ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​គុយបា​ចង់​បាន​ជាខ្លាំង​នូវ​ការភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​របស់ខ្លួន


អ្នក​ប្រើប្រាស់ទូរស័ព្ទដៃ​ អាច​ប្រើប្រាស់​អ៊ីនធឺណិត​តាម Wi-Fi សាធារណៈ​ជាលើកដំបូង​ក្នុង​ទីក្រុង​ ឡាហាវ៉ាន ប្រទេស​គុយបា​ កាលពីថ្ងៃទី២ ខែកក្ដា ឆ្នាំ២០១៥។

ប្រទេស​គុយបា គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួនតូច ដែល​ការប្រើប្រាស់​អ៊ីនធឺណិត​របស់​ប្រជាពលរដ្ឋ​នៅមាន​កម្រិត​ទាប​នៅ​ឡើយ។ នៅ​ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​ការ​ធ្វើតាម​សន្យារបស់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រីក​ការ​តភ្ជាប់​អ៊ីនធឺណិត​នេះ​ ក៏​មាន​ពលរដ្ឋមួយចំនួន​ដែល​ចង់​ប្រើ​អ៊ីនធឺណិត​ខ្លាំង ​បាន​តំឡើង​បណ្តាញ​អ៊ីនធឺណិត​ក្នុង​តំបន់​របស់​ពួកគេ ដើម្បី​ធ្វើការ​ទំនាក់ទំនង​គ្នា​ ចែក​ចាយ​នូវ​ឯកសារ និង​លេងហ្គេម។

នៅ​ឯ​មជ្ឈមណ្ឌល​សហគមន៍​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​វប្បធម៌ យុវជន​ក្មេងៗ​អាច​ប្រើ​ទូរស័ព្ទ​ដៃដើម្បី​ប្រើប្រាស់​អ៊ីនធឺណិតតាម​រយៈ​ការភ្ជាប់​ Wi-Fi ដោយ​ឥត​គិត​ថ្លៃ។

អ្នក​មក​ទស្សនា​មជ្ឈមណ្ឌល​សហគមន៍​ម្នាក់​គឺ​លោក​ Kevin៖ «ទោះ​បី​ជា​ល្បឿន​អ៊ីនធឺណិត​នេះ​មិន​សូវ​លឿន​ក៏​ដោយ ក៏​ប៉ុន្តែ​យើង​អាច​ប្រើប្រាស់​វា​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន​សឹង​តែគ្រប់​ពេល»។

មាន​ប្រជាពលរដ្ឋ​គុយបា​តែមួយ​ចំនួន​តូចប៉ុណ្ណោះ​ ដែល​មាន​ភ្ជាប់ប្រព័ន្ធ​អ៊ីនធឺណិត​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ហើយវា​មាន​តម្លៃ​ថៃ្ល​ថែម​ទៀត​ផង។ ចំណែក​ឯ​ជន​បរទេស​វិញ​ ពួក​គេ​អាច​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​តាម​សណ្ឋាគារ ដែល​នៅ​ទីនោះ​ ​សេវា​អ៊ីនធឺណិត​ក៏​មានតម្លៃ​ខ្ពស់​ផងដែរ។ រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​បំពេញ​តាម​សន្យា​របស់​ខ្លួនអំពី​ការត​ភ្ជាប់ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ភាព​ប្រសើរ​ជាង​នេះនៅ​ឡើយ។

ក៏​ប៉ុន្តែ​ ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន ហើយ​អ្នក​ខ្លះ​បាន​បង្កើត​ជា​បណ្តាញ​ក្នុង​តំបន់​របស់​ខ្លួន​ដើម្បី​ធ្វើការ​សាកល្បង​ តភ្ជាប់​ទំនាក់ទំនង​គ្នា និង​ដើម្បី​បង្កើត​ភាពជិតស្និទ។

អ្នក​ចូលចិត្ត​ប្រើ​កុំព្យូទ័រ​ម្នាក់គឺ​លោក​ Marlon​ និយាយថា៖ «ជំនួស​ឲ្យ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​យើង​មិនទាន់​មាន​គ្រប់​គ្នា យើ​ង​បាន​បង្កើត​ឡើង​នូវ​បណ្តាញ​ក្នុង​តំបន់​ ដែល​ជា​វេទិកា​របស់​យើង។ ​យើង​បាន​បង្កើត​ប្រព័ន្ធផ្ទុក​ទិន្នន័យ​ (Servers)​ ដោយ​មាន​ហ្គេម​សម្រាប់​លេង​ផង​ ហើយមនុស្ស​អាច​ចែក​រំលែក​ ផ្លាស់​ប្តូរ​គំនិត​ និង​ជជែក​ពិភាក្សា​លើ​ប្រធាន​បទ​ទាំង​ឡាយ​ដូចជា កីឡា ​វប្បធម៌​ និង​តន្រ្តី»។

ជាធម្មតា​ ពួក​គេ​មាន​ខ្សែកាប​ជា​ច្រើន​ដែល​ស្ថិត​នៅ​លើ​ដំបូល​ផ្ទះ​របស់ពួក​គេ​ ហើយ​ខ្សែកាប​មួយ​អាច​ត​ភ្ជាប់​សម្រាប់​ការ​ប្រើប្រាស់​របស់​មនុស្ស​ដប់​នាក់​ក្នុង​មួយ​តំបន់។

លោក Marlon បន្ថែម​ថា៖ «ខ្សែ​កាប​ទី១០ គឺ​ជា​ខ្សែកាប​មេ​ដែល​អាច​ត​ភ្ជាប់​ទៅ​មនុស្ស​គ្រប់​គ្នា​បាន​នៅ​ក្នុង​តំបន់។ ​ខ្សែ​កាប​ទី​១០​នេះ​ ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​កុងតាក់​មួយ​បន្ត​ទៀត​ ហើយកុងតាក់​មួយ​ផ្សេង​ទៀត​ក៏​បន្ត​តភ្ជាប់​បែប​នេះ​រហូត​ដល់​គ្រប់​អ្នក​ប្រើប្រាស់។ នេះ​គឺ​ជា​របៀប​នៃ​ការបង្កើតបណ្តាញជាមួយ​នឹង​មនុស្ស​ដទៃ។»

ការ​ចែករំលែក​តន្រ្តី​និង​ខ្សែ​ភាពយន្ត​ជាមួយ​គ្នា​ ក៏​ដូចជា​ការ​លេង​ហ្គេម​ផ្សេងៗ​ ហាក់​មិន​បាន​ធ្វើ​ឲ្យ​អាជ្ញាធរមាន​ការ​ចាប់អារម្មណ៍​អ្វី​ឡើយ​ ក៏ប៉ុន្តែ​ការ​ជជែក​ពិភាក្សា​គ្នា​គឺ​ជារឿង​ដោយឡែក​មួយ​ផ្សេង​ទៀត។

លោក​ Adrian គឺ​ជា​អ្នក​ចូល​ចិត្ត​ប្រើកុំព្យូទ័រ​ម្នាក់​ទៀត។ លោ​និយាយថា៖ «យើង​គ្រប់​គ្នា​ដឹង​ថា ពួក​យើង​កំពុង​ត្រូវ​គេ​តាមដាន​ ហើយ​ពួក​យើង​មាន​ការ​រអ៊ូរទាំ​និង​ជ្រួល​ច្រាល​ខ្លាំង​ណាស់​ ពីព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​ចង់​បាត់​បង់​ការ​វិនិយោគ​របស់​ខ្លួន​ទេ គ្មាន​អ្នក​ណា​ម្នាក់​ចង់​បាត់បង់​ការ​កំសាន្ត​របស់​ខ្លួន​ទេ។ វា​ជា​ជម្រើស​តែ​មួយ​គត់​ដែល​ពួក​យើង​មាន។ នេះ​ពិតជា​រឿង​ដ៏​ស្មុគស្មាញ​មួយ»។

ដោយ​ដឹង​ថា​ ​អ្នក​លេង​ហ្គេម​តាម​កុំព្យូទ័រ​នៅ​ប្រទេស​ផ្សេង​ទៀត ចូលចិត្ត​ប្រកួត​ជាមួយ​អ្នក​លេង​ហ្គេមនៅ​កន្លែង​ផ្សេង​ខុស​គ្នា យុវជន​គុយបាសង្ឃឹម​ថា​ ថ្ងៃ​ណា​មួយ​ពួក​គេ​នឹង​អាច​លេង​ហ្គេម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន។

លោក​ Marlon បន្ថែម​ថា៖ ​«មិនចាំបាច់​តែ​នៅ​សហរដ្ឋ​អាមេរិក​ទេ​ នៅ​ប្រទេស​ផ្សេង​ទៀត​ក៏​គេ​មាន​ដែរ។ ក៏ប៉ុន្តែ​ ដើម្បី​ធ្វើ​ដូច្នេះ​បាន​ លុះ​ត្រា​តែ​យើង​ប្តូរ​ពី​ប្រព័ន្ធ​តភ្ជាប់​តាម​តំបន់​ដែល​យើង​កំពុង​ប្រើប្រាស់​នេះ​ ឲ្យ​ទៅ​ជា​ប្រព័ន្ធ​អ៊ីនធឺណិត​ជាមុន​សិន»។

ជា​អកុសល​ ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​គុយបា​ពី​លំហូរ​នៃព័ត៌មាន​ដោយ​សេរី​ ទំនង​ជា​បង្អាក់​បំណង​ប្រាថ្នា​របស់​អ្នក​ចង់​ប្រើប្រាស់​អ៊ីនធឺណិតជា​បន្តទៀត៕

ប្រែ​សម្រួល​ដោយ អ៊ុច នីដា

XS
SM
MD
LG