នៅក្នុងសំណុំរឿងបាត់បង់ប្រាក់របស់អតិថិជនដែលបានវិនិយោគជាមួយក្រុមហ៊ុនGFX លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យគ្រប់ភាគីបន្តសម្រុះសម្រួលគ្នា ហើយបើមិនជាសះទេ គួរប្តឹងទៅតុលាការ។ ជាមួយគ្នានេះ ក្រុមហ៊ុន GoldFX ឬGFX Investment បានប្រកាសពន្យារពេលនៃការមកទទួលប្រាក់សំណងរបស់អតិថិជនចំនួន៣០%ម្តងទៀត រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
អ្នកវិនិយោគដែលបានបាត់បង់ប្រាក់បានសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ អស់រយៈពេលប្រមាណ៦ខែមកហើយ។ ការដោះស្រាយជម្លោះចុងក្រោយនេះ ក្រុមហ៊ុនបានសម្រេចផ្តល់សំណង៣០%ដល់អតិថិជនដែលបានដាក់ប្រាក់វិនិយោគ ប៉ុន្តែអតិថិជនមួយចំនួនមិនព្រមទទួលយក។ នេះបើតាមសម្តីរបស់ជនរងគ្រោះ។
កាលពីថ្ងៃពុធ នៅលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានឆ្លើយតបទៅនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលបានសុំអន្តរាគមន៍ពីរូបលោក ក្នុងជម្លោះជាមួយក្រុមហ៊ុនGFX ដែលគ្រប់គ្រងដោយសែស្រឡាយកូនមន្រ្តីជាន់ខ្ពស់។
លោក ហ៊ុន សែន បានសរសេរថា៖ «ដោយសារបងប្អូនបានចូលមកនិយាយប្រាប់ខ្ញុំច្រើនដងហើយដែលល្មមដល់ពេលខ្ញុំត្រូវឆ្លើយតបដោយខ្លីថាសូមបងប្អូនបន្តសម្រុះសម្រួលគ្នាព្រោះបងប្អូនស្ម័គ្រចិត្តរកស៊ីជាមួយគ្នា។ ក្នុងករណីរកការស្រុះស្រួលមិនបាន សុំដាក់ពាក្យបណ្តឹងទៅកាន់តុលាការ»។
បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្រ្តី ក្រុមហ៊ុនGFXបានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៥ ខែកញ្ញា ដោយលើកឡើងថាក្រុមហ៊ុនជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតស្របច្បាប់ និងជាភ្នាក់ងារឈ្នួញជើងសារឧបករណ៍និស្សន្ទ ដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជា។ ក្រុមហ៊ុនបានកំណត់កាលបរិច្ឆេទបិទបញ្ចប់ធ្វើដំណោះស្រាយសាច់ប្រាក់ដល់អតិថិជនទាំងអស់ ត្រឹមថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២១ បន្ទាប់ពីមានការពន្យារពេលម្តងរួចមកហើយ។
ក្រុមហ៊ុនបញ្ជាក់ថា៖ «ការបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នេះ ដើម្បីបន្តជំរុញឲ្យបានឆាប់រហ័សបន្ថែមទៀតក្នុងនីតិវិធីនៃបណ្តឹងដែលមានស្រាប់តាមច្បាប់ក្នុងគោលបំណងទាមទារប្រាក់ដែលបានបាត់បង់មកវិញ និងចាប់ជនបង្កជាជនបរទេស បក្ខពួកជនបរទេសដទៃទៀតមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន»។
ក្រុមហ៊ុនបញ្ជាក់ថាអតិថិជន និងក្រុមហ៊ុនជាជនរងគ្រោះដូចគ្នា។
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនGold FX Investment បានសម្រេចផ្អាកដំណើរការ ដោយសំអាងមូលហេតុដោយសារគណៈគ្រប់គ្រងមួយចំនួននៅក្នុងក្រុមហ៊ុនបានកិបកេងប្រវ័ញ្ចប្រាក់របស់ក្រុមហ៊ុននិងប្រាក់របស់អតិថិជនយ៉ាងច្រើន។
អតិថិជនដែលបាត់បង់ប្រាក់បានបង្កើតក្រុមហ្វេសប៊ុកមួយ ដោយមានឈ្មោះថា«សំឡេងជនរងគ្រោះដោយសារក្រុមហ៊ុន GFX Investment»។ បើតាមហ្វេសប៊ុកនោះ ពួកគេលើកឡើងថាអតិថិជនជាង១ពាន់នាក់បានរងគ្រោះ ដែលទឹកប្រាក់សរុបមានប្រមាណជាង២០លានដុល្លារអាមេរិក។
លោក ធូ ពន្លឺ អាយុ២១ឆ្នាំ ដែលជាជនរងគ្រោះម្នាក់ បានអះអាងថាលោកបានដាក់ប្រាក់វិនិយោគប្រមាណ៦០០ដុល្លារអាមេរិកជាមួយក្រុមហ៊ុន ក្រោយមានការណែនាំពីមិត្តភក្តិ និងការជឿទុកចិត្តលើក្រុមហ៊ុននេះដែលបានចុះបញ្ជីត្រឹមត្រូវ។ លោកយល់ថាការវិនិយោគនេះ នឹងទទួលបានផលចំណេញ ទើបលោកសម្រេចចិត្តដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនចំនួន៥០០ដុល្លារក្នុងឆ្នាំ២០១៩ ហើយបន្ទាប់មកបានមួយខែ លោកបន្តដាក់ប្រាក់វិនិយោគបន្ថែមចំនួន១០០ដុល្លារទៀត។ សរុបមកក្នុងមួយឆ្នាំនៃប្រាក់វិនិយោគនេះ លោកចំណេញបាន១០%នៃប្រាក់សរុប។
លោក ពន្លឺ ដែលជានិស្សិតឆ្នាំទី៣នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាលោកកំពុងរង់ចាំការដោះស្រាយក្រៅប្រព័ន្ធតុលាការដោយរំពឹងថានឹងទទួលបានប្រាក់ដើម៦០០ដុល្លារនោះមកវិញ។ លោកបន្តថាលោកមិនដាក់ពាក្យបណ្តឹងទៅតុលាការព្រោះលោកយល់ថាអាចចំណាយពេលវេលាយូរក្នុងការទទួលបាននូវសំណងមកវិញ ហើយមិនចង់ឲ្យភាគីទាំងសងខាងបាត់បង់កត្តិយស។
លោកនិយាយថា៖ «កាលណាយើងចូលក្នុងប្រព័ន្ធតុលាការវារៀងចំណាយពេលយូរ យើងមិនអាចនិយាយថាយើងមិនទុកចិត្ត ឬយើងទុកចិត្តកម្រិតណា។ ប៉ុន្តែយើងគិតថាវាចំណាយពេលយូរបន្តិច។ អញ្ចឹងយើងព្យាយាមរកដំណោះស្រាយផ្សេងៗក្រៅប្រព័ន្ធតុលាការ ហើយអាចទទួលបានជាការទូទាត់ត្រឡប់មកវិញលឿន»។
អតិថិជនរងគ្រោះម្នាក់ទៀត លោក ជា គីមហៀង អាយុ៣៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ បានបាត់បង់ប្រាក់វិនិយោគសរុបចំនួន៨ពាន់ដុល្លារអាមេរិក។ លោកប្រាប់វីអូអេថាបច្ចុប្បន្នលោកនៅតែបន្តរង់ចាំដំណោះស្រាយតាមនីតិវីធីបន្តបន្ទាប់តាមដែលអាចធ្វើទៅបាន ជាមួយក្រុមហ៊ុន និងខាងនិយ័តករមូលបត្រកម្ពុជា ដោយមិនទាន់ឈានទៅដល់ការប្តឹងផ្តល់តាមផ្លូវតុលាការ។
លោកថ្លែងថា៖ «យើងអត់ទាន់មិនគិតពីយន្តការ(តុលាការ)មួយហ្នឹងទេយើងនៅទន្ទឹងរង់ចាំអំពីដំណោះស្រាយថ្មី ការផ្លាស់ប្តូរគោលជំហរថ្មីរបស់ក្រុមហ៊ុនក៏ដូចជាក្រសួងដែលពាក់ព័ន្ធគាត់លូកដៃមកជួយសិនព្រោះមកទល់ពេលនេះក្រសួងមិនទាន់បានឲ្យភាគីក្រុមហ៊ុននិងភាគីជនរងគ្រោះឲ្យទៅជួបគ្នាម្តងឡើយ»។
លោកបន្ថែមថាលោកមិនពេញចិត្តនឹងសំណង៣០%ដែលក្រុមហ៊ុនសម្រេចផ្តល់ឲ្យនោះទេ ដោយលោកស្នើសុំឲ្យសងមកវិញចាប់ពី៨០%ឡើងទៅនៃប្រាក់៨ពាន់ដុល្លារដែលបាត់បង់។
លោកបន្ថែមថា៖ «អ្វីដែលខ្ញុំរំពឹងទីមួយ ស្ថាប័នដែលពាក់ព័ន្ធនឹងគាត់ដុតដៃដុតជើងលោកជួយដោះស្រាយបញ្ហាហ្នឹងឲ្យបានឆាប់ៗទៅដែលជនរងគ្រោះទាំងអស់ចាំទទួលដំណឹងពីស្ថាប័នដែលជាអាជ្ញាកណ្តាលអាណាព្យាបាលរបស់ក្រុមហ៊ុនចេញមុខមកដោះស្រាយឲ្យបានឆាប់ៗទៅ។ ....ការកំណត់សង៣០%ដល់ជនរងគ្រោះជាឯកតោភាគីអញ្ចឹងវាមិនមែនជាដំណោះស្រាយដែលសមស្រប និងឯកភាពទាំងសងខាងទេ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា ចុះថ្ងៃទី២០ ខែសីហា សាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឲ្យនិយ័តករ«ត្រូវបន្តស៊ើបអង្កេតលើប្រតិបត្តិការសង្ស័យ និងពាក្យបណ្តឹងរបស់អតិថិជនក្រុមហ៊ុន» បើទោះអតិថិជនមិនទាន់ដាក់ពាក្យបណ្តឹងទៅតុលាការក៏ដោយ។
វីអូអេក៏មិនទាន់អាចសុំការឆ្លើយតបពីលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាបានដែរនៅថ្ងៃព្រហស្បតិ៍នេះ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក ប៊ុន គីរីរិទ្ធ ដែលឈ្មោះរបស់លោកត្រូវបានចុះបញ្ជីជាប្រធានក្រុមហ៊ុនGFX ជានាយកក្រុមហ៊ុនGFX អមជាមួយអ្នកស្រី កែ សួនសុភី ជានាយកក្រុមហ៊ុនដែរ។
ចំណែកលោក ឈាង គ្រីស្តុហ្វ តំណាងក្រុមហ៊ុនម្នាក់ដែរ ប្រាប់អ្នកយកព័ត៌មានវីអូអេឲ្យមកជួបនៅការិយាល័យរបស់ក្រុមហ៊ុនដោយផ្ទាល់ ប្រសិនបើចង់ដឹងអំពីករណីនេះ។
លោកថ្លែងថា៖ «ខាងវីអូអេគេចង់បានព័ត៌មានអាចមកអាចអញ្ជើញមកក្រុមហ៊ុនយើងមានគណៈកម្មការមួយអាចឆ្លើយជាមួយវីអូអេបាន»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានជំរុញឲ្យដោះស្រាយជម្លោះនេះ ប្រកបដោយភាពយុត្តិធម៌ និងអាចទទួលយកពីគ្រប់ភាគី ដើម្បីធានាបរិយាកាសល្អក្នុងវិស័យទីផ្សារមូលបត្រ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំគិតថាវិវាទដែលកំពុងមាននេះ គឺជាចំណុចឧទាហរណ៍មួយសំខាន់មែនទែននៅក្នុងការបញ្ជាក់អំពីជំនឿទុកចិត្តរបស់ទីផ្សារមូលបត្ររបស់កម្ពុជាហ្នឹងឲ្យរឹងមាំ។ អញ្ចឹងកន្លែងហ្នឹងហើយដែលខ្ញុំលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសគណៈកម្មការមូលបត្រកម្ពុជា ហើយនិងស្ថាប័នដទៃទៀតដែលមានការពាក់ព័ន្ធគួរតែជំរុញយន្តការនៃការដោះស្រាយហ្នឹងឲ្យល្អ ឲ្យមានយុត្តិធម៌ជាគោល ហើយផ្តល់តម្លាភាពគណនេយ្យភាពចំពោះភាគីទាំងពីរហ្នឹង»។
លោកបន្ថែមថាក្នុងរយៈចុងក្រោយនេះ ប្រទេសកម្ពុជាបានជំរុញច្រើនទៅលើការវិនិយោគពីសាធារណជនទៅលើទីផ្សារមូលបត្រ ដូច្នេះការដោះស្រាយដោយយុត្តិធម៌លើករណីនេះ នឹងផ្តល់ជំនឿទុកចិត្តពីសាធារណជន៕