកំប្លែងមួយកាលពីឆ្នាំ២០០៧នៃព្យាការីមូហាម៉ាត់ (Muhammad) ដែលមានរាងកាយជាសត្វឆ្កែ។លោកVilks គ្មានត្រូវរបួសទេក្នុងឧប្បត្តិហេតុនោះ។
នៅក្នុងការវាយប្រហារទីមួយ ជនប្រដាប់អាវុធម្នាក់ដែលមានកាភ្លើងស្វ័យប្រវត្តិមួយដើម បានបាញ់សម្លាប់មនុស្សម្នាក់ និងបានធ្វើឲ្យប៉ូលិសបីនាក់ត្រូវរបួសនៅក្នុងពិធីសន្ទនាគ្នាស្តីពីសេរីភាពខាងការនិយាយស្តីបញ្ចេញមតិ។ឆ្មាំស្ម័គ្រចិត្តម្នាក់បានត្រូវសម្លាប់ ហើយប៉ូលិសពីរនាក់បានត្រូវរបួសនៅក្នុងការបាញ់កាំភ្លើងនៅឯព្រះវិហារ synagogue ក្នុងពេលពីរបីម៉ោងបន្ទាប់មក។ប្រភពផ្សេងៗបាននិយាយថា ឆ្មាំនោះជាជនអំបូរជ្វីព។
កាលពីព្រឹកថ្ងៃអាទិត្យនេះ ក្រុមប៉ូលិសបាននិយាយថា ពួកគេបានបាញ់សម្លាប់បុរសម្នាក់ ដែលបានបាញ់កាំភ្លើងលើប៉ូលិសនៅជិតស្ថានីយរទះភ្លើងមួយនៅក្នុងតំបន់មួយដែលក្រុមប៉ូលិសបានឃ្លាំមើលអាគារមួយខ្នង។នៅពេលបន្ទាប់មកអាជ្ញាធរបានភ្ជាប់ បុរសនោះទៅនឹងឧប្បត្តិហេតុដ៏ប្រល័យទាំងពីរកាលពីថ្ងៃសៅរ៍៕