ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតិថិជន​ក្រុមហ៊ុន GFX តវ៉ា​ស្នើ​សុំ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​លើ​ប្រាក់​បាត់បង់​ជាង​៤លាន​ដុល្លារ


អតិថិជន GFX ដែល​ជា​ជន​រងគ្រោះ​បាត់បង់​ប្រាក់​វិនិយោគ តវ៉ា​នៅ​ខាងមុខ​គណៈកម្មការ​មូលបត្រ​កម្ពុជា នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាពផ្តល់ឲ្យដោយសេម)
អតិថិជន GFX ដែល​ជា​ជន​រងគ្រោះ​បាត់បង់​ប្រាក់​វិនិយោគ តវ៉ា​នៅ​ខាងមុខ​គណៈកម្មការ​មូលបត្រ​កម្ពុជា នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាពផ្តល់ឲ្យដោយសេម)

អតិថិ​ជន​របស់​ក្រុមហ៊ុន​ GFX (GOLDFX Investment) កាល​ពី​ព្រឹក​ថ្ងៃ​ពុធ បាន​តវ៉ា​នៅ​ខាង​មុខ​គណៈ​កម្មការ​មូលបត្រ​កម្ពុជា ដោយ​ស្នើ​សុំ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធតុលា​ការ ខណៈ​ពួក​គេ​អះអាង​ថា ​ពួក​គេ​បាន​ឯកភាព​ទាម​ទារ​៧០%​នៃ​ប្រាក់​វិនិ​យោគ។

បើ​តាម​ញត្តិ​របស់​ពួកគេ​ជា​ជន​រង​គ្រោះ​ចំនួន​២៨៤​នាក់ បានឲ្យ​ដឹង​ថា​ ទំហំ​ទឹក​ប្រាក់​វិនិយោគ​សរុប​ដែល​ពួកគេ​បាត់​បង់​ មាន​ប្រមាណ ​៤,២​ លាន​ដុល្លារ​អាមេរិក។ ពួកគេ ​គឺ​ជា​ជន​រង​គ្រោះ ដែល​មិន​ទាន់​ព្រម​ទទួល​យក​សំណង​៣០%​ ដែល​ក្រុមហ៊ុន​ផ្តល់​ឲ្យ​កាល​ពី​កន្លង​ទៅ។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​តើ​អតិថិជន​ប៉ុន្មាន​នាក់​ហើយ​ដែល​បាន​យល់​ព្រម​ទទួល​យក​ប្រាក់​៣០​%​ នោះ​រួច​ហើយ។

ញត្តិ​របស់​ជន​រងគ្រោះ​បញ្ជាក់​ថា៖ «...យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​បន្ទន់​ឥរិយាបថ​ជា​បន្ត​បន្ទាប់ ដើម្បី​បញ្ចប់​រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​ស្នើ​ឲ្យ​មាន​សំណង​ត្រឹម​តែ​៧០%​នៃ​ប្រាក់​ដើម​សរុប​ផ្អែក​តាម​កិច្ច​ព្រម​ព្រៀង»។

នៅ​ក្នុង​ការ​តវ៉ា​នោះ ពួកគេ​មិន​ចង់​បង្ហាញ​ឈ្មោះ​ឲ្យ​សាធារណជន​ស្គាល់​នោះ​ទេ ដោយ​ហេតុ​ថា ​ពួកគេ​ខ្លះ​ជា​មន្រ្តី​រាជការ។

នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេស​ប៊ុក​អំពី​ការ​តវ៉ា​នោះ អតិថិជន​ម្នាក់​និយាយ​ថា៖ «ហើយ​យើង​ឃើញ​ហើយ​ជន​រង​គ្រោះ គឺ​អត់​មាន​ចង់​ឈ្នះ ចង់​ចាញ់​អី​ទេ។ គាត់​បន្ទន់​អស់​ហើយ គឺ​សុំ​តែ​៧០%។ ហើយ​សួរ​ថា​យើង​ដាក់​១០០ ហើយ​សុំ​៧០% ខុស​អស់?»

ចំណែក​អតិថិជន​ម្នាក់​ទៀត​លើក​ឡើង​ថា៖ «យើង​នៅ​តែ​មាន​ជំនឿ​លើ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ទាំង​អស់ នៅ​តែ​មាន​ជំនឿការ​អធ្រាស្រ័យ​របស់​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ដើម្បី​ចេញ​មក​ជួយ​ដោះ​ស្រាយ​ការ​ផ្សះ​ផ្សា​មួយ ការ​ចរចា​មួយ​រវាង​អតិថិ​ជន ជា​ជន​រង​គ្រោះ​ទាំង​អស់ ដើម្បី​រក​ដំណោះ​ស្រាយ នូវ​ចំណុច​កណ្តាល​មួយ ឲ្យ​បាន​ចប់​នូវ​បញ្ហា ​GFX ​នេះ នៅ​ពេល​ខាង​មុខ»។

កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១ ​ក្រុម​ហ៊ុន​ Gold FX Investment ​បាន​សម្រេច​ផ្អាក​ដំណើរ​ការ ដោយ​សំអាង​មូល​ហេតុ​ដោយ​សារ​គណៈ​គ្រប់​គ្រង​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ហ៊ុន​ បាន​កិប​កេង​ប្រវ័ញ្ច​ប្រាក់​របស់​ក្រុម​ហ៊ុន​ និង​ប្រាក់​របស់​អតិថិជន​យ៉ាង​ច្រើន។

បើ​តាម​អតិថិជន ក្រុមហ៊ុន ​GFX បាន​បិទ​ទ្វារ រហូត​មក​ដល់​ពេល​នេះ។ ដូច្នេះ​ហើយ​ទើប​ពួកគេ​ បាន​ស្នើ​សុំ​គណៈ​កម្មការ​មូលបត្រ​កម្ពុជា​ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ និង​រៀបចំ​ការ​ជួប​ចរចា​សម្រប​សម្រួល​គ្នា។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី​បន្ត​សម្រុះ​សម្រួល​គ្នា ហើយ​បើ​មិន​ជា​សះ​ទេ គួរ​ប្តឹង​ទៅ​តុលាការ។

កាល​ពី​កន្លង​ទៅ ក្រុមហ៊ុន ​GFX​ បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​ ជា​ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូវ​មាន​កម្រិត​ស្រប​ច្បាប់ និង​ជា​ភ្នាក់​ងារ​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ ដែល​ទទួល​បាន​អាជ្ញា​បណ្ណស្រប​ច្បាប់​ពី​គណៈ​កម្មការ​មូល​បត្រ​កម្ពុជា។ ក្រុមហ៊ុន​បាន​កំណត់​កាល​បរិច្ឆេទ​បិទ​បញ្ចប់​ធ្វើ​ដំណោះ​ស្រាយ​សាច់​ប្រាក់​សំណង​៣០%​ដល់​អតិថិ​ជន​ទាំង​អស់ កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១។

ក្រុមហ៊ុន​បញ្ជាក់​ថា៖ «ការ​បិទ​បញ្ចប់​ដំណោះ​ស្រាយ​សាច់​ប្រាក់​នេះ ដើម្បី​បន្ត​ជំរុញ​ឲ្យ​បាន​ឆាប់​រហ័ស​បន្ថែម​ទៀត​ក្នុង​នីតិវិធី​នៃ​បណ្តឹង​ដែល​មាន​ស្រាប់​តាម​ច្បាប់​ក្នុង​គោល​បំណង​ទាម​ទារ​ប្រាក់​ដែល​បាន​បាត់​បង់​មក​វិញ និង​ចាប់​ជន​បង្ក​ជា​ជន​បរទេស បក្ខ​ពួក​ជន​បរទេស​ដទៃ​ទៀត​មក​ផ្តន្ទា​ទោស​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន»។

ក្រុមហ៊ុន​បញ្ជាក់​ថា ​អតិថិជន និង​ក្រុមហ៊ុន ​ជា​ជន​រង​គ្រោះ​ដូច​គ្នា។

បើ​តាម​ហ្វេស​ប៊ុក​ដែល​បង្កើត​ឡើង​ដោយ​ជន​រង​គ្រោះ ពួក​គេ​លើក​ឡើង​ថា​ អតិថិ​ជន​ជាង​១​ពាន់​នាក់​ បាន​បាត់​បង់ទឹក​ប្រាក់​សរុបប្រមាណ​ជាង​២០​លាន​ដុល្លារ​អាមេរិក ដែល​រហូត​មក​ដល់​ពេល​នេះ ​មាន​រយៈ​ពេល​៨​ខែ​រួច​មក​ហើយ។

វីអូអេ​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ឈាង គ្រីស្តុហ្វ តំណាង​ក្រុមហ៊ុន​ GFX និង​លោក ប៊ុន គីរី​រិទ្ធ ដែល​ឈ្មោះ​របស់​លោក ត្រូវ​បាន​ចុះ​បញ្ជី​ជា​ប្រធាន​ក្រុម​ហ៊ុន ​GFX អម​ជាមួយ​អ្នកស្រី កែ សួនសុភី ជា​នាយក​ក្រុម​ហ៊ុន​ដែរ។

អ្នកស្រី កែ សួន​សុភី ជា​កូនស្រី​របស់​លោក កែ គឹម​យ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ជា​អតីត​មេបញ្ជា​កង​យោធ​ពល​ខេមរ​ភូមិន្ទ។ អ្នកស្រី​ជា​ភរិយា​របស់​លោក ស សុខា ដែល​ជា​កូន​ប្រុស​របស់​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។

វីអូអេ​ មិន​អាច​ទាក់ទាក់​អ្នកស្រី កែ សួន​សុភី ដើម្បី​ស្នើ​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

វីអូអេ ​ក៏​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ស៊ូ សុជា​តិ អគ្គ​នាយក​នៃ​គណៈ​កម្មការ​មូលបត្រ​កម្ពុជា​បាន​នៅ​ឡើយ​ដែរ។

​ក្រោយ​មាន​ជំនួប​ជាមួយ​មន្រ្តី​គណៈ​កម្មការ​មូល​បត្រ​កម្ពុជា នៅ​ពេល​តវ៉ា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ អតិថិជន​អះអាង​ថា ​គណៈ​កម្មការ​មូល​បត្រ​កម្ពុជា​ បាន​សន្យា​ថា​ នឹង​ជួយ​ពន្លឿន​ការ​ងារ​នេះ ហើយ​នឹង​រៀប​ចំ​ការ​ចរចា​នៅ​ពេល​ណាមួយ។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ ធ្លាប់​បាន​ជំរុញ​ឲ្យ​ដោះ​ស្រាយ​ជម្លោះ​នេះ ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​អាច​ទទួល​យក​ពី​គ្រប់​ភាគី ដើម្បី​ធានា​បរិយាកាស​ល្អ​ក្នុង​វិស័យ​ទីផ្សារ​មូលបត្រ​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG