ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាប់​កាំភ្លើង​បាញ់​រះ​លើ​ការ​ប្រជុំ​អំពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​ក្រុង​កូប៉ិនហាក


កញ្ចក់​បែក​នៅ​កន្លែង​កើតហេតុ​នៃ​ការ​បាញ់ប្រហារ​នៅ​ក្នុង​ក្រុង​កូប៉ិនហាក (Copenhagen) កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥។
កញ្ចក់​បែក​នៅ​កន្លែង​កើតហេតុ​នៃ​ការ​បាញ់ប្រហារ​នៅ​ក្នុង​ក្រុង​កូប៉ិនហាក (Copenhagen) កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥។

កាលពី​ថ្ងៃសៅរ៍​មាន​ការ​បាញ់​កាំភ្លើង​ទៅ​លើ​ហាង​កាហ្វេ​មួយ​ក្នុង​ក្រុង​កូប៉ិនហាក (Copenhagen) ដែល​នៅ​ទីនោះ​អ្នក​គូរ​រូប​ត្លុកកំប្លែង​ម្នាក់​ដែល​គេ​ធា្លប់​ស្គាល់​ថា​លោក​បាន​គូរ​រូប​ចំអក​ឱ្យ​ព្យាការី Muhammad។​ មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​ហើយ​មាន​ជន​ពីរនាក់​ទៀត​ត្រូវ​របួស។

អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថា​ក្រុម​ជន​ប្រដាប់​អាវុធ​បាន​បាញ់​កាំភ្លើង​ជាច្រើន​គ្រាប់​ដាក់​លើ​ហាង​កាហ្វេ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ដាណឺម៉ាក (Denmark) ហើយ​ក៏​គេច​ខ្លួន​បាត់។ បង្អួចធំ​ខាង​មុខហាង​កាហ្វេ នេះ សុះ​ដោយ​ប្រហោង​គ្រាប់កាំភ្លើង។​

ក្រុម​ប៉ូលិស​កំពុង​ស្វែង​រក​ជន​សង្ស័យ​ពីរ​នាក់។ ការ​បាញ់​កាំភ្លើង​នេះ​បានកើត​មាន​ទ្បើង​នៅ​ក្នុង​ឱកាស​ពិធី​មួយ​នៃ​សេរីភាព​ខាង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ​ចាត់ចែង​ដោយ​គណៈកម្មាធិការ​ Lars Vilks។ អង្គការ​នេះ​គាំទ្រ​លោក Lars Vilks អ្នក​គូរ​រូប​ត្លុកកំប្លែង​ជាតិ​ស៊ុយអែត​ដែល​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ជាច្រើន​ក្នុង​ព័ត៌មាន​កាលពី​ឆ្នាំ២០០៧​ដោយ​លោក​បាន​បោះពុម្ព​ផ្សាយ​រូប​ត្លុកកំប្លែង​មួយ​របស់​ព្យាការី Muhammad ដែល​មាន​រាងកាយ​ជា​ឆ្កែ។ ចាប់​តាំងពី​ពេល​នោះ​មក​លោក Vilks បាន​រស់​នៅ​ក្រោ​ម​កិច្ចការពារ​សន្តិសុខ​យ៉ាង​មាំទាំ។​

លោក​ Vilks និង​លោក Francois Zimeray ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​ដាណឺម៉ាក​គ្មាន​ត្រូវ​របួស​ទេ​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​នោះ ក៏​ប៉ុន្តែ​ស្ត្រី​អ្នក​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​នេះ​បាន​ហៅ​ការ​បាញ់​កាំភ្លើង​នេះ​ថា​ជា​ការ​ប៉ុនប៉ង​សម្លាប់​លោក Vilks។

គេ​រំពឹង​ថា​លោក​ឯកអគ្គរដ្ឋទូត​បារាំង Francois Zimeray នឹង​មានប្រសាសន៍​អំពីផល​ប៉ះពាល់​នៃ​ការ​វាយប្រហារ​កាល​ពី​ខែ​មុន​នៅ​ក្នុង​ក្រុង​ប៉ារីស​ទៅ​លើ​ការិយាល័យ​នៃ​ទស្សនាវដ្តី​ត្លុកកំប្លែង​ Charlie Hebdo និង​នៅ​ក្នុង​ហាង​លក់​គ្រឿងទេស Kosher មួយ។ ការ​វាយប្រហារ​ទាំង​នេះ​ដោយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​បាន​បណ្តាល​ឱ្យ​មនុស្ស​២០នាក់​ស្លាប់​ដោយ​មាន​រូមបញ្ចូល​ទាំង​អ្នក​ធ្វើ​ការ​វាយប្រហារ​ផងដែរ។

លោក​ប្រធានាធិបតី​បារាំង​ Francois Hollande បាន​ប្រកាស​ថា​លោក​នឹង​បញ្ជូន​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ Bernard Cazeneuve ទៅ​កាន់​ប្រទេស​ដាណឺម៉ាក​ក្នុង​ពេល​ឆាប់ៗ​នេះ។​

លោក Frank Jensen អភិបាល​ក្រុង​កូប៉ិនហាក​បាន​និយាយ​ថា​លោក​មាន «ការ​រន្ធត់​ចិត្ត​យ៉ាងខ្លាំង» ដោយ​ការ​បាញ់​កាំភ្លើងនេះ។ ​លោក​បាន​និយាយ​ថា​ជា​ការ​ឆាប់រហ័ស​ពេក​នឹង​ដឹង​អំពី​បុព្វហេតុ​នៃ​ការ​វាយប្រហារ​នេះ​ ក៏​ប៉ុន្តែ​លោក​បាន​និយាយ​បន្ថែម​ថា «ជា​អកុសល​ វា​ដូចជា​ការ​វាយ​ប្រហារ​មួយ​ដ៏​ឃោរឃៅ​ទៅ​លើ​សេរីភាព​នៃ​ការ​និយាយ​ស្តី​និង​ការ​បញ្ចេញ​មតិ»៕

XS
SM
MD
LG