ការធ្វើតេស្តប្រចាំថ្ងៃមេរោគកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ ទោះជានៅពេលដែលចំនួនមនុស្សស្លាប់កើនឡើងក៏ដោយ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press កាលពីថ្ងៃពុធ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ចំនួននៃការធ្វើតេស្តបានធ្លាក់ចុះជិត៤ ភាគរយក្នុងរយៈពេលជាង២សប្តាហ៍កន្លងមកនេះ។
ពួកអ្នកជំនាញបាននិយាយថា តម្រូវការបានដាក់បន្ទុកហួសដល់មន្ទីរពិសោធន៍ដែលធ្វើតេស្តមានសុក្រិតភាពខ្ពស់ដែលអាចរកឃើញពន្ធុរបស់មេរោគកូរ៉ូណាដែលបណ្តាលឲ្យកើតជំងឺកូវីដ១៩។ ការធ្វើតេស្តទាំងនោះអាចផ្តល់លទ្ធផលយ៉ាងតិចរយៈពេល២ថ្ងៃ។
ពួកអ្នកជំនាញកំពុងអំពាវនាវឲ្យធ្វើតេស្តតាមវិធីផ្សេងទៀតដែលមនុស្សអាចធ្វើតេស្តខ្លួនឯងបានហើយទទួលបានលទ្ធផលតែរយៈពេលប៉ុន្មាននាទីតែប៉ុណ្ណោះ ក៏ប៉ុន្តែ ពួកអ្នកវិទ្យាសាស្រ្ត និយាយថា ការធ្វើតេស្តទាំងនេះមិនអាចទុកចិត្តបាន។ ការធ្វើតេស្តទាំងនោះរួមមានការធ្វើតេស្តដោយខ្លួនឯង ដែលពួកអ្នកជំងឺនឹងស្តោះទឹកមាត់លើក្រដាសពិសេសមួយដែលផ្លាស់ប្តូរពណ៌ ប្រសិនបើលទ្ធផលវិជ្ជមាន។
ក៏ប៉ុន្តែពួកនិយ័តករសហព័ន្ធនិយាយថា ការធ្វើតេស្តបែបនេះអាចជាការមិនអាចទុកចិត្តបានយ៉ាងខ្លាំង។
ក្នុងខណៈនោះដែរ ពួកអាជ្ញាធររុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ពួកគេកំពុងពង្រីកការធ្វើតេស្តជំងឺកូវីដ១៩តាមរបៀបរហ័សរបស់ខ្លួននៅចំណតអាកាសយាន្តដ្ឋានសំខាន់២ក្នុងទីក្រុងម៉ូស្គូ បន្ទាប់ពីការធ្វើតេស្តនៅចំណតអាកាសយាន្ត Sheremetyevo ដែលជាចំណតអាកាសយាន្តដ្ឋានដ៏មមាញឹកបំផុតមួយ។
ពួកអាជ្ញាធរនិយាយថា ការធ្វើតេស្តនោះអាចផ្តល់លទ្ធផលតែរយៈពេលមួយម៉ោងប៉ុណ្ណោះ។
Facebook កាលពីថ្ងៃពុធម្សិលមិញបានដកចេញការចុះផ្សាយដោយប្រធានាធិបតីដូណាល់ ត្រាំ ពីព្រោះតែ Facebook និយាយថា ការចុះផ្សាយនោះបានផ្សព្វផ្សាយព័ត៌ មានមិនពិតអំពីមេរោគកូរ៉ូណា។
អ្នកនាំពាក្យ Facebook បាននិយាយថា៖ «វីដេអូនោះរួមមានការអះអាងមិនពិតថា មនុស្សមួយក្រុម បានរួចផុតពីការឆ្លងជំងឺកូវីដ១៩ ដែលជាការរំលោភគោលនយោបាយរបស់យើងជុំវិញព័ត៌មានមិនពិតអំពីជំងឺកូវីដ១៩ដ៏គ្រោះថ្នាក់»៕